ដោយផ្អែកលើការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ បានបញ្ជប់ដោយរលូន និងទទួលបាននូវផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់ជាច្រើន ដែលជាអត្ថប្រយោជន៍រួមរបស់ប្រជាជននៃបណ្តាប្រទេសមេគង្គ។ ក្នុងនោះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានលើកឡើងពីសមិទ្ធិផលសំខាន់ៗចំនួន០៣នៃកិច្ចប្រជុំកំពូល ACMECS ដែលរួមមាន (១) ការចូលរួមចំណែករបស់កម្ពុជានៅក្នុង ACMECS Development Fund ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតលេខាធិការដ្ឋាន ACMECS និង (៣) វិធានការស្វែងរកវ៉ាក់សាំង COVID-19 បន្ថែមតាមរយៈជំនួយនានាពីដៃគូអភិវឌ្ឍន៍។ លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តរបស់ប្រមុខដឹកនាំក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញក្រោយវិបត្តិ COVID-19 តាមរយៈការប្រែក្លាយតំបន់ CLMV ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សកលទំនើប (Advance Global Business Hub) និងគម្រោងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ (Tourism Development Plan) និងគម្រោងអភិវឌ្ឍន៍សម្រាប់និរន្តរភាពនៃឧស្សាហកម្មកៅស៊ូ (Development Plan for Sustainable Rubber Industry) ក្រោមក្របខណ្ឌ CLV។ លោកបណ្ឌិតបានជូនយោបល់ថា គួរមាន CLMV និង CLV Section នៅក្នុងលេខាធិការដ្ឋាន ACMECS នេះ ដើម្បីធ្វើឱ្យយន្តការទាំង៣មានភាពបន្ស៊ីគ្នាកាន់តែល្អ និងដើម្បីបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលអនាគត។
វាគ្មិន៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ដឹកនាំនិងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន