Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

AVI Voice៖ ទស្សនៈវិស័យរបស់កម្ពុជាដើម្បីក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ

ក្នុងឆ្នាំ២០២២នេះ កម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ានលើកទីបី ត្រូវមានបន្ទុកជាច្រើនក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺ កម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងនាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលឱ្យឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានពន្យល់ និងលើកឡើងអំពីទស្សនៈវិស័យរបស់កម្ពុជាចំពោះតួនាទីជាប្រធានអាស៊ានរបស់ខ្លួន និងវិស័យអាទិភាពក៏ដូចជាយន្តការដែលកម្ពុជាគួរអនុវត្តក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់។

ចាប់តាំងពីពិធីប្រគល់តំណែងប្រធានអាស៊ានដល់កម្ពុជា កាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ មានការជជែកវែកញែកជាច្រើនអំពីមូលដ្ឋានលើតួនាទី និងបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ តែបើទោះជាយ៉ាងណាក៏ដោយ មុននឹងយើងចូលទៅពិភាក្សាអំពីប្រធានបទទាំងនោះ យើងគួរចាំបាច់ជាដំបូងត្រូវស្វែងយល់ពីទស្សនៈ និងចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជាទៅលើការទទួលខុសត្រូវ និងតួនាទីចម្បងរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន។

សំណួរទី ១៖     ជាដំបូង តើកម្ពុជាមានទស្សនៈយ៉ាងដូចម្ដេចចំពោះជំហររបស់ខ្លួនទៅលើតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ?

បើយើងនិយាយអំពីអាស៊ាន និងកម្ពុជា យើងឃើញថាកម្ពុជាបានចូលជាសមាជិកអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ដែលជាសមាជិកទី១០ ដែលបានចូលរួមជាមួយនឹងអង្គការតំបន់មួយនេះ។ អញ្ចឹងចាប់តាំងពីកម្ពុជាចូលរួមជាមួយអាស៊ានមក កម្ពុជាតែងតែតម្រង់ទិសគោលនយោបាយការបរទេសរបស់ជាតិ ឱ្យស្របទៅតាមលក្ខខណ្ឌ ឬបរិបទរបស់អាស៊ាន។ និយាយជារួមទៅ កម្ពុជាក៏បានចូលរួមចំណែកច្រើនក្នុងការកសាងសហគមន៍អាស៊ាន ទន្ទឹមនឹងនេះអាស៊ានក៏បានហ៊ុចផលធំធេងដែរសម្រាប់កម្ពុជាទាំងលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។ បើយើងនិយាយពីឆ្នាំនេះវិញ គឺជាឆ្នាំដ៏ពិសេសរបស់កម្ពុជាដែលក្លាយជាប្រធានអាស៊ានជាលើកទី៣ ដែលតាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ២៣ឆ្នាំហើយ ហើយកម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន២លើករួចមកហើយ គឺឆ្នាំ២០០២ និងឆ្នាំ២០១២។ ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ជាពិសេសក្នុងបរិបទនៃពិភពលោកដែលកំពុងជួបប្រទះនឹងជំងឺរាតត្បាតសកលកូវីដ-១៩ វាអាចជាឱកាស ជាមោទនៈភាពសម្រាប់ជាតិកម្ពុជា និងម្យ៉ាងក៏អាចជាពេលវេលាដ៏មានសម្ពាធមួយដែរសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានលើកទី៣នេះ។

សំណួរទី ២៖     គោលគំនិតនៃការក្លាយជាប្រធានអាស៊ានប្រកបដោយភាពជោគជ័យ គឺជាប្រធានបទដែលទាក់ទាញនូវចំណាប់អារម្មណ៍ពីសំណាក់សហគមន៍អន្តរជាតិ និងតួអង្គនានាក្នុងតំបន់ដោយផ្អែកទៅលើបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិជាច្រើនដែលក្នុងនាមជាប្រធានអាស៊ានត្រូវតែយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយសមស្របជាចំពោះ។ តើមានលក្ខណៈវិនិច្ឆ័យជាក់លាក់អ្វីខ្លះដែលកម្ពុជាគួរតែបំពេញ ដើម្បីដឹកនាំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយប្រសិទ្ធភាព និងជោគជ័យ?

បើយើងនិយាយអំពីអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ខ្ញុំសូមលើកយកចំនុចសំខាន់ៗមួយចំនួន។

  • ទីមួយគឺ ការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។ យើងឃើញហើយថា ពហុភាគីនិយមនេះគឺជាយន្តការសំខាន់ និងចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សកលលោក។ ឧទាហរណ៍ជាក់ស្ដែង គឺជំងឺកូវីដ-១៩ ដែលប្រទេសតែមួយមិនអាចយកឈ្នះទៅលើជំងឺរាតត្បាតសកលនេះបានទេរួមទាំងមហាអំណាចផងដែរ អញ្ចឹងទេវាទាមទារឱ្យមានការចូលរួមពីពហុភាគី។ ហើយការលើកកម្ពស់ពហុភាគីនិយម និងវិធានច្បាប់នោះគឺ ជាអាទិភាពមួយរបស់កម្ពុជាក្នុងការលើកស្ទួយនៅពេលដែកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ។
  • ទីពីរគឺ ការលើកកម្ពស់ការទូតសេដ្ឋកិច្ចរបស់កម្ពុជា។ ខ្ញុំសូមបញ្ជាក់បន្តិចថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកយន្តការការទូតសេដ្ឋកិច្ច សម្រាប់ជាយន្តការស្នូលមួយក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានន័យថា យើងបានកំណត់យកនូវការប្រើប្រាស់ការទូតសេដ្ឋកិច្ចដើម្បីជម្រុញឱ្យសេដ្ឋកិច្ចប្រទេសយើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ យន្តការការទូតសេដ្ឋកិច្ចនេះ នឹងក្លាយទៅជាឧបករណ៍មួយសំខាន់សម្រាប់ជាតិ។ អញ្ចឹងក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជានឹងជម្រុញបន្ថែមទៀតនៅក្នុងការអនុវត្តការទូតសេដ្ឋកិច្ចនេះ ហើយម្យ៉ាងធ្វើយ៉ាងណាឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់កាន់តែទូលំទូលាយ និងជម្រុញនូវពាណិជ្ជកម្មសេរីក្នុងតំបន់ផងដែរ។
  • ទីបីគឺ ការកសាងសហគមន៍អាស៊ាន។ ដោយហេតុថាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជានឹងធ្វើយ៉ាងណាដើម្បីជម្រុញឱ្យតំបន់មានសមាហរណកម្មរួម ដែលប្រកបដោយបរិយាបន្ន និងប្រើប្រាស់តួនាទីជាប្រធានអាស៊ានដើម្បីជម្រុញឱ្យតំបន់នេះមានការតម្រង់ទិសដោយយកប្រជាជនជាគោល មានន័យថាជម្រុញនូវតួនាទីរបស់យុវជន និងតួនាទីរបស់ស្រ្តីនៅក្នុងតំបន់ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យសមាហរណកម្មតំបន់មានសន្ទុះកាន់តែក្លាំងឡើង។

សំណួរទី ៣៖     ពាក់ព័ន្ធទៅនឹងបញ្ហាប្រឈមក្នុងតំបន់ ដែលកំពុងតែជួបប្រទះ តើបញ្ហាសំខាន់ និងបន្ទាន់ណាខ្លះដែលកម្ពុជាគួរតែបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ ដើម្បីពិភាក្សានិងស្វែងរកដំណោះស្រាយរួមទៅលើបញ្ហានោះ?

  • ទីមួយគឺ បញ្ហាជំងឺកូវីដ-១៩។ យើងឃើញហើយថាជំងឺរាតត្បាតសកលនេះ នៅតែជាបញ្ហាប្រឈមមិនថាសម្រាប់អាស៊ានទេ គឺសម្រាប់ប្រទេសទាំងអស់នៅលើសកលលោកតែម្ដង ជាពិសេសនៅពេលដែលមានការលេចឡើងនូវប្រភេទវីរុសថ្មីដូចជា អូមេក្រុង (Omicron) ជាដើម។ ដូច្នេះ ជំងឺកូវីដ-១៩នេះនៅតែជាបញ្ហាគំរាមកំហែងសម្រាប់តំបន់ និងសកលលោក។ ដូចនេះ បញ្ហាជំងឺរាតត្បាតកូវីដ-១៩នេះ នឹងក្លាយជាមាតិកាចម្បងមួយនៅក្នុងរបៀបវារៈនៃវេទិការអាស៊ាន។
  • ទីពីរគឺ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ ខ្ញុំឃើញថា បញ្ហានេះនឹងក្លាយជាប្រធានបទក្ដៅនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ទ្វីត្បិតតែបញ្ហានយោបាយនៅមីយ៉ាន់ម៉ា ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេស ក៏ប៉ុន្តែវាបានហ៊ុចផលអវិជ្ជមានទៅដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។ អញ្ចឹងក្នុងនាមជាប្រធានអាស៊ាន ចង់ឬមិនចង់ កម្ពុជាត្រូវតែចូលរួមដោះស្រាយបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាឱ្យមានជោគជ័យ ដើម្បីធ្វើយ៉ាងណាជម្រុញការកសាងសហគមន៍អាស៊ានឡើងវិញ។ បើសិនជាការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាមិនបានល្អទេ វាអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ឧទាហរណ៍ដូចទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសស៊ីរីជាដើម។
  • ទីបីគឺ យើងមិនអាចរំលងបានទេទៅលើការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច។ យើងដឹងហើយថា ការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរគឺស.រ.អ និងចិនបានហុចផលអវិជ្ជមានជាច្រើនមកក្នុងតំបន់ ជាពិសេសគឺតំបន់អាស៊ីអាគ្នេយ៍តែម្ដង។ បើយើងនិយាយអំពីការប្រកួតប្រជែងនេះ គឺមានក្នុងរូបភាពជាច្រើន តាមរយៈការប្រកួតប្រជែងទៅលើគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ដូចជា QUAD, QUAD Plus និង AUKUS ជាដើម ហើយម្យ៉ាងចិនក៏មានគំនិតផ្ដួចផ្ដើមរបស់ខ្លួនមួយដែរ គឺគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI)។ អញ្ចឹងទេគំនិតផ្ដួចផ្ដើមនានា ដែលបង្កើតដោយមហាអំណាចនេះ អាចជាអាវុធមុខពីរ ដែលអាចធ្វើឱ្យតំបន់រីកចម្រើន ហើយក៏វាអាចជាឧបករណ៍ប្រឆាំងនឹងគ្នានិងហ៊ុចផលអវិជ្ជមានមកដល់តំបន់ផងដែរ។ អញ្ចឹងទេ កម្ពុជាក្នុងនាមជាប្រធានអាស៊ានចាំបាច់ត្រូវតែធ្វើកិច្ចសម្របសម្រួល ធ្វើយ៉ាងណាដោះស្រាយនូវផលប៉ះពាល់ដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនេះ និងរក្សាបាននូវសន្តិភាព ចីរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់។
  • ទីបួនគឺ បញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំមើលឃើញថាបញ្ហានេះ​ នៅតែជាបញ្ហាក្ដៅ។ មែនទែនទៅ បញ្ហាសមុទ្រចិនខាងត្បូងគឺ ជាបញ្ហារសើប និងក្ដៅយូរហើយ ក៏ប៉ុន្តែបញ្ហានេះនឹងនៅតែជារបៀបវារៈសំខាន់សម្រាប់អាស៊ាន ជាពិសេសសម្រាប់កម្ពុជាតែម្ដងក្នុងនាមជាប្រធានអាស៊ាន ដើម្បីធ្វើយ៉ាងណាសម្របសម្រួល និងដោះស្រាយធ្វើយ៉ាងណាកុំឱ្យបញ្ហានេះកាន់តែឡើងកម្ដៅថែមទៀត។ ខ្ញុំសូមបញ្ជាក់ផងដែរ ថាបញ្ហានៅសមុទ្រចិនខាងត្បូងនេះ ក៏អាចមានការតភ្ជាប់ទៅនឹងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងស.រ.អ និងចិនផងដែរ អញ្ចឹងទេបញ្ហាប្រឈមធំៗនេះ វានឹងនៅតែជារបៀបវារៈសំខាន់សម្រាប់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន។

សំណួរទី ៤៖     តើកម្ពុជាបានត្រៀមយន្តការអ្វីខ្លះ ដើម្បីដោះស្រាយនូវរាល់បញ្ហាក្នុងតំបន់ដែលកំពុងជួបប្រទះទាំងនោះប្រកបដោយប្រសិទ្ធភាព?

បើយើងមើលពីបរិបទនៃជំងឺកូវីដ-១៩ យើងឃើញថាកម្ពុជាអាចរៀនសូត្រពីប្រធានមុនៗ ដែលមានវៀតណាម និងប៊្រុយណេជាដើម ដែលប្រធានមុនៗនេះគាត់បានដឹកនាំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងក្របខណ្ឌអាស៊ានបានយ៉ាងជោគជ័យ ជាពិសេសនោះតាមរយៈការប្រើប្រាស់មធ្យោបាយប្រព័ន្ធវីដេអូ។ ប៉ុន្តែកម្ពុជាក្នុងឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំកិច្ចប្រជុំដោយផ្ទាល់ តែបើក្នុងករណីជំងឺកូវីដ-១៩នៅតែមិនអនុញ្ញាតនោះទេ មេរៀនដែលកម្ពុជារៀនសូត្រពីប្រធានមុនៗនេះ អាចយកមកប្រើការបានគឺរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ បើយើងនិយាយជារួមវិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន តើយើងអាចធ្វើអ្វីបានខ្លះដើម្បីចូលរួមដោះស្រាយវិបត្តិកូវីដ-១៩នេះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាអាចជម្រុញឱ្យតំបន់អនុវត្តនូវគំនិតផ្ដួចផ្ដើម ឬយន្តការដែលមានស្រាប់ដូចជា មូលនិធិរបស់អាស៊ានដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ និងយន្តការផ្សេងៗទៀតដែលអាស៊ានបានបង្កើតហើយ ហើយកម្ពុជាត្រូវជម្រុញនូវការអនុវត្តយន្តការទាំងអស់នោះ ដើម្បីឱ្យមានសន្ទុះដោះស្រាយផលវិបានដែលបង្កើតឡើងដោយវិបត្តិកូវីដ-១៩។

បើយើងនិយាយពីវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាវិញ ដូចខ្ញុំបញ្ជាក់ពីខាងដើមថាធ្វីត្បិតតែវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជា បញ្ហាផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ក៏ប៉ុន្តែវាបានហុចផលបច្ច័យអវិជ្ជមានមកដល់ស្ថិរភាព និងសន្តិភាពរបស់តំបន់។ អញ្ចឹងកម្ពុជាធ្វើយ៉ាងណាត្រូវតែជម្រុញការដោះស្រាយ ឬចូលរួមដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ានេះ។ មែនទែនទៅ តួនាទីជាប្រធានអាស៊ានរបស់កម្ពុជាអាចប្រើប្រាស់ក្នុងការជម្រុញឱ្យមានការអនុវត្តនូវចំនុចឯកច្ឆន្ទទាំងប្រាំ ដែលថ្នាក់ដឹកនាំរបស់អាស៊ានរួមទាំងមីយ៉ាន់ម៉ាផ្ទាល់បានអនុម័ត។ គោលការណ៍ឯកច្ឆន្ទប្រាំចំនុចនេះ គឺជាគោលការណ៍សំខាន់ក្នុងការជួយឱ្យមីយ៉ាន់ម៉ាត្រឡប់ទៅរកប្រក្រតីភាពវិញ។ ម្យ៉ាងកម្ពុជាអាចប្រើប្រាស់នូវនយោបាយការទូតស្ងៀមស្ងាត់ ឬក៏ការទូតក្រៅឆាកផ្សេងៗ ដើម្បីធ្វើយ៉ាងណាសម្របសម្រួលឱ្យមានសន្តិភាព និងប្រក្រតីភាពវិញនៅប្រទេសមីយ៉ាន់ម៉ា។ អញ្ចឹងទេតួនាទីជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ ពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់។

បើយើងនិយាយអំពី ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយវិញ យើងដឹងហើយថាកម្ពុជាគឺជាប្រទេសមួយដែលអាចជម្រុញនូវកិច្ចសម្របសម្រួល ឬការចរចានានារវាងមហាអំណាចទាំងពីរ ដោយហេតុថានៅក្នុងក្របខណ្ឌអាស៊ានយើងបានបង្កើតនូវ ASEAN Outlook on Indo-Pacific ដែលអាចជាយន្តការមួយសមស្របទៅនឹងបរិបទមួយរបស់យន្តការ Free and Open Indo-Pacific ដែលផ្ដួចផ្ដើមឡើងដោយស.រ.អ។ អញ្ចឹងកម្ពុជាអាចជម្រុញបន្ថែម ធ្វើយ៉ាងណាឱ្យយន្តការទាំងពីរនេះមានភាពបន្ស៊ីគ្នា។ និយាយបែបនេះមិនមែនថាកម្ពុជាមិនអាចជម្រុញយន្តការនេះជាមួយនឹងយន្តការ BRI បានទេ ហើយនិយាយឱ្យចំទៅកម្ពុជាអាចធ្វើយ៉ាងណាឱ្យមានភាពបន្ស៊ីគ្នារវាងគំនិតផ្ដួចផ្ដើមនានាដែលបង្កើតឡើងដោយស.រ.អ និងចិននៅក្នុងតំបន់ ធ្វើយ៉ាងណាឱ្យតំបន់ទទួលបាននូវផលប្រយោជន៍ជាអតិបរមា និងកាត់បន្ថយផលប៉ះពាល់ឱ្យទាប់បំផុត។

បើយើងនិយាយអំពី បញ្ហាសមុទ្រចិនខាងត្បូងវិញគឹជាបញ្ហាក្ដៅ និងរសើបយូរហើយ អញ្ចឹងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំក្រោយនេះគឺ យើងធ្វើយ៉ាងណាឱ្យដៃគូពាក់ព័ន្ធទាំងអស់ឱ្យមានការចរចាគ្នា ហើយមិនឱ្យមាសកម្មភាពអ្វីដែលគំរាមកំហែងទៅដល់សន្តិសុខ ឬក៏លិចចេញជាជម្លោះប្រដាប់អាវុធនានា។ យើងនឹងជម្រុញឱ្យមាននូវការអនុវត្តក្របប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលជាពិសេសគឺធ្វើយ៉ាងណាដើម្បីបញ្ចប់នូវ Code of Conduct (COC) ដែលជាគោលការណ៍គន្លិះមួយ ដើម្បីធានាឱ្យមានស្ថិរភាព និងសន្តិភាពនៅតំបន់សមុទ្រចិនខាងត្បូង។

អញ្ចឹងនិយាយជារួមទៅ បញ្ហាដែលកម្ពុជាត្រូវដោះស្រាយមានច្រើន ក៏ប៉ុន្តែកម្ពុជាបានត្រៀមលក្ខណៈ និងមានគោលនយោបាយគ្រប់គ្រាន់រួចហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់តំបន់ទាំងនេះ។

សំណួរទី ៥៖     ក្រៅពីការដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់ តើវិស័យអាទិភាពអ្វីខ្លះដែលកម្ពុជាគួរតែយកចិត្តទុកដាក់ ដើម្បីនាំតំបន់អាស៊ានឱ្យឆ្ពោះទៅរកការរីកចម្រើន អំឡុងពេលធ្ចើជាប្រធានអាស៊ានរបស់ខ្លួន?

មុននេះយើងនិយាយគ្នាច្រើនអំពីបញ្ហាប្រឈមដែលកម្ពុជាត្រូវដោះស្រាយ ក៏ដូចជាបញ្ហារសើបនិងក្ដៅ ប៉ុន្តែមែនទែនទៅនៅក្នុងក្របខណ្ឌអាស៊ាន យើងមានវិស័យច្រើនដែលកម្ពុជាអាចជម្រុញ ជាពិសេសគឺជម្រុញក្នុងការកសាងសហគមន៍អាស៊ានរួមតែម្ដង។ ខ្ញុំសូមលើកយកវិស័យមួយចំនួនដែលកម្ពុជាអាចមានឱកាសច្រើនក្នុងការជម្រុញវិស័យទាំងអស់នោះ។

  • ទីមួយគឺ ពាក់ព័ន្ធទៅនឹងប្រព័ន្ធការតភ្ជាប់គ្នារវាងទីក្រុងនិងទីក្រុង តំបន់និងតំបន់ (Network of Innovative Village) មានន័យថានៅក្នុងរដ្ឋរបស់អាស៊ាននីមួយៗនេះ យើងមានការអភិវឌ្ឍន៍ទៅតាមទីក្រុងរៀងៗខ្លួន។ ដូចនេះក្នុងនាមកម្ពុជាជាប្រធានអាស៊ាន អាចជម្រុញធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍ពីទីក្រុងមួយទៅទីក្រុងមួយមានការតភ្ជាប់គ្នា។ អញ្ចឹង Network of Innovative Village នេះជាអាទិភាពមួយសំខាន់ដែរសម្រាប់កម្ពុជានៅឆ្នាំនេះ។
  • ទីពីរគឺ ការតភ្ជាប់ផ្នែកឌីជីថល។ យើងឃើញហើយថា នៅក្នុងបរិបទបច្ចុប្បន្ន ជាពិសេសគឺពេលដែលពិភពលោកជួបប្រទះការរីករាលដាលជំងឺកូវីដ-១៩នេះ បច្ចេកវិទ្យាឌីជីថលនេះជាឧបករណ៍មួយដ៏សំខាន់សម្រាប់ឱ្យអាស៊ានអភិវឌ្ឍនូវសកម្មភាពរបស់ខ្លួនជាបន្តបាន។ កម្ពុជាគួរតែជម្រុញបន្ថែមទៅលើការប្រែក្លាយតំបន់ឱ្យទៅជាតំបន់ឌីជីថលតែម្ដង ប៉ុន្តែពិតណាស់កិច្ចការទាំងអស់នេះត្រូវតែមានការចូលរួមពីដៃគូពាក់ព័ន្ធ មិនថាសមាជិកអាស៊ានទេគឺដៃគូសន្ទនា និងដៃគូផ្សេងៗរបស់អាស៊ានផងដែរ។
  • ទីបី កម្ពុជាគួរតែជម្រុញការកសាងសហគមន៍មួយដែលយកប្រជាជនជាស្នូល មានន័យថាយើងអាចផ្ដោតការយកចិត្តទុកដាក់ទៅលើយុវជន និងតួនាទីរបស់ស្រ្តី ពីព្រោះថាតួនាទីរបស់យុវជន និងស្រ្តីកាន់តែរំលេចខ្លាំងឡើងៗនៅក្នុងក្របខណ្ឌអាស៊ាន និងជាតិផងដែរ។ អញ្ចឹងទេការលើកកម្ពស់តួនាទីរបស់យុវជន និងស្រ្តីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមកសាងសហគមន៍អាស៊ាន។
  • ចុងក្រោយខ្ញុំអាចមើលឃើញថា យើងអាចជម្រុញបន្ថែមការកសាងរបៀងវប្បធម៌ និងការលើកកម្ពស់វិស័យទេសចរណ៍ ពីព្រោះថាប្រទេសទាំង១០ នៅតំបន់អាស៊ីអាគ្នេយ៍នេះមានវប្បធម៌ចំណាស់រៀងៗខ្លួននៅក្នុងតំបន់។ ការតភ្ជាប់របៀងវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ អាចជារបៀបវារៈសំខាន់មួយដែរសម្រាប់ប្រធានអាស៊ាន ធ្វើយ៉ាងណាឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានសមាហរណកម្មកាន់តែខ្លាំងឡើង។ នៅពេលដែលវប្បធម៌មានការលើកកម្ពស់ខ្លាំង វិស័យទេសចរណ៍ក៏យើងអាចពង្រឹងបានតាមរយៈការតភ្ជាប់របៀងវប្បធម៌នេះផងដែរ ហើយម្យ៉ាងដោយសារតែវិស័យទេសចរណ៍បានរងគ្រោះធ្ងន់ធ្ងរហើយ ដោយសារតែជំងឺកូវីដ-១៩ អញ្ចឹងក្នុងនាមជាប្រធានអាស៊ានធ្វើយ៉ាងណាជម្រុញឱ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញនៅក្នុងតំបន់។

វាគ្មិនកិត្តិយស៖ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ