សំណួរទី១៖ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ទាក់ទងទៅនឹងទិដ្ឋភាពទូទៅទៅលើយុទ្ធសាស្ត្រនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក៏ដូចជាគោលបំណង និងទិសដៅរបស់ក្របខ័ណ្ឌនេះនៅក្នុងតំបន់។
គម្រោងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលទើបតែអនុម័តជាផ្លូវការក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នៅពេលដែលលោកឡើងកាន់អំណាច យើងឃើញថាវាហាក់ដូចជាមានការបកស្រាយផ្សេងៗគ្នា ទៅតាមបណ្ដាប្រទេសជាអ្នកគាំទ្រសហរដ្ឋអាមេរិក ឬក៏ជាបណ្ដាប្រទេសដែលត្រូវការយកសហរដ្ឋអាមេរិក ដើម្បីជាទីពឹងខាងផ្នែកយុទ្ធសាស្ត្រ ឬក៏ជាទីពឹងសម្រាប់ការពារនូវសន្តិសុខរបស់ប្រទេសរបស់ខ្លួន។ យើងឃើញថា មានការបកស្រាយ និងផ្ដល់និយមន័យផ្សេងៗគ្នាចំពោះគម្រោងជាយុទ្ធសាស្ត្រ ដែលជាការផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ ពាក្យគម្រោងឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ប្រទេសដែលបានប្រើមុនគេនោះ គឺប្រទេសជប៉ុនដែលមិនមែនសហរដ្ឋអាមេរិកទេ ប៉ុន្តែដោយសារតែជប៉ុន និងសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត ហើយម្យ៉ាងទៀតដោយសារតែសហរដ្ឋអាមេរិក គឺជាមហាអំណាចលើពិភពលោកនាំឱ្យការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិក គឺមានឥទ្ធិពល និងទទួលបានការចាប់អារម្មណ៍ច្រើន ចំពោះគម្រោងផ្ដួចផ្ដើមថ្មីរបស់អាមេរិកនាពេលនេះ។ ប៉ុន្តែទោះយ៉ាងណា ដូចខ្ញុំបានបញ្ជាក់ខាងដើម ដោយសារតែការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកនាពេលនេះ គឺជាផ្ដួចផ្ដើមមួយដ៏ចម្រូងចម្រាស។ ហេតុអ្វីបានជាការផ្ដួចផ្ដើមមួយដ៏ចម្រូងចម្រាស? ពីព្រោះកាលពីកន្លងមក សហរដ្ឋអាមេរិកគឺមានគម្រោងមួយ ដែលផ្ដួចផ្ដើមឡើងក្រោមរដ្ឋបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលយើងហៅកាត់ថាភាពជាដៃគូរអន្តរ-ប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដែលយើងហៅកាត់ថា TPP ដែលជាការផ្ដួចផ្ដើមរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក៏ប៉ុន្តែនៅពេលដែល លោកបារ៉ាក់ អូបាម៉ា គាត់អស់អាណត្តិទៅ ដល់លោកប្រធានាធិបតីដូណាល់ ត្រាំ លោកបានលុបនូវគម្រោងនោះចោល។ ហើយមកដល់ពេលនេះគឺលោកចូ បៃដិនឡើងកាន់តំណែង យើងឃើញថាសកម្មភាព ឬក៏គោលនយោបាយការបរទេសរបស់លោកដូណាល់ ត្រាំ គឺត្រូវបានលោកចូ បៃដិនហ្នឹង មិនយកមកអនុវត្តនោះទេ។ អ៊ីចឹង សួរថាតើគេអាចទុកចិត្តនូវគំនិតដែលជាការផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកបានដែរឬទេ? ពីព្រោះដោយសារតែគោលនយោបាយការបរទេស ឬក៏គោលនយោបាយរបស់សហរដ្ឋអាមេរិក គឺតែងតែមានការប្រែប្រួលទៅតាមអាណត្តិរបស់ប្រធានាធិបតីនីមួយៗ។ ប៉ុន្តែយ៉ាងណាក៏ដោយ សេចក្ដីនេះមិនបានមានន័យថាប្រទេសទាំងអស់លើពិភពលោក សុទ្ធតែមិនទុកចិត្តសហរដ្ឋអាមេរិកនោះ គឺមិនមែនមានន័យអ៊ីចឹងទេ។ យើងឃើញថា បណ្ដាប្រទេសដែលមានចំនួន១៧ ដែលនៅក្នុងអាស៊ាន យើងមាន៧ប្រទេសបានចូលជាសមាជិកនៃគម្រោងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកនេះ ហើយប្រទេស៣មាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាមិនត្រូវបានទទួលការអញ្ជើញឱ្យចូលរួមនៅក្នុងគម្រោងនេះទេ។ យើងឃើញថា វាមានទិដ្ឋភាពប្លែកឬក៏មានចំណុចមួយចំនួនដែលពិបាកនៅក្នុងការទទួលយកសម្រាប់តំបន់អាស៊ាន ឬក៏ប្រទេសដែលជាអ្នកប្រាថ្នានូវសុខសន្តិភាពមួយចំនួន។
សំណួរទី២៖ ដូចដែលយើងដឹងថា ក្របខ័ណ្ឌសេដ្ឋកិច្ចដ៏ល្អមួយ គឺជាក្របខ័ណ្ឌដែលវាអាចធ្វើនូវសេរីភាវូបនីយកម្មនៅក្នុងតំបន់ ឬក៏ដូចជាសម្រាប់សម្រួលដល់ការវិនិយោគនៃប្រទេសជាសមាជិក ប៉ុន្តែគម្រោងសេដ្ឋកិច្ចធំរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវបានរដ្ឋបាលរបស់លោក ចូ បៃដិនអះអាងថាវាមិនមែនជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ដោយមិនមានការរួមបញ្ចូលក្នុងការធ្វើទីផ្សារបើកចំហ ក៏ដូចជាការកាត់បន្ថយពន្ធនោះឡើយ។ពាក់ព័ន្ធទៅនឹងចំណុចនេះថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិកមិនធ្វើIPEF ឱ្យទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាជាងក្របខ័ណ្ឌសេដ្ឋកិច្ចទៅវិញ? ហើយតើក្របខ័ណ្ឌIPEFនេះ វានឹងផ្ដល់ផ្ដល់ចំណេញ ឬក៏ផ្ដល់ផលវិបាកអ្វីខ្លះទៅដល់ប្រទេសជាសមាជិក ក៏ដូចជាប្រទេសតូចៗផ្សេងទៀតក្នុងតំបន់?
បណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដែលរួមទាំងប្រទេសកម្ពុជាយើងផង បើទោះបីជាប្រទេសកម្ពុជាយើងមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មានពេលខ្លះក៏ឡើងល្អទៅ ហើយពេលខ្លះក៏ធ្លាក់ចុះទៅ ប៉ុន្តែទីផ្សាររបស់សហរដ្ឋអាមេរិកនៅតែជាទីផ្សារមួយដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជានៅក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅលក់នៅសហរដ្ឋអាមេរិក។ រឿងមិត្តភាព ឬក៏ទំនាក់ទំនងលក្ខខណ្ឌយ៉ាងណាៗ ប៉ុន្តែទីផ្សាររបស់អាមេរិក គឺសំខាន់សម្រាប់ប្រទេសកម្ពុជានៅក្នុងការនាំចេញ។ សហរដ្ឋអាមេរិក គឺលោកយល់ដឹងអំពីភាពចាំបាច់ ឬក៏អ្វីដែលអាមេរិកខ្លួនឯងមាន ដែលជាទីផ្សារមួយដ៏ធំសម្រាប់ប្រទេសភាគច្រើននៅលើពិភពលោក ជាប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿនជាងគេ ជាប្រទេសដែលមានកម្លាំងយោធាច្រើនជាងគេ ជាប្រទេសដែលមានអំណាចក្នុងការបង្គាប់បញ្ជាទៅលើសម្ព័ន្ធមិត្តផ្សេងៗឱ្យអនុវត្ត ឬក៏គោរពតាមគោលការណ៍យ៉ាងនេះយ៉ាងនោះ។ ចំណុចល្អរបស់សហរដ្ឋអាមរិក គឺមានច្រើន ដែលអាចធ្វើឱ្យប្រទេសមួយចំនួនត្រូវតែទទួលយកនូវអ្វីដែលសហរដ្ឋអាមេរិកស្នើ។ ប៉ុន្តែបើយើងសួរថាម៉េចក៏មិនឱ្យគម្រោងនោះ ជាទីផ្សារសេរី គឺអាមេរិកមិនអាចធ្វើឱ្យ មាន Free Trade Agreement ជាមួយនឹងប្រទេសណាមួយជាក់លាក់បានទេ ពីព្រោះវាមិនស្មើភាពគ្នា មានន័យថាកម្លាំងដែលអាមេរិកមានគឺវាខ្លាំង អាទិភាពដែលអាមេរិកមានគឺវាខ្លាំង និងច្រើន។ បើសិនជាធ្វើ Free Trade Agreement ឬក៏កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺប្រទេសដែលជាសម្ព័ន្ធមិត្ត ឬក៏ប្រទេសដែលចុះហត្ថលេខាជាមួយអាមេរិក នឹងជាអ្នកបានទទួលផលប្រយោជន៍ខ្លាំងក្រៃលែងអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមិនធ្វើគំនិតផ្ដួចផ្ដើមឱ្យទៅជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ ពីព្រោះយើងត្រូវតែគិតថាគ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែប្រើយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍ សម្រាប់ការគ្រប់គ្រង សម្រាប់ការដឹកនាំ ជាលក្ខណៈប្រយោជន៍ការទូត ប្រយោជន៍លក្ខណៈសេដ្ឋកិច្ច ឬដើម្បីប្រយោជន៍លក្ខណៈយោធាក៏ដោយ គឺប្រទេសនីមួយៗ គេមានការអនុម័ត មានការអនុវត្តទៅដោយប្រុងប្រយ័ត្នណាស់។ ពាក្យភាសាយោធា យើងហៅថាយុទ្ធសាស្ត្រនយោបាយ គឺប្រទេសនីមួយៗរួមទាំងសហរដ្ឋអាមេរិកផង គឺមានការសិក្សាដោយប្រុងប្រយ័ត្នមុនការសម្រេចចិត្ត នឹងអនុញ្ញាតឱ្យធ្វើជាគោលការណ៍អ្វីមួយ។ ហើយរឿងមួយទៀត តើប្រទេសដែលចូលទៅក្នុងសម្ព័ន្ធមិត្តបានទទួលផលប្រយោជន៍អ្វីខ្លះ? យើងត្រូវដឹងថាដោយសារតែអាមេរិក ដែលពាក្យសាមញ្ញហៅថាអ្នកធំ ឬក៏ជាអ្នកមានអំណាច។ បណ្ដាប្រទេសដែលចូលទៅក្នុងគម្រោងសេដ្ឋកិច្ច ដែលផ្ដួចផ្ដើមឡើងដោយសហរដ្ឋអាមេរិកគឺ៖
ទី(១)៖ បណ្ដាប្រទេសទាំងនោះ គឺនឹងក្លាយទៅជាសម្ព័ន្ធមិត្ត ឬក៏ជាមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។ បណ្តាប្រទេសដែលចូលទៅក្នុងគំនិតផ្ដួចផ្ដើម នឹងបានចូលទៅជិតសហរដ្ឋអាមេរិកហើយទំនាក់ទំនងការទូតរវាងប្រទេសដែលចូលទៅក្នុងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក គឺនឹងកាន់តែមានភាពស្និទ្ធស្នាល។
ទី(២)៖ គឺប្រទេសដែលចូលទាំងអស់នោះ បើគេមិនចំណេញខ្លាំងខាងផ្នែកសេដ្ឋកិច្ច ប៉ុន្តែគេនឹងបានផលប្រយោជន៍ផ្នែកការការពារសន្តិសុខប្រទេសគេ ពីព្រោះថាការបង្កើតមិត្តជាមួយនឹងអ្នកខ្លាំង គឺរំពឹងថាសហរដ្ឋអាមេរិកនឹងជួយការពារប្រទេសគេប្រទេសដែលជាសម្ព័ន្ធមិត្តនោះ បើសិនជាមានការឈ្លានពានដោយប្រការណាមួយ។
នេះគឺជាគំនិតដែលខ្ញុំបានអង្កេតឃើញអត្ថបទការវិភាគរបស់បញ្ញវន្តនៅក្នុងតំបន់មានការវិភាគដូចនេះ គឺបើសិនប្រយោជន៍សេដ្ឋកិច្ច គឺគេមិនរំពឹងអ្វីប៉ុន្មានទេ ដោយសារគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីអាមេរិកនៅក្នុងសម័យកាលមួយប្រាកដណាស់នឹងត្រូវបានទាត់ចោល ឬក៏លុបចោលនៅពេលដែលមានប្រធានាធិបតីថ្មី ប៉ុន្តែការចូលទៅកៀកសហរដ្ឋអាមេរិក ការក្លាយទៅជាមិត្តរបស់អាមេរិក គេនឹងបានជាទីពឹងមួយយ៉ាងសំខាន់ សម្រាប់ផ្នែកសន្តិសុខ ដើម្បីការពារសន្តិសុខសុវត្ថិភាពរបស់គេ។
សំណួរទី៣៖ ដូចគ្នានេះដែរ យើងឃើញថាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ នៅមិនទាន់បានដាក់ចេញនូវព័ត៌មានលម្អិត និងគោលនយោបាយជាក់ស្តែងរបស់ខ្លួននៅឡើយ ប៉ុន្តែគម្រោងសេដ្ឋកិច្ចមួយនេះ ត្រូវគេជជែកដេញដោលថា ជាឧបករណ៍មួយដែលសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ប្រើប្រាស់ជាយន្តការក្នុងការទប់ទល់ទៅនឹងកំណើនសេដ្ឋកិច្ចដ៏មហាសាលរបស់ប្រទេសចិននៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ដូចនេះ អាចទេដែរសហរដ្ឋអាមេរិកនឹងប្រើ IPEF ជាឈ្នាន់សម្រាប់នៃការបង្អាក់ នូវការកើនឡើងនៃអំណាចចិនទាំងមូល? ហើយបើសិនជាដូច្នេះមែន វានឹងផ្តល់ផលបច្ច័យអ្វីខ្លះ ទៅដល់សេដ្ឋកិច្ចនៅក្នុងតំបន់?
ជាដំបូង យើងត្រូវបញ្ជាក់ហើយនឹងទទួលស្គាល់ថាសហរដ្ឋអាមេរិក បើទោះបីជាអ្នកការទូតរបស់សហរដ្ឋអាមេរិកមួយចំនួន លោកប្រើពាក្យថាអាមេរិកមិនមានចេតនានៅក្នុងការប្រណាំងប្រជែង ឬក៏ប្រកួតប្រជែងជាមួយនឹងប្រទេសចិនយ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាព ឬក៏គោលនយោបាយ ឬក៏គំនិតផ្តួចផ្តើមផ្សេងៗរបស់សហរដ្ឋអាមេរិក គឺពិតណាស់ដើម្បីបន្ទច់បង្អាក់នូវការអភិវឌ្ឍ ឬការរីកចម្រើនរបស់ប្រទេសចិន។ នេះគឺជារឿងមួយធម្មតាទេ ជាធម្មតាអ្នកនៅកាន់តំណែងលេខ១អស់កាលជាយូរហើយ គឺមិនចង់ឱ្យមានអ្នកផ្សេងទៀតមកអង្គុយនៅចំណាត់ថ្នាក់ទី១របស់ខ្លួននោះទេ។ មិនចង់ឱ្យមានគេមកស្មើនោះទេ ទោះបីអ្នកនោះនិយាយថាខ្លួន ជាមនុស្សល្អ ឬក៏ចិត្តទូលាយយ៉ាងណាក៏ដោយ ក៏ការចែករំលែកគ្រែដែលខ្លួនសម្រាកជាមួយអ្នកផ្សេងនោះ គឺជារឿងលំបាកបន្តិច។ សម្រាប់អាមេរិកដែលធ្លាប់ជាជើងឯកគ្រប់គ្រងពិភពលោកជាយូរមកហើយ ដល់ប្រទេសចិនក៏ឡើងលឿនពេក ហើយមកកៀកៗអ្វីដែលខ្លួនមាន ហើយសេដ្ឋកិច្ចរបស់ចិនហ្នឹង គឺមែនទែនហ្នឹងស្ទើរតែធំ ហើយនឹងលឿនជាងសហរដ្ឋអាមេរិកនោះ គឺធ្វើឱ្យអាមេរិកប្រាកដណាស់គឺមិនសប្បាយចិត្តទេ។ យុទ្ធសាស្ត្រឬក៏យុត្ថាវិធី [SU1] ក្នុងការទប់ប្រទេសចិនកុំឱ្យមានការអភិវឌ្ឍន៍លឿនពេក គឺសហរដ្ឋអាមេរិកតែងតែបានគិត និងប្រុងប្រៀបជានិច្ចនៅក្នុងការធ្វើរឿងនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ គឺយើងទទួលស្គាល់ ហើយយើងត្រូវតែទទួលយកនូវអ្វីដែលជាចំណុចខ្លាំង ដែលភាគីពាក់ព័ន្ធទាំងអស់មានរួមទាំងសហរដ្ឋអាមេរិក ហើយនិងប្រទេសចិន។ បើសិនជាប្រទេសអាមេរិក ឬក៏ប្រទេសចិនមានការប្រកួតប្រជែងគ្នា យើងគិតថាតើមានផលប៉ះពាល់បែបណាចំពោះប្រទេសតូចតូចដែលរួមទាំងប្រទេសកម្ពុជាផង? បើយើងនិយាយពីផលប៉ះពាល់ ជាជំហានដំបូង គឺឥទ្ធិពលរបស់ IPEF សម្រាប់ផលប៉ះពាល់នៅក្នុងតំបន់ ផលប៉ះពាល់ខាងសេដ្ឋកិច្ចគឺអាចថាមិនមានអ្វីជាដុំកំភួនដើម្បីធ្វើឱ្យប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចទេ ប៉ុន្តែបើសិនជាខាងសាមគ្គីភាពនៅក្នុងតំបន់ ប្រាកដជាមាន។ ឧទាហរណ៍ថាប្រទេសអាស៊ានមាន១០ប្រទេស ប៉ុន្តែមាន៧ប្រទេសត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងគម្រោងគំនិតផ្ដួចផ្ដើម ប៉ុន្តែ៣ប្រទេសដែលមានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា គឺមិនត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងគំណិតផ្តួចផ្តើមនោះទេ។ ពាក្យសមញ្ញមួយទៀតថា គឺបំបែកនូវសាមគ្គីភាពរបស់អាស៊ាន ឬក៏ពាក្យមួយទៀតដែលគេនិយាយលេងថាបង្កើតក្រុមនៅក្នុងក្រុម។ បើសិនជាប្រទេសមាន១០ ឬក៏មាន៩នៃអាស៊ាន ទោះបីជាកម្លាំងសេដ្ឋកិច្ចមិនស្មើគ្នាក៏ដោយ បើសិនជាគម្រោងគំនិតល្អទេ នោះគួរតែអញ្ជើញឱ្យចូលរួមទាំងអស់គ្នា ប៉ុន្តែហេតុអ្វីបានជាប្រទេសខ្លះអនុញ្ញាតឱ្យចូលរួម ហើយប្រទេសខ្លះមិនអនុញ្ញាតឱ្យចូលរួមនោះ គឺមានការបកស្រាយផ្សេងៗគ្នាហើយ។ បើសិនជាយើងនិយាយពីផលប៉ះពាល់ គឺសាមគ្គីភាពរវាងប្រទេសនៅក្នុងសហគមន៍ដែលនៅក្នុងពោល គឺតំបន់អាស៊ាននឹងមានការពិចារណា ប៉ុន្តែធ្លាប់មកមានបញ្ញវន្តខ្មែរ មិនយល់ស្របទៅតាមអ្វីដែលខ្ញុំលើកឡើងដែរ ពីព្រោះកន្លងមកមានការជជែកវែកញែកទៅធ្លាប់មានអ្នកជំទាស់ ចំពោះការយល់ឃើញ ដោយមិនស្នើថា ឱ្យប្រទេសកម្ពុជានឹងមានការពិនិត្យពិចារណា ចំពោះកម្លាំងនៃការផលិតរបស់ខ្លួន កុំឱ្យចេះតែចង់ចូលរួម នៅក្នុងគំនិតផ្ដួចផ្ដើមនេះ ឬក៏គំនិតផ្ដួចផ្ដើមនោះស្របពេលតែកម្លាំងនៃការផលិត ស្របពេលដែលកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនមិនទាន់មាន និងក៏ជាគំនិតមួយល្អដែរដែរ លើកមកនេះជូនជាការពិចារណា លើកមកនេះដើម្បីជូនជាការពិចារណាហ្នឹងពីព្រោះជួនកាលទៅ យើងមានសហគមន៍ច្រើនពេក មានគំនិតផ្ដួចផ្ដើមច្រើនទេ ប៉ុន្តែអ្វីដែលយើងអាចបរិច្ចាគ ឬអ្វីដែលយើងអាចធ្វើទៅបានវាមានកម្រិតនោះក៏ជាផ្នែកមួយដែលយើងត្រូវពិចារណាដែរ។
សំណួរទី៤៖ បើយើងមើលទៅទិដ្ឋភាពជាក់ស្ដែង សូម (វាគ្មិន) ប្រៀបធៀបរវាងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ជាមួយនឹងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រោយថ្នាក់តំបន់ (RCEP) ក៏ដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative) របស់ប្រទេសចិន នៅក្នុងន័យការប្រកួតប្រជែងរបស់មហាអំណាចនៅក្នុងតំបន់?
នៅក្នុងគំនិតផ្ដួចផ្ដើមទាំង២ រវាង IPEF និងRCEPគឺ បើសិនជាការយល់ឃើញរបស់ខ្ញុំ ខ្ញុំគិតថា RCEPជាគំនិតផ្តួចផ្តើមបែបលក្ខណៈសេដ្ឋកិច្ច និងបើកទូលាយច្រើនជាង រីឯ IPEF មានលក្ខណៈបែបនយោបាយ ដែលជាការប្រកួតប្រជែងច្រើនជាង។ បើសិនជា យើងមើលសមាជិកដែលចូលរួមនៅក្នុង RCEP ភាគច្រើនគឺជាប្រទេសដែលជាសមាជិកដែលចូលរួមនៅក្នុង IPEF ដែរ។ បើយើងគិតថាជាការផ្ដួចផ្ដើមដែលផ្តោតត្រឹមជា សេដ្ឋកិច្ចមួយទេ។ ហេតុអ្វីក៏មិនអនុវត្តអ្វីទៅលើយន្ដការសហគមន៍ដែលខ្លួនមានឱ្យកាន់តែមានប្រសិទ្ធភាពទៅ? បើសិនជាយើងមើលសមាជិករបស់ RCEP ដែលមិននិយាយពីអាស៊ាន គឺមានចិន អូស្ត្រាលី ញូវហ្សឺឡែន និងជប៉ុន ដែលនៅក្នុងហ្នឹងហើយ ហើយគឺអាស៊ានទាំងអស់ត្រូវបានអញ្ជើញចូលរួម។ សម្រាប់IPEF ក្នុងចំណោមសមាជិកដដែល ប៉ុន្តែយើងថែមសហរដ្ឋអាមេរិក យើងថែមឥណ្ឌាចូលមកក្នុងនោះទៀត។ ជាការយល់ឃើញផ្ទាល់ខ្លួន ខ្ញុំគិតថាមួយ គឺជាគំនិតផ្ដួចផ្ដើមដែលមានលក្ខណៈនយោបាយ ការប្រកួតប្រជែងនយោបាយ រីឯមួយទៀតគឺវាជាគំនិតផ្ដួចផ្ដើមដែលបង្កភាពងាយស្រួលខាងផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសដែលចូលរួមនៅក្នុងសមាគមន៍។ ទាំង IPEF និងRCEP គឺសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិសម្រាប់ប្រទេសជាសមាជិកនីមួយៗ តាមការយល់ឃើញរបស់ខ្ញុំ ប្រសិនជាប្រទេសនៅជាប្រទេសតូច ប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ ប្រទេសដែលមិនសូវមានកម្លាំងផលិតរឹងមាំ ប្រទេសដែលមិនសូវមានអ្នកជំនាញ ប្រទេសដែលមិនសូវមានធនធានមនុស្សខ្លាំងទេ។ យើងនឹងលំបាកក្នុងការយកផលិតផលសម្រេចទៅដាក់ប្រកួតប្រជែង នៅក្នុងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនឬក៏ចំណុចល្អរបស់ខ្លួន។ កន្លងមកខ្ញុំបានចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់នៅក្នុងអាស៊ាន ដូចជានៅក្នុងកិច្ចពិភាក្សា នៅជប៉ុន មានន័យថា បើសិនជាគេមានគំនិតផ្ដួចផ្ដើម មានសហគមន៍ច្រើនជាដើមប៉ុន្តែដែលសំខាន់នោះ គឺអ្វីការយកអ្វីដែលខ្លួនមានទៅបង្ហាញ យកអ្វីដែលខ្លួនមានទៅពិពណ៌នា ឬក៏ការយកអ្វីដែលខ្លួនមានតែដាក់លក់ នោះទើបជាសំណួរសំខាន់ មានន័យថាសមត្ថភាពផ្ទាល់ខ្លួនរបស់ប្រទេសនីមួយៗ គឺ គឺជារឿងមួយសំខាន់ នៅពេលមុនពេលដែលខ្លួនចូលរួម មុនពេលដែលខ្លួនធ្វើការប្រកួតប្រជែងលើវិស័យអ្វីមួយ គឺសមត្ថភាព និងសុំកម្លាំងខាងក្នុងរបស់ប្រទេសគឺជារឿងសំខាន់ណាស់។
សំណួរទី៥៖ ប្រហែលជាចុងក្រោយ តើ (វាគ្មិន)យល់ឃើញដូចម្តេចចំពោះមាគ៌ាអនាគតសម្រាប់ក្របខ័ណ្ឌសេដ្ឋកិច្ចមួយនេះ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក?
ជាការយល់ឃើញ ខ្ញុំគិតថា IPEF នៅពេលអនាគត គឺប្រាកដជានៅពេលដែលសហរដ្ឋអាមេរិកមានការដោះដូរ ប្រធានាធិបតីថ្មី ខ្ញុំជឿថាប្រធានាធិបតីថ្មី ប្រាកដជាលុបចោលនូវគំនិតផ្ដួចផ្ដើមនោះ ហើយនឹងមិនអនុវត្តនូវគំនិតផ្ដួចផ្ដើមបន្តទៀតទេ។ នេះជាការយល់ឃើញរបស់ខ្ញុំ ពីព្រោះការដែលប្រធានាធិបតីមួយលោកចូលកាន់តំណែងលោកតែងតែមានគោលនយោបាយថ្មី សម្រាប់ការដឹកនាំប្រទេស។ គោលនយោបាយចាស់ដែលប្រធានាធិបតីមុន គឺជាច្រើនសារហើយត្រូវបាន ផាត់ចោលឬទុកចោលមិនបានអនុវត្តទៀត ខ្ញុំមិនគិតថាគោលនយោបាយIPEF មិននឹងស្ថិតនៅបានយូរអង្វែងទេ នៅពេលណាដែលលោកចូ បៃដិន ចុះពីតំណែងទៅ គឺគោលនយោបាយនឹងអាចត្រូវប្រធានាធិបតីថ្មីនឹងអាចទុកចោលមិនអនុវត្ត ឬអាចអនុវត្តដោយឡែកទៅលើផ្នែកណាមួយ។
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ