Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

ការផ្ដល់ឱកាសដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៅកម្ពុជាគឺជាភាពចាំបាច់ក្នុងការបន្តនូវកេរ្តិ៍តំណែរ និងស្នាដៃនៃសន្តិភាពដែលវីរៈជនជំនាន់មុនបានបន្សល់ទុកឱ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង នឹងផ្សល់នូវទស្សនៈពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរថ្មីនៅកម្ពុជា ជាពិសេសលោកនឹងពន្យល់អំពីផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន និងសមត្ថភាពនៃថ្នាក់ដឹកនាំវ័យក្មេងក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

សំណួរទី ១: ជាបឋម តើលោកបណ្ឌិតអាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនបន្តិចបានទេពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរថ្មីមួយនេះ?

លោកបណ្ឌិត ឆេង គីមឡុងបាទ នេះគឺជារបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនយោបាយរបស់កម្ពុជា បើយើងក្រឡេកមើលរយៈពេល ៣០ឆ្នាំកន្លងមកនេះ ឬក៏នៅឆ្ងាយជាងនេះទៅទៀត។ ប៉ុន្តែបើសិនជាមើលចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ នេះគឺជាការកំណត់ថ្មីមួយនូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីមានការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺមានរយៈពេល៣០ឆ្នាំគត់ ដែល ៣០ឆ្នាំនេះ បញ្ជាក់អំពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុងយុគសម័យថ្មី ការផ្លាស់ប្តូរដែលយើងបានទើបតែដឹងលឺនៅក្នុងរយៈពេលថ្មីៗបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលកំពូលបំផុតរបស់កម្ពុជា គឺជាការផ្តល់ឪកាសឱ្យអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន ដែលនៅក្នុងនោះគឺមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការប្រកាសជាផ្លូវការដោយរដ្ឋសភា និងការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្ររួចរាល់នៅក្នុងប្រមាណជាង ២សប្តាហ៍ខាងមុខទៀតនេះ។ ការផ្លាស់ប្តូរនេះគឺអាចជាកម្លាំងចលករថ្មីមួយផ្តល់សន្ទុះទៅដល់ការធ្វើពិពិទកម្ម ការពង្រឹង និងកែទម្រង់នៅក្នុងការដឹកនាំរដ្ឋ ដើម្បីបន្តធានានូវស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាដែលបានផលដោយសារតែការទទួលបាននូវសុខសន្តិភាពចាប់តាំងពីចុងឆ្នាំ១៩៩៨ កន្លងមក។​

សំណួរទី ២: ជាបន្ទាប់ តើអ្វីទៅជាភាពចាំបាច់ក៏ដូចជាសារៈសំខាន់ក្នុងការផ្លាស់ប្តូរថ្មីមួយនេះ ចំពោះស្ថេរភាពនៃការវិវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?

លោកបណ្ឌិត ឆេង​ គីមឡុង: ទីមួយគឺការប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានច្បាប់រដ្ឋធម្មនុញ្ញកំពូលរបស់កម្ពុជា និងច្បាប់បោះឆ្នោតដទៃទៀតដែលកម្ពុជាយើងបានចាប់ផ្តើមប្រកាន់យកចាប់តាំងពីឆ្នាំ១៩៩៣មក បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសដែល ផ្ចុងផ្តើមដោយប្រមុខដឹកនាំកំពូលៗរបស់កម្ពុជា នៅក្នុងនោះមាននូវអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហនុមានថ្នាក់ដឹកនាំដ៏កំពូលរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំដែលជាអ្នកស្នេហាជាតិដទៃៗទៀតបានចូលរួមជួយ ហើយនិងមានការគាំទ្រពីសហគមន៍អន្តរជាតិ។

ទីពីរ គឺការប្រកាន់យកនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យចម្រុះពណ៌ដែលយើងលើកឡើងថាជាប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតជាប្រចាំាំ។ ការប្រកាន់យកនូវទស្សនៈ និងមធ្យោបាយនៃការបោះឆ្នោតដោយបានទស្សនៈប្រជាធិបតេយ្យសេរីពហុបក្ស ការជម្រុញនូវនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ការបើកចំហ និងផ្តល់លទ្ធភាពនៃលំហនូវសេរីភាពគ្រប់សព្វបែបយ៉ាង ដែលធានាដោយច្បាប់ដែលយើងបានឃើញកន្លងមកនេះ និងការគិតគូរយ៉ាងយកចិត្តទុកដាក់នៅក្នុងការគ្រប់គ្រងរដ្ឋ នយោបាយ និងគោលនយោបាយនៅក្នុងការអភិវឌ្ឍន៍ គឺជាការធានានូវស្ថេរភាពផង ក៏ដូចជាការពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។​

សំណួរទី ៣: ជាមួយគ្នានេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាអំពីការកំណត់ថ្មីមួយនេះថានឹងផ្តល់នូវឥទ្ធិពលយ៉ាងណាចំពោះការអភិវឌ្ឍន៍ជារួមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន?

លោកបណ្ឌិត ឆេង​ គីមឡុង: ខ្ញុំយល់ឃើញថា នេះគឺជាការចាប់ផ្តើមទំព័រប្រវត្តិសាស្ត្រថ្មីមួយ ហើយក៏ជាការ ផ្តល់ជាគម្រូដឹកនាំដ៏ខ្ពង់ខ្ពស់ដោយប្រមុខដឹកនាំដែលបានទទួលការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតឈ្នះភ្លូកទឹកភ្លូកដី និងឈ្នះលើសលប់នៅក្នុងការបោះឆ្នោតកន្លងទៅនេះ ហើយផ្តល់ឪកាសដឹកនាំបន្តវេនទៅដល់យុវជនដែលជាថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលសុទ្ធតែប្រកបទៅដោយបញ្ញាញាណ បទពិសោធន៍ និងទស្សនៈវិស័យវែងឆ្ងាយ។

ក្នុងការវិវត្តនេះ ខ្ញុំជឿជាក់ថានឹងជំរុញឱ្យមានការបន្តការអនុវត្តផែនការសកម្មភាព និងគោលនយោបាយដែលបានដាក់ចេញមកក្នុង ៦អាណត្តិកន្លងទៅនេះ។ ហើយក្នុងអាណត្តិទី៧ នេះ ខ្ញុំជឿថារដ្ឋាភិបាលនឹងបន្តអនុវត្តនូវផែនការសកម្មភាពទាំងអស់នោះ ហើយនឹងជំរុញ ព្រមទាំងបង្កើត ឬ ចាប់យកនូវកាលានុវត្តភាពដែលមានស្រាប់ផង និងកាលានុវត្តភាពថ្មីៗ ដែលកើតឡើងអំពីការវិវត្តនៅក្នុងតំបន់ និងនៅក្នុងសកលលោក រួមផ្សំនឹងនិន្នាការនៃការវិវត្តទៅ និងសន្ទុះកម្លាំងជំរុញបង្កើនដែលមានជាអាទិ៍គឺ ប្រជាពលរដ្ឋកម្ពុជាវ័យក្មេងភាគច្រើនបានយកចិត្តទុកដាកើនៅក្នុងការសិក្សា ក្រេបជញ្ជក់នូវចំណេះដឹង ពង្រឹងនូវសមត្ថភាពដ៏សម្បូរបែប។ ទីពីរ គឺការពង្រីកនូវមូលដ្ឋានគ្រឹះនៃឧស្សាហកម្មនៅក្នុងស្រុក ក៏ដូចជាវិស័យអភិវឌ្ឍផ្សេងៗទៀតរបស់កម្ពុជា ដែលជួយទៅដល់ការអនុវត្តនូវផែនការសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែងទៅមុខទៀត។

សំណួរទី ៤: ជាចុងក្រោយ យើងឃើញថាប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជាជំនាន់មុនដែលបានកសាង និងដឹកនាំប្រទេសកម្ពុជាឱ្យមានសន្តិភាព ស្ថេរភាព បន្ទាប់ពីមានសង្គ្រាមដ៏រ៉ាំរ៉ៃ និងយូរអង្វែងមក។ ជាបន្ទាប់ទៀត យើងឃើញថាថ្នាក់ដឹកនាំនៅក្នុងអាណត្តិថ្មីនេះ សុទ្ធតែមានវ័យក្មេងទាំងអស់។ ពាក់ព័ន្ធទៅនឹងចំណុចនេះ តើលោកបណ្ឌិតមានក្តីសង្ឃឹមយ៉ាងណាជំពោះថ្នាក់ដឹកនាំវ័យក្មេង ក្នុងការដឹកនាំប្រទេសដើម្បីរក្សា ក៏ដូចជាកសាងសន្តិភាព ស្ថេរភាព និងវិបុលភាពជូនប្រជាជន និងជាពិសេសពង្រឹងទៅលើការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត?

លោកបណ្ឌិត ឆេង​ គីមឡុង: ខ្ញុំយល់ឃើញថារដ្ឋាភិបាលថ្មីដែលនឹងចូលមកកាន់អំណាចនៅក្នុងពេលឆាប់ៗខាងមុខនេះនឹងនៅតែយកអាទិភាពជាធំគឺ ការរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងទសសនៈវិស័យនៅក្នុងការជំរុញការអភិវឌ្ឍន៍ដោយយកប្រជាជន និងផលប្រយោជន៍ជាតិជាធំ។ ទីពីរ គឺរដ្ឋាភិបាលក្នុងយុគសម័យថ្មីនេះ នៅក្នុងនីតិកាលទី៧នឹងយកអាទិភាពផ្នែកខាងស្តារកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយទៀត ដោយយល់ឃើញថាកម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ និងសកលលោកទើបតែរងផលវិបត្តិសេដ្ឋកិច្ចដោយសារតែជំដឺរាតត្បាតកូវីដ១៩ ដ៏ធ្ងន់ធ្ងរផង ក៏ដូចជាបញ្ហាអសន្តិសុខនៅក្នុងតំបន់ និងសកលលោកដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើនយឺតយ៉ាវ។

នៅក្នុងន័យនេះ ខ្ញុំយល់ឃើញថាថ្នាក់ដឹកនាំវ័យក្មេងនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងកាបង្កើតនូវកម្មវិធីគោលនយោបាយ ក្នុងការជំរុញអភិវឌ្ឍន៍ស្តារសេដ្ឋកិច្ច ហើយនិងការលើកកម្ពស់នូវភាពទាក់ទាញនៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផង និងភាពធន់នៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាយើងទទួលបាននូវឪកាសការងារ ឪកាសនៃការប្រើប្រាស់នូវចំណេះជំនាញរបស់ខ្លួន ឪកាសនៃការទទួលបាននូវការអភិវឌ្ឍន៍នូវជំនាញទៅតាមបរិបទថ្មីនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។

លើសពីនោះទៅទៀត រដ្ឋាភិបាលថ្មីក្រៅតែពីការរក្សាធានាឱ្យបានសន្តិភាព ស្ថេរភាព វិបុលភាព សង្គម សាសនាជាដើមនៅក្នុងប្រទេស គឺនឹងជំរុញនូវភាពជាំដៃគូពាណិជ្ជកម្មក្នុងតំបន់ និងសកលលោកតាមរយៈការចាប់ផ្តើមកសាងដៃគូសេដ្ឋកិច្ចកាន់តែទូលំទូលាយទៀត យើងហៅថាកម្មវិធីពិពិទកម្មដៃគូសេដ្ឋកិច្ច និងពិពិទកម្មដៃគូសន្ទនានយោបាយទាំងនៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាធ្វើយ៉ាងណាឱ្យកម្មវិធីគោលនយោបាយការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ ការទូតសន្តិភាពរបស់កម្ពុជា បន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ដល់ប្រជាជាតិកម្ពុជាទាំងមូល ក្នុងការបំពេញតួនាទីជារដ្ឋសកម្មមួយទាំងនៅក្នុងតំបន់មេគង្គ តំបន់អាស៊ាន និងក្នុងពិភពលោក។

ការលើកកម្ពស់នូវ ឬ ការកសាងនូវសមត្ថភាពរបស់ប្រជាជន យើងហៅថាការអភិវឌ្ឍន៍ធនធានមនុស្សដោយផ្តោតទៅលើចំណេះជំនាញនឹងវិស័យពាក់ព័ន្ធដែលជាខួរឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម កសិឧស្សាហកម្មកែច្នៃ ការអភិវឌ្ឍនូវឧស្សាហកម្មវេចខ្ចប់មួយចំនួនទៀតដែលជាវិស័យសក្តានុពលសំខាន់ផង វិស័យសក្តានុពលបន្ទាប់បន្សំសម្រាប់ជាទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច ដោយធ្វើយ៉ាងណាប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាតំបន់មួយដែលអាចស្រូបទាញបាននូវការវិនិយោគពីក្រៅស្រុកមកបំពេញបន្ថែមនូវការវិនិយោគក្នុងស្រុក និងការស្រូបទាញនូវបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ។

សរុបជារួមខ្ញុំយល់ឃើញថា ការដឹកនាំសម័យថ្មីនៅក្នុងអាណត្តិទី៧ ដោយប្រមុខដឹកនាំជំនាន់ថ្មីវ័យក្មេង បូកនឹងប្រមុខដឹកនាំមានភាពចាស់ទុំមួយចំនួនទៀតដើម្បីជួយជ្រោមជ្រែងពីខាងក្រោយ ដោយមានទិសដៅបង្ហាញស្រាប់តាមរយៈគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលយើងឃើញថាយុទ្ធសាស្រ្តចតុកោណ បន្តពីយុទ្ធសាស្ត្រត្រីកោណ ហើយនៅក្នុងអាណត្តិថ្មីប្រហែលមាននូវយុទ្ធសាស្ត្របញ្ចកោណដែលប្រមុខរដ្ឋាភិបាលធ្លាប់បានប្រកាសកន្លងមកហើយ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងចាប់យកឪកាស និងក្លាយខ្លួនទៅជាសេដ្ឋកិច្ចមួយដែលមានភាពរឹងមាំ ដែលមានភាពធន់ ដែលមានលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ដើម្បីចូលខ្លួនធ្វើសមាហរណកម្មទាំងនៅក្នុងសេដ្ឋកិច្ចតំបន់ និងសកលលោក ចាប់យកនូវកាលានុវត្តភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងការអភិវឌ្ឍន៍សង្គមជាតិតទៅមុខទៀត។

វាគ្មិនកិ្តតិយស៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានប្រតិបត្តិនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031