Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: លទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន

ស.រ.អ. និងហ្វីលីពីនទើបតែពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានឹងគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុច សម្ផស្ស បានពន្យល់អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីស.រ.អ. និងហ្វីលីពីន និងបង្ហាញអំពីទិដ្ឋភាពទូទៅនៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។

សំណួរទី១៖ នៅដើមខែឧសភានេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ចំនួន៤ថ្ងៃទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងដៃគូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការពិភាក្សាលើសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់។ ជាដំបូង ដើម្បីជាការយល់ដឹង សូម (វាគ្មិន) ផ្តល់នូវទិដ្ឋភាពសង្ខេបអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននេះ? ហើយហេតុអ្វីបានជាប្រទេសទាំងពីរបានក្លាយទៅជាស្និទ្ធស្នាលបែបនេះ?

ប្រាកដហើយ ដើម្បីយល់ដឹងពីដំណើរទស្សនៈកិច្ចជាន់ខ្ពស់មួយនេះ ខ្ញុំក៏ចង់បង្ហាញបន្តិចដែរពីសម្ព័ន្ធភាពដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនេះ។ ជាដំបូងបើយើងនិយាយពីទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺវាចាប់ផ្តើមតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ ដែលជាឆ្នាំប្រទេសហ្វីលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។

នៅក្រោយសង្គ្រាមលោកលើកទី២នោះផងដែរ សហរដ្ឋអាមេរិកបានជួយសាងសង់ប្រទេសហ្វីលីពីនឡើងវិញ ហើយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Harry S. Truman បានដាក់ចេញនូវសេចក្តីប្រកាសលេខ២៦៩៥ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់ប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ ឆ្នាំ១៩៤៧ ប្រទេសទាំងពីរបានចុះ «កិច្ចព្រមព្រៀងមូលដ្ឋានយោធា (Military Bases Agreement)» ដែលសម្រាប់ឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេសហ្វីលីពីន។ បន្ទាប់មកទៀតនៅឆ្នាំ១៩៥១ ប្រទេសទាំងពីរក៏បានចុះនូវ «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mutual Defense Treaty (MDT)» ដើម្បីធានាបាននូវសន្តិសុខរបស់ប្រទេសហ្វីលីពីនក្នុងនាមជាដែលទើបទទួលបានឯករាជ្យ និងជាសញ្ញាបង្ហាញឱ្យឃើញពីសម្ព័ន្ធភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

ប៉ុន្តែមិត្តភាពនេះ នៅឆ្នាំ២០១៦ យើងឃើញមានការរង្គោះរង្គើបន្តិចក្រោមរដ្ឋបាលលោកRodrigo Duterte​ ដែលលោកគាំទ្រគោលនយោបាយការបរទេសដែលមិនសូវពឹងផ្អែកខ្លាំងលើសហរដ្ឋអាមេរិកទៅវិញ។ ហើយក៏ដូចគ្នា ឆ្នាំ២០១៦នោះ ប្រធានាធិបតីអាមេរិកលោកDonald Trump ក៏ផ្តោតលើគោលនយោបាយអាមេរិកដំបូងគេ ដែលធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរដើរដល់ផ្លូវខ្វែង តែយ៉ាងណាយើងឃើញថា «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក» នាពេលនោះនៅតែបន្ត និងដឹកនាំដំណើរទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ។ អ៊ីចឹង យើងឈានមកដល់ពេលនេះ នៅឆ្នាំ២០២៣ ក្រោមអាណត្តិរបស់លោក Ferdinard Marcos Jr. ​ដែលជាប្រធានាធិបតីជាប់ឆ្នោត ក្រោយអាណត្តិលោកDuterte ដូចគ្នានឹងសហរដ្ឋអាមេរិកក្រោមប្រធានាធិបតីលោកJoe Biden ប្រទេសទាំងពីរបានចាប់ដៃគ្នារឹតចំណងមិត្តភាពពិសេសនេះឡើងវិញ ដើម្បីរក្សាសន្តិសុខរបស់ប្រទេសទាំងពីរក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះតែម្តង។ សូមអរគុណ។

សំណួរទី២៖ ហេតុអ្វីបានជាប្រទេសហ្វីលីពីន ដឹកនាំឱ្យលោកប្រធានាធិបតី Ferdinand Marcos Jr.​ បានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ទៅសហរដ្ឋអាមេរិកនាពេលនេះ? បើតាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំយល់ឃើញថាដំណើរទស្សនៈកិច្ចជាន់ខ្ពស់របស់លោកប្រធានាធិបតីFerdinand Marcos Jr. ទៅសហរដ្ឋអាមេរិកនាពេលនេះអាចមានចំណុចដ៏គួរឱ្យចាប់អារម្មណ៍ពីរ៖

ចំណុចទីមួយ៖ គឺការចង់រក្សាសន្តិសុខ និងសន្តិភាពរបស់ប្រទេសហ្វីលីពីននៅក្នុងពេលនេះតែម្តង។ ដូចដែលយើងដឹងហើយថាពិភពលោកពេលនេះកំពុងតែមានការផ្លាស់ប្ថូរហើយរឿងដែលជាកង្វល់សម្រាប់សន្តិសុខពិភពលោកនៅតែបន្តមាន។ រឿងដូចជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែឈានដល់កម្រិតថ្មីមួយទៀត ហើយបើងាកមកមើលតំបន់អាស៊ីប៉ាស៊ីហ្វិកយើងវិញ ភាពតានតឹងជុំវិញកោះតៃវ៉ាន់ក៏ជាកង្វល់មួយរបស់ប្រទេសហ្វីលីពីនផងដែរ ដោយសាររយៈចំងាយដ៏ជិត។ ហើយកាន់តែសំខាន់សម្រាប់ហ្វីលីពីនផងនោះគឺកង្វល់ជុំវិញសមុទ្រចិនខាងត្បូងដែលមិនទាន់ដោះស្រាយរួចនៅឡើង ដូចនេះកង្វល់ទាំងប៉ុន្មាននេះធ្វើឱ្យប្រទេសហ្វីលីពីនត្រូវការប្តេជ្ញាចិត្តយ៉ាងមុតមាំពីមិត្តយូរអង្វែងរបស់ខ្លួន ដែលជាសហរដ្ឋអាមេរិកនេះតែម្តង។

ចំណុចទីពីរ៖ គឺការងើបឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលជាកត្តាមួយសំខាន់ នឹងគួរឱ្យបារម្ភសម្រាប់ប្រទេសហ្វីលីពីនផងដែរ។​ ដោយប្រទេសហ្វីលីពីនក៏បានប៉ះពាល់ធ្ងន់ធ្ងរដែរពីការរាតត្បាតនៃជំងឺកូវីដ១៩ ហ្វីលីពីនមានការបារម្ភផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ខ្លួន។ ដូចនេះ ដំណើរទស្សនៈកិច្ចនេះ ក៏សង្ឃឹមថានឹងនាំមកនូវ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច​ ការវិនិយោគ និងការពង្រឹងធនធានមនុស្ស ដែលប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ថ្ងៃខាងមុខផងដែរ។ សូមអរគុណ។

សំណួរទី៣៖ ក្នុងជំនួបរយៈពេល៤ថ្ងៃនេះផងដែរ ប្រទេសទាំងពីរពិភាក្សាក្នុងកិច្ចការជាច្រើន។ ដូចនេះ តើជំនួបរបស់ប្រធានាធិបតីទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កាដូចម្តេចខ្លះ?

សម្រាប់លទ្ធផលនៃជំនួបទស្សនៈកិច្ចជាន់ខ្ពស់នេះផងដែរ គឺមានផ្លែផ្កាជាច្រើនសម្រាប់ភាគីទាំងពីរដែលគួរឱ្យកត់សម្គាល់ ដែលខ្ញុំនឹងលើកឡើងចំនួនប្រាំមួយចំណុចធំៗ៖ (១) ការពង្រឹងសម្ព័ន្ធភាពអាមេរិក និងហ្វីលីពីន (២) កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (៣) ការពង្រឹងការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន (៤) ការលើកកំពស់ការគោរពសិទ្ធមនុស្ស (៥) កិច្ចសហប្រតិបត្តិការលើថាមពលស្អាត និង (៦) ការការពារបរិស្ថាន និងជំនួយសង្គម។

ចំណុចទី (១) ក្នុងការពង្រឹងសម្ព័ន្ធភាពអាមេរិក និងហ្វីលីពីន ចំណុច៣ផ្សេងទៀត គឺ (១) គោលការណែនាំស្តីពីការការពារទ្វេភាគី ដែលរួមមានការរៀបចំជាស្ថាប័នអាទិភាពសំខាន់ៗ ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើផ្នែកអន្តរតំបន់ សមុទ្រ អាកាស លំហ និងអ៊ីនធឺណិត (២) ការពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន ដែលជាការផ្តល់ជានាវា និងយន្តហោះ ក្នុងការគាំទ្រកម្មវិធីទំនើបភាវូបនីយកម្មរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន និង (៣) ការជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការវិនិយោគនៅក្នុងសហគមន៍ក្រោមគេហទំព័រកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ អាមេរិក-ហ្វីលីពីន (The U.S.- the Philippines Enhanced Defense Cooperation Agreement (EDCA) ។

ចំណុចទី (២) ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរនឹងមានជាបេសកម្មពាណិជ្ជកម្ម និងវិនិយោគរបស់ប្រធានាធិបតី ដែលនឹងពង្រឹងការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងសេដ្ឋកិច្ចនវានុវត្តន៍របស់ប្រទេសហ្វីលីពីន ការផ្លាស់ប្ថូរថាមពលស្អាត និងវិស័យរ៉ែសំខាន់ៗ និងសន្តិសុខស្បៀងរបស់ប្រជាជន។ បន្ថែមទៀតក៏មានការបើកមន្ទីរពិសោធន៍អន្តរប្រតិបត្តិការRAN 5G សម្រាប់ការភ្ជាប់ដ៏ទូលំទូលាយនូវប្រព័ន្ធ5Gនៅប្រទេសហ្វីលីពីន។

បន្ទាប់មកគឺការនាំយកវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកទៅកាន់ប្រទេសហ្វីលីពីន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ការពង្រីកបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន។ ជាចុងក្រោយ គឺការសហការផ្នែកលំហ ដែលនឹងនាំមកនូវកិច្ចសន្ទនាអវកាសស៊ីវិលអាមេរិក-ហ្វីលីពីន​ ដែលនឹងសហការលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសនៅក្នុងផ្នែកនៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រាអាសន្ន ការថែទាំសុខភាព ការធ្វើផែនទីនៃធនធាន និងមធ្យោបាយងាយស្រួល ការត្រួតពិនិត្យការបំពុល ការកាប់បំផ្លាញព្រៃឈើ ការប្រើប្រាស់ដី និងផែនការហេដ្ឋារចនាសម្ព័ន្ធ និងការយល់ដឹងអំពីដែនសមុទ្រ។

ចំណុចទី (៣) ការពង្រឹងការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមមានការចែករំលែកចំណេះដឹង និងការផ្តល់ជាអាហាររូបករណ៍ជាច្រើន ដូចជាការវិនិយោគលើមេដឹកនាំហ្វីលីពីនជំនាន់ក្រោយហ្វីលីពីន-អាមេរិក អាហារូបករណ៍មិត្តភាព ការកសាងសាកលវិទ្យាល័យលំដាប់ពិភពលោកនៅប្រទេសហ្វីលីពីន ការជំរុញការច្នៃប្រឌិត និងការកសាងសមត្ថភាព តាមFulbright។ សរុបរួមនៅក្នុងនេះ យើងឃើញសហរដ្ឋអាមេរិក នឹងផ្តល់ជាជំនួយជាទឹកប្រាក់ ការផ្លាស់ប្ថូររវាងនិស្សិតជំនាញ ការផ្លាស់ប្ថូររវាងអ្នកជំនាញ ហើយព្រមទាំងសហការរវាងអ្នកវិទ្យាសាស្ត្រ អ្នកច្នៃប្រឌិតបង្កើតថ្មី អ្នកវិនិយោគ ដើម្បីសម្រេចបាននូវការកសាងសមត្ថភាពរវាងប្រទេសទាំងពីរសម្រាប់ការអភិវឌ្ឍន៍ជាតិ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន។

ចំណុចទី (៤) ការលើកកំពស់ការគោរពសិទ្ធមនុស្ស នឹងមានការបង្កើតក្រុមការងារការងារអាមេរិក-ហ្វីលីពីន ដែលនឹងអនុលោមទៅលើកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាមេរិក-ហ្វីលីពីន ក្នុងការសហការគ្នាដើម្បីពន្លឿនការអនុវត្តសិទ្ធការងារដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ចំណុចទី (៥) កិច្ចសហប្រតិបត្តិការលើថាមពលស្អាត​ នឹងឃើញមានការពង្រឹងភាពជាដៃគូលើសារធាតុរ៉ែសំខាន់ៗ ការដេញថ្លៃថាមពលបៃតង ភាពជាដៃគូលើថាមពលនុយក្លេអ៊ែរ និងការការពារបរិស្ថាន ដែលនឹងការពារសម្បត្តិធម្មជាតិរបស់ប្រទេសហ្វីលីពីន បង្កើតការអភិវឌ្ឍន៍ដែលធម្មជាតិ និងប្រកបដោយចីរភាពសម្រាប់ប្រទេសហ្វីលីពីន។

ជាចុងក្រោយ ចំណុចទី (៦) ការការពារបរិស្ថាន និងជំនួយសង្គម រួមមានការជំរុញសន្តិសុខស្បៀងដែលរួមមានកិច្ចសន្ទនាស្បៀង​ និងការដាក់ចេញនូវបេសកកម្មពាណិជ្ជកម្មលើបច្ចេកវិទ្យាកសិកម្ម។ ការជំរុញសន្តិសុខទឹក ក្នុងការពង្រឹងស្ថាប័នគ្រប់គ្រងទឹក បង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលធន់នឹងអាកាសធាតុ ការកែលម្អការគ្រប់គ្រងធនធានទឹក និងការដោះស្រាយគម្លាតហិរញ្ញប្បទានទឹក។ ថែមទាំងការការពារហេដ្ឋារចនាសម្ព័ន្ធទឹកសំខាន់ៗ ដែលសហរដ្ឋអាមេរិកនឹងផ្តល់ជាការចែករំលែកការអនុវត្ត និងឧបករណ៍ល្អៗដល់ហ្វីលីពីន។ ហើយចុងក្រោយក៏មានការពង្រឹងទំនាក់ទំនងក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការលើកកម្ពស់សន្តិសុខសុខភាព និងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាដើមទៀត។

ដូចនេះសរុបមក យើងឃើញថាកិច្ចប្រជុំនេះប្រព្រឹត្តិទៅបានយ៉ាងផ្លែផ្ការដោយផ្អែកទៅលើចំណុចធំៗទាំងប្រាំមួយដូចបានរៀបរាប់ខាងលើ។

សំណួរទី៤៖ ក្រោមកិច្ចពិភាក្សារវាងប្រទេសទាំងពីរនេះ លោកប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានលើកឡើងពីការប្តេជ្ញាចិត្តសម្ព័ន្ធភាពដែកថែបរបស់សហរដ្ឋអាមេរិកចំពោះហ្វីលីពីន។ តើជំនួបនេះមានន័យដូចម្តេចសម្រាប់សម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ? ជាពិសេស សម្រាប់សន្តិសុខរបស់ប្រទេសហ្វីលីពីន?

តាមការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថាជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរនេះបានពង្រឹងសម្ព័ន្ធភាព ភាពជឿជាក់ និងការប្តេជ្ញាចិត្តរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកទៅកម្រិតថ្មីមួយ ក្រោមក្របខ័ណ្ឌនៃការផ្លាស់ប្ថូរបរិបទថ្មីនៃពិភពលោកនាពេលនេះ។ សម្រាប់សន្តិសុខរបស់ប្រទេសហ្វីលីពីន យើងឃើញថាកង្វល់នៅតែមានច្រើនប៉ុន្តែការរឹតបន្តឹងសម្ព័ន្ធភាពជាមួយមិត្តយូរអង្វែងនាពេលនេះ គឺជាកត្តាមួយសំខាន់ដែលប្រទេសហ្វីលីពីនត្រូវតែក្តាប់ឱ្យបាន លើកពីនេះទៅទៀតកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់នេះ ដូចបានរៀបរាប់ខាងលើក៏បានផ្តល់លើសពីការពង្រឹងសម្ព័ន្ធភាពរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ហើយវាថែមទាំងផ្តល់នូវការជួយពង្រឹងសេដ្ឋកិច្ច សង្គមកិច្ច ការអប់រំថ្នាក់ជាន់ខ្ពស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសហ្វីលីពីន ក្រោមរដ្ឋបាលលោកMarcos និងរដ្ឋបាលលោកBidenដូចគ្នា។ ហើយដូចគ្នា ជំនួប និងការប្តេជ្ញាចិត្តទៅលើមិត្តភាព និងសម្ព័ន្ធភាពពិសេសនេះ ត្រូវបានធ្វើឡើងចំពេលល្អជាពិសេសសម្រាប់ប្រទេសហ្វីលីពីន ដែលរដ្ឋបាលលោកMarcosដែលទើបនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២២ ក្នុងអាណត្តិ៦ឆ្នាំរបស់លោក។ ដូចនេះ សង្ឃឹមថាជំនួបនេះ នឹងប្រែក្លាយជាផ្លែផ្កាក្នុងការដឹកនាំទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ក្នុងរយៈប៉ុន្មានឆ្នាំទៅមុខ៕

វាគ្មិនកិត្តិយស៖ កញ្ញា អ៊ុច សម្ផស្ស អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031