Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

សេចក្តីប្រកាសព័ត៌មាន

វិទ្យាស្ថានចក្ខុវិស័យអាស៊ីមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា​ នាពេលថ្មីៗនេះទំព័រហ្វេសប៊ុករបស់បុគ្គល «ChhamChhany ឆាំ ឆានី» បានប្រើប្រាស់វីដេអូ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យសុកស៊ីផាន់ណា ក្នុងវេទិកាកិច្ចសន្ទនាឧត្តមសិក្សាដោយមិនបានទទួលការអនុញ្ញាតសិទ្ធិប្រើប្រាស់ពីម្ចាស់ដើមនោះទេ។ វីដេអូនេះត្រូវបានផលិតឡើង ដោយមានការកាត់តបន្ថែមរូបភាព ធ្វើឱ្យ​ប្រាស​ចាក​ពី​អត្ថន័យ​ដើម​នៃ​កិច្ចសន្ទនា ក្នុងចេតនាញុះញង់ បំភ្លៃការពិត ដើម្បីបង្កចលាចល និងអស្ថិរភាពសង្គម។

វិទ្យាស្ថានសូមផ្តល់ជូននូវសាវតានៃដំណើរការចរចារ EBA (ទំនិញគ្រប់មុខលើកលែងអាវុធ) ដូចខាងក្រោម៖

១.ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ជាកាតព្វកិច្ចក្នុងក្របខណ្ឌ​នៃ​ការពង្រឹងកិច្ចពិគ្រោះយោបល់របស់គណៈកម្មការអឺរ៉ុប ដែលបានចាប់​ផ្តើម​ពីខែមីនា ឆ្នាំ២០១៧។

២.ដំណើរទស្សនកិច្ចគឺធ្វើឡើងដោយគូភាគីទាំងសងខាង ពោលគឺមានដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុបមកកម្ពុជា និងរបស់គណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងព្រុចសែល។ ព័ត៌មានស្ដី​ពីការពិគ្រោះយោបល់នេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាម​ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ហើយ​គណៈ​កម្មការអឺរ៉ុប ក៏បានបង្ហោះនៅលើបណ្តាញសង្គម អំពីដំណើរទស្សនកិច្ចរបស់ភាគីកម្ពុជាផងដែរ។

៣.គោលបំណងនៃការពិគ្រោះយោបល់គឺដើម្បីដោះស្រាយកង្វល់ និងការយល់ខុសរបស់គណៈកម្មការ​អឺរ៉ុបទៅលើ​ស្ថានភាពប្រជាធិបតេយ្យ និងស្ថានភាព​សិទ្ធិមនុស្សនៅ​កម្ពុជា។ បេសកកម្មនេះគឺជា​ការងារ​ចាំបាច់ដែល​ត្រូវ​បំពេញ ដើម្បីផ្តល់យុត្តិធម៌ជូន​រាជរដ្ឋាភិបាលកម្ពុជាលើអ្វីដែលកម្ពុជា​យល់ថា ជា​យុទ្ធនាការ​លាបពណ៌ បំភ្លៃការពិតពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍរបស់កម្ពុជា។

ក្នុងន័យដូចបានជម្រាបជូនខាងលើ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាស្ថាប័នលើកកម្ពស់ការស្រាវជ្រាវ និងកិច្ចសន្ទនាគោលនយោបាយ ដើម្បីបុព្វហេតុសុខសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍសង្គមជាតិ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន សូមថ្កោលទោសចំពោះបុគ្គល «ChhamChhany ឆាំ ឆានី»។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី ស្នើសុំការយោគយល់ និងការចូលរួមចំណែក​របស់សាធារណជនពីគ្រប់​មជ្ឈដ្ឋាន​ ក្នុងការទប់ស្កាត់ការចែករំលែកព័ត៌មានក្លែងក្លាយរបស់បុគ្គលខាងលើ៕

សូមអគុណ!