Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម

AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈម

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសហការជាមួយមូលនិធិខុនរាដអាដិនណោអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia) បានប្រារព្ធពិធីសម្ភោធសៀវភៅដ៏សំខាន់មួយក្រោមចំណងជើង «ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម»។ សៀវភៅនេះត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្ដល់ជាអនុសាសន៍គោលនយោបាយ និងធាតុចូលមួយចំនួនអំពីអាទិភាព និងបញ្ហាប្រឈមដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គួរយកមកធ្វើការពិភាក្សាក្នុងកិច្ចប្រជុំពាក់ព័ន្ធនានារបស់អាស៊ាននៅឆ្នាំក្រោយ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ឆាយ បានសង្ខេបពីគុណតម្លៃស្នូលនៃសៀវភៅមួយក្បាលនេះ និងជាលើកឡើងអំពីអាទិភាព និងបញ្ហាប្រឈមនានាដែលបានចងក្រងនៅក្នុងសៀវភៅ ក៏ដូចជាទំនាក់ទំនងរវាងអាស៊ាន និងដៃគូខាងក្រៅផងដែរ។

សំណួរទី ១៖   ជាដំបូង តើអ្វីជាគុណតម្លៃស្នូលដែលបង្ហាញនៅក្នុងសៀវភៅនេះ?

ក្នុងឱកាសនេះផងដែរ ខ្ញុំសុំថ្លែងអំណរគុណដល់ក្រុមការងារបានចូលរួមក្នុងការបង្កើតសៀវភៅមួយនេះ ដែលជាគម្រោងសហប្រតិបត្តិការរវាងស្ថាប័នពីរគឺវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia)។ យើងបានធ្វើការជាមួយគ្នាទៅលើសៀវភៅមួយនេះ ដែលយើងគិតថាជាសៀវភៅគោលនយោបាយស្រាវជ្រាវមួយ ដែលសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ ហើយនេះគឺជាសៀវភៅទីមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសៀវភៅទីមួយដែរ ដែលយើងពិភាក្សាទៅលើកម្ពុជាដែលត្រូវជាប្រធានអាស៊ាននៅឆ្នាំ២០២២ ស្វែងរកនូវអាទិភាពនិងបញ្ហាប្រឈមមួយចំនួន ដែលអាចនឹងផ្ដោតសំខាន់ និងជួបប្រទះក្នុងនាមជាប្រធានអាស៊ាន។

គុណតម្លៃមួយចំនួន ដែលខ្ញុំចង់លើកឡើងនៅទីនេះ ទីមួយគឺ ជាសៀវភៅមួយដែលយើងស្រាវជ្រាវទៅលើថាតើកម្ពុជាអាចជួបនូវបញ្ហាប្រឈម និងកាលានុវត្តភាពអ្វីខ្លះដែលអាចកើតមានឡើងអំឡុងពេលនៃការធ្វើជាប្រធានអាស៊ានជាលើកទី៣ នេះនៅក្នុងឆ្នាំ២០២២។ ទីពីរគឺ យើងផ្ដល់នូវអនុសាសន៍គោលនយោបាយមួយចំនួនមិនត្រឹមតែចេញពីអ្នកសិក្សា បញ្ញាវន្តទាំងក្នុងតំបន់អាស៊ាន និងតំបន់អឺរ៉ុបផងដែរ ពីព្រោះក្នុងសៀវភៅនេះយើងមានការរួមបញ្ចូលគ្នាពីការដេញដោលមតិ ទៅលើគោលនយោបាយពាក់ព័ន្ធទៅនឹងប្រធានបទការកសាងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូសន្ទនាជាមួយមហាអំណាច និងមហាអំណាចកណ្ដាល ក៏ដូចជាការសិក្សាពីការសម្រេចបានពីអតីតកាល សម្រាប់ការត្រៀមខ្លួននៅឆ្នាំក្រោយ។ ហើយនេះ ក៏ជាគោលបំណងមួយរបស់មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរប្រចាំនៅកម្ពុជា ដែលចង់បង្កើតថ្នាលមួយដែលចង់ដេញដោលមតិទៅលើបញ្ហាគោលនយោបាយ ក៏ដូចជាការវិភាគវែកញែក និងផ្ដល់នូវអនុសាសន៍គោលនយោបាយដែលមានសារៈសំខាន់សម្រាប់កម្ពុជា និងអាស៊ានផងដែរ។

សំណួរទី ២៖  ក្នុងនាមជាប្រធានអាស៊ាន តើអាទិភាពអ្វីខ្លះដែលកម្ពុជាគួរឱ្យតម្លៃសម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ?

យើងឃើញថាបណ្ដាញបញ្ញាវន្តរបស់យើង បានពិភាក្សាច្រើនទៅលើថាតើយើងមានអាទិភាពអ្វីខ្លះ ដែលយើងនឹងយកមកពិភាក្សានៅក្នុងឆ្នាំក្រោយ។ អញ្ចឹងខ្ញុំគិតថា ទស្សនៈវិស័យរបស់ខ្ញុំអាចប្រហាក់ប្រហែលជាមួយអ្នកសិក្សាទៅលើវិស័យនេះដែរ ទីមួយក្នុងនាមជាប្រធានអាស៊ាន យើងគួរតែពិនិត្យក៏ដូចជាដឹកនាំកិច្ចប្រជុំដែលយើងពិភាក្សាទៅលើឯកសារសំខាន់ៗ ឯកសារការងារក៏ដូចជាយន្តការការងារបស់អាស៊ានដែលបានសម្រេចពីមុនមក ហើយយើងមើលឡើងវិញទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ពីព្រោះនេះ គឺជាគម្រោងមួយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាននៅក្នុងឆ្នាំ២០២៥ នេះ។ ហើយផែនការមួយចំនួនសំខាន់ៗ ដូចជា Mater Plan on Connectivity ឆ្នាំ២០២៥ ហើយយើងនឹងមើលទៅលើផែនការការងារទាក់ទងទៅការគំនិតផ្ដួចផ្ដើមរបស់អាស៊ាន សម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា IAI Work Plan IV (Initiative for ASEAN Integration Work Plan IV) ដែលនេះគឺជាឧទាហរណ៍មួយចំនួនសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ យើងនឹងជម្រុញនូវការអនុវត្តផែនការមួយចំនួនពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដោយសារតែបញ្ហានេះនៅតែជាបញ្ហាចម្បងមួយដែលយើងលើកយកពិភាក្សានៅក្នុងកិច្ចប្រជុំពីរខាងដើម ដែលមានវៀតណាម និងប៊្រុយណេជាប្រធានតាំងពីឆ្នាំ២០២០ និង២០២១ កន្លងទៅនេះ ដែលយើងបានសម្រេចនូវ COVID-19 ASEAN Respond Fund, Comprehensive Recovery Plan, Travel Corridor, ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលផ្សេងៗទាក់ទងទៅនឹងវិស័យសុខាភិបាល ដែលទាំងអស់គឺសម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាន ទាំងអស់នេះគឺជាគោលនយោបាយមួយសម្រាប់ការសម្របសម្រួលសហគមន៍អាស៊ាន។ ដូច្នេះហើយ យើងនឹងមើលទៅលើទិសដៅអនាគត ក៏ដូចជាផែនការការងារ និងការអនុវត្តផែនការសំខាន់ៗទាំងអស់នេះរបស់អាស៊ាន។

ចំណុចសំខាន់មួយទៀតនឹង គឺទាក់ទងទៅនឹងមជ្ឈភាពអាស៊ាន ក៏ដូចជាសាមគីភាពរបស់អាស៊ាន ដោយសារយើងស្ថិតនក្នុងបរិបទតានតឹងដែលមានការប្រកួតប្រជែងរវាងមហាអំណាច ក៏ដូចជាកិច្ចព្រមព្រៀងដែលទើបតែបង្កើតថ្មីៗមានដូចជានៅឥណ្ឌូប៉ាស៊ីហ្វិច ហើយតែងតែមានសំណួរធំៗទៅដល់អាស៊ាន ថាតើអាស៊ានពិតជាអាចរក្សាបាននូវមជ្ឈភាពរបស់ខ្លួនបានដែរឬទេនៅក្នុងតំបន់ ហើយតើអាស៊ាននៅតែដើរតួនាទីស្នូលដែរឬអត់នៅក្នុងការការពារសណ្ដាប់ធ្នាប់តំបន់របស់អាស៊ាន។ ដូច្នេះហើយ កាលពីខាងដើមនៅពេលដែលមានយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិច យើងបានឯកភាពគ្នាសម្រេចបាននូវ ASEAN Outlook on Indo-Pacific ហើយនៅពេលដែលមាន AUKUS អាស៊ានហាក់បីដូចជាមិនទាន់មាននូវសម្លេងរួមមួយក្នុងការឆ្លើយតបទៅនឹងការលិចឡើងរបស់ AUKUS នោះទេដែលមានប្រទេសអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ដូច្នេះហើយ បញ្ហាមជ្ឈភាព និងសាមគីភាពរបស់អាស៊ាននៅតែសំខាន់សម្រាប់សហគមន៍អាស៊ាន។

មួយទៀតទាក់ទងទៅនឹងសង្គមវប្បធម៌ ដែលការផ្សព្វផ្សាយក៏ដូចជាការជម្រុញនូវភាពសុខដុមនៅក្នុងសង្គមអាស៊ាន ហើយយើងគួរតែធ្វើការច្រើនទៅលើ People-to-People Connectivity សម្រាប់ផលប្រយោជន៍របស់អាស៊ាន។ ហើយមានបញ្ហាផ្សេងៗទៀតដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន ដែលជាពិសេសយើងឃើញថាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCEP (Regional Comprehensive Economic Partnership) ទើបតែបានបញ្ចប់ការពិភាក្សា ហើយនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២២ ហើយវាជាសារៈសំខាន់សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានមួយដែរ។

សំណួរទី ៣៖  យើងដឹងហើយថា កម្ពុជានឹងត្រូវបំពេញតួនាទីជាប្រធានអាស៊ានពេញសិទ្ធគិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ។ តើកម្ពុជាអាចប្រឈមមុខនឹងបញ្ហាអ្វីខ្លះអំឡុងពេលនៃការបំពេញតួនាទីជាប្រធានអាស៊ាន? តើកម្ពុជាគួរត្រៀបខ្លួនយ៉ាងណា ដើម្បីជម្នះបញ្ហាប្រឈមទាំងនោះ?

នៅក្នុងសៀវភៅដែលយើងបានបោះពុម្ភផ្សាយកាលពីសប្ដាហ៍មុននេះ គឺយើងបានលើកឡើងនូវបញ្ហាប្រឈមធំចំនួន៣។

ទីមួយគឺ បញ្ហានៃវិបត្តិកូវីដ-១៩ ដែលជាវិបត្តិមិនដែលធ្លាប់មានពីមុនមក វាជះឥទ្ធិពលខ្លាំងទៅលើតំបន់ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងអាស៊ីអាគ្នេយ៍បានពន្លឿនដំណើរការចាក់វ៉ាក់សាំងយ៉ាងណាក៏ដោយ យើងនៅតែបន្តពិភាក្សាជាពិសេសទៅលើផែនការស្ដារឡើងវិញសេដ្ឋកិច្ចសង្គមអាស៊ាន បន្ទាប់ពីយើងទទួលរងនូវផលប៉ះពាល់ពីបញ្ហាកូវីដអស់រយៈពេលពីរឆ្នាំមកនេះ ហើយនឹងការបើកព្រំដែនឡើងវិញ។ អញ្ចឹងហើយកម្ពុជាត្រូវពិភាក្សាទៅលើបញ្ហាទាំងអស់នេះ និងអនុវត្តយ៉ាងណាឱ្យបានពេញលេញចំពោះការស្ដារសេដ្ឋកិច្ចអាស៊ាន។

ទីពីរគឺ បញ្ហាវិបត្តិនយោបាយនៅក្នុងមីយ៉ាន់ម៉ា។ កម្ពុជាមិនត្រឹមតែមានតួនាទីជាប្រធានប៉ុណ្ណោះទេ តែយើងនឹងមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយភាគីមីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកដំណោះស្រាយរួមមួយដែលប្រកបដោយសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់អាស៊ាន។ បញ្ហានេះមានលក្ខណៈស្មុគស្មាញ និងជាបញ្ហាក្ដៅមួយដែលយើងតែងតែលើកយកមកនិយាយនៅក្នុងកិច្ចប្រជុំអាស៊ាន។

ទីបីគឺ នៅពេលដែលស្ថានភាពនៃការប្រកួតប្រជែងមហាអំណាច នោះអាស៊ាននឹងស្ថិតក្នុងស្ថានភាពមួយដែលត្រូវគេបង្ខំឱ្យជ្រើសរើសរវាង ប្លុកចិននិងអាមេរិក ដោយសារតែតំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសំខាន់សម្រាប់ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ដែលយើងមានតាំងពីយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន ក៏ដូចជា AUKUS។ ដោយការប្រកួតប្រជែងទាំងអស់នេះហើយ យើងមើលឃើញថាយើងនឹងផ្ដល់សំណួរខ្លាំងទៅលើសាមគីភាព និងមជ្ឈភាពរបស់អាស៊ាន ពីព្រោះបើតាមផលប្រយោជន៍ជាតិនីមួយៗ គឺខុសគ្នានៅសម្រាប់សមាជិកអាស៊ាន ដូច្នេះហើយវាជាបញ្ហាប្រឈមមួយដែលយើងត្រូវដំណើរការស្វែងរកសម្លេងរួមមួយរបស់អាស៊ាន។

ក្រៅតែពីបញ្ហាធំៗទាំងបី ដែលខ្ញុំបានលើកឡើងខាងលើនេះ ក៏យើងអាចមើលឃើញអំពីបញ្ហាសន្តិសុខមិនមែនប្រពៃណីមានដូចជាការបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ អន្តោប្រវេសន៍ និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលកើតមានឡើងក្នុងតំបន់អាស៊ាន។ ជាធម្មតានៅពេលដែលមានបញ្ហាប្រឈម វាតែងតែមានកាលានុវត្តភាពដើរទន្ទឹមគ្នា។ ហើយយើងអាចមើលឃើញអំពីកាលានុវត្តភាពមួយចំនួនសម្រាប់កម្ពុជាផងដែរ នៅពេលដែលយើងធ្វើជាប្រធានអាស៊ានបង្ហាញឱ្យឃើញថា ទៅដល់សហគមន៍អន្តរជាតិក៏ដូចជាអាស៊ានតែម្ដង ថាកម្ពុជាគឺជាសមាជិកមួយដែលយើងខិតខំប្រឹងប្រែងខ្លាំងក្នុងការធ្វើជារដ្ឋសមាជិកដែលទទួលខុសត្រូវខ្ពស់ចំពោះការកសាងសហគមន៍អាស៊ាន។ មិនត្រឹមតែបណ្ណោះទេ វាក៏អាចផ្ដល់ជាឱកាសមួយសម្រាប់យើង ក្នុងការបង្ហាញស្នាដៃក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន និងបន្តជម្រុញគុណតម្លៃស្នូលនៃគោលនយោបាយការបរទេសយើង។ ជាពិសេស អាស៊ានអាចជាថ្នាលមួយនៅពេលដែលយើងដឹកនាំកិច្ចប្រជុំ ក្នុងការពង្រឹងឡើងវិញនូវប្រព័ន្ធពហុភាគីនិយម ជាក់ស្ដែងដូចយើងទើបតែបញ្ចប់កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ ដែលផ្ដោតសំខាន់ទៅពហុភាគីនិយមនេះឯង ក៏ដូចជាការពង្រឹងឡើងវិញនូវ Rule-based International Order។ វាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការជម្រុញ និងផ្សព្វផ្សាយនូវការទូតសេដ្ឋកិច្ចរបស់កម្ពុជាដែលយើងទើបតែដាក់ចេញកាលពីឆ្នាំមុននេះ សំដៅជម្រុញកិច្ចសហប្រតិបត្តិការទៅលើសេដ្ឋកិច្ច និងពាណិជ្ជកម្មសេរីរវាងប្រទេសអាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ានផងដែរ។

សំណួរទី ៤៖   យើងឃើញថាសៀវភៅនេះមានរហូតទៅដល់១៦ជំពូក ហើយនៅក្នុងនោះខ្ញុំបានសង្កេតឃើញមានពីរចំណុចដែលផ្ដោតទៅលើការកសាងសហគមន៍អាស៊ាន និងដៃគូខាងក្រៅរបស់អាស៊ាន។ ហេតុអ្វីបានជាចំណុចទាំងពីរខាងលើនេះមានសារៈសំខាន់យ៉ាងណាដែលត្រូវយកមកផ្ដោតសំខាន់ក្នុងសៀវភៅនេះ?

ទីមួយយើងផ្ដោតសំខាន់ទៅលើ ការកសាងសហគមន៍អាស៊ាន ទីពីរទៅលើទំនាក់ទំនងខាងក្រៅរបស់អាស៊ានដែលជាផ្នែកទីមួយ និងផ្នែកទីពីរនៅក្នុងសៀវភៅ។ ផ្នែកទីមួយ នៅពេលដែលយើងនិយាយអំពីការកសាងសហគមន៍អាស៊ាននឹង យើងព្យាយាមទាញយកនូវការរួមបញ្ចូលនៃទស្សនៈវិស័យរបស់បញ្ញាវន្តពីតំបន់អាស៊ានក៏ដូចជាពីតំបន់ខាងក្រៅ ពីព្រោះការផ្លាស់ប្ដូរទស្សនៈវិស័យនេះ ធ្វើឱ្យយើងអាចវិភាគទៅលើដំណើរការនៃការកសាងសហគមន៍អាស៊ានឱ្យបានកាន់តែស៊ីជម្រៅ យើងបានពិនិត្យទៅមើលអតីតកាលថាតើបានដើរមកដល់ដំណាក់កាលមួយណា ហើយតើយើងបានសម្រេចអ្វីបានខ្លះនៅក្នុងពេលដែលវៀតណាមនិងប៊្រុយណេធ្វើជាប្រធានអាស៊ានតាំងពីឆ្នាំ២០២០ និងឆ្នាំ២០២១។ អញ្ចឹងវាបង្កើតនូវមូលដ្ឋានគ្រិះមួយសម្រាប់កម្ពុជាផងដែរ ថាតើយើងគួរដឹកនាំអាស៊ានទៅទិសដៅណាមួយដែលសមស្របសម្រាប់ការកសាងសហគមន៍អាស៊ានមួយផងដែរ។ ក្រៅតែពីទស្សនៈវិស័យពីប្រទេសប៊្រុយណេ និងវៀតណាម យើងទាញយកទស្សនៈវិស័យពីសហគមន៍អឺរ៉ុប ថាតើទស្សនៈវិស័យពីខាងក្រៅនឹងជះឥទ្ធិពលយ៉ាងណា ក៏ដូចជាផ្ដល់អនុសាសន៍គោលនយោបាយសម្រាប់សហគមន៍អាស៊ាននឹងមានសារៈសំខាន់យ៉ាងណា។

ផ្នែកទីពីរ យើងបានលើកឡើងអំពីទំនាក់ទំនងរវាងអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន ជាពិសេសយើងផ្ដោតសំខាន់ទៅលើមហាអំណាចដូចជា ទំនាក់ទំនងរវាងអាស៊ាន-ចិន អាស៊ាន-សហរដ្ឋអាមេរិក អាស៊ាន-ជប៉ុន និងអាស៊ាន-សហភាពអឺរ៉ុប។ ដូច្នេះហើយ យើងឃើញថាតើទំនាក់ទំនងខាងក្រៅរបស់អាស៊ានហ្នឹងអាចមើលពីបញ្ហាមួយចំនួនដែលកើតមានឡើងពីអតីតកាល និងគោលដៅអនាគតដែលយើងគួរពង្រឹងកាន់តែស៊ីជម្រៅជាងមុន។ ខ្ញុំលើកឧទាហរណ៍ដែលអ្នកនិពន្វយើងបានលើកឡើងនៅក្នុងជំពូកមួយដែលនិយាយអំពីកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងសហគមន៍អ៊ឺរ៉ុបដែលយើងទើបតែដំឡើងពីដៃគូសន្ទនាមកជាដៃគូយុទ្ធសាស្រ្ត ហើយសហគមន៍អ៊ឺរ៉ុបនឹងដើរតួនាទីសំខាន់ក្នុងការជម្រុញសមាហរណកម្មរបស់អាស៊ានក្នុងតំបន់ និងការគាំទ្រដល់ការពង្រឹងពហុភាគីនិយម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការសម្របសម្រួលដល់វិស័យសន្តិសុខអាស៊ាននៅពេលដែលយើងកំពុងជួបប្រទះនូវភាពតានតឹងការប្រកួតប្រជែងយុទ្ធសាស្រ្តរបស់មហាអំណាច។ ដូច្នេះ វាសំខាន់សម្រាប់អាស៊ានដែលមិនត្រឹមតែយើងពង្រឹងសាមគីភាពនៅក្នុងប្រទេសជាសមាជិករបស់យើងផ្ទាល់នោះទេ តែយើងក៏បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងដៃគូខាងក្រៅផងដែរ។

វាគ្មិន៖   លោក លឹម ឆាយ មន្រ្តីកម្មវិធីនៃមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia)

អ្នកសម្របសម្រួល និងរៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

115 Responses
  1. AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម – Asian Vision institute

    https://loi.pub/273

  2. Kol3ktor

    AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម – Asian Vision institute

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031