Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

AVI Voiceកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

នៅថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានិងសហរដ្ឋអាមេរិកនឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដែលកិច្ចប្រជុំនេះក៏ជាការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិកផងដែរ។ កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំលើកទីមួយហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានមកជួបជុំគ្នាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវីត បានលើកឡើងពីមូលហេតុនៃការពន្យាពេលនៃកិច្ចប្រជុំ និងផលចំណេញដែលកម្ពុជាអាចនឹងទទួលបានក្នុងការធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ក៏ដូចជាការរំពឹងទុកសម្រាប់លទ្ធផលក្រោយពេលកិច្ចប្រជុំត្រូវបានបញ្ចប់ផងដែរ។

សំណួរទី ១៖ យើងឃើញថាកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដើមឡើយត្រូវបានកំណត់ប្រព្រឹត្តក្នុងខែមីនាមកម្លេះ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ខែឧសភាទៅវិញ។ ជាបឋម តើលោកដាវីតអាចពន្យល់ត្រួសៗបានទេអំពីមូលហេតុចម្បងអ្វីខ្លះដែលបណ្ដាលឱ្យមានការលើកពេលវេលានៃកិច្ចប្រជុំមួយនេះ? ហើយវាបានផ្ដល់នូវផលអវិជ្ជមានអ្វីខ្លះដល់ភាគីទាំងពីរ ជាពិសេសបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជាដែលជាប្រធានអាស៊ាន?

ការពន្យាពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក នៅខែមីនា គឺដោយសារតែកត្តាចំបងមួយគឺប្រេសិតពិសេសរបស់អាស៊ានត្រូវទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពជូនប្រទេសជាសមាជិកអាស៊ានមួយនេះ ដែលបញ្ហាមីយ៉ាន់ម៉ានេះបានចាក់ស្រេះក្លាយទៅជាដំបៅមួយរបស់អាស៊ានទៅហើយ ដែលតម្រូវអោយមានការជួយទំនុកបំរុងទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចពីសំណាក់សមាជិកអាស៊ានដទៃក៏ដូចជាដៃគូសន្ទនាអាស៊ានផងដែរ។ ដោយសារតែប្រេសិតពិសេសកម្ពុជាត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះហើយ បានជាទាំងកម្ពុជានិងសមាជិកដទៃអាស៊ានដទៃទៀតបាននឹងកំពុងធ្វើការជាមួយកម្ពុជាក្នុងការធ្វើយ៉ាងណាដើម្បីបង្កើតអោយមានស្ថានការណ៍ល្អមួយដើម្បីឈានទៅដល់ការបញ្ចប់ការបាញ់គ្នា និងជំរុញអោយមានកិច្ចពិគ្រោះយបល់នយោបាយនិងពិភាក្សាគ្នារវាងគូភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ាប្រកបដោយមតិស្ថាបនា។ ចំពោះផលអវិជ្ជមានវិញ ខ្ញុំយល់ឃើញថាការស្នើសុំពន្យាពេលរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានអោយមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិកនៅខែឧសភានេះវិញ គឺជាការត្រឹមត្រូវនឹងមិនមានផលប៉ះពាល់ខ្លាំងដល់កម្ពុជាក៏ដូចជាទំនាក់ទំនងទ្វេភាគីអាស៊ាន អាមេរិកនោះទេ។ អាមេរិកក៏គាំទ្រប្រេសិតកម្ពុជាក្នុងការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាននេះផងដែរ ដែលអាមេរិកក៏កំពុងឃ្លាំងមើលយ៉ាងយកចិត្តទុកក្នុងដំណើរការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ ជាពិសេសដំណើរការប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ដូចដែលខ្ញុំបានលើកឡើងហើយថាមីយ៉ាន់ម៉ាត្រូវការជំនួយទាំងនយោបាយនិងសេដ្ឋកិច្ចក្នុងការធ្វើយ៉ាងណាអោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទទួលយកនិងគោរពតាមផ្នែកខ្លះនៃចំនុចឯកច្ឆន្ទទាំង៥ របស់អាស៊ានជាមុនសិនជាពិសេសត្រង់ចំនុច២សំខាន់ៗគឺ​ ឈប់បាញ់គ្នានិងទទួលយកជំនួយមនុស្សធម៌របស់អាស៊ាននិងសហគមន៏អន្តរជាតិ។ ដោយសារតែកិច្ចប្រជុំពិសេសអាស៊ាន អាមេរិកនៅឆ្នាំនេះគឺជាការអបអរសាទរនៃទំនាក់ទំនង ៤៥ឆ្នាំរបស់អាស៊ាន​ អាមេរិកផងនោះ ដូចនេះកិច្ចប្រជុំពិសេសនេះត្រូវតែប្រារព្ធធ្វើឡើង បើទោះជាមានការពន្យាពេលបន្តិចក្តី។

សំណួរទី ២៖ តើប្រធានបទ និងបញ្ហាអ្វីខ្លះដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងរបៀបវារៈសម្រាប់កិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងវ៉ាស៊ីនតោននេះ?

បើផ្អែកទៅលើសេចក្តីថ្លែងការណ៏ចេញដោយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញនូវកម្មវត្ថុ​និងបញ្ហាដែលនឹងពិភាក្សាឡើងនៅក្នុងកិច្ចប្រជុំនេះដូចជាបញ្ហាកូវីដ ១៩ និងសន្តិសុខសុខភាពសកល ការប្រយុទ្ធប្រឆាំងនឹងការបំលាស់ប្តូរអាកាសធាតុ ការអភិវឌ្ឍន៏ប្រកបដោយចរីភាព កិច្ចសហប្រតិបត្តិការផ្លូវទឹក ការអភិវឌ្ឍន៏ធនធានមនុស្សជាដើម។ ក្នុង​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាស៊ាន​មាន​កិច្ចសហប្រតិបត្តិការ​ជា​អាទិភាព​ចំនួន ៤។ សម្រាប់អាស៊ាន គឺដល់ពេលហើយសម្រាប់ខ្លួនអនុវត្តអាទិភាពទាំង ៤ នេះជាមួយដៃគូខាងក្រៅរបស់ខ្លួន ដែលជាកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាក់ស្តែងនឹងរួមចំណែកក្នុងការសម្រេចបាននូវ សន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏សង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាប់ដៃគូជាមួយអាស៊ានក្នុងការអនុវត្តជាក់ស្តែងលើកិច្ចសហប្រតិបត្តិការក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ កន្លងមក អាមេរិក បានប្រកាសផ្តល់ជំនួយជាច្រើនលានដុល្លារដល់អាស៊ាន ហើយការអញ្ជើញមេដឹកនាំអាស៊ានទៅប្រជុំនៅអាមេរិកនាពេលខាងមុខថែមទៀតក៏ដើម្បីពិភាក្សាលើភាពជាដៃគូយុទ្ធសាស្រ្ត។

ដូចនេះរបៀបវារៈក៏ដូចជាប្រធានបទដែលនឹងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំពិសេសអាស៊ាន អាមេរិកនេះគឺជាបញ្ហារួមដែលភាគីទាំងពីរត្រូវស្វែងរកដំណោះស្រាយរួមក៏ដូចជាការដាក់ចេញនូវគោលការណ៍អភិវឌ្ឍន៏ច្បាស់លាស់ប្រកបដោយបរិយាប័ន្ន និងចរីភាព។ ក្រៅពីកិច្ចប្រជុំពិសេសរួមនេះផងដែរ សមាជិកនីមួយៗរបស់អាស៊ានក៏នឹងមានរបៀបវីរៈរៀងខ្លួនក្រៅពីកិច្ចប្រជុំពិសេសនេះផងដែរ ជាអាទិ៍ប្រទេសវៀតណាមបាននឹងកំពុងខិតខំជំរុញអោយមានការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយអាមេរិកអោយទៅជា “ដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ ២០២៣ ដែលប្រទេសទាំងពីរអាចនឹងប្រកាសក្នុងកិច្ចប្រជុំក្រៅផ្លូវការណាមួយបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ។ វៀតណាកក៏ជំរុញអោយអាមេរិកការគោរពសិទ្ធិពេញច្បាប់ និងប្រយោជន៏របស់រដ្ឋតាមបណ្តោឆ្នេរ ដែលទាមទារអោយមានការដោះស្រាយដោយសន្តិវិធី ដោយយោងទៅតាមច្បាប់អន្តរជាតិឆ្នាំ ១៩៨២ និងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS 1982)។ បើយើងក្រឡេកមើលប្រទេសសឹង្ហបុរីវិញ ដែលខ្លួនជាសម្ព័ន្ធមិត្តអាមេរិកមួយនៅក្នុងតំបន់និងជាប្រទេសតូចផង សឹង្ហបុរីនឹងផ្តោតលើការពិភាក្សាលើកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី​ក៏ដូចជាបញ្ហាសន្តិសុខពត៌មានវិទ្យានិងបច្ចេកវិទ្យា និងសមយុទ្ធយោធាជាដើម។ ចំពោះបណ្តាសមាជិកអាស៊ានដែនទឹកដទៃទៀតដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ប្រទេសទាំងអស់នោះនឹងផ្តោតសំខាន់លើកិច្ចការដោះដូពាណិជ្ជកម្ម និងវិនិយោគ សេដ្ឋកិច្ចឌីជីថល កិច្ចសហប្រតិបត្តិការការបង្កានិងប្រយុទ្ធប្រឆាំងនឹងអំពើភាវរកម្ម កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ ធនធានសមុទ្រ ការអភិរក្ស និងការគ្រប់គ្រងជលផល ក៏ដូចជាសុវត្ថិភាពដែនសមុទ្រ និងការធ្វើនាវាចរណ៍ ការធ្វើទស្សនកិច្ចនិងសមយុទ្ធរួមគ្នា។ ចំណែកអាស៊ានដីគោកវិញ អាមេរិកនឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការកសាងធនធានមនុស្ស អភិរក្សនិងអភិវឌ្ឍន៏សេដ្ឋកិច្ចបៃតង កិច្ចការពារបរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដូចជាគ្រឿងញៀន ជួញដូរអាវុធនិងមនុស្ស និងការលើកកម្ពស់ការដោះដូរពាណិជ្ជកម្មផងដែរ។ បញ្ហាសន្តិសុខតំបន់និងសកលជាពិសេសវិបត្តិនៅអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិមីយ៉ាន់ម៉ា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងក្លាយជាកិច្ចពិភាក្សាស្នូលក្នុងកិច្ចប្រជុំនេះ ហើយទាំងអាមេរិកនិងអាស៊ានសុទ្ធសឹងជាតួអង្គសំខាន់ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពតំបន់និងពិភពលោក។

សំណួរទី ៣៖ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២នេះ ហើយក៏ត្រូវធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាពេលខាងមុខនេះផងដែរ បើតាមការយល់ឃើញផ្ទាល់របស់លោក តើកម្ពុជាអាចនឹងចំណេញអ្វីបានខ្លះពីកិច្ចប្រជុំកំពូលពិសេសនេះ?

នេះក៏ជាមោទកភាពមួយសំរាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងសហប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះផងនោះ បានសបញ្ជាក់ថាកម្ពុជាគឺជាប្រទេសតូចមែនតែមានមុខមានមាត់ស្មើនឹងសហរដ្ឋអាមេរិក និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្មវិធីធំៗ។ យើងអាចសង្កេតឃើញថាកម្ពុជានឹងទាញយកផលប្រយោជន៏ជាច្រើនពីលទ្ធផលប្រជុំនេះទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន។ ទី១ គឺការរឹតបន្តឹងចំនងមិត្តភាពទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិកដែលកំពុងតែមានភាពល្អកកក់តាំងពីឆ្នាំ២០១៨មក ដែលអាមេរិកតែងតែមានមន្ទិលសង្ស័យមកលើកម្ពុជាទាក់ទងនឹងការអនុញ្ញាតិអោយមានការដាក់កងទ័ពបរទេសនៅដែនដីកម្ពុជា។​ នៅក្នុងកិច្ចប្រជុំនេះដែរកម្ពុជានឹងបង្ហាញអាមេរិកថាកម្ពុជាគឺជាប្រទេសជាមិត្តជាមួយបណ្តាប្រទេសនានាដែលគាំទ្រការអភិវឌ្ឍន៏ និងសន្តិភាពសកល កម្ពុជាមិនមានបំនងយកប្រទេសណាមួយជាបង្អែកទប់ទល់នឹងប្រទេសណាមួយឡើយ ពោលគឺកម្ពុជាត្រូវការមិត្តទាំងអស់ក្នុងការផ្តល់ជំនួយដល់កម្ពុជាក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ។ ទី ២ កម្ពុជានឹងពិភាក្សាជំរុញបន្ថែអោយក្រុមវិនិយោគិនអាមេរិកមកបន្តបណ្តាក់ទុននៅកម្ពុជាអោយកាន់តែច្រើន ដើម្បីឈានទៅរកការបង្កើតផែនការអភិវឌ្ឍន៏សេដ្ឋកិច្ចរួមគ្នាមួយរវាងកម្ពុជានិងអាមេរិកនាពេលអនាគត ជាពិសេសក្រោយកូវីដ ១៩។ ទី ៣ កម្ពុជានិងអាមេរិកអាចនឹងដាក់អោយមានការធ្វើសមយុទ្ធរួមគ្នា “ឆ្មាំអង្គរ ឬ Angkor Sentinel”ឡើងវិញនាពេលបន្តិចទៀតនេះ ដើម្បីធ្វើការដោះដូរនិងចែករំលែកបទពិសោធន៍ ការពង្រឹងសមត្ថភាពកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភារវកម្ម ជួញដូរមនុស្សនិងគ្រឿងញៀន និងកិច្ចការមនុស្សធម៌ជាដើមរវាងកងទ័ពទាំងពីរ និង ទី ៤ ក្រោមក្របខណ្ឌជាប្រធានអាស៊ាន កម្ពុជានឹងដឹកនាំបណ្តាប្រទេសសមាជិកអាស៊ានដទៃពិភាក្សាការងារដោះដូពាណិជ្ជកម្ម ការពង្រីកវិស័យទូរគមនាគមន៏និងឌីជីថល ការកសាងហេដ្ឋរចនាសម្ព័ន្ធយោធាក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការគាំទ្រកិច្ចការពារបរិស្ថាននិងសត្វព្រៃ លើកកម្ពស់កកសាងធនធានមនុស្ស និងការរក្សាសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ អាស៊ាននិងសហរដ្ឋអាមេរិកនឹងលើកយកបញ្ហាវិបត្តិមីយ៉ាន់ម៉ាយកមកពិភាក្សាគ្នាក្នុងការធ្វើយ៉ាងណាអោយអាមេរិកជួយសម្របសម្រួលនិងស្វែងរកដំណោះស្រាយល្អដើម្បីធ្វើអោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាទទួលយកចំនុចឯកច្ឆន្ទទាំង៥របស់អាស៊ានអោយបានឆាប់ៗ។

សំណួរទី ៤៖ ជាក់ស្ដែងនេះគឺជាលើកទីមួយហើយ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយដែលបង្កឱ្យមាននូវជំនួបកិច្ចប្រជុំផ្ទាល់រវាងមេដឹកនាំអាស៊ាន និងមេដឹកនាំសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៧ មក។ តើនេះអាចបង្ហាញអំពីសញ្ញាដែលអាមេរិកក្រោមរដ្ឋបាលរបស់លោក Joe Bidenចាប់ផ្ដើមបង្វែរចក្ខុវិស័យរបស់ខ្លួន និងផ្ដល់តម្លៃខ្ពស់មកកាន់តំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលឬយ៉ាងណា?

បន្ទាប់ពីសហរដ្ឋអាមេរិកទទួលបរាជ័យនៅក្នុងសង្រ្គាមនៅអាហ្វហ្គានីស្ថានមក សហរដ្ឋអាមេរិក ជាពិសេសនៅក្រោមរដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន អាមេរិកបានព្យាយាមស្តារមុខមាត់របស់ខ្លួនតាមរយៈការចូលរួមជាមួយនឹងដៃគួសម្ព័ន្ធមិត្តរបស់ខ្លួនវិញជាពិសេស ណាតូ និងក្រុម QUAD និងចាប់ផ្តើមយកចិត្តទុកដាក់ជាថ្មីជាមួយនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះឡើងវិញ ក្នុងគោលបំណងទប់ស្កាត់ការរីកឥទ្ធិពលចិននៅក្នុងតំបន់ និងជួយការពារសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាហ្វីលីពីន សឹង្ហបុរី ថៃ តៃវ៉ាន់ ឥណ្ឌា ជប៉ុន និងថ្មីៗនេះវៀតណាមហាក់បីដូចជាជិតស្និទ្ធនឹងអាមេរិកជាខ្លាំង។ គួរកត់សម្គាល់ថា ក្រោមរដ្ឋបាល លោកប្រធានាធិបតី Joe Biden បានខិតមករកអាស៊ានយ៉ាងខ្លាំង ស្របពេលចិនពង្រឹងឥទ្ធិពលខ្លួននៅក្នុងតំបន់ ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក លោកប្រធានាធិបតី ចូ បៃឌិន បានចូលរួម ក្នុងកិច្ចប្រជុំដោយផ្ទាល់ បន្ទាប់ពីអវត្តមានរបស់ប្រធានាធិបតីអាមេរិកជាច្រើនឆ្នាំក្នុងជំនួបមេដឹកនាំតំបន់មួយនេះ និង ចាប់តាំងពីពាក់កណ្តាលឆ្នាំមុខ យើងឃើញថាអាមេរិកបានបញ្ជូនមន្រ្តីជាន់ខ្ពស់របស់ខ្លួនចំនួន ៣រូប មកកាន់តំបន់អាស៊ីអាគ្នេយ៍នេះ ដូចជាលោកស្រីអនុរដ្ឋមន្រ្តីការបរទេស Wendy Sherman រដ្ឋមន្រ្តីការពារជាតិលោក Lloy Austin និងលោកស្រីអនុប្រធានាធិបតី Kamala Harris ដែលចំពោះកត្តា​តំបន់ជារួម ដំណើរទស្សនកិច្ចទាំង ៣លើករបស់ឥសរ្សជនជាន់អាមេរិកមកកាន់តំបន់អាស៊ាន គឺផ្តោតសំខាន់លើបញ្ហាសន្តិសុខតំបន់ ទាក់ទឹងទៅនឹងបំរែបំរួលអាកាសធាតុ ការពង្រីកវត្តមាននិងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង ការធានាបាននូវសិទ្ធិសេរីភាពនាវាចរណ៏នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក និងការរឹតចំនងមិត្តភាពជាមួយសម្ព័ន្ធមិត្តចាស់ថ្មីក្នុងតំបន់នេះ ដើម្បីស្តារទំនុកចិត្តមកលើខ្លួនសារជាថ្មី។ អាមេរិកបាននឹងកំពុងព្យាយាមដើរតួនាទីជា‘រដ្ឋប៉ូលីស’ (Police State) ក្នុងការពារសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ការរក្សាអោយបាននូវស្ថេរភាព និងសន្តិសុខតំបន់ និងការគាំទ្រយន្តការ​  ‘ASEAN Centrality‘ ។

តំបន់អាស៊ីប៉ាស៊ីហ្វិករួមទាំងអាស៊ីអាគ្នេយ៍កាន់តែមានការប្រកួតប្រជែងពីសំណាក់មហាអំណាចក្នុងទិដ្ឋភាពភូមិសាស្រ្តនយោបាយ, ភូមិសាស្រ្តយុទ្ធសាស្រ្ត និងភូមិសាស្រ្តសេដ្ឋកិច្ច។ ជាមួយគ្នានោះ គំរបឥទ្ធិពល (sphere of influence) នៃការបង្កើត AUKUS នាពេលថ្មីៗនេះ, គំនិតយុទ្ធសាស្ត្រឆ្នាំ ២០២២ របស់ NATO និងសេចក្តីណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិរបស់អាមេរិក ដែលអាចនឹងចេញនៅឆ្នាំ២០២២ បានកំពុងបង្កក្តីបារម្ភក្នុងតំបន់ តួយ៉ាងប្រទេសកម្ពុជា ដែលក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំសង្ឃឹមថាការបង្កើតនូវ គំរបឥទ្ធិពល (sphere of influence)  ទាំងនេះនឹងមិនធ្វើឱ្យបាត់បង់តុល្យភាពក្នុងតំបន់ និងបង្កអសន្តិសុខ ដែលអាចឈានដល់ការផ្ទុះអាវុចជាយថាហេតុនោះទេ។ មួយវិញទៀត នយោបាយដាក់ទណ្ឌកម្មលើប្រទេសណាមួយ និងការប្រើប្រាស់យុទ្ធសាស្រ្តទប់ស្កាត់ (Strategic Deterrence) ហ៊ុំព័ន្ធប្រទេសណាមួយ ពុំមែនជម្រើសល្អនោះទេ។ កម្ពុជាក៏ធ្លាប់បានរងគ្រោះដោយសារនយោបាយនេះរួចមកហើយ។

សំណួរទី ៥៖ តើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដោយផ្ទាល់លើកនេះ អាចផ្ដល់នូវទំនុកចិត្តអ្វីខ្លះដល់ការកសាងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសក្នុងតំបន់?

បច្ចុប្បន្នយើងមើលឃើញហើយថាការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយក្នុងបំណងចង់អោយប្រទេសនោះមានសេដ្ឋកិច្ចខ្សោយ ប្រជាជនបះបោរ និងការទម្លាក់កំហុសទៅលើរដ្ឋាភិបាលខ្លួននោះបានធ្វើអោយប្រទេសនោះមានអស្ថិរភាពក្នុងសង្គម ប្រជាជនរងគ្រោះ និងអាចឈានទៅរកសង្រ្គាមស៊ីវិលដែលអាចអនុញ្ញាតិអោយបរទេសលូកដៃចូលនយោបាយផ្ទៃក្នុង និងតម្រូវអោយមានការជ្រើសយកខាងណាមួយ។  កម្ពុជាក៏ធ្លាប់បានរងគ្រោះដោយសារនយោបាយនេះរួចមកហើយ ដោយឧទាហរណ៏នៅប្រទេសស៊ីរី លីបយ៉ា អ៊ីរ៉ាក់ និងបច្ចុប្បន្ននេះសង្រ្គាមនៅអ៊ុយក្រែន ដែលបញ្ហាទាំងអស់នេះ អាស៊ានត្រូវរក្សាជំហរអព្យាក្រឹត្យរបស់ខ្លួនស្របតាមគោលការណ៏ច្បាប់អន្តរជាតិនៅក្នុងបរិបទការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច និងខិតខំធ្វើយ៉ាងណាប្រែក្លាយការប្រកួតប្រជែងនេះក្លាយទៅជាឪកាសសំរាប់អាស៊នក្នុងការកសាងភាពជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍន៏តំបន់នេះដើម្បីជាប្រយោជន៏រួម និងប្រកបដោយគោលគំនិតស្ថាបនាសំរាប់អាស៊ានទាំងមូល។ កិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក អាស៊ាននេះជាសញ្ញាបង្ហាញការយកចិត្តទុកដាក់ និងបេ្តជ្ញាចិត្តរបស់អាមេរិកនៅក្នុងតំបន់។ វត្តមានរបស់អាមេរិកនៅក្នុងតំបន់នឹងជួយពង្រឹងចំណងទំនាក់ទំនងទ្វេភាគី ក៏ដូចជាពង្រីកបន្ថែមលើការអភិវឌ្ឍន៏នានានៅក្នុងតំបន់ជាពិសេសផ្តោតលើប្រជាជន (people centric)។ បើតាមប្រសាសន៏លោករដ្ឋមន្រ្តីការបរទេសអាមេរិក Antony Blinken ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីឆ្នាំមុន លោកបាននិយាយថាអាមេរិកនឹងដាក់ចេញនូវយុទ្ធសាស្រ្តថ្មីសំរាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពទូលំទូលាយជាងនេះ ដែលអាចអោយបង្កើតឡើងក្រោមចក្ខុវិស័យរួមសំរាប់តំបន់ដែលមានសន្តិភាព មានភាពធន់ ផ្សាភ្ជាប់គ្នា បើកចំហ និងសេរីភាព។ អាមេរិកហាក់បីដូចជាកំពុងកសាងបណ្តាញអនុសម្ព័ន្ធយោធា (Sub Military Alliance) ថ្មីមួយស្រដៀងគ្នានឹង ណាតូ ក៏ប៉ុន្តែមិនត្រឹមតែផ្តោតលើទិដ្ឋភាពយោធាប៉ុណ្ណោះទេ តែមានទាំងសេដ្ឋកិច្ច និងនយោបាយផងដែរក្នុងការលោមព័ន្ធចិនដែលបច្ចុប្បន្ននេះមាន QUAD និង AUKUS។ អាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតិ ចូ បៃឌិន គឺផ្តោតសំខាន់លើការកសាងបណ្តាញសម្ព័ន្ធមិត្តដែលមានសកម្មក្នុងវេទិកាពហុភាគីផ្សេងៗ និងយុទ្ធសាស្រ្តដទៃទៀត។ សហរដ្ឋអាមេរិកមានបំនងមិនចង់អោយសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើការជ្រើសរើសរវាងអាមេរិក និងចិនឡើយ ផ្ទុយទៅវិញអាមេរិកចង់អោយមានបង្កើតំបន់មួយមានចក្ខុវស័យរួមមួយប្រកបដោយការស្ថាបនា នៅក្រោមមូលដ្ឋានច្បាប់ ការពារសិទ្ធិមនុស្សនិងសេរីភាព ការពារកម្មសិទ្ធិបញ្ញា មានអភិបាលកិច្ចល្អ និងតំបន់មួយដែលប្រទេសធំមិនធ្វើការបាបប្រទេសតូច។

សំណួរទី ៦៖ តាមសេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាមេរិកផងដែរថា​ កិច្ចប្រជុំកំពូលពិសេសនឹងបង្ហាញពីការប្តេជ្ញាចិត្តដ៍យូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ព្រមទាំងការទទួលស្គាល់តួនាទីស្នូល និងកណ្តាលរបស់អាស៊ានក្នុងការផ្តល់ដំណោះស្រាយដ៍មាននិរន្តរភាពក្នុងតំបន់ និង​ជាការរំលឹកខួប៤៥ឆ្នាំនៃទំនាក់ទំនងក៏ដូចជាដៃគូសន្ទនាអាមេរិក-អាស៊ានផងដែរ។ ជាការរំពឹងទុក តើកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកលើកនេះអាចនឹងសម្រេចបាននូវលទ្ធផលធំៗអ្វីខ្លះ?

ខ្ញុំរំពឹងឃើញថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះនឹងទទួលបានលទ្ធផលផ្លែផ្កាជាច្រើនជាពិសេសសំរាប់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការរក្សានិងលើកកម្ពស់សន្តិភាព​ សន្តិសុខ ស្ថិរភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៏និងហោះហើរនៅក្នុងតំបន់ និងការប្រើប្រាស់យន្តការសន្តិភាពក្នុងការដោះស្រាយបញ្ហាស្នូលអាស៊ានដូចជាវិបត្តិមីយ៉ាន់ម៉ា និងបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំជឿជាក់ថាអាមេរិកនឹងបន្តគាំទ្រកម្ពុជា និងប្រេសិតកម្ពុជាដែលជាប្រធានអាស៊ានក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាតាមរយៈការផ្តល់ជំនួយមនុស្សធម៌ និងសម្ពាធនយោបាយបន្ថែមទៀតទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអោយទទួលយកចំនុចឯកច្ឆន្ទទាំង៥របស់អាស៊ាន។ អាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការល្អរបស់ខ្លួនបន្ថែមទៀតក្នុងការផ្តល់ជំនួយហិរិញ្ញប្បទាន បច្ចេកទេស បរិក្ខាពេទ្យនិងវ៉ាក់សាំងដល់បណ្តាប្រទេសអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបន្តជំរុញតួនាទីស្នូលរបស់ខ្លួនក្នុងនាមជាដៃគូសន្ទនាអាស៊ានតាមរយៈការផ្សាភ្ជាប់ខ្លួនទៅនឹងគំរោងអភិវឌ្ឍន៏ជាមួយអាស៊ាននានាដូចជាគំរោងការរីកលូតលាស់ប្រកបដោយចរីភាពរបស់កម្មវិធី USAID នៅក្នុងអាស៊ានតាមរយៈការធ្វើនវានុវត្តន៏ ការដោះដូរពាណិជ្ជកម្មនិងE-Commerce (IGNITE), ភាពជាដៃគូមេគង្គ-អាមេរិក (Mekong-US Partnership- MUSP), ភាពជាដៃគូសំរាប់ការបង្កើនប្រសិទ្ធិភាពក្នុងសហគមន៏នយោបាយសន្តិសុខ និងសង្គមវប្បធម៌​(PROOSPECT)  និងគំរោងដទៃៗទៀតដែលអាស៊ាននិងអាមេរិកបានផ្តួចផ្តើមជាមួយគ្នាក្រោមក្របខណ្ឌ ASEAN Centrality និងឈលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងដើម្បីប្រយោជន៏រួម។  អាស៊ាន និងអាមេរិកគួរបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាតំបន់និងសកលក្រោមគោលការណ៍សកលរបស់អង្គការសហប្រជាជាតិជាពិសេសក្នុងបញ្ហាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា និងវិបត្តិអ៊ុយក្រែនជាដើម ៕

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930