Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

រដ្ឋាភិបាលស.រ.អ.របស់លោក ចូ បៃដិន ទើបតែបានដាក់ចេញនូវសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ខ្លួន ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីខ្លឹមសារគោលនៃសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ស.រ.អ.ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យសន្តិសុខនាពេលអនាគតសម្រាប់ស.រ.អ. ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលផងដែរ។

កម្រងសំណួរ – ចម្លើយលើប្រធានបទ

សំណួរទី១៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សហរដ្ឋអាមេរិក នៃរដ្ឋបាលលោកចូបៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិរបស់ខ្លួន។ ជាបឋម ថាតើអ្វីទៅដែលជាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះ?

ពីដំបូងមុននឹងយើងមើលទៅលើ ថាតើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកបៃដិនបានដាក់ចេញនូវគោលការណ៍ក៏ដូចជាចំណុចអ្វីខ្លះ យើងគួរតែមើលសិនថាតើអ្វីទៅគឺជាឯកសារមួយនេះ។ បើសិនជាយើងមើលទៅលើប្រភពដើមរបស់វា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាឯកសារមួយដែលអំណាចនីតិប្រតិបត្តិ មានន័យថាសេតវិមានរបស់សហរដ្ឋអាមេរិក គឺត្រូវតែបញ្ជូនទៅឱ្យសភារបស់ខ្លួនដើម្បីផ្តល់ ដំណឹងទៅដល់សមាជិកសភាឱ្យដឹង ថាតើអំណាចនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកមាននូវអ្វីទៅដែលជាយុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក។

ជាទូទៅឯកសារនេះបើយោងតាមច្បាប់មាត្រាទី៦០៣នៃច្បាប់ក្នុងការកំណែទម្រង់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ១៩៨៦ បានចែងថាឯកសារនេះគួរតែបញ្ជូនពីអំណាចនីតិប្រតិបត្តិទៅកាន់សភាជារៀងរាល់ឆ្នាំ ប៉ុន្តែកន្លងចាប់ពីឆ្នាំ១៩៨៧មកដល់ថ្ងៃនេះគឺថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមិនបានបញ្ជូនទៅជារៀងរាល់ឆ្នាំទេ គឺតែងតែមានការចន្លោះពី៣ឆ្នាំ ២ឆ្នាំ ហើយជួនកាលទៅដល់៤ឆ្នាំផងដែរ។ ក្នុងឯកសារនេះ គឺកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ថ្មីៗនេះ ដូចបានលើកឡើងអម្បាញ់មិញ រដ្ឋបាលលោកចូបៃដិនបានដាក់ឯកសារសន្តិសុខជាតិលើកដំបូងរបស់ខ្លួន ក្នុងនោះគឺបានចែងអំពីអត្ថប្រយោជន៍ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ខ្លួនក្រោមការដឹកនាំរបស់លោកចូបៃដិនផងដែរ។

សំណួរទី២៖ តើមានអ្វីដែលជាចំណុចថ្មីក៏ដូចជាការប្រែប្រួលទៅលើយុទ្ធសាស្ត្រសន្តិសុខជាតិ នៅក្នុងសៀវភៅថ្មីមួយនេះ ហើយវាបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសន្តិសុខជាតិ និងពិភពលោកទាំងមូលនាពេលអនាគតផងដែរ?

ដើម្បីឱ្យបងប្អូនអ្នកស្ដាប់បានយល់បន្ថែមទៅលើ ភាពខុសគ្នារវាងការដឹកនាំរបស់លោកបៃដិនហើយនិងលោកប្រធានាធិបតីត្រាំកាលពីឆ្នាំដែលគាត់ទើបចុះចេញពីតំណែងកាលពីឆ្នាំ២០២១។ ខ្ញុំសូមរឭកផងដែរថាកាលពីឆ្នាំ២០១៧ គឺជាការដាក់ចេញនូវយុទ្ធសាស្ត្រសន្តិសុខជាតិចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក មុនពេលដែលលោកចូបៃដិនចូលមកកាន់តំណែង។ យើងឃើញថាចន្លោះរយៈពេលពីឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២មានរយៈពេលយូរដែរ រយៈពេលប្រហែលជា៥ឆ្នាំហើយ ដែលសហរដ្ឋអាមេរិកមិនបានដាក់ចេញនូវយុទ្ធសាស្ត្រទេ។ ខ្ញុំសូមរំលេចទៅលើភាពខុសគ្នាបន្តិច ថាតើបើយើងប្រៀបធៀបយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកត្រាំ ហើយនិងលោកបៃដិនខុសគ្នាកន្លែងណា។ មុននឹងទៅដល់កន្លែងខុសគ្នា ខ្ញុំសូមបកស្រាយបន្ថែមទៀតថា ភាពស្រដៀងគ្នាកន្លែងណាខ្លះ។ ខ្ញុំមើលឃើញថាមានភាពស្រដៀងគ្នាធំៗចំនួនពីរ៖

ចំណុចទីមួយ៖ គឺរដ្ឋបាលទាំងពីរបានមើលឃើញថាការប្រកួតប្រជែងបែបយុទ្ធសាស្ត្រជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិនគឺជាតថភាពពិតថ្មី ដែលប្រទេសទាំងពីរត្រូវតែរៀនរស់នៅក្នុងការប្រកួតប្រជែង ហើយប្រទេសទាំងពីរក៏បានទទួលស្គាល់ដែរថា ពួកគាត់គឺកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញទៅលើសកលលោក។

ចំណុចទីពីរ៖ ទាំងលោកត្រាំ និងលោកបៃដិនបានមើលឃើញថាប្រទេសរុស្ស៊ី បើតាមទស្សនវិស័យរបស់គាត់ គាត់បានមើលឃើញថារុស្ស៊ីគឺជាអំណាចមួយ ដែលហៅថា Destructive Power គឺជាអំណាចមួយដែលបន្ទច់បង្អាក់ឬក៏រំខានទៅដល់អ្វីដែលសហរដ្ឋអាមេរិក និងលោកខាងលិចគិតថាជាផលប្រយោជន៍របស់ពួកគេ។

អ៊ីចឹងប្រទេសពីរ មួយគឺប្រទេសចិន គាត់មើលឃើញថាជាដៃគូប្រកួតប្រជែង ប៉ុន្តែសម្រាប់រុស្ស៊ីគាត់មើលឃើញ ដែលអាចធ្វើឱ្យមានការរំខានទៅដល់ផលប្រយោជន៍របស់គាត់។ បើសិនជាយើងមើលនៅក្នុងយុទ្ធសាស្ដ្រឆ្នាំ២០២២នេះវិញ ខ្ញុំមើលឃើញថាមានភាពខុសគ្នាចំនួនបួនដែរបើសិនជាយើងប្រៀបធៀបជាមួយឆ្នាំ២០១៧៖

ចំណុចទីមួយ៖ លោកបៃដិនបានទទួលស្គាល់ថាចិន គឺជាប្រទេសតែមួយគត់នៅលើសកលលោកដែលមានបំណង និងសមត្ថភាពក្នុងការប្រកួតប្រជែងស្មើគ្នាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែខណៈពេលហ្នឹងដែរ រដ្ឋបាលរបស់លោកបៃដិនក៏បាននិយាយផងដែរថា បើទោះបីគាត់ប្រកួតប្រជែងជាមួយចិនក៏ដោយ ចិននិងសហរដ្ឋអាមេរិកគឺនៅតែមានលទ្ធភាពនៅក្នុងការសហការគ្នាដោះស្រាយបញ្ហាសកលរួមមួយចំនួនដែលគ្មានប្រទេសណាមួយអាចដោះស្រាយបានតែម្នាក់ឯងនោះទេនៅលើសកលលោក។ ឧទាហរណ៍ដូចជា រឿងបម្រែបម្រួលអាកាសធាតុ ការរក្សាការពារបរិស្ថាន និងបញ្ហាដទៃទៀត ដែលជាបញ្ហាសកលមិនអាចទប់ស្កាត់បានតែម្នាក់ឯង។

ចំណុចទីពីរ៖ លោកបៃដិនបានមើលឃើញថាប្រទេសចិន និងប្រទេសរុស្ស៊ី គឺមានភាពខុសគ្នា។ ដូចខ្ញុំបានលើកអម្បាញ់មិញ​ គាត់បានមើលឃើញថាប្រទេសចិនគឺជាប្រទេសដែលហៅថា Peer Competitor គឺជាប្រទេសតែមួយគត់ ដែលមានទាំងសមត្ថភាព និងគោលបំណងក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ក្រៅពីនេះ ប្រទេសរុស្ស៊ីវិញ គឺជាប្រទេសមហាអំណាចដែរ ប៉ុន្តែគាត់មិនមានភាពស្មើគ្នា ក៏មិនអាចចាត់ទុកថាជា Peer Competitorរបស់សហរដ្ឋអាមេរិកដូចប្រទេសចិននោះទេ។

ចំណុចទីបី៖ លោកបៃដិនបានមើលឃើញថាបញ្ហាសន្តិសុខ អាកាសធាតុ ឬក៏Climate Security គឺជាបញ្ហាមួយដែលសំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផ្ទាល់ ដែលបញ្ហាclimate change ឬclimate securityនេះគឺមិនត្រូវបានយកចិត្តទុកដាក់ខ្លាំងអំពីសំណាក់រដ្ឋបាលរបស់លោកត្រាំនោះទេ។

ចំណុចចុងក្រោយ៖ គឺលោកបៃដិនបានមើលឃើញថាដើម្បីឱ្យសហរដ្ឋអាមេរិកប្រកួតប្រជែងដោយមានប្រសិទ្ធភាពខ្ពស់ជាមួយប្រទេសចិន ក៏ដូចជាដើម្បីបំពេញនូវគោលដៅឬក៏ចក្ខុវិស័យសន្តិសុខរបស់ខ្លួន សហរដ្ឋអាមេរិកគឺត្រូវតែធ្វើការវិនិយោគនៅក្នុងផ្ទះ បានន័យថា វិនិយោគទៅលើធនធានមនុស្ស វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាវិនិយោគទៅលើបញ្ហាដទៃទៀត ដែលសហរដ្ឋអាមេរិកកំពុងជួបប្រទះនៅក្នុងប្រទេសរបស់ខ្លួន។

ចំណុចដែលខ្ញុំបានលើកឡើងអម្បាញ់មិញ គឺសុទ្ធតែជាចំណុចដែលមានភាពស្រដៀងគ្នា ក៏ដូចជាភាពខុសគ្នារវាងយុទ្ធសាស្ត្រដែលបានដាក់ចេញដោយលោកត្រាំកាល២០១៧ ជាមួយយុទ្ធសាស្ត្រដែលបានទើបតែដាក់ចេញដោយលោកបៃដិនកាលពីខែ១០មុនទៅនេះ។

សំណួរទី៣៖ តើយុទ្ធសាស្ត្រសន្តិសុខថ្មី ដែលបានដាក់ចេញនេះ ក្រោមរដ្ឋបាលលោកចូបៃដិនមានន័យ ក៏ដូចជាបង្ហាញអំពីផលប៉ះពាល់អ្វីខ្លះមកដល់ទំនាក់ទំនងសហរដ្ឋអាមេរិកនិងចិន ដូចគ្នានេះផងដែរ តើវាអាចប៉ះពាល់អ្វីទៅដែលមកតំបន់អាស៊ីអាគ្នេយ៍នេះ?

បើសិនជាយើងមើលទៅលើថាតើយុទ្ធសាស្ត្រនេះមានន័យឬយ៉ាងណាសម្រាប់៖

ទី(១)៖ ទំនាក់ទំនងសហរដ្ឋអាមេរិកហើយនៅប្រទេសចិន គឺអាចបកស្រាយឃើញមានជ្រុងច្រើន ដែលយើងអាចមាននៅក្នុងវិស័យនេះ។ ខ្ញុំសូមលើកចំណុចមួយចំនួន៖

ទីមួយ៖ នៅក្នុងការសរសេរយុទ្ធសាស្ត្រសន្តិសុខជាតិនេះថ្មីៗ រដ្ឋបាលរបស់លោកបៃដិនហាក់ដូចជាបង្ហាញនូវការទទួលស្គាល់មួយថាសហរដ្ឋអាមេរិកមិនអាចសម្រេចចិត្ត ឬក៏មិនអាចធ្វើឱ្យមានឥទ្ធិពលទៅលើសណ្ដាប់ធ្នាប់អន្តរជាតិឬក៏សណ្ដាប់ធ្នាប់សន្តិសុខសកលបានតែម្នាក់ឯងដូចកាលមុននោះទេ បានន័យថាឥឡូវនេះគឺយើងកំពុងតែរស់នៅក្នុងបរិបទនៃពហុប៉ូល  ​បានន័យថាមានប៉ូលច្រើន មិនមែនមានតែសហរដ្ឋអាមេរិកថាជាប៉ូលមួយនោះទេ។ នេះគឺជាការទទួលស្គាល់ដោយប្រយោលមួយ ដែលយើងអាចកាត់យល់បាននៅក្នុងឯកសារហ្នឹង។

ទីពីរ៖ គឺលោកបៃដិនបានទទួលស្គាល់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងការប្រកួតប្រជែងបែបយុទ្ធសាស្ត្រជាមួយប្រទេសចិនស្វិតស្វាញបំផុត ហើយគាត់សរសេរនៅក្នុងឯកសារ ហើយគាត់ក៏និយាយដោយមានប្រសាសន៍ផ្ទាល់ដែរ អ៊ីចឹងគាត់ទទួលស្គាល់។ ប្រទេសទាំងពីរទទួលស្គាល់ដូចគ្នាថាគាត់កំពុងតែនៅក្នុងការប្រកួតប្រជែងមួយដែលសំខាន់ ប៉ុន្តែសំណួរសំខាន់សួរថាតើនៅពេលដែលប្រទេសទាំងពីរនិងកំពុងតែប្រកួតជែងគ្នាហើយថាតើប្រទេសទាំងពីរគួរធ្វើយ៉ាងណាកុំឱ្យការប្រកួតប្រជែងមួយនេះក្លាយទៅជាជម្លោះប្រដាប់អាវុធឬក៏លើសពីនេះទៅទៀតដែលអាចមាន ហើយមិនអាចនាំតែអន្តរាយមកដល់ប្រទេសគាត់ទាំងពីរទេប៉ុន្តែគឺប៉ះពាល់ដល់ពិភពលោកទាំងមូល បូករួមទាំងរដ្ឋតូចៗដូចជាកម្ពុជា។ សំណួរហ្នឹងគឺអ្នកសិក្សាច្រើនកំពុងតែ ព្យាយាមស្វែងយល់ កំពុងតែតាមដានមើលថាតើ ឥឡូវគាត់កំពុងប្រកួតប្រជែងហើយថាតើការប្រកួតប្រជែងក្នុងទម្រង់អ្វី។

ទីបី៖ គឺជំនួបលើកដំបូងរបស់ លោកបៃដិន​ និងលោកប្រធានាធិបតីចិនស៊ី ជីងពីងនៅឯបាលីនៅប្រទេសឥណ្ឌូនេស៊ីថ្មីៗហ្នឹង។ ប្រទេសទាំងពីរបានហាក់ដូចជាបង្ហាញអំពីជំហរទាំងសងខាងថាបើទោះបីជាមានការប្រកួតប្រជែងមែន ប៉ុន្តែទំនាក់ទំនងអាមេរិកចិនគឺត្រូវតែមាន  Guard rail បានន័យថាមានកម្រិតមួយឬក៏បន្ទាត់ក្រហមមួយ ដែលមិនគួរឆ្លងពីព្រោះបើសិន បើប្រទេសណាមួយនៅក្នុងប្រទេសទាំងពីរនេះឆ្លងបន្ទាត់ក្រហមមួយហ្នឹង គឺវាអាចមានបញ្ហាជម្លោះធំជាងនេះ អ៊ីចឹងប្រទេសទាំងពីរទទួលស្គាល់ថាគួរតែមានបន្ទាត់ក្រហមមួយទាំងសងខាងគួរតែគោរពហើយមិនគួរបំពាននោះទេ ដើម្បីរក្សាយ៉ាងណាថាកុំ​ឱ្យ Competitionក្លាយទៅConflictបាន។

ចំណុចមួយទៀត៖ ខ្ញុំមើលឃើញថាមកដល់សព្វថ្ងៃនេះតាំងពីរដ្ឋបាលរបស់លោកត្រាំមកហាក់ដូចជាមានការលេចចេញជ្រុងមួយនៃគោលនយោបាយការបរទេសក៏ដូចជាសន្តិសុខរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិនដែលអាចថាជាទម្រង់មួយដែលហៅថា Limited Containment គឺសំដៅទៅលើការរាំងខ្ទប់របស់សហរដ្ឋអាមេរិកលើប្រទេសចិន​ ជាពិសេសទៅលើ វិស័យបច្ចេកវិទ្យា ពេលដែលយើងដឹងកន្លងមកហើយតាំងពីឆ្នាំ២០១៨មករហូតមកដល់សព្វថ្ងៃនេះរហូតមកដល់រដ្ឋបាលលោកចូបៃដិន សហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនដើម្បីទប់ស្កាត់យ៉ាងណាកុំឱ្យក្រុមហ៊ុនទាំងអស់នោះអាចទទួល និងប្រើប្រាស់បាននូវបច្ចេកវិទ្យាទំនើបដែលផលិតចេញពី ឬក៏មានគ្រឿងផ្សំពីលោកខាងលិច ជាពិសេសសំដៅទៅលើ Semiconductorហ្នឹងឯង ដែលគាត់ហាមប្រាមមិនឱ្យដឹកទៅប្រទេសចិននោះទេ។

ចុងក្រោយ៖ សម្រាប់ទំនាក់ទំនងចិននិងអាមេរិក​ ខ្ញុំមើលឃើញថាយុទ្ធសាស្ត្រឆ្នាំ២០២២នេះបានបន្តលើកឡើងថាសហរដ្ឋអាមេរិកកំពុងប្រកួតប្រជែងមិនមែនតែរឿងបច្ចេកវិទ្យាឬភូមិសាស្ត្រនយោបាយទេក៏ប៉ុន្តែកំពុងប្រកួតប្រជែងខាងថាតើប្រព័ន្ធដឹកនាំមួយណាដែលមានប្រសិទ្ធភាពជាងគេរវាងចិននិងសហរដ្ឋអាមេរិក។ គាត់បានលើកឡើងអំពីការប្រកួតប្រជែងរវាងប្រទេសប្រជាធិបតេយ្យ និងប្រទេសមិនមែនប្រជាធិបតេយ្យ ដែលខ្ញុំមើលឃើញថាកំពុងត្រូវបានរុញច្រានទៅសហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលលោកចូបៃដិននេះ។

ផ្នែកទី(២)៖ សួរថាវាមានន័យយ៉ាងណាសម្រាប់អាស៊ីអាគ្នេយ៍ សម្រាប់កម្ពុជាឬក៏សម្រាប់អាស៊ានទាំងមូល។ ខ្ញុំមើលឃើញថាយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីនេះរបស់សហរដ្ឋអាមេរិកហ្នឹងគឺបានរំលេចឱ្យឃើញបន្ថែមទៀតនៅ តម្លៃក៏ដូចជាវត្តមានដ៏សំខាន់ដែលមិនអាចខ្វះបាននៃអាស៊ាន និងមជ្ឈិភាពរបស់អាស៊ាន។ ខណៈពេលដែលប្រទេសទាំងពីរកំពុងតែប្រកួតប្រជែងដ៏ស្វិតស្វាញមែនទែន ដែលអាស៊ីអាគ្នេយ៍ជាសមរភូមិប្រកួតប្រជែងឥទ្ធិពលរបស់គាត់ហ្នឹង អាស៊ានក៏ដូចជាសមាជិករបស់អាស៊ានទាំងដប់ គឺនឹងឃើញថាតួនាទីរបស់ខ្លួនកាន់តែសំខាន់ជាងមុន ហើយខណៈពេលហ្នឹងដែរ ប្រទេសទាំងដប់ក៏នឹងអាចទទួលរងនូវសម្ពាធផ្លូវណាមួយពីសំណាក់ប្រទេសដែលគាត់កំពុងប្រកួតប្រជែងផងដែរ។ ខ្ញុំសូមរំលេចនូវតួនាទីបី៖

ទីមួយ៖ គឺអាស៊ានដើរតួនាទីនៅក្នុងការបង្កើត ក៏ដូចជាការធ្វើសុខដុមបនីយកម្មtrade arrangementមួយចំនួនដែលវា Overlap គ្នានៅក្នុងតំបន់។

ទីពីរ៖ គឺបញ្ហាសេដ្ឋកិច្ចឌីជីថល ដោយសារតែបញ្ហាសេដ្ឋកិច្ចឌីជីថល គឺជាក្បាលម៉ាស៊ីននៃGrowth ពីថ្ងៃហ្នឹងរហូតទៅថ្ងៃមុខទៀត។ ជាក់ស្តែងដូចកម្ពុជាយើងគឺកំពុងតែមាននៃការធ្វើបដិវត្តន៍កម្មឌីជីថលនិងការចាប់យកនូវបច្ចេកវិទ្យាមួយចំនួន ដើម្បីរុញច្រានឱ្យសេដ្ឋកិច្ចកម្ពុជាយើងបោះជំហានទៅមុខមួយកម្រិតទៀត។

ទីបី៖ អាស៊ាននឹងបន្តដើរតួនាទីក្នុងនាមជាអ្នកប្រមែប្រមូលនូវ Convening power បានន័យថាមាននូវសិទ្ធក៏មានឥទ្ធិពលក្នុងការប្រមែប្រមូល ឬក៏អញ្ជើញនូវតួអង្គពាក់ព័ន្ធទាំងអស់ឱ្យគាត់អញ្ជើញមកជជែកគ្នា។ ជាក់ស្ដែងដូចអ្វីដែលកម្ពុជាបានធ្វើនូវកាលពីខែ១១ ដោយជោគជ័យនៅទីក្រុងភ្នំពេញនេះ។ អាហ្នឹងគឺជាConvening Power ​របស់អាស៊ានហ្នឹងហើយ​ ដែលកម្ពុជាបានធ្វើដោយល្អ។

ចំណុចទីពីរ៖ ដែលខ្ញុំសូមលើកឡើង ថាវាមានន័យយ៉ាងម៉េចសម្រាប់អាស៊ីអាគ្នេយ៍ គឺថាក្នុងនាមយើងជាបណ្ដុំនៃរដ្ឋតូចៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ខណៈពេលដែលប្រទេសទាំងពីរនិងកំពុងប្រកួតប្រជែងគ្នា យើងសង្ឃឹមថាប្រទេសទាំងពីរនឹងអាចរស់នៅជាមួយគ្នាបានដោយសន្តិភាព បានន័យថាតំបន់អាស៊ីប៉ាស៊ីហ្វិកណាស់មានប្រជាជនរាប់រយលាននាក់។ តួនាទីរបស់យើងគឺនឹងបន្តជំរុញឱ្យប្រទេសចិននិងសហរដ្ឋអាមេរិករៀនរស់ជាមួយគ្នានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយរៀនរស់ជាមួយគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយគាត់អាចមាននូវវិបុលភាព មាននៅសន្តិសុខក៏ដូចជាអាចទទួលផលប្រយោជន៍រៀងៗខ្លួនរបស់គាត់ ដោយមិនចាំបាច់ថាមានអាមេរិកអត់ចិនមានចិនអត់អាមេរិកនោះទេ។ ដូចនេះតួនាទីរបស់អាស៊ានគឺកាន់តែសំខាន់។

ចំណុចចុងក្រោយ (ទី៣)៖ គឺសម្រាប់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេសសមាជិកអាស៊ានគឺនឹងគិតមើលថាតើក្រុមប្រទេសតូចៗរបស់យើងទាំងដប់នេះ ឬសមាគមន៍របស់យើងនេះគឺធ្វើយ៉ាងណាដើម្បីទាញយកប្រយោជន៍ពីសំណាក់ គំនិតផ្តួចផ្តើមឬក៏គម្រោងនានាដែលត្រូវបានលើកឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិក។ ឧទាហរណ៍ ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលបង្កើតឡើងថ្មីៗដោយសហរដ្ឋអាមេរិក គម្រោងផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ឬGlobal  Security Initiative (GSI) ឬGlobal Global Initiative (GDI)របស់ចិន ក៏ដូចជាគម្រោងដទៃទៀតរបស់ប្រទេសទាំងពីរដែលកំពុងធ្វើ។

សរុបមកវិញមក បើសិនជាយើងមើលទៅលើយុទ្ធសាស្ត្រហ្នឹងគឺវាមានបង្កប់នូវអត្ថន័យច្រើនសម្រាប់ទំនាក់ទំនងចិន និងអាមេរិកផ្ទាល់ ក៏ដូចជាសម្រាប់ប្រទេសតូចៗដែលនៅក្នុងចំណុចកណ្តាលនៃការប្រកួតប្រជែងរបស់ប្រទេសទាំងពីរនេះ។

សំណួរទី៤៖ បើផ្អែកទៅលើយុទ្ធសាស្រ្ដសន្តិសុខថ្មីនេះវិញ យើងឃើញថា មានចំណុចមួយទាក់ទងទៅនឹងការប្រកួតប្រជែងមហាអំណាចជាដៃគូ ដែលក្នុងនោះរួមមានប្រទេសចិន និងរុស្ស៊ីផងដែរ ហើយក្នុងនោះសហរដ្ឋអាមេរិកបានសរសេរពាក្យមួយថា «មិនប្រកួតប្រជែងជាមួយចិននិងរឹតបណ្តឹងទៅលើប្រទេសរុស្ស៊ី» ពាក់ព័ន្ធទៅនឹងចំណុចនេះទៅលោកសម្បត្តិអាចពន្យល់បន្តិចបានទេថាវាមានន័យដូចម្តេចដែរ?

ចំពោះចំណុចនេះខ្ញុំចាប់អារម្មណ៍ដែរ ពេលដែលខ្ញុំអានយុទ្ធសាស្ត្រហ្នឹង ក្នុងនោះក៏បានសរសេរថា «Outcompeting China and Constraining Russia» គឺមាន២ផ្នែក ហេតុអ្វីបានសហរដ្ឋអាមេរិកគាត់ចង់Outcompete China ហេតុអ្វីបានគាត់ចង់ប្រកួតប្រជែងឱ្យឈ្នះប្រទេសចិន៖

ដោយសារតែទីមួយ៖ ដូចខ្ញុំបានលើកឡើងមុននេះបន្តិចសហរដ្ឋអាមេរិកមើលឃើញថាប្រទេសចិនគឺជាប្រទេសតែមួយគត់ដែលនៅក្នុងសកលលោក ដែលមានទាំងសមត្ថភាពនិងគោលបំណងនៅក្នុងការប្រកួតប្រជែងដណ្តើមតំណែងពីសហរដ្ឋអាមេរិក ជាមហាអំណាចនៅលើសកលលោកនេះ ដោយសារតែគាត់មើលឃើញថាប្រទេសចិនគឺជា the only peer competitor នៅពេលនេះហើយ ទើបគាត់ជឿថា ដើម្បីកុំឱ្យគេមកជំនួសតំណែងគាត់ គឺគាត់ទៅតែព្យាយាមប្រកួតប្រជែងរត់ឱ្យទាន់ ហើយប្រកួតប្រជែងឱ្យឈ្នះប្រទេសដែលចង់មកប្រជែងជាមួយគាត់នោះឯង។ ហើយការប្រកួតប្រជែងនោះគឺ វានៅលើវិស័យច្រើនណាស់ ក្រៅពីវិស័យអ្វីដែលយើងឮច្រើនដងកន្លងមក ដូចជាបញ្ហាភូមិសាស្ត្រនយោបាយយោធា ប៉ុន្តែក៏មានការប្រកួតប្រជែងទៅលើបញ្ហាកំណត់នូវស្តង់ដារបច្ចេកវិទ្យា ប្រកួតប្រជែងនៅលើភាពជាអ្នកដឹកនាំនៅក្នុងការកាត់បន្ថយ ឬក៏គ្រប់គ្រងនូវការបម្រែបម្រួលអាកាសធាតុ ក៏ដូចជាការបង្ហាញនូវប្រព័ន្ធដឹកនាំមួយណាដែលអាចផ្តល់ផលប្រយោជន៍ល្អរបស់ប្រទេសខ្លួនឯង ក៏ដូចជាសម្រាប់សកលលោក។ ដោយសារតែគាត់ឃើញថាចិនគឺជាPeer Competitorនេះហើយ គឺគាត់ត្រូវតែប្រកួតប្រជែង ខ្ញុំសុំរឮកផងដែរថាគាត់ប្រកួតប្រជែង ប៉ុន្តែ សហរដ្ឋអាមេរិកក៏ទទួលស្គាល់ដែរថា និងគាត់មិនអាចដោះស្រាយបញ្ហាសកលមួយចំនួនដោយគ្មានការចូលរួមពីប្រទេសចិននោះទេ ជាពិសេសបញ្ហាសុខុមាលភាពសុខភាពសាធារណៈសកល ហើយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរដែលប្រទេសទាំងពីរគឺមិនមានជម្រើសអ្វីក្រៅពីធ្វើការជាមួយគ្នាទេ។

ផ្នែកទីពីរ៖ ហេតុអ្វីក៏ត្រូវរឹតបន្តឹងឬក៏Constrainingរុស្ស៊ី? ហេតុផលចម្បងនោះគឺដោយសារតែសហរដ្ឋអាមេរិកមិនមើលឃើញថារុស្ស៊ីមិនមែនជាPeer Competitorដូចចិននោះទេ ប៉ុន្តែប្រទេសរុស្ស៊ីក៏ជាមហាអំណាចមួយជាមហាអំណាចថាមពល និងមហាអំណាចយោធាដែលមានលទ្ធភាពនៅក្នុងការរំខាន ឬក៏បន្ទច់បង្អាក់ទៅដល់ផលប្រយោជន៍ ឬក៏ដំណើរការអ្វីមួយដែលសហរដ្ឋអាមេរិកក៏ដូចជាសម្ព័ន្ធមិត្តរបស់គាត់កំពុងតែធ្វើ ជាពិសេសនៅតំបន់អឺរ៉ុបហ្នឹងឯង ដែលយើងឃើញថាជារឿយៗ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់គាត់ តែងតែមើលឃើញថាប្រទេសរុស្ស៊ីជាការគំរាមកំហែងទៅដល់សន្ដិសុខរបស់គាត់ អ៊ីចឹងពាក្យថារឹតបណ្តឹងគឺរឹតបណ្តឹងកន្លែងហ្នឹងប៉ុន្តែរឹតបន្តឹងយ៉ាងណាគឺកុំឱ្យរុស្ស៊ីនឹងបន្ត ឬក៏ពង្រីកនូវការរំខានរបស់ខ្លួនលើអ្វីដែលលោកខាងលិចគិតថាជាផលប្រយោជន៍របស់គេ។

សំណួរទី៥៖ ជាចុងក្រោយក្នុងនាមលោកសម្បត្តិជាអ្នកតាមដាន ក៏ដូចជាសិក្សាទៅលើផ្នែកសន្តិសុខនេះផងដែរ តើលោកយល់ឃើញយ៉ាងណាចំពោះសៀវភៅយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកក្នុងការដឹកនាំរបស់លោកប្រធានាធិបតីចូបៃដិន?

អ្វីដែលខ្ញុំមើលឃើញជាចំណុចចុងក្រោយអាចថាជាការសង្ខេបអ្វីដែលខ្ញុំបានពន្យល់ថាអម្បាញ់មិញ មុននេះបន្តិច។ ខ្ញុំសូមលើកទៅចំណុចមួយចំនួន៖

ទីមួយ៖ បើប្រៀបទៅនឹងរដ្ឋបាលរបស់លោកត្រាំ លោកបៃដិនគឺមាននូវវិធីសាស្ត្រខុសគ្នានៅក្នុងការប្រកួតប្រជែងជាមួយចិន។ ខណៈពេលដែលលោកត្រាំគាត់ព្យាយាមប្រើនៅ «ទៅតែម្នាក់ឯង ឬAmerican First» គាត់ចូលចិត្តប្រកួតប្រជែងតែម្នាក់ឯង។ លោកបៃដិន គាត់ប្រកួតប្រជែងដែរ ប៉ុន្តែគាត់ប្រកួតប្រជែងដោយការប្រមែប្រមូលធនធានកម្លាំងជាមួយសម្ព័ន្ធមិត្តរបស់គាត់។

ទីពីរ៖ ពេលដែលលោកត្រាំគាត់ធ្វើការប្រកួតប្រជែងគ្នាធ្វើការដាក់ទណ្ឌកម្មពាណិជ្ជកម្មទៅលើក្រុមហ៊ុនរបស់ប្រទេសចិនក៏ដូចជាបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលយើងឃើញកន្លងមកនោះ។ លោកបៃដិនគាត់មាននូវវិធីសាស្ត្រខុសគ្នាដោយសារតែគាត់ព្យាយាមទាញយកនូវកម្លាំងរបស់គាត់ពីការប្រមែប្រមូលម្ព័ន្ធមិត្តរបស់គាត់ឬក៏ថាប្រទេសដែលមានចិត្តដូចគ្នា ឬប្រទេសដែលមានចិត្តស្រដៀងគ្នា ដើម្បីធ្វើការជាមួយគាត់ហើយគាត់ព្យាយាមរុញច្រាននឹងព្យាយាមពង្រឹងនូវយន្តការសន្តិសុខគូភាគីមួយចំនួនដែលយើងដឹងថាមានដូចជា AUKUS QUADហ្នឹងឯង។ ដូច្នេះ AUKUS និងQUADគឺនឹងបន្តដើរតួនាទីយ៉ាងសំខាន់សម្រាប់ការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងជាមួយចិន។

ចំណុចទីពីរ៖ ខ្ញុំមើលឃើញថាប្រទេសទាំងពីរ ជាពិសេសគឺសហរដ្ឋអាមេរិកគឺគាត់កំពុងតែបានរំលេចនូវគោលនយោបាយមួយដែលជា Limited Containment ជាពិសេសគឺទៅលើ Chinese Technologyហ្នឹងឯង។ ឧទាហរណ៍ដូចជាការរាំងខ្ទប់មិនឱ្យក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ឬក៏ក្រុមហ៊ុនTSMCនៅកោះតៃវ៉ាន់ ក៏ដូចជាក្រុមហ៊ុនដទៃទៀតដែលស្ថិតក្នុងខ្សែសង្វាក់ផលិតផ្គត់ផ្គង់ឬក៏ខ្សែសង្វាក់ផលិតកម្មបន្ទះឈីបកុំព្យូ័រនេះ មិនឱ្យលក់ទៅឱ្យប្រទេសចិនទេ ព្រោះគាត់ជឿថា ការដែលប្រទេសចិនមិនមាននូវបន្ទះឈីបកុំព្យូរទ័រទំនើប ប្រទេសចិននឹងពិបាកនូវក្នុងការអភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួនទៅបន្តទៅមុខទៀត ហើយមិនអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកបាននោះ។ កន្លែងនេះខ្ញុំឃើញថាគាត់នឹងព្យាយាមរាំងខ្ទប់កុំឱ្យបច្ចេកវិទ្យាហូរទៅប្រទេសចិនថាគាត់នឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់គាត់ដើម្បីដាក់ចេញនូវ វិធាន ឬស្តង់ដារបច្ចេកវិទ្យាណាមួយ ដើម្បីឱ្យគេជឿថាស្តង់ដារបច្ចេកវិទ្យាឬក៏វិធានដែលលោកដាក់ខាងលិចដាក់មកចេញមកគឺសន្ដិសុខល្អសម្រាប់សកលលោក។

ចំណុចទីបី៖ គឺសម្រាប់អាស៊ាន សម្រាប់កម្ពុជា និងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករួមនោះ។​ អាស៊ាននឹងបន្តដើរតួនាទីសំខាន់ប៉ុន្តែអាស៊ានក៏ដូចជាសមាជិកអាស៊ាន សង្ឃឹមថាប្រទេសចិននិងសហរដ្ឋអាមេរិកអាចនឹងមានលទ្ធភាពនឹងប្រឹងប្រែងនៅក្នុងការរៀនរស់ជាមួយគ្នាក្នុងតំបន់តែមួយដែលមិនចាំបាច់មានមួយអត់មួយនោះទេ ពីព្រោះពេលណាប្រទេសទាំងពីរគិតថាមានមួយអត់មួយ គឺប្រាកដហើយថាកម្ដៅនយោបាយនិងជម្លោះដែលគាត់មានសព្វថ្ងៃនឹងឡើងទៅដល់មួយកម្រិតទៀត វាអាចឈានទៅដល់កម្រិតមួយដែលអាចមាននូវមហន្តរាយសម្រាប់តំបន់របស់យើង សម្រាប់ប្រទេសយើង ក៏ដូចជាស្រូវសកលលោកទាំងមូល។

ចុងក្រោយ៖ គឺតួនាទីរបស់អាស៊ានគឺកាន់តែសំខាន់ជាមួយនឹងការសម្របសម្រួលនិងលើកទឹកចិត្តធ្វើយ៉ាងណាឱ្យប្រទេសចិននិងសហរដ្ឋអាមេរិកព្យាយាមគ្រប់គ្រងការប្រកួតប្រជែងរបស់ខ្លួនកុំឱ្យឈានទៅដល់ជម្លោះប្រដាប់អាវុធឬក៏ជម្លោះអ្វីមួយដែលលើសពីការប្រែប្រួលទូទៅ ដែលអ្នកជំនាញមួយចំនួនគេហៅថាManaged Competition បានន័យថាប្រកួតប្រជែងចុះ ប៉ុន្តែកុំឱ្យវាលើសបន្ទាត់ក្រហម ពីព្រោះកាលណាលើសបន្ទាត់ក្រហម គឺវាប៉ះពាល់ទៅដល់ប្រទេសទាំងអស់នៅក្នុងពិភពលោកតែម្ដង។ ចំណុចបួននេះគឺជាចំណុចគោលៗដែលខ្ញុំមើលឃើញនៅក្នុងយុទ្ធសាស្ត្រលោកបៃដិនដែលបានចេញពីខែ១០នេះ។

វាគ្មិនកិត្តិយស៖ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031