Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)

សំនួរទី១៖ តើអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សជាអ្នកណា? តើគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ? បើគិតមកដល់បច្ចុប្បន្ន តើកម្ពុជាធ្លាប់មានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប៉ុន្មាននាក់ហើយ?

យន្តការ​សិទ្ធិមនុស្សមានច្រើនប្រភេទ និងច្រើនទម្រង់។ ឧទាហរណ៍មួយនៃយន្តការសិទ្ធិមនុស្ស គឺនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជាធម្មតាយើងតែងតែបានលឺគេហៅថា «អ្នករាយការណ៍ពិសេស»។ សូមបញ្ជាក់ថា នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចជា អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារ ឬ Working Group (ដែលមានចំនួនសមាជិក ០៥រូប)។ នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន ០២ប្រភេទគឺ៖ ទី១ គឺនីតិវិធីពិសេសដែលទទួលបន្ទុកប្រទេសជាក់លាក់ (Country-Specific Mandate-Holders) ដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស និង ទី២ គឺនីតិវិធីពិសេសទទួលបន្ទុកប្រធានបទ ដែលមានដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិជនពិការ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពសាសនា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខំឯកតោភាគី។

បើយើងគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអ្នកកាន់អាណត្តិពិសេសតាមប្រធានបទចំនួន៤៤ និងអ្នកកាន់អាណត្តិនីតិវិធីប្រទេសជាក់លាក់ចំនួន១១។ អ្នករាយការណ៍ពិសេសបំពេញការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន។ ពួកគាត់មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទេ មានន័យថាពួកគាត់មិនមានការិយាល័យនៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឡើយ។ រីឯទស្សនៈរបស់ពួកគាត់ គឺជាទស្សនៈផ្ទាល់ខ្លួនដែលមិនតំណាងឲ្យទស្សនៈរបស់អង្គការសហប្រជាជាតិឡើយ។ សូមជម្រាបជូនថា ប្រព័ន្ធនីតិវិធីពិសេសមិនមែនជានីតិវិធីតុលាការទេ ដែលមានន័យថា ពួកគាត់មិនមានអំណាចបង្ខំឲ្យរដ្ឋនីមួយៗអនុវត្តតាមទស្សនៈ និងអនុសាសន៍របស់ខ្លួនទេ ហើយតួនាទីរបស់អ្នករាយការណ៍ពិសេសមានចំនួនច្រើន ដូចជាគាត់ត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសដែលខ្លួនទទួលបន្ទុក និងរាយការណ៍ជាប្រចាំដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ពួកគាត់ត្រូវចុះទៅប្រមូលព័ត៌មាន និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។ ពួកគាត់ផ្ដល់យោបល់ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេស ហើយពេលខ្លះក៏គាត់អាចធ្វើលិខិតស្នើសុំបំភ្លឺពីរដ្ឋ នៅពេលដែលបានទទួលព័ត៌មានស្ដីពីការចោទប្រកាន់ស្ដីពីសិទ្ធិមនុស្ស។

សូមឆ្លៀតឱកាសនេះ គូសបញ្ជាក់បន្តិចអំពីការប្រមូលព័ត៌មាន និងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ដែលនេះគឺជាចំណុចសំខាន់ដែលអ្នករាយការណ៍ពិសេសត្រូវយកចិត្តទុកដាក់ថា តើគាត់ត្រូវប្រមូលព័ត៌មានពីអ្នកណាខ្លះ? ហើយគាត់ត្រូវតែធានាថាការប្រមូលព័ត៌មាន និងការវាយតម្លៃរបស់គាត់ត្រូវប្រកបដោយភាពសត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុងនោះទេ។ ដើម្បីធានាប្រសិទ្ធភាព និង
ឯករាជ្យភាពរបស់នីតិវិធីពិសេស ក្រុមប្រឹក្សាសិទ្ធិមនុស្សបានអនុម័តនូវឯកសារចំនួន ០២សំខាន់ៗ៖
«ក្រមប្រតិបត្តិ»
ដែលបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឆ្នាំ២០០៧ និង «សៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលបានអនុម័តក្នុងឆ្នាំ២០០៨។ សម្រាប់កម្ពុជា បើគិតពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ននេះ កម្ពុជាបានទទួលយកអ្នករាយការណ៍ប្រចាំកម្ពុជាចំនួន ០៧រូបរួចមកហើយ។

សំនួរទី២៖ មានមតិមួយចំនួនតូចបានលើកឡើងថា កម្ពុជាពុំបានសហការជាមួយនឹងអ្នករាយការណ៍ពិសេស និងពុំបានទទួលយកនូវអនុសាសន៍របស់អ្នករាយការណ៍ពិសេសនោះទេ។ ពាក់ព័ន្ធនឹងមតិនេះ តើឯកឧត្តម មានការយល់ឃើញយ៉ាងដូចម្តេចដែរ?

ការចោទប្រកាន់ថា កម្ពុជាមិនសហការជាមួយអ្នករាយការណ៍ពិសេស គឺជាទស្សនៈចង្អៀតចង្អល់ និងគ្មានមូលដ្ឋាន។ អាណត្តិរបស់អ្នករាយការណ៍ពិសេសប្រចាំកម្ពុជា ត្រូវបានសម្រេច និងបន្តតាមរយៈសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលអនុម័តដោយកុងសង់ស៊ីស ហើយរាល់សំណើទស្សនកិច្ចមកកម្ពុជា តែងទទួលបាននូវការយល់ព្រមពីរាជរដ្ឋាពិបាលកម្ពុជាជានិច្ច។ ឧទាហរណ៍ ក្នុងអាណត្តិរយៈពេល០៦ឆ្នាំរបស់លោកស្រី Rhona Smith លោកស្រីបានធ្វើទស្សនកិច្ចមកកម្ពុជាចំនួន ០៨ដង ហើយនៅរាល់ទស្សនកិច្ចទាំងនោះ លោកស្រីតែងតែជួបពិភាក្សាជាមួយឥស្សរជនជាន់ខ្ពស់របស់
កម្ពុជា ហើយក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តជួបពិភាក្សាជាមួយលោកស្រីនៅពាក់កណ្តាលឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ ម៉្យាងវិញទៀត រាល់លិខិត និងសេចក្ដី
ថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសតែងទទួលបាននូវការឆ្លើយតប និងការបកស្រាយបំភ្លឺពី
រាជរដ្ឋាភិបាលកម្ពុជា គ្រប់ពេលវេលា។ ជាក់ស្ដែង លោកស្រី Rhona Smith (ខ្លួនឯងផ្ទាល់) ក៏បានទទួលស្គាល់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ជូនលោកស្រីនៅក្នុងរយៈពេល ០៦ឆ្នាំកន្លងមកនេះ។

ខុសពីកម្ពុជា អាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេសមួយចំនួន ត្រូវបានអនុម័តតាមរយៈការបោះឆ្នោត (មិនមែនតាមកុងសង់ស៊ីសដូចកម្ពុជានោះទេ) ហើយប្រទេសសាមីខ្លះបានប្រកាសបដិសេធមិនទទួលយកសេចក្ដីសម្រេចចិត្តនោះ ហើយប្រទេសខ្លះទៀតក៏ពុំបានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទាំងនោះដែរ។ ម៉្យាងវិញទៀត ការចោទប្រកាន់ថា កម្ពុជាមិនទទួលយក
អនុសាសន៍របស់អ្នករាយការណ៍ពិសេស គឺជាទស្សនៈមើលតែមួយជ្រុង និងមានស្ដង់ដារពីរ​។ សូមរំលឹកថាប្រព័ន្ធនីតិវិធីពិសេស ពុំមែនជានីតិវិធីតុលាការនោះទេ ដែលមានន័យថា អ្នករាយការណ៍ពិសេសមិនមានអំណាចឲ្យរដ្ឋមួយអនុវត្តតាមទស្សនៈរបស់គាត់ទេ។ មានឧទាហរណ៍ជាច្រើនបង្ហាញថា ប្រទេសលោកខាងលិចរួមទាំងសមាជិកសហភាពអឺរ៉ុបជាច្រើនដែលបានបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេស កាលពីឆ្នាំ២០២០។ ប្រទេសមួយដែលត្រូវបានគេលើកឡើងថាជាជើងឯកខាងសិទ្ធិមនុស្សបានបដិសេធរបាយការណ៍អ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងការរលូតកូន នៅក្នុងបណ្ដារដ្ឋមួយចំនួនរបស់ប្រទេសនោះ និងប្រទេសមួយនៅអឺរ៉ុបក៏បានបដិសេធរបាយការរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍។ រីឯសមាជិកសហភាពអឺរ៉ុបមួយ និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក៏បានច្រានចោលនូវរបាយការណ៍របស់អ្នករាយការណ៍ពិសេស ពាក់ព័ន្ធនឹងច្បាប់សន្តិសុខកាលពីឆ្នា២០២១នេះ។ ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិកមួយ ដែលតែងតែរិះគន់កម្ពុជាដែរនោះ ក៏បានបដិសេធនូវរបាយការណ៍របស់អ្នករាយការណ៍ពិសេស លើការបំពានសន្ធិសញ្ញាប្រឆាំងទៅនឹងទារុណកម្មនៅឆ្នាំ២០១៥ ដូចគ្នាផងដែរ។

សំនួរទី៣៖ កាលពីខែមីនា កន្លងទៅ ទើបតែមានការតែងតាំងអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកសិទ្ធិ មនុស្សនៅកម្ពុជា បន្ទាប់ពីអាណត្តិរបស់អ្នកស្រី Rhona Smith ត្រូវបានបញ្ចប់។ តើកម្ពុជាមានការរំពឹងអ្វីខ្លះពីអ្នករាយការណ៍ពិសេសថ្មីនេះ?

បន្ទាប់ពីក្រុមប្រឹក្សាសិទ្ធិមនុស្សបានតែងតាំងលោកសាស្រ្តាចារ្យ Vitit Muntarbhorn កម្ពុជាបានឡើងថ្លែងក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីផ្ដល់នូវកិច្ចសហប្រតិបត្តិការជាមួយអ្នករាយការណ៍ពិសេសថ្មី។ នេះបង្ហាញអំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើការជាមួយនឹងប្រព័ន្ធនីតិវិធីពិសេស ដូចដែលយើងបានដឹងហើយថា កិច្ចសហប្រិតបត្តិការគឺជាដំណើរការទៅវិញទៅមក។ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់កិច្ចសហប្រិតបត្តិការដល់អ្នករាយការណ៍ពិសេស ដូច្នេះអ្នករាយការណ៍ពិសេសក៏ត្រូវបំពេញនូវតួនាទីរបស់ខ្លួនប្រកបដោយសត្យានុម័ត មិនលំអៀង និងមិនជ្រើសរើសតែមួយជ្រុង ព្រមទាំងបំពេញភារកិច្ចប្រកបដោយគោរពនូវក្រមប្រតិបត្តិ ក៏ដូចជាសៀវភៅណែនាំប្រតិបត្តិនីតិវិធីពិសេសដូចគ្នា។ កម្ពុជាសង្ឃឹមថា អ្នករាយការណ៍ពិសេសថ្មី នឹងផ្ដោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងជំនួយកសាងសមត្ថភាព ដើម្បីដោះស្រាយបញ្ហាប្រឈម ជាជាងមើលតែអាការៈខាងក្រៅ។ ក្នុងន័យនេះ តួនាទីរបស់រដ្ឋក្នុងនាមជាអ្នកអនុវត្តកាតព្វកិច្ចគួរតែត្រូវបានការគោរព ក្នុងដំណើរការនេះ។

សំនួរទី៤៖ នាងខ្ញុំ មានចម្ងល់មួយដែលចង់ឲ្យ ឯកឧត្តម ជួយធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងជំហរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។ ដោយយើងសង្កេតឃើញថា អ្នករាយការណ៍ពិសេសភាគច្រើន គឺហាក់ដូចជាមានគោលជំហតែមួយ គឺចូលចិត្តទិះតៀនអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាតែម្តង បើទោះបីជាកម្ពុជាខិតខំប្រឹងប្រែងលើកកម្ពស់តម្លៃសិទ្ធិមនុស្សយ៉ាងណាក៏ដោយ។ ជាក់ស្តែងដូចជា ការរិះគន់លើគោលនយោបាយមួយចំនួននៅក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ១៩នេះ ជាដើម។ តើពួកគាត់ជាបុគ្គលឯករាជ្យមួយ ឬក៏មានស្ថិតនៅក្រោមការគ្រប់គ្រងរបស់នរណាម្នាក់ / ស្ថាប័នណាមួយដែរទេ?

តាមទ្រឹស្ដី និងគោលការណ៍អ្នករាយការណ៍ពិសេស ត្រូវតែជាមនុស្សឯករាជ្យ។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែង អ្នករាយការណ៍ពិសេសនីមួយៗតែងតែមានវិធីសាស្រ្តរៀងៗខ្លួន។ ជាការកត់សម្គាល់នៅពេលដែលខ្ញុំបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស សមាជិកអង្គការសហប្រជាជាតិជាច្រើនតែងតែគូសបញ្ជាក់ពីតម្រូវការឲ្យអ្នករាយការណ៍ពិសេស កែតម្រូវរបៀបរបបក្នុងការធ្វើការងាររបស់ពួកគាត់ ដោយប្រទេសខ្លះបានទាមទារឲ្យអ្នករាយការណ៍ពិសេសបំពេញការងារដោយសត្យានុម័ត អព្យាក្រឹត្យ មិនជ្រើសរើសតែមួយជ្រុង និងមិនធ្វើនយោបាយូបនីយកម្ម។ ឯប្រទេសផ្សេងទៀត ក៏បានទាមទារឲ្យអ្នករាយការណ៍ពិសេសអនុវត្តអាណត្តិការងាររបស់ខ្លួន ឲ្យស្របទៅតាមក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិសម្រាប់អ្នករាយការណ៍ពិសេស។ សូមបញ្ជាក់ចំណុចនេះបន្តិចថា ឯកសារទាំង០២នេះ មានចំណុចសំខាន់ចំនួន០២៖ ចំណុចទី១ គឺការប្រមូលព័ត៌មាន ដែលអ្នករាយការណ៍ពិសេសត្រូវតែប្រមូលព័ត៌មាន ចេញពីប្រភពដែលអាចទុកចិត្តបាន និងត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានត្រឹមត្រូវ និងចំណុចទី០២ គឺត្រូវតែគោរពតាមច្បាប់ជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ សម្រាប់កម្ពុជា កម្ពុជាតែងតែបើកចំហនូវកិច្ចសន្ទនា និងផ្ដល់ការបំភ្លឺគ្រប់ពេល។ អ្នកអនុវត្តផ្តាល់ខុសពីអ្នកចាំថា ដោយអ្នកចាំថាអាចសូត្រតាមទ្រឹស្ដី និងគិតថាធ្វើបែបនេះទើបត្រូវ ធ្វើបែបនោះទើបត្រូវ ក៏ប៉ុន្តែអ្នកអនុវត្តផ្ទាល់ត្រូវពិចារណាលើកត្តាជាច្រើនដូចជាបរិបទ ធនធាន កាលៈទេសៈ ទិដ្ឋភាពសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ​ និងសុខភាព
សាធារណៈ។ល។ កម្ពុជាពុំហាមឃាត់ការទិះតៀននោះទេ អ្វីដែលកម្ពុជាចង់បានគឺយុត្តិធម៌ សត្យានុម័ត តុល្យភាព ភាពគ្រប់ជ្រុងជ្រោយ និងការថ្លឹងថ្លែងសមិទ្ធផល និងការប្រឈម ដោយពិនិត្យមើលលើ
បរិបទធនធាន និងកាលៈទេសៈនៅកម្ពុជា។ អ្នករាយការណ៍ពិសេសត្រូវជៀសវាងស្ដង់ដារពីរ និងការធ្វើ
នយោបាយូបនីយកម្ម ដែលងាកចេញពីគន្លងវិធីសាស្រ្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

វាគ្មិន៖ ឯកឧត្តម អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការ
សហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំឯកសារ៖ លោក ទន់ លីណាសុផាឬទ្ធិ