Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

ទំនាក់ទំនងរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុបបានឈានមកដល់រយៈពេល៤៥ឆ្នាំ ដែលនេះបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់អង្គការតំបន់ទាំងពីរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក៏ដូចជាបង្ហាញអំពីចក្ខុវិស័យរបស់មេដឹកនាំរបស់អង្គកាតតំបន់ទាំងពីរនេះផងដែរ។

សំណួរទី១៖  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរ នៅឯទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដែលកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងឯកឧត្ដម Charles Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ជាបឋម ខ្ញុំអាចសូមឱ្យលោកបណ្ឌិតជួយរំលេចសង្ខេបអំពីទំនាក់ទំនងកន្លងមកក្នុងរយៈពេល៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ានយើងនេះ បាទសូមអញ្ជើញលោកបណ្ឌិត។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ អង្គការតំបន់អាស៊ាន  និង EU សហគមន៍អឺរ៉ុប គឺជាអង្គការពីរ ដែលលេចធ្លោនៅក្នុងពិភពលោក ហើយក៏ជាអង្គការពីរដែលមានភាពជោគជ័យច្រើន គឺនៅក្នុងការជំរុញស្ថេរភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាការធ្វើនូវសមាហរណកម្មសេដ្ឋកិច្ច​ និងការតភ្ជាប់នៅក្នុងតំបន់ ហើយតំបន់ទាំងពីរនេះបានមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៤៥ឆ្នាំ និងពីរឆ្នាំកន្លងទៅនេះ យើងឃើញថាអង្គការទាំងពីរបានចុះហត្ថលេខាទៅលើ ការពង្រឹងទំនាក់ទំនងទ្វេភាគីទៅជា ទំនាក់ទំនងយុទ្ធសាស្រ្ត។ នេះគឺជា ជំហានវិជ្ជមាននៃទំនាក់ទំនងទាំងពីរ ដោយពីមួយឆ្នាំទៅមួយឆ្នាំ គឺពង្រឹងទំនាក់ទំនងស៊ីជម្រៅទៅលើវិស័យផ្សេងៗ។

កន្លងទៅ យើងឃើញថាគឺអង្គការទាំងពីរបានខំប្រឹងជំរុញនូវយន្តការអន្តរជាតិមួយដែលគោរពលើវិធានច្បាប់ Rule based International Order គឺជាចំណុចរួម ជាពិសេសការគោរពនូវធម្មនុញ្ញអង្គការសហប្រជាជាតិ។ ផលប្រយោជន៍រួម និងចំណុចរួមដែលយើងមាននោះគឺធ្វើយ៉ាងណាឲ្យមាននូវយន្តការពហុភាគីនិយម ដែលមានភាពបើកចំហ និងបរិយាប័ន្ន Open and Inclusive Multilateralism ដោយអង្គការទាំង២ បានជំនុញជាមួយគ្នាធ្វើការលើគោលការណ៍ហ្នឹង។ ហើយទីបីគឺ ការជំរុញទំនាក់ទំនងរវាងតំបន់ទាំង២ ជាពិសេសផ្នែកសេដ្ឋកិច្ច។ កន្លងទៅ EU បានចុះហត្ថលេខាជាលក្ខណៈទ្វេភាគី ជាមួយសឹង្ហបុរី និងប្រទេសវៀតណាម ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយនៅកិច្ចប្រជុំកំពូលលើកទី ៤៥ EU-ASEAN ក៏មានចុះកិច្ចព្រមព្រៀងទ្វេភាគី Partnership Agreement ជាមួយនឹង ថៃ និងម៉ាឡេស៊ី ដែលនេះគឺផលវិជ្ជមានក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច និងប្រជាជននៃអង្គការតំបន់ទាំង២នេះ។

យើងមើលជារួម លទ្ធផលនៃទំនាក់ទំនង ៤៥ឆ្នាំ ណៃតំបន់ទាំង២​ នេះគឺមានភាពល្អប្រសើរហើយធ្វើឲ្យតំបន់ទាំង២ កាន់តែជិតគ្នា ហើយសហការគ្នាក្នុងការដោះស្រាយនូវបញ្ហាតំបន់រៀងៗខ្លួន និងបញ្ហាសកល។ បញ្ហាសកលមានច្រើន ដោយរួមទាំងបញ្ហាជំងឺរាតត្បាត កូវីដ-១៩, បម្រែ   បម្រួលអាកាសធាតុ, បញ្ហាសន្តិសុខ ស្ថេរភាព និងសន្តិភាពជាដើម។ ដូច្នេះ អង្គការទាំង២ នេះត្រូវធ្វើការរួមគ្នាបន្តទៀត ដើម្បីដោះស្រាយបញ្ហាសកលនេះ។

សំណួរទី២៖  តើអ្វីជាសារៈសំខាន់យុទ្ធសាស្រ្តដែលបានរំលេចចេញពីកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥នេះ? ហើយកិច្ចប្រជុំនេះសម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ?

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ យើងឃើញថា ថ្នាក់ដឹកនាំនៃអង្គការទាំង២ គឺបានពិភាក្សាបញ្ហាច្រើន និងឯកច្ឆន្ទទៅលើចំណុចមួយចំនួនសំខាន់ៗ មានទាំងបញ្ហាសន្តិសុខ និងសន្តិភាព។ បញ្ហាសន្តិសុខ និងសន្តិភាពនេះ គឺសំខាន់ជាងគេ ដោយសារតែអឺរ៉ុប បច្ចុប្បន្នកំពុងតែជួបនូវវិបត្តិនៃ សង្គ្រាម ហើយមានការឈ្លានពានរបស់រុស្សីនៅប្រទេសអ៊ុយក្រែន ដែលយើងឃើញថាភាពតានតឹងរវាហ រុស្សី អង្គការតំបន់មួយនេះ និងអង្គការណាតូ គឺមានការកើនឡើងខ្ពស់ ហើយពិបាកក្នុងការរកចំណុចរួម ដែលវាដល់ចំណុចពិបាកក្នុងការត្រឡប់ក្រោយបាន តាមមើលទៅ ចំពោះទំនាក់ទំនងនៃសហគមន៍អឺរ៉ុប ណាតូ ជាមួយនឹងរុស្សីនោះ។ អញ្ចឹងនេះគឺជា បញ្ហាសន្តិសុខមួយដែលស្មុគស្មាញនៅក្នុង អឺរ៉ុប។ អ្វីដែលអាស៊ាន និងEU ខំប្រឹងធ្វើរួមគ្នានោះគឺ ធ្វើយ៉ាងណាឲ្យមានការគោរពនូវច្បាប់អន្តរជាតិ ជាពិសេស ធម្មនុញ្ញនៃអង្គការសហប្រជាជាតិហ្នឹង ដោយសារតែការឈ្លានពានរបស់រុស្សី នៅអ៊ុយក្រែនគឺបានឆ្លុះបញ្ចាំងពី ការរំលោភទៅលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ ដូច្នេះ EU និង ASEAN គឺបានរួមយោបល់គ្នាទាក់ទងនឹងបញ្ហានេះ។

ហើយទាក់ទងទៅនឹងបញ្ហាសេដ្ឋកិច្ច គឺមានបញ្ហាច្រើនដែលបានពិភាក្សា ហើយបានព្រមព្រៀងគ្នាបន្តនោះ គឺធ្វើយ៉ាងណាឲ្យមានការផ្សារភ្ជាប់សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ជាពិសេសគឺមើលលើលិទ្ធភាពនៃកិច្ចចរចា និងលិទ្ធភាពដែលអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃតំបន់ទាំង២ (ASEAN-EU FTA)។ ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល ក៏មានការពិភាក្សា ហើយបានព្រមព្រៀងគ្នាជំរុញនូវកិច្ចសហប្រតិបត្តិការ​ ធ្វើយ៉ាងណាឲ្យមានការតភ្ជាប់ឌីជីថល សេដ្ឋកិច្ចឌីជីថល ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាដែលគេហៅថា បម្រែបម្រួលអាកាសធាតុ និងបញ្ហាថាមពលដែរ គឺធ្វើយ៉ាងណាឲ្យ Energy Transition ទៅរកនូវថាមពលបៃតង ដែលនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមាន    លក្ខណៈលម្អិតច្រើនដែរទាក់ទងនឹងការប្រយុទ្ធប្រឆាំង ចំពោះបម្រែបម្រួលអាកាសធាតុនេះ។ ហើយទាក់ទងនឹងបញ្ហាកូវីដ ក៏បានពិភាក្សា និងជំរុញនូវការសហការគ្នាដែរដើម្បីដោះស្រាយបញ្ហា ជំងឺឆ្លង និងសារឡើងវិញនូវសេដ្ឋកិច្ច ក្រោយពីជំងឺឆ្លងកូវីដ-១៩ នេះ។ ហើយក៏បានពិភាក្សាទៅលើបញ្ហាសកល និងបញ្ហាអន្តរជាតិមួយចំនួនដែរ ក្នុងនោះគឺមានការជំរុញទាក់ទងទៅនឹងការពង្រឹងតួនាទី ក៏ដូចជាការចូលរួមរបស់សហគមន៍អឺរ៉ុបនៅក្នុងបញ្ហា ឥណ្ឌូប៉ាស៊ីហ្វិក​ ផងដែរ។​

សំណួរទី៣៖  ខ្ញុំកត់សម្គាល់ឃើញថាសហភាពអឺរ៉ុប និងអាស៊ានបានចាប់ដៃគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដែលមិនធ្លាប់មានពីមុនមក គឺកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុប ដែលនេះជាកិច្ចព្រមព្រៀងអាកាសចរណ៍រវាងតំបន់និងតំបន់។ ដើម្បីជាការយល់ដឹងកាន់តែច្បាស់ តើលោកបណ្ឌិតអាចពន្យល់បន្តិចបានទេថា កិច្ចព្រមព្រៀងនេះមានន័យយ៉ាងដូចម្ដេច? តើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏ទូលំទូលាយអាស៊ាន-សហភាពអឺរ៉ុបនេះ នឹងបន្ថែមទម្ងន់អ្វីខ្លះដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការតំបន់ និងតំបន់?

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ កិច្ចព្រមព្រៀងនេះគឺមានសារៈសំខាន់ក្នុងការជំរុញនូវ ការតភ្ជាប់នៃអ្នកធ្វើ ដំណើរនៃតំបន់ទាំងពីរ ទាំងទេសចរណ៍ និងការធ្វើធុរកិច្ចជាដើម ដូច្នេះ នេះគឺជាកាតាលីករមួយជំរុញឲ្យមានការតភ្ជាប់រវាង មនុស្ស​ និងមនុស្ស នៃតំបន់ទាំងពីរនេះ ព្រោះថាចំនួននៃប្រជាជន ធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ បន្ទាប់ពីកិច្ចព្រមព្រៀងនេះគឺអាចមានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះ នេះគឺជាចំណុចចាប់ផ្តើមមួយនៃការពង្រឹងការតភ្ជាប់នៃ វិស័យអាកាស នៃតំបន់ទាំងពីរ។

សំណួរទី៤៖  ពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងពិភពលោកវិញម្ដង យើងឃើញថាគិតចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់ទៅ តំបន់ទាំងពីរបានជួបប្រទះបញ្ហាប្រឈមជាច្រើនដែលបច្ចុប្បន្នរួមមានការកើនឡើងនៃការប្រកួតប្រជែងមហាអំណាច សង្រ្គាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា វិបត្តិឧបទ្វីបកូរ៉េ បញ្ហាអាវុធនុយក្លេអ៊ែរ ជំងឺរាតត្បាតសកល និងបញ្ហានានាជាច្រើនទៀត ដែលវាទាមទារឱ្យអង្គការតំបន់ទាំងពីរធ្វើការសហការរួមគ្នាដោយផ្អែកលើពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើមេដឹកនាំនៃតំបន់ទាំងពីរបានបង្ហាញនូវជំហរជាក់ស្ដែងអ្វីខ្លះចំពោះការរួមគ្នាដោះស្រាយនូវបញ្ហាទាំងអស់នេះ?

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ ពិតហើយ ទី១ គឺយើងត្រូវប្រមូលផ្តុំការគិតរបស់យើង ព្រោះថាមានខួរក្បាលច្រើនគិតគឺកាន់តែល្អ ហើយផ្លាស់ប្តូរនូវពត៌មាន បទពិសោធន៍ និងការរៀនសូត្រមួយចំនួន ដើម្បីរួមជាគំនិត ក្នុងការស្វែងរកនូវដំណោះស្រាយមួយដែលសមស្រប និងមាន​ប្រសិទ្ធិភាព ព្រមទាំងជា Innovative Solution គឺមាននវានុវត្តន៍។ ទី២ គឺប្រមូលនូវធនធានហិរញ្ញវត្ថុ និងយន្តការផ្សេងៗ ដើម្បីដោះស្រាយបញ្ហាសកល ដោយយើងត្រូវការធនធានហិរញ្ញវត្ថុជាពិសេស ដើម្បីចូលរួមគ្នា។ ដូច្នេះ នេះគឺជាគោលការណ៍២ សំខាន់ដែលត្រូវធ្វើការរួមគ្នាបន្តទៀត រួមគំនិត ដំណោះស្រាយ ដើម្បីស្វែងរក ហើយនឹងរួមជាមួយកម្លាំងហិរញ្ញវត្ថុ ធនធានផ្សេងៗ និងធនធានមនុស្សនៃស្ថាប័ន ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាសកល ពីព្រោះថាបញ្ហាសកល កាន់តែស្មុគស្មាញ​ ដោយវាចាក់ស្រេះ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំង២ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើសកល និងសកលលោកដែរ។ អញ្ចឹងចំណុចសំខាន់ដើម្បីដោះស្រាយ គឺ Cooperation កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំង២ ហើយតំបន់ទាំង២ អាចធ្វើជាគំរូ ដែលអាចជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈសកល។ ជាការជំរុញ និងជាស្មរតីនៃសាមគ្គីភាពអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសកលនេះ។

សំណួរទី៥៖  ជាលទ្ធផលនៃកិច្ចប្រជុំរំលឹកខួនអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប តើមេដឹកនាំនៃតំបន់ទាំងពីរបានបង្ហាញអំពីចក្ខុវិស័យ និងការប្ដេជ្ញាចិត្តក្នុងការជម្រុញភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគតយ៉ាងដូចម្ដេចខ្លះ?

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ យើងមានវិស័យច្រើនដែលត្រូវធ្វើការរួមគ្នា និងជំរុញឲ្យមានការអនុវត្តជាក់ ស្តែង ព្រោះថាយោងទៅតាមសេចក្តីថ្លែងការណ៍រួម នៃអង្គការតំបន់ទាំង២ បន្ទាប់ពីការប្រជុំគឺមាន Commitment មានការប្តេជ្ញាច្រើនលើបញ្ហាសន្តិសុខសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ អ្វីដែលជាការងារបន្ទាប់គឺយើងត្រូវអនុវត្តឲ្យមានការអនុវត្តឲ្យមានប្រសិទ្ធិភាពទៅលើសេចក្តីសម្រេច។ ខ្ញុំសូមលើកយកបញ្ហាមួយទាក់ទងទៅនឹងការសហការគ្នាដើម្បីដោះស្រាយទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ។​

កន្លងទៅសហគមន៍អឺរ៉ុប គឺបានខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាសកលមួយនេះ ហើយអាស៊ានក៏បានខិតខំប្រឹងប្រែងដែរ។ បើយើងបង្កើតនូវយន្តការមួយ ដើម្បីពង្រឹងអង្គការតំបន់ទាំង២ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុគឺប្រសិទ្ធិភាពអាចកើនឡើង ហើយកម្ពុជាដែលជាប្រធានអាស៊ានឆ្នាំនេះ ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមមួយទាក់ទងនឹង ASEAN Green Deal គឺការវិនិយោគទៅលើអាស៊ានឲ្យមានភាពបៃតង នៅក្នុង EU ក៏គេមាន EU Green Deal​ ដែរ ដែលជាកិច្ចព្រមព្រៀងនៅតំបន់របស់ EU ហ្នឹងក្នុងការអភិវឌ្ឍន៍ប្រកបដោយភាពបៃតង មានចីរភាព ហើយមានការកាត់បន្ថយនូវ កាបូន និងការបញ្ចេញនូវជាតិពុលកាបូន។

ដូច្នេះ នេះគឺជាកិច្ចសហប្រតិបត្តិការមួយ ដែលទៅអនាគត ខ្ញុំគិតថានឹងអាចពង្រឹងឲ្យមានប្រសិទ្ធិភាពបន្ថែមលើភាពជាដៃគូ ASEAN-EU ទាក់ទងទៅនឹងការអភិវឌ្ឍន៍បៃតង ដែលនេះគឹជា Green Deal​ ក្នុងកិច្ចសហការជាក់ស្តែង ដែលខ្ញុំគិតថាអាចនឹងមានលទ្ធផលល្អ។ ហើយបញ្ហាមួយទៀតដែលកម្ពុជាយើង កំពុងជំរុញគឺ Women Peace and Security សម្តៅលើ ស្រ្តី សន្តិភាព និងសន្តិសុខ ដែល Women Peace and Security គឺជាបញ្ហា និងជារបៀបវារៈសកលមួយនៃអង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ នៅពេលដែលយើងប្រឡេកទៅមើលពីការអនុវត្តនៅតាមតំបន់ នៅតាមប្រទេសជាសមាជិក គឺនៅមានកម្រិត។ អញ្ចឹងទេគឺយើងត្រូវជំរុញបន្ថែមនូវការអនុវត្តជាក់ស្តែងទាក់ទងនឹង Women Peace and Security ស្រ្តី សន្តិភាព និងសន្តិសុខ។

ដូច្នេះ បើយើងខំប្រឹងកសាងនូវភាពជាដៃគូ ASEAN-EU ក្នុងការជំរុញនៃការអនុវត្តជាក់ស្តែង WPS វាអាចមានប្រសិទ្ធិភាពបន្ថែម ហើយកម្ពុជាយើងដែលជាប្រធានអាស៊ានបានជម្រុញខ្លាំង ទៅលើរបៀបវារៈនៃ WPS ហ្នឹង ហើយយើងឃើញថា កម្ពុជាសម្រេចបាននូវ Regional Action Plan គឺគម្រោងផែនការសកម្មភាពតំបន់ WPS នេះ។ ដូច្នេះ នេះគឺជាកិច្ចសហប្រតិបត្តិការជាក់ស្តែងមួយ ដែលយើងអាចជំរុញបន្ថែម ទាំងក្នុងតំបន់ និងពីតំបន់ទៅសកលលោក។ គួររំលឹកដែរ នៅក្នុងឆ្នាំនេះ ក៏យើងបានជំរុញតួនាទីរបស់ស្រ្តីនៅក្នុង Peace Keeping Operation ប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលជំរុញ Women Peace Keeper គឺអ្នកថែរក្សាសន្តិភាពជាស្ត្រី ណៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជួយគ្នាទៅវិញទៅមក ហើយបើយើងជំរុញបញ្ហានេះជាមួយសហគមន៍អឺរ៉ុប និងដៃគូសហការផ្សេងទៀត យើងអាចបង្កើតជាចលនាសកលមួយ ដើម្បីជំរុញនូវការជួយគាំទ្រទៅលើអ្នកថែរក្សាសន្តិភាពដែលជាស្រ្តី។ ដូចនេះ ក៏ជាផ្នែកមួយនៃ WPS ផងដែរដែល ASEAN និង EU អាចពង្រឹងកិច្ចសហប្រតិបត្តិការ។

ហើយមួយទៀតចុងក្រោយគឺទាក់ទងទៅនឹង បញ្ហា Digital Economy​ សេដ្ឋកិច្ចឌីជីថល ដែលបញ្ហាសេដ្ឋកិច្ចឌីជីថលនេះ គឺជាបញ្ហាមួយថ្មីក្នុងកិច្ចសហប្រតិបត្តិការ ASEAN-EU ប៉ុន្តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាឲ្យ Digital Transformation ការវិវត្តសេដ្ឋកិច្ចឌីជីថល ឲ្យមានបរិយាប័ន្ន ពីព្រោះវាអាចឈានទៅដល់គម្លាតនៃឌីជីថលដែរ អញ្ចឹងយើងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍ឌីជីថលវាមានភាពបរិយាប័ន្ន Inclusive កុំឲ្យមាននូវគម្លាតកាន់តែខ្លាំង គឺពង្រួញនូវគម្លាតសេដ្ឋកិច្ចឌីជីថល ដូចនេះ អង្គការតំបន់ទាំង២ ជាពិសេស EU បើនិយាយឲ្យចំទៅ អាចជួយបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសកម្ពុជា ឡាវ និងភូមាដែលជា ប្រទេស៣ ដែលមានការអភិវឌ្ឍន៍ទាបនៅក្នុងតំបន់អាស៊ាន ក្នុងការអភិវឌ្ឍន៍នូវសេដ្ឋកិច្ចឌីជីថលមួយ ឲ្យមានភាពរឹងមាំ ហើយនឹងបរិយាប័ន្ន។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031