Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice : គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

វិស័យសន្តិសុខនៅក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ ជាក់ស្ដែងប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ទើបតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីមួយគឺ «គំនិតផ្ដួចផ្ដើមសន្តិសុខសកល – Global Security Initiatives» ដែលនឹងផ្ដោតទៅលើការថែរក្សាសន្តិសុខរួមទាំងជាតិ តំបន់ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី នឹងបកស្រាយអំពីចក្ខុវិស័យរបស់ប្រទេសចិនលើគំនិតផ្ដួចផ្ដើមនេះចំពោះសន្តិសុខសកលជារួម និងផលប៉ះពាល់ទៅកាន់ការប្រកួតប្រជែងមហាអំណាច។

សំណួរទី១៖   តើអ្វីជាគំនិតផ្តួចផ្តើមសន្តិសុខសកល ឬដែលហៅថាGSIនេះ? តើអ្វីទៅជាចក្ខុវិស័យរបស់ប្រទេសចិនក្នុងការបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលនេះឡើង?

គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) នេះ ជាយុទ្ធសាស្រ្តថ្មីមួយក្នុងគោល នយោបាយការបរទេសរបស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីងបានដាក់ចេញអំឡុងពេលវេទិកា Boao សម្រាប់សន្និសីទអាស៊ីប្រចាំឆ្នាំ 2022។ គំនិតផ្តួចផ្តើមនេះ មានចរិតលក្ខណៈស្របតាមគោលនយោបាយការបរទេសថ្មី របស់ចិន។ ជាក់ស្តែង GSI ផ្តោតលើការប្តេជ្ញាធំៗចំនួន៦ គឺ៖ ទី១ រក្សានូវសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ដែលមានការសហការ និងប្រកបដោយចីរភាព, ទី២ គោរពនូវអធិបតេយភាព និងបូរណភាពនៃប្រទេសទាំងអស់, ទី៣ គោរពនូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ, ទី៤ ធ្វើការដោះស្រាយការខ្វែងគំនិត និងទំនាស់រវាងប្រទេសនឹងប្រទេសដោយសន្តិវិធី, ទី៥ រក្សាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណី និងទី៦ គាំទ្រគោលការណ៍ “សន្តិសុខដែលមិនអាចកាត់ផ្តាច់ពីតំបន់បាន ឬ indivisible security”។​ គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញ ៦ខែក្រោយគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ឬGlobal Development Initiatives ក្នុងការជំរុញដល់ការសម្រេចបាននូវគោលៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០។

ទន្ទឹមនឹងនោះ GSI ក៏បម្រើដល់ការជំរុញគោលនយោបាយការបរទេសចិនដែលសំដៅរកសន្តិភាព ដែលស្របតាម គោលការណ៍peaceful coexistence ទាំង៥ ដែលរួមមាន៖ (១) ការគោរពបូរណភាពទឹកដី និងអធិបតេយភាពគ្នានឹងគ្នា (២)ការមិនឈ្លានពានគ្នាទៅវិញទៅមក (៣)ការមិនលូកដៃចូលកិច្ចការផ្ទៃក្នុង គ្នាទៅវិញទៅមក (៤)សមភាព និងកិច្ចសហប្រតិបត្តិការដើម្បីប្រយោជន៍រួម និង(៥) ការរួមរស់ដោយសន្តិភាព។

តាមការបញ្ជាក់របស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសចិនបានបង្ហាញពី ការដាក់ចេញនូវគំនិតផ្តួចផ្តើម នេះគឺ (១) ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍អន្តរជាតិ ដើម្បីរក្សាសន្តិភាពពិភពលោក និងទប់ស្កាត់ជម្លោះ និងសង្គ្រាម (២) ដើម្បីបំពេញតាមសេចក្តីប្រាថ្នារួមរបស់ប្រទេសទាំងអស់ ដើម្បីលើកកំពស់ពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ និង (៣) ដើម្បីបំពេញបំណងប្រាថ្នារួមរបស់ប្រជាជនទាំងអស់ ក្នុងការធ្វើការរួមគ្នាដើម្បីជំនះការលំបាក និងកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង ដែលលើសពីជំងឺរាតត្បាតសកល។

ទាំងអស់នេះ បានបង្ហាញពីចេតនាកសាងនូវសណ្តាប់ធ្នាប់ និងការរួមសហការគ្នាដោះស្រាយវិបត្តិសន្តិ-សុខនានា ហើយជាពិសេសលើកកម្ពស់ការសហការគ្នាជាជាងការប្រកួតប្រជែង។ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យទាំងនេះដែរ ចិនក៏បានគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការអនុវត្តដែលរួមមាន៖ (១) ត្រូវរក្សាយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិអំណាច និងឋានៈរបស់អង្គការសហប្រជាជាតិ ហើយរួមគ្នាអនុវត្តលទ្ធិពហុភាគីនិយមពិតប្រាកដ (២) ត្រូវប្រកាន់ខ្ជាប់នូវទិសដៅរួមនៃការជំរុញការចរចាដើម្បីសន្តិភាព និងរួមគ្នាស្វែងរកដំណោះស្រាយនយោបាយចំពោះបញ្ហារសើបនានា (៣) ត្រូវអនុវត្តវិធីសាស្រ្តរួមមួយចំពោះការគំរាមកំហែងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី ហើយរួមគ្នាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអភិបាលកិច្ចសន្តិសុខសកល (៤) ត្រូវធ្វើឲ្យមានភាពស្មើគ្នារវាងការអភិវឌ្ឍន៍ និងសន្តិសុខ ហើយរួមគ្នារួមចំណែកដល់ការងើបឡើងវិញដ៏រឹងមាំនៃសេដ្ឋកិច្ចពិភពលោក (៥) ត្រូវស្វែងរកការកសាងនិម្មាបនកម្មសន្តិសុខក្នុងតំបន់ថ្មី ហើយរួមគ្នាការពារសន្តិភាព និងស្ថិរភាពនៅអាស៊ី។

ជារួម មហាយក្សចិនចង់ឲ្យ GSI ដឹកនាំការរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក ដោយគោរពតាម ធម្មនុញ្ញអង្គការសហប្រជាជាតិ​ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ជាមួយនិម្មាបនកម្មសន្តិសុខផ្អែកតាមចរិតលក្ខណៈរបស់ចិន។

សំណួរទី២៖  តើយើងអាចរំពឹងថា GSI នឹងផ្ដល់ជាសារៈសំខាន់ និងបម្រើជាប្រយោជន៍អ្វីខ្លះដល់សន្តិសុខ ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងពិភពលោកទាំងមូល? ហើយទន្ទឹមនឹងនោះ វាអាចបង្កបញ្ហាប្រឈមអ្វីខ្លះ?

GSI ត្រូវបានផ្តោតការយកចិត្តទុកដាក់ខ្លាំងដោយហេតុថានេះជាគំនិតផ្តួចផ្តើមថ្មីមួយទៀត របស់ចិន ដែលបាននិងបន្តបង្ហាញគោលជំហរយ៉ាងច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់​ និងអន្តរជាតិ។ ផលប្រយោជន៍ផ្នែកសន្តិសុខសម្រាប់តំបន់ និងពិភពលោក ពុំអាចធានាបានទាំងស្រុងឬពឹងផ្អែកបានទាំង ស្រុងលើរដ្ឋណាមួយឡើយ។ ហើយវាដូចគ្នាទៅនឹងគំនិតផ្តួចផ្តើម​ GSI នេះផងដែរ ជាហេតុចិនបានប្រឹង ប្រែងបង្កបរិយាកាសល្អក្នុងកិច្ចសហប្រតិបត្តិនានាដើម្បីជំរុញបន្ថែមនូវការរក្សាសន្តិសុខ និងដោះស្រាយបញ្ហា តាមគន្លងលក្ខណៈចិន ដែលការណ៍នេះបានសបញ្ជាក់ពីកិច្ចសហប្រតិបត្តិពហុភាគី ដែលចិនកំពុង បន្តលើកកម្ពស់លើការអនុវត្ត។ ជាគោលការណ៍ ចិនប្រើប្រាស់ GSI ក្នុងស្មារតីធ្វើការដើម្បីធានាថាសន្តិសុខ របស់ប្រទេសនីមួយៗមានឥទ្ធិពលជាវិជ្ជមានដល់​ប្រទេសដទៃទៀត និងពុំបង្កហានិភ័យដល់ពិភពលោកឡើយ ដែលជាហេតុទីក្រុងប៉េកាំងសង្កត់ធ្ងន់ខ្លាំងលើ “សន្តិសុខដែលមិនអាចកាត់ផ្តាច់បានពីតំបន់” ដែល វាផ្តល់សារៈសំខាន់ដល់ការកសាង និងថែរក្សាសន្តិសុខ​និងសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីមនុស្សជាតិទាំងមូល។

យ៉ាងណាមិញ ការដាក់ចេញនូវ GSI នេះជាការសមស្របតាមកាលៈទេសៈ ពិសេសកាលវេលានៃការប្រែប្រួល ស្ថានភាពភូមិសាស្រ្តនយោបាយ​ ដែលវាអាចដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា សន្តិសុខទាំងប្រពៃណី និងមិនប្រពៃណីក្នុងតំបន់ និងពិភពលោក។ អំឡុងពេលសង្គ្រាមនៅអ៊ុយក្រែនកំពុងផ្ទុះ​ហើយបង្កជាផលប៉ះពាល់ដល់សន្តិសុខស្បៀងនិងថាមពល ទន្ទឹមនឹងប្រទេសមហាអំណាចកំពុងមមាញឹកនឹង ស្ថានភាពសង្គ្រាមផងនោះ ចិនអាចចាប់យកកាលានុវត្តភាពនេះដើម្បីប្រើប្រាស់GSI ក្នុងការកែប្រែភាពវឹកវរ ដែលទាមទារឲ្យមានការស្តារឡើងវិញផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍ។​

ដោយឡែកចំពោះបញ្ហាប្រឈមនៅតែគូសបញ្ជាក់លើភាពស្រពេចស្រពិលនៃនិម្មាបនកម្មសន្តិសុខរបស់ចិន ដោយខ្លួននៅពុំទាន់មានភាពច្បាស់លាស់លើការអនុវត្តផងនោះ ចិនបានដាក់GSI ក្នុងរបាយការណ៍សមាជ បក្សលើកទី២០​រួចទៅហើយ ដោយស្ថិតក្នុងជំពូក “ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក និងការកសាងទំនាក់ទំនងប្រជាជនជាមួយនឹងអនាគតរួមគ្នា”។ ក្នុងន័យនេះ ចិនមានការប្តេជ្ញាចិត្តក្នុងការរួមចំណែក ដោះស្រាយភាពចលាចល អសន្តិសុខនានាឲ្យបានទាន់ពេលវេលា ដែលពុំទាន់មានការចែងច្បាស់លាស់ពីវិធានការណាមួយឡើយ។

សំណួរទី៣៖  អ្នកវិភាគមួយចំនួនបានលើកឡើងថាតាមរយៈ GSI បានបង្ហាញអំពីទំនុកចិត្ត និងឆន្ទៈរបស់ប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi ក្នុងការផ្លាស់ប្ដូរប្រព័ន្ធសន្តិសុខសកលលោកក្នុងយុគសម័យថ្មីនេះ បន្ទាប់ពីមានការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនានាជាច្រើនរបស់ស.រ.អា.​ និងលោកខាងលិចក៏ដូចជាសម្ព័ន្ធមិត្តផងដែរ។ នៅក្នុងន័យនេះ តើយើងអាចចាត់ទុកថានេះគឺជាការប្រកួតប្រជែងមហាអំណាចបែបសម័យថ្មីតាមរយៈគំនិតផ្ដួចផ្ដើមដែរឬទេ? ម្យ៉ាងទៀត តើវាអាចនឹងបន្ថែមទម្ងន់បន្ថែមទៅលើការប្រកួតប្រជែងមហាអំណាចរវាងប្រទេសចិន និងស.រ.អា. ដែរទេ ឬយ៉ាងណា?

មកទល់ពេលនេះ យើងនៅពុំអាចកំណត់ថាគំនិតផ្តួចផ្តើមនេះ នឹងចាក់សាំងបន្ថែមលើការប្រកួតប្រជែងរវាងមហាអំណាចកាន់តែខ្លាំង ឬយ៉ាងណានោះទេ។ ទន្ទឹមនឹងនោះ GSI ត្រូវ​បាន សម្លឹងឃើញថាវាជាការដាក់គំនាបដល់ទំនាក់ទំនងនៃមហាអំណាចទាំងពីរផងដែរ ដែលនេះអាចផ្អែកលើមូលហេតុចំនួន២។

(១) ចំពោះចិន នៅតែបន្តមានការព្រួយបារម្ភចំពោះការបង្កើតជាសម្ព័ន្ធយោធាណាមួយក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិកដែលមាន​ចរិតលក្ខណៈដូចនឹងអង្គការ NATO ។ ការបន្តរីកឡើងនូវអនុភាគីនិយមជាអាទិ៍ AUKUS, the Quad, បង្កហានិភ័យដល់ការកសាងប្រជាជាតិសេរី និងបើកចំហ ដោយហេតុវាពឹងផ្អែកខ្លាំងពេកទៅលើតួនាទីរបស់ ស.រ.អា. ជាក្បាលម៉ាស៊ីន ដែលនាំឲ្យមានការហែកញែកខាងផ្នែកយុទ្ធសាស្រ្តក្នុងតំបន់។ ហេតុនេះហើយ ប្រសិនបើចិនធ្វើឲ្យ GSI ទទួលបានការគាំទ្រ ចិនអាចនឹងប្រើប្រាស់យន្តការនេះដើម្បីបន្ធូរបន្ថយដល់ការប៉ះទង្គិចណាមួយ
ក្នុងគោលបំណងរារាំងការរីកលូតលាស់នៃឥទ្ធិពលរបស់ចិន។

(២) ចំពោះស.រ.អា. កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ GSI របស់ចិនហាក់មានចេតនាបង្ហាញពិភពលោក ពីភាពចុះខ្សោយនៃការដឹកនាំរបស់ខ្លួនក្នុងឆាកអន្តរជាតិ ដែលចិនអាចមានសមត្ថភាពផ្លាស់ប្តូរប៉ូលនយោបាយការបរទេសនិងតួនាទីដឹកនាំសណ្តាប់ធ្នាប់ពិភពលោក។ ហើយស.រ.អា. ក៏សម្លឹងឃើញការដាក់ចេញនូវ GSI ជាការប្រឆាំងនឹងគោលនយោបាយស.រ.អា. នៅក្រៅប្រទេសដែលរួមទាំងផ្នែកសន្តិសុខ និងយោធា។ ការកើនឡើងនូវ momentum របស់ Xiplomacy ‘Xi-Diplomacy’ ក៏ជាការគំរាមកំហែងដល់ការបាត់បង់នូវតួនាទីស្នូលរបស់ស.រ.អា. និងrelevancy ដែលបានដើរតួនាទីជាអ្នកដឹកនាំនិងត្រួសត្រាយសណ្តាប់ធ្នាប់ពិភពលោកចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់មក។

ហេតុដូចនេះ មហិច្ឆតារបស់ចិនក្នុងការរក្សាសន្តិសុខដល់ប្រជាជាតិរួម នឹងធ្វើឲ្យសាបនូវឥទ្ធិពលរបស់ស.រ.អា. ក្នុងការចាប់យកតួនាទី និងសារៈសំខាន់ជាអ្នករក្សាគុណតម្លៃនៃសន្តិសុខសកល។

សំណួរទី៤៖  បើយោងតាមការយល់ឃើញរបស់កញ្ញា តើអាចនឹងមានការវិវឌ្ឍន៍បែបណាចំពោះការអនុវត្ត​នូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលរបស់ប្រទេសចិនទៅថ្ងៃអនាគត?

ជាក់ស្តែង គំនិតផ្តួចផ្តើមសន្តិសុខសកលនេះនៅពុំទាន់មានការបកស្រាយបញ្ជាក់
ពីភាពច្បាស់លាស់លើការអនុវត្តណាមួយឡើយ។ យ៉ាងណាមិញ យើងបានមើលឃើញស្រាប់ ហើយចិនបាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយពីគំនិតផ្តួចផ្តើមនេះ ដោយរួមទាំងប្រទេសនៅអាស៊ីកណ្តាល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) រួមមានប្រទេសអាសែបៃហ្សង់ បេឡារុស អ៊ីរ៉ង់ កាហ្សាកស្ថាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន​។ ចំពោះការអនុវត្ត ចិននឹងប្រើប្រាស់យន្តការនេះដើម្បីពង្រឹងតួនាទីខ្លួនជាអ្នករក្សា និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់។ ហើយការណ៍នេះនឹងនាំមកនូវឥទ្ធិពលបន្ថែមលើភាពជាអ្នកដឹកនាំរបស់ចិន និងពិសេសប្រធានាធិបតីស៊ី។

ការវិវត្តរបស់ GSI នឹងពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ចិនបន្ថែមពីលើគំនិតផ្តួចផ្តើមនានាដែលមានស្រាប់ ដូចជា គំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ចំពោះផ្នែកសហប្រតិបត្តិការសេដ្ឋកិច្ច, ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហើយរួមទាំងគំនិតផ្តួចផ្តើម GDI ដែលទាំងអស់នេះគ្របដណ្តប់លើផ្នែកអភិវឌ្ឍផង និងផ្នែកសន្តិសុខផង។

ក្នុងន័យវិជ្ជមាន គំនិតផ្តួចផ្តើមនេះមិនបង្កជាទ្វេគ្រោះសន្តិសុខដល់ប្រទេសណាមួយឡើយ បើទោះបីជាចិន ឬស.រ.អា. បន្តពង្រឹងសមត្ថភាពផ្នែកយោធាក៏ដោយ ដោយហេតុGSI ឈរលើគោលការណ៍គោរពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ដោយឡែក ក្នុងន័យអវិជ្ជមាន GSI អាចធ្វើឲ្យមានការបែងចែកនូវជម្រើសនៃទំនាក់ទំនងជាពិសេសលើផ្នែកយុទ្ធសាស្រ្តនិងយោធា ដោយហេតុ នៅពេលចិនបន្តយុទ្ធនាការផ្សព្វផ្សាយGSI ស.រ.អា. និងសម្ព័ន្ធ​មិត្តក៏ទំនងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត ឬពង្រឹងកាន់តែខ្លាំងនូវសម្ព័ន្ធយោធាដែលមានស្រាប់ ដើម្បីជាការឆ្លើយតប។ ហើយការណ៍នេះ នឹងអាចផ្តល់ផលប៉ះពាល់ដល់រដ្ឋតូចៗ បង្កជាអសន្តិសុខ ឬការរត់ប្រណាំងសព្វាវុធ នានា។

ហេតុដូចនេះ វាទាមទារឲ្យមានការបន្តតាមដានពីការវិវត្តជាក់ស្តែងនានារបស់ GSI ដែលអាចឆ្លុះបញ្ចាំងបន្ថែមទៀតតាមរយៈការិយាល័យនយោបាយថ្មីរបស់គណបក្សកុម្មុយនីស្ត និងការឆ្លើយតបនានារបស់ស.រ.អា. និងសម្ព័ន្ធមិត្ត។

វាគ្មិនយុវជន៖ កញ្ញា លី ន័ររី អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031