Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងការព្យួរតំណែងរបស់លោក Prayuth Chan-o-cha

ស្ថានភាពនយោបាយនៅប្រទេសថៃកំពុងតែមានភាពមិននឹងនរ ហើយក៏កំពុងតែមានការជជែងដេញដោលទៅលើការព្យួរដំណែងនាយករដ្ឋមន្ត្រីរបស់លោក Prayuth Chan-o-cha ផងដែរ។ ការណ៍នេះបានធ្វើឱ្យស្ថានភាពនយោបាយប្រទេសថៃមានភាពស្មុគស្មាញ និងបានការប្រឆាំងទៅលើការបន្តអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក Prayuth ដោយផ្អែកទៅលើធម្មនុញ្ញរបស់ប្រទេសថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានបន្យល់ពីការវិវត្តនូវស្ថានភាពនយោបាយក្នុងប្រទេសថៃ និងបានលើកឡើងសេនារីយ៉ូអំពីអនាគតនយោបាយថៃក៏ដូចជាតួនាទីរបស់លោកប្រយុទ្ធនៅក្នុងជួររដ្ឋាភិបាលផងដែរ។

សំណួរទី១៖ ជាបឋម តើ (វាគ្មិន) អាចជួយរៀបរាប់បន្តិចបានទេអំពីស្ថានភាពនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ក៏ដូចជាជុំវិញបញ្ហានៃការព្យួរតំណែងជានាយករដ្ឋមន្រ្តីរបស់លោក Prayuth Chan-o-cha ផងដែរ?

ដូចដែលយើងបានដឹងហើយថា អស់រយៈពេល៨ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ស្ថានភាពនៃការបែកបាក់រវាងក្រុមអាវក្រហម និងក្រុមអាវលឿង ដែលបានអូសបន្លាយរយៈពេលជាង៧ឆ្នាំកន្លងមកនេះ មិនត្រឹមតែមិនបានដោះស្រាយ ប៉ុន្តែកំពុង​តែត្រូវបានបន្ថែមភាពស្មុគស្មាញ ដោយចលនាប្រឆាំងនិងរដ្ឋាភិបាលរបស់ក្រុមយុវជនថៃដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០មុនកូវីដ។ ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញថៃ ដែលបានដាក់ប្រើប្រាស់កាលពីឆ្នាំ២០១៧ដោយរបបសឹក ដែលលោកប្រាយុទ្ធពេលនោះជាប្រមុខ ត្រូវបានប្រជាជនមើលឃើញថាគ្មានលក្ខណៈប្រជាធិបតេយ្យ ជាពិសេសនៅត្រង់ចំណុចដែលសមាជិកព្រឹទ្ធសភា ២៥០នាក់បានមកពីការតែងតាំង ហើយមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទៀតផង។

លើសពីនេះ ការពង្រឹងអំណាចកាន់តែខ្លាំងរបស់ព្រះមហាក្សត្រ ការបង្វែរទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រដែលក្នុងច្បាប់ចែងថាជាសម្បត្តិសាធារណៈទៅជាសម្បត្តិផ្ទាល់ខ្លួនរបស់ព្រះអង្គ។ ការកាត់បន្ថយអំណាចរបស់ «ក្រុមព្រឹក្សាព្រះមហាក្សត្រ» ដែលយើងធ្លាប់ដឹងថាគឺ «Privy Council» ដែលជាស្ថាប័នដែលមានឥទ្ធិពលបំផុតរបស់រាជានិយម និងការផ្ទេរយោធាចំនួន២កងពល ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គព្រះមហាក្សត្របច្ចុប្បន្ន។ ការអនុវត្តច្បាប់ស្តីពីការជេរប្រមាថព្រះជេស្តា ដើម្បីបង្ក្រាបក្រុមប្រឆាំងហើយនិងបញ្ហានានាផ្សេងទៀត ក៏ជាកត្តារួមផ្សំ ដែលជាប្រេងចាក់បន្ថែមលើអណ្ដាតភ្លើងនៃភាពប្រេះឆាក្នុងសង្គមថៃផងដែរ។

ជាលទ្ធផលយើងឃើញក្នុងរយៈពេលប៉ុន្មានខែមកនេះ មានការទទូចឱ្យលោកប្រាយុទ្ធលាចេញពីតំណែង។ ហើយកាលពីពេល ថ្មីៗនេះ ថ្ងៃទី២៤ ខែសីហា កន្លងទៅនេះ តុលាការធំនៅថៃបានកំណត់សម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ស្របពេលដែលតុលាការនេះកំពុងសម្រេចថា តើលោកអាចបន្តនៅក្នុងអំណាចលើស៨ឆ្នាំ ដូចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញឬទេ? នេះជាការរង្គោះរង្គើនៃផ្នែកនយោបាយចុងក្រោយបំផុតខណៈ ដែលប្រទេសនេះកំពុងតែរៀបចំត្រៀមខ្លួនបោះឆ្នោតសកល នៅខែមេសា ឬខែឧសភាឆ្នាំ២០២៣ តាមដែលខ្ញុំដឹងថាតុលាការបានចំណាយពេលយ៉ាងច្រើនសប្ដាហ៍ នៅក្នុងការដោះស្រាយចំណងផ្លូវច្បាប់ការធ្វើឱ្យប្រទេសថៃធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយម្ដងទៀត។ 

សំណួរទី២៖ តើ (វាគ្មិន) អាចរំលឹកឡើងវិញបន្តិចបានទេថាហេតុអ្វីបានជាតាំងពីលោក Prayuth កាន់តំណែងជានាយករដ្ឋមន្រ្តី លោកមិនសូវទទួលបាននូវប្រជាប្រិយភាពបែបនេះហើយអ្នកណាជាអ្នកកាន់តំណែងនាយករដ្ឋមន្រ្តីជាបណ្ដោះអាសន្តបន្ទាប់ពីការព្យួរតំណែងរបស់លោក Prayuth?

ដូចខ្ញុំរៀបរាប់ខាងលើ ក្រោយពីការបែកបាក់ផ្នែកនយោបាយក្នុងសង្គមថៃយ៉ាងធ្ងន់ធ្ងរ ដែលលោកប្រាយុទ្ធគាត់ធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ដែលគាត់សន្យាថានឹងដោះស្រាយ វាមិនបានដូចបំណងរបស់លោក បន្ថែមទៅលើប្រជាប្រិយភាពរបស់លោក ដែលបានកំពុងធ្លាក់ចុះខ្លាំង ដោយសារបញ្ហាច្របូកច្របល់ផ្សេងៗទៀត។ ជាអាទិ៍ការជាប់គាំងផ្នែកសេដ្ឋកិច្ច​ ការគ្រប់គ្រងកូវីដ១៩មិនបានល្អ និងការកើនឡើងនូវតម្លៃពីជីវភាព និងការរស់នៅប្រចាំថ្ងៃ គួបផ្សំនឹងការប្រេះឆា ក្នុងគណបក្សកាន់អំណាច ដែលលោកកំពុងតែត្រូវបានគេគាំទ្រ នាំឱ្យពុះកញ្ជ្រោលសារជាថ្មីម្ដងទៀតក្រោយតុលាការសម្រេចព្យួរតំណែងរបស់លោក។

ទាំងនេះបាននឹងកំពុងគំរាមកំហែងដល់មូលដ្ឋានអំណាចរបស់លោក បើទោះបីជារដ្ឋាភិបាលចម្រុះរបស់លោកបានរួចផុត ពីការបោះឆ្នោតដកការទុកចិត្តចំនួន៤លើកហើយក៏ដោយ។ លោកឧបនាយករដ្ឋមន្ត្រីប្រាវីដ វង្សសុវណ្ណ (Prawit Wongsuwan) ក្រោយតុលាការរដ្ឋធម្មនុញ្ញសម្រេចព្យួរលោកប្រាយុទ្ធ លោកប្រាវីតដែលជាអតីតមេបញ្ជាការកងទ័ពជើងគោកនាពេលបច្ចុប្បន្នជាប្រធានគណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ (Palang Pracharath Party) ដែលជាគណបក្សធំជាងគេបំផុតនៅក្នុងរដ្ឋាភិបាលចម្រុះដោយគ្រប់គ្រងដោយលោកប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រីស្ដីទី។ ហើយខ្ញុំគិតថាបើសិនជាតុលាការសម្រេចបណ្ដេញលោកប្រាយុទ្ធចេញពីតំណែង នោះលោកប្រាវីដអាចជា បេក្ខភាពនាយករដ្ឋមន្ត្រីដែលមិនមែនជាសមាជិករដ្ឋសភាដូចលោកប្រាយុទ្ធដែរ ដោយសារតែលោកចេះគ្រប់គ្រងសមាជិករដ្ឋសភា មិនត្រឹមតែនៅក្នុងបក្សរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងគណបក្សតូចៗនៅក្នុងជួររដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចទៀតផង។

នៅពេលនេះ ខ្ញុំមើលឃើញថាលោកឧត្តមសេនីយ៍ប្រាយុទ្ធទំនងជា មានទំនាក់ទំនងការងារល្អជាមួយសមាជិកព្រឹទ្ធសភាជាច្រើន នេះក៏ដោយសារតែ យើងដឹងហើយថាលោក គឺជាមេដឹកនាំមួយនៅក្នុងគណៈកម្មការស៊ើបអង្កេតសម្ងាត់របស់ ក្រុមប្រឹក្សាដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (National Council for Peace and Order) ដែលរបបយោធាបានបង្កើតឡើងឆ្នាំ២០១៤ ដើម្បីស្វែងរកសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលត្រូវបានគេតែងតាំងនៅក្នុងឆ្នាំ២០១៨ ប៉ុន្តែលោកឧត្តមសេនីយ៍ប្រាវីដ ចំពោះខ្ញុំមើលទៅហាក់ដូចជា ខ្វះប្រជាប្រិយភាពដោយសារតែលោកធ្លាប់រងនូវការចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធទៅនឹងនាឡិកាដ៏ថ្លៃបំផុត ដ៏ដូចជាប្រវត្តិនៃការបរាជ័យរបស់លោកនៅក្នុងនាមជាប្រធានគណបក្ស ក្នុងការជួយជ្រោមជ្រែងសមាជិកនៅក្នុងបក្សរបស់លោក បោះឆ្នោតនៅក្នុងទីតាំងសំខាន់ៗនៅក្នុងភូមិភាគរបស់លោកខាងត្បូង ហើយពេលថ្មីៗនេះយើងឃើញថាគណបក្ស ប៉ាឡាំងប្រាឆារ៉ាត់ ក៏បានទទួលសំឡេងប្រជាប្រិយតិចតួចបំផុតនៅក្នុងទីក្រុងបាងកក។

សំណួរទី៣៖ អំឡុងពេលដែលលោក Prayuth កាន់តំណែង លោកខ្លួនឯងផ្ទាល់ជាអ្នកដែលបញ្ជាឱ្យមានការកែសម្រួលធម្មនុញ្ញនូវការហាមឃាត់មិនឱ្យមានការកាន់តំណែងជានាយករដ្ឋមន្រ្តីលើសពី៨ឆ្នាំឡើយ។ តើឥឡូវនេះលោក Prayuth បានរំលោភលើកាលកំណត់ដែលខ្លួនបានធ្វើឬយ៉ាងណា? 

បើសិនជាយោងតាមមាត្រា១៥៨ នៃរដ្ឋធម្មនុញ្ញថៃ ឆ្នាំ២០១៧ក្រោមការគ្រប់គ្រងដោយរបបសឹក ចែងជាភាសាថៃថា «นายกรัฐมนตรีจะดำรงตำแหน่งรวมกันแล้วเกินแปดปีมิได้  ทั้งนี้ ไม่ว่าจะเป็นการดำรงตำแหน่งติดต่อกันหรือไม่» ដែលមានន័យជាភាសាខ្មែរថា «នាយករដ្ឋមន្ត្រី មិនអាចកាន់ដំណែងលើសពី៨ឆ្នាំបានទេ មិនថាជាប់គ្នាពីរអាណត្តិ ឬក៏មិនជាប់គ្នាក៏ដោយ»។ ដូច្នេះសំណួរថាតើឥឡូវនេះលោកប្រាយុទ្ធបានរំលោភលើការកំណត់ដែលខ្លួនលោកបានបង្កើតឡើងឬក៏យ៉ាងណា? នោះខ្ញុំគិតថា ការសម្រេចចុងក្រោយរបស់តុលាការរដ្ឋធម្មនុញ្ញហ្នឹងស្រាយនូវចម្ងល់នេះ ប៉ុន្តែយ៉ាងណាក្ដីមានសេណារីយ៉ូយ៉ាងហោចណាស់ចំនួន៣ដែលត្រូវបានគេផ្សព្វផ្សាយ និងអ្នកតាមដានស្ថានការណ៍នយោបាយនៅថៃពិភាក្សាយ៉ាងទូលំទូលាយជុំវិញលទ្ធភាពរបស់តុលាការរដ្ឋធម្មនុញ្ញនេះអាចសម្រេច៖

សេណារីយោទី១៖ លោកប្រាយុទ្ធជានាយករដ្ឋមន្ត្រីគ្រប់៨ឆ្នាំ កំណត់ត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បើរាប់ចាប់ពីពេលដែលលោកបានតែងតាំងជានាយករដ្ឋមន្ត្រីមុនដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ក្រោយធ្វើរដ្ឋប្រហារបាន៣ខែ។

សេណារីយោទី២៖ អណត្តិជានាយករដ្ឋមន្ត្រីផ្លូវការរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ក្រោយរដ្ឋធម្មនុញ្ញថ្មីចូលជាធរមានថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នេះមានន័យថាលោកប្រាយុទ្ធអាចបន្តកាន់អំណាចរហូតដល់ ខែមិថុនា ឆ្នាំ២០២៧ ឬយ៉ាងហោចណាស់មួយអាណត្តិទៀត។

សេណារីយ៉ូទី៣៖ លោក ប្រាយុទ្ធ ក៏អាចជាអតីតនាយករដ្ឋមន្ត្រី ក៏ដូចជាអតីតនាយករដ្ឋមន្ត្រីនានាមុនលោកផងដែរដូចជាលោកថាក់ស៊ីន ឬក៏លោកជំទាវយីងឡាក់ អាចធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដោយអនុលោមតាមរដ្ឋធម្មនុញ្ញថ្មីដែលចូលជាធរមាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។

ទោះយ៉ាងណាក្ដី អ្នកគាំទ្រលោកប្រាយុទ្ធ អះអាងថាលោកនៅតែជានាយករដ្ឋមន្ត្រី គេឱ្យហេតុផល៣យ៉ាងគឺ៖

ទី(១)៖ នៅពេលដែលលោកប្រាយុទ្ធត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ លោកមិនត្រូវបានតែងតាំងដោយ គណបក្សនយោបាយ ឬក៏ត្រូវជ្រើសរើសដោយសមាជិកសភាភាគច្រើននោះទេ ដែលនេះប្រាសចាកពីតម្រូវការ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧។

ទី(២)៖ លោកមិនត្រូវបានចាត់ទុកជានាយករដ្ឋមន្ត្រីនៅពេលដែលលោកកំពុងកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ដែលខ្ញុំលើកឡើងខាងលើ ចាប់ពីឆ្នាំ ២០១៤ ដល់២០១៩នោះទេ។

ទី(៣)៖ គ្មានការចែងនៅក្នុងរដ្ឋធម្មនុញ្ញចំណុចណា ដែលអាចមានអានុភាពប្រតិសកម្ម មានន័យថា ការអនុវត្តមុនការប្រកាសប្រើប្រាស់ប្រឹក្សាធម្មនុញ្ញឆ្នាំ២០១៧ អ៊ីចឹងក្នុងចំណុចណានៃរដ្ឋធម្មនុញ្ញ បានចែងពាក់ព័ន្ធនឹងបញ្ហានោះទេ។

ឈរលើហេតុផលទាំងនេះ អ្នកគាំទ្រលោក​ ប្រាយុទ្ធ ជឿជាក់ថា ការកំណត់ក្នុងរយៈពេល៨ឆ្នាំ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺរាប់ចាប់ពីការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់លោកនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ជាពិសេសនៅពេលដែលព្រះមហាក្សត្រឡាយព្រះហស្ថតែងតាំងលោកជានាយករដ្ឋមន្ត្រី ការបោះឆ្នោតសកល ខែមីនា ឆ្នាំ២០១៩។ ម្យ៉ាងទៀតដោយសារតែតុលាការតែងតាំង ភាគច្រើនយើងសង្កេតមើលតុលាការថៃតែងកាត់ក្ដីលម្អៀងទៅលើរបបសឹក។ ដូច្នេះ ខ្ញុំគិតថាលោក​ ប្រាយុទ្ធ នឹងរួចផុតពីវិបត្តិម្តងទៀត ជាក់ស្ដែង បើយើងមើលចៅក្រម តុលាការធម្មនុញ្ញមួយចំនួនធំត្រូវបានតែងតាំងដោយរដ្ឋសភា និងព្រឹទ្ធសភាដែលជាស្ថាប័នទាំងពីរដែលបានគេត្រូវបានគេមើលឃើញថាស្ថិតនៅក្រោមឥទ្ធិពលរបស់លោក។

សំណួរទី៤៖ ប្រសិនបើយើងក្រឡេកមើលពីប្រវត្តនយោបាយនៅប្រទេសក៏មិនសូវមានស្ថេរភាព និងភាពរុងរឿងប៉ុន្មានដែរ លើសពីនេះទៅទៀតក៏ធ្លាប់បានឆ្លងកាត់នូវការធ្វើរដ្ឋប្រហារជាច្រើនលើផងដែរ។ ពាក់ព័ន្ធទៅនឹងករណីនេះ ប្រសិនបើបន្ទាប់ពីការពិនិត្យឡើងវិញនូវកាលកំណត់តំណែងនាយករដ្ឋមន្រ្តីរបស់លោក Prayuth ត្រូវបានអនុម័តដោយតុលាការធម្មនុញ្ញ តើភាពជ្រាំដែលនៃប្រវត្តិសាស្រ្តនយោបាយប្រទេសថៃអាននឹងកើតឡើងដែលឬទេ?

ជាក់ស្ដែង ការវិវឌ្ឍន៍នយោបាយនៅក្នុងប្រទេសថៃ បើយើងអានមើលប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ១៩៣២ គឺវិលវល់នៅជុំវិញការតស៊ូអំណាចនៅជុំវិញតួអង្គសំខាន់៤ ទី(១)គឺព្រះបរមរាជវាំង ទី(២)គឺយោធា ទី(៣)គឺក្រុមឥស្សរជននៅបាងកក និងទី(៤)គឺក្រុមមហាជន ជាពិសេសនៅជនបទ ។ ជាធម្មតាសណ្ដាប់ធ្នាប់នយោបាយរបស់ថៃមានស្ថិរភាព ដោយសារតែភាពស៊ីចង្វាក់គ្នារវាងផលប្រយោជន៍ព្រះបរមរាជវាំង យោធា និងពួកឥស្សរជនដែលមានអំណាចនៅក្នុងទីក្រុងបាងកក។ យើងឃើញថាចាប់តាំងពីឆ្នាំ ១៩៣២មក នាយករដ្ឋមន្ត្រីភាគច្រើន កើតចេញអំពីក្រុមនេះ គឺក្រុម៣ខាងលើ គឺក្រុមព្រះរាជវាំង ក្រុមយោធា និងក្រុមឥស្សរជន។

យ៉ាងណាក្ដី ការបន្តការកាន់តំណែងរបស់យោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤ដោយលោកប្រាយុទ្ធ បានបង្កឱ្យមានការខកចិត្តខ្លាំង នៅក្នុងសង្គមថៃ និងបានធ្វើឱ្យក្រុមឥស្សរជនមួយចំនួន ដែលមានមូលដ្ឋាននៅទីក្រុងបាងកកខកចិត្ត ជាពិសេសទៅលើការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ ក្នុងន័យនេះ យោធានិងរាជាធិបតេយ្យ គឺបាត់បង់ការគាំទ្រយ៉ាងពេញទំហឹង ពីសម្ព័ន្ធមិត្តប្រពៃណីដែលខ្ញុំរៀបរាប់ខាងលើ ដែលធ្លាប់ជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់គោលនយោបាយរបស់ប្រទេសនេះអស់រយៈពេលជាង៨៩ឆ្នាំកន្លងមកនេះ។

បើសិនជាតុលាការធម្មនុញ្ញសម្រេច មិនបន្តអនុញ្ញាតឱ្យលោកប្រាយុទ្ធជារដ្ឋមន្ត្រី ស្ថានភាពនយោបាយនិងផ្លាស់ប្តូរ អាចនឹងមានចលនាប្រឆាំងនឹងការវិលត្រឡប់មកធ្វើរដ្ឋប្រហារវិញខ្លាំងក្លា ហើយអាចឈានទៅដល់វិបត្តិសង្គមដ៏ធ្ងន់ធ្ងរ។ យ៉ាងណាក្ដីឬដោយសារតែរចនាសម្ព័ន្ធការគ្រប់គ្រងរបស់ថៃ ជាពិសេសប្រព័ន្ធរបបនយោបាយរបស់ថៃមានភាពស្មុគស្មាញ មជ្ឈដ្ឋានមួយចំនួនគិតថា ទោះជាលោក ប្រាយុទ្ធ មិនជានាយករដ្ឋមន្ត្រីតទៀតក៏ដោយ ប្រព័ន្ធនយោបាយដែលគ្រប់គ្រងដោយតួអង្គព្រះបរមរាជវាំង យោធា និងក្រុមឥស្សរជន នៅតែបន្ត មានន័យថា ផ្លាស់ប្តូរតែក្បាលម៉ាស៊ីន ប៉ុន្តែរចនាសម្ព័ន្ធ និងរបៀបគ្រប់គ្រងគឺដើរតាមគន្លងតែមួយ។ 

សំណួរទី៥៖   ប្រទេសថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែវិច្ឆិការខាងមុខនេះ។ តើការព្យួរតំណែងរបស់លោក Prayuth អាចនឹងជះឥទ្ធិពលដល់កិច្ចប្រជុំមួយនេះដែរឬទេ?

ខ្ញុំមើលឃើញថា ភាពប៉ះពាល់នៃការព្យួរតំណែងរបស់លោក ប្រាយុទ្ធ ទៅលើកិច្ចប្រជុំAPEC គឺវាតិចតួចដោយសារតែការសម្រេចចុងក្រោយរបស់តុលាការរដ្ឋធម្មនុញ្ញ អាចនឹងកើតមានមុនកិច្ចប្រជុំ ខែវិច្ឆិកា ដូចគេកំណត់ថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ដោយសារតែជាធម្មតាការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញ គឺទុកពេលនៅពេលដែលតុលាការគាត់ទទួលញត្តិ ពីគណបក្សប្រឆាំងគាត់ទុកពេលឱ្យលោកប្រាយុទ្ធ១៥ថ្ងៃ ក្នុងការការពារខ្លួនឯង ហើយ១៥ថ្ងៃទៀត គឺតុលាការរដ្ឋធម្មនុញ្ញទុកពេលក្នុងការពិចារណាទៅលើអំណោះអំណាង និងភស្តុតាងនានា ហើយនឹងសម្រេច។

អ៊ីចឹងមានន័យថាតិចបំផុត តុលាការនឹងអាចចំណាយពេល១ខែ។ ដោយតុលាការទទួល នៅថ្ងៃទី២៤ ខែសីហា អ៊ីចឹងមានន័យថាខែក្រោយ ខែ៩នេះចុងខែ ឬក៏អាចដើមខែតុលា តុលាការរដ្ឋធម្មនុញ្ញអាចនឹងសម្រេច។ បើសិនជា ការសម្រេចចុងក្រោយរបស់តុលាការរដ្ឋធម្មនុញ្ញ កើតមានមុនAPEC ខ្ញុំគិតថា ដូចមិនមានផលប៉ះពាល់អ្វីទៅលើកិច្ចប្រជុំកំពូលAPEC ទេ ប៉ុន្តែពិសេសនៅក្នុងករណីដែលមាន ការពន្យារពេលនៅក្នុងការសម្រេច ពាក់ព័ន្ធទៅនឹងរឿងរបស់លោក ប្រាយុទ្ធ ឈានរហូតដល់ក្នុងខែវិច្ឆិកា ខ្ញុំគិតថាអាចប៉ះពាល់តិចតួច ដោយសារតែឧត្តមសេនីយ៍ប្រាវីដ និងជារដ្ឋមន្ត្រីស្តីទី ហើយនឹងទទួលស្វាគមន៍ប្រមុខដឹកនាំនានាពីបណ្ដាប្រទេសដែលចូលរួមកិច្ចប្រជុំAPEC ហើយខ្ញុំគិតថាវាអាចនឹងប៉ះពាល់ដល់មុខមាត់របស់ថៃ ប៉ះពាល់ដល់ទម្ងន់នៃការចរចាក្របខ័ណ្ឌនានាដែលថៃនឹងជួបជាមួយនឹងដៃគូអភិវឌ្ឍរបស់គាត់ ក៏ប៉ុន្តែជារួមខ្ញុំក៏មើលឃើញថាការសម្រេចនឹងអាចកើតមានមុន ខែវិច្ឆិកា ដោយសារតែថៃ គេបានរៀបចំរួចទៅហើយថាកិច្ចប្រជុំAPEC នឹងដំណើរការដូចម្ដេច ហើយប្រហែលជាមិនមែនជាបញ្ហានោះទេ។ 

សំណួរទី៦៖ ជាចុងក្រោយ តើ (វាគ្មិន) យល់ឃើញយ៉ាងណា ពាក់ព័ន្ធទៅនឹងអនាគតនៃការវិវឌ្ឍរបស់នយោបាយនៅក្នុងប្រទេសថៃ ក៏ដូចជាតួនាទីរបស់លោកប្រាយុទ្ធនៅក្នុងជួររដ្ឋាភិបាល? 

បើផ្អែកទៅលើការតាមដានរយៈពេលដ៏ខ្លី ក្រោយការព្យួរតំណែងរបស់លោក ប្រាយុទ្ធ គឺមើលឃើញថា វាមានសេណារីយោពីរ ដែលអាចកើតមានឡើង សម្រាប់ស្ថានភាពនយោបាយរបស់ថៃនាពេលអនាគត៖

សេណារីយោទី១៖ គឺលោកប្រាយុទ្ធនឹងអាចរួចផុតពីក្ដីនៅក្នុងតុលាការរដ្ឋធម្មនុញ្ញ ហើយពីលោកបន្តជានាយករដ្ឋមន្ត្រី អាចពាក់កណ្តាលអាណត្តិទៀត ឬអាចមួយអាណត្តិទៀត ដោយសារតែយើងឃើញថាមានការគាំទ្រពី សមាជិក គណៈបក្សប៉ាឡាំងប្រាឆារ៉ាត់ ជាពិសេសឧត្តមសេនីយ៍ប្រាវីដ វង្សសុវណ្ឌតែម្ដង។

សេណារីយោទី២៖ បើសិនជាតុលាការសម្រេចបណ្ដេញលោកប្រាយុទ្ធចេញពីឆាកនយោបាយ ពីប្រមុខរដ្ឋាភិបាល ខ្ញុំគិតថាលោកប្រាយុទ្ធនៅតែដើរតួនាទីសំខាន់នៅក្នុងរាជានិយមថៃ ដោយខ្ញុំគិតថាលោកប្រាយុទ្ធត្រូវបានគេរៀបចំឱ្យលោកក្លាយជាប្រធានក្រុមប្រឹក្សា ដែលយើងហៅថា Privy Council ជំនួសឯកឧត្តមPrem Tinsulanonda ឬអាចជំនួសឯកឧត្តម Surayud Chulanont ដែលបច្ចុប្បន្នជាប្រធាន Privy Councilហ្នឹង។

អ៊ីចឹងលោកប្រាយុទ្ធនៅតែដើរតួនាទីសំខាន់ មិនថាលោកជានាយករដ្ឋមន្ត្រី ឬក៏ជាឧត្តមសេនីយ៍ដែលចូលនិវត្តន៍ ទីបំផុតលោកនៅតែជាសមាជិកក្រុមប្រឹក្សារាជានិយម ដែលជាស្ថាប័នមួយដ៏សំខាន់។ ថ្វីត្បិតតែពេលក្រោយៗនេះអំណាចអាចនឹងថយចុះ ដោយសារតែព្រះមហាក្សត្របានកាត់បន្ថយ ប៉ុន្តែខ្ញុំគិតថា លោកប្រាយុទ្ធក៏នៅតែដើរតួនាទីសំខាន់នៅក្នុងការជំរុញឱ្យយោធាចូលរួមនៅក្នុងនយោបាយថៃនាពេលអនាគត។

វាគ្មិនកិត្តិយស៖ លោក សេង វណ្ណលី សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិ និងជាអ្នកតាមដានស្ថានភាពនយោបាយពិភពលោកនិងតំបន់

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930