Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី

វាគ្មិន៖ លោក ថុង ម៉េងដេវិត អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គស្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក ថុង ម៉េងដេវិត

ជុំវិញការប្រកួតប្រជែង និងវេទិកាពន្លះគ្នារវាងអាមេរិក និងចិន លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងវិភាគដោយលើកឡើងពីទ្រឹស្តី Thucydides’ Trap ពាក់ព័ន្ធនឹងការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់. និងសុភាសិតរបស់ខ្មែរមួយដែលពោលថា ដំរីឈ្លោះគ្នា ជាន់ស្លាប់តែស្រមោច។ លោកក៏បានគូសបញ្ជាក់ពីវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី (QUAD) រវាង សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងជប៉ុន គឺជាកិច្ចសន្ទនាមិនផ្លូវការមួយ ដែលបានបង្កើតឡើងសម្រាប់ប្រឆាំងនឹងការរីកធំធាត់នៃឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលប្រទេសទាំងបួននេះបានរួបរួមគ្នាទប់ស្តាត់ឥទ្ធិពលចិន តាមរយៈការធ្វើសមយុទ្ធរួមគ្នា ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាក្នុងការតតាំងមតិប្រឆាំងនឹងចិន។ លោកបានបង្ហាញពីមតិរបស់ខ្លួនថា រដ្ឋតូចៗ ក៏ដូចជាកម្ពុជា ដែរ គួរគម្បីរក្សាជំហអព្យាក្រឹត និងសាមគ្គីភាព ដោយយោងទៅតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព​របស់អាស៊ាន និងគួររក្សារជំហស្ងប់ស្ងាត់ និងមិនត្រូវប្រើប្រាស់ពាក្យសំដីធ្ងន់ៗ ដែលធ្វើឲ្យបានប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋនោះ ជាមួយនឹងអាមេរិក ឬចិន នោះឡើយ។ 

១. តើអ្វីទៅជាកិច្ចសន្ទនាសន្តិសុខចតុភាគី? ហើយវេទិកានេះបង្កើតឡើងក្នុងគោលបំណងអ្វី?​

វាគ្មិន៖ មុននឹងឈានដល់ការឆ្លើយសំនួរ ខ្ញុំសូមលើកឡើងអំពីទ្រឹស្តីមួយរបស់លោក Graham Allison  ដែលមានឈ្មោះថា អន្ទាក់របស់ធូស៊ីឌី ឬហៅថា Thucydides’ Trap ដែលពន្យល់អំពីការងើបឡើងរបស់មហាអំណាចថ្មីមួយ ដែលនឹងងើបមកប្រឆាំងនឹងមហាអំណាចចាស់.។ លោកបានលើកឡើងពីសង្រ្គាមរវាងទីក្រុងអាតែន ដែលជាមហាអំណាចចាស់ និងស្ពាតាន់ ដែលជាមហាអំណាចថ្មី ដែលបានធ្វើសង្ត្រាមជាមួយគ្នាក្នុងការគ្របគ្រងដែនដីក្រិចបុរាណ។ លោកបានធ្វើការសន្និដ្ឋានថាមហាអំណាចទាំងពីរ នឹងមានសង្រ្គាមជាមួយគ្នា។ ចំពោះវេទិកាកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា QUAD នេះបានចាប់ផ្តើមកិច្ចព្រមព្រៀងជាថ្មីឡើងវិញ ដោយលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាមក្នុងឆ្នាំ២០១៧ ដែលកិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងក្របខណ្ឌយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងគោលបំណងបង្កើតឲ្យមានការធ្វើនាវាចរណ៍ដោយសេរី និងបើកចំហ ចំពោះប្រទេសទាំងអស់ក្នុងតំបន់។ កិច្ចព្រមព្រៀងចតុភាគីនេះធ្វើឡើងដោយក្រុមប្រទេសធំៗចំនួន ៤គឺ សហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌា និងជប៉ុន។ ជាការពិតណាស់សហរដ្ឋអាមេរិកតែងតែចាត់ទុកចិនជា សត្រូវយុទ្ធសាស្រ្ត នៅក្នុងរបាយការណ៍សន្តិសុខជាតិរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧មក​ ដែលការងើបឡើងពង្រីកឥទ្ធិពលរបស់ចិន ដោយប្រើប្រាស់ឧបករណ៍ការទូតសេដ្ឋកិច្ច និងជំនួយវ៉ាក់សាំងក្នុងការកៀរគរការគាំទ្រក្នុងឆាកអន្តរជាតិឲ្យគាំទ្រគោលនយាបាយរបស់ខ្លួន ក៏ដូចជាការធ្វើទំនើបកម្មយោធា ការដាក់ពង្រាយកងទ័ព និងកសាងមូលដ្ឋានទ័ពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលអាមេរិកយល់ឃើញថា ទង្វើរបស់ចិនបានធ្វើឲ្យប៉ះទង្គិចដល់សណ្តាប់ធ្នាប់សកល និងតំបន់ ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ ក៏ដូចជាប៉ះពាល់ដល់និរន្តរភាព និងឧត្តមភាពរបស់ខ្លួន ដោយបង្កឲ្យមានភាពភ័យខ្លាចពីបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ី-បាស៊ីហ្វិកនេះ។ ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងចតុភាគីនេះនឹងនៅតែបន្ត និងរឹតតែមានសក្តានុពល និង​រឹងមាំបន្ថែមទៀតក្នុងរដ្ឋបាលលោក ចូ បៃឌិន។ វេទិកាចតុភាគី ឬ QUAD គឺជាកិច្ចសន្ទនាមិនផ្លូវការមួយ ដែលបានបង្កើតឡើងសម្រាប់ប្រឆាំងនឹងការរីកធំធាត់នៃឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដែលប្រទេសទាំងបួននេះបានរួបរួមគ្នាទប់ស្តាត់ឥទ្ធិពលចិន តាមរយៈការធ្វើសមយុទ្ធរួមគ្នា ការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាក្នុងការតតាំងមតិប្រឆាំងនឹងចិន តាមរយៈយន្តការច្បាប់អន្តរជាតិនានា។ 

២.មកទល់នឹងពេលនេះ តើវេទិកាសន្ទនាមួយនេះ ក៏ដូចជាភាគីទាំងបួនមានគោលនយោបាយផ្នែកសន្តិសុខអ្វីខ្លះហើយ?

វាគ្មិន៖ គោលនយោបាយរួមរបស់បណ្តាប្រទេស QUAD គឺរួមគ្នាប្រឆាំងនឹងចិន តាមគ្រប់រូបភាពទាំងក្នុងផ្លូវនយោបាយ សេដ្ឋកិច្ច​ និងយោធា ដែលស្ថិតក្នុងរូបភាពទះតុបង្អើរពស់ ដែលតាមរយៈរូបភាពនេះបានធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវសន្តិសុខ និងភូមិសាស្រ្តនយោបាយបានចាត់ទុកថា ទំនាក់ទំនងអាមេរិក និងចិន កំពុងស្ថិតនៅក្នុងការវិវឌ្ឍទៅកាន់សង្រ្គាមត្រជាក់ថ្មី នៅក្នុងសតវត្សទី២១ នេះ។ ចំពោះគោលការណ៍សន្តិសុខផ្ទាល់ខ្លួនវិញ ខ្ញុំសូមលើកឡើងត្រួសៗ ដូចតទៅ៖

ទី១ សហរដ្ឋអាមេរិក តែងតែចាត់ទុកចិន ជាគូសត្រូវយុទ្ធសាស្រ្តដែលនឹងធ្វើឲ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំសណ្តាប់ធ្នាប់ពិភពលោក និងឧត្តមភាពរបស់ខ្លួនក្នុងរយៈពេលវែង។ ដូចនេះបានជាក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក មានបញ្ចូលការកសាងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការធ្វើទុកបុកម្នេញចិនលើផ្លូវច្បាប់ សេដ្ឋកិច្ច សិទ្ធិមនុស្ស និងការទូតជាដើម ដែលទាក់ទងនឹងបញ្ហាតំបន់ស៊ីងជាំង ហុងកុង កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ អាមេរិកបាន និងកំពុងខំបង្កើតបណ្តាសម្ព័ន្ធមិត្តយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APTO ឬ Asia Pacific Treaty Organization ស្រដៀងគ្នាទៅនឹងអង្គការ NATO នៅអឺរ៉ុបដែលប្រឆាំងនឹងរបបកុម្មុយនីស្តសូវៀត ឬរុស្ស៊ី នាពេលបច្ចុប្បន្ន។

ទី២ ជប៉ុនជាប្រទេសដែលចាញ់សង្រ្គាមលោកលើកទី២ ដែលតម្រូវឲ្យស្ថិតនៅការគាំពារពីសហរដ្ឋអាមេរិកដែលមិនតំរូវឲ្យជប៉ុនកសាងកងទ័ព ឬផលិតអាវុធនុយក្លែរអ៊ែរឡើយ។ ចិនតែងតែបង្កការគំរាមគំហែងដល់ជប៉ុន ជាពិសេសលើបញ្ហាកោះស៊ិនកាកូ(ជប៉ុន) ឬដាវយូ(ចិន)។ ជប៉ុន ក៏ជាអ្នកគាំទ្រខ្លាំងបំផុតក្នុងកិច្ចព្រមព្រៀងសន្តិសុខចតុភាគីនេះ ដែលថ្មីនេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងទីក្រុង New Delhi និង Canberra ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងបណ្តាកោះនៅសមុទ្រប៉ាស៊ីហ្វិក។​ ក្នុងរដ្ឋបាលលោក ស៊ីនហ្ស៊ូ អាប៉េ ជប៉ុនគាំទ្រឲ្យមានការបង្កើតបណ្តាញសម្ព័ន្ធមិត្តស្រដៀងគ្នាទៅនឹង NATO ក្នុងសន្និបាតសមុទ្រពីរ នៅក្នុងឆ្នាំ ២០០៧។

ទី៣ ឥណ្ឌាគឺជាប្រទេសធំទាំងសេដ្ឋកិច្ច និងប្រជាជននៅក្នុងតំបន់អាស៊ី ក៏តែងតែមានបញ្ហាទំនាស់ព្រំដែនជាមួយនឹងចិនចាប់តាំងពីទសវត្សទី ៤០ មក។ កាលពីឆ្នាំ ២០២០នេះ ឥណ្ឌា និងចិន ក៏មានប៉ះទង្គិចប្រដាប់អាវុធ ទំនាស់ជម្លោះព្រំដែននៅក្នុងតំបន់ ខ្សែបណ្តោយគ្រប់គ្រង Line of Actual Control ក្នុងតំបន់ អាស័យឆិន នៅជួរភ្នំហិមាល័យ ដែលបណ្តាឲ្យទាហានឥណ្ឌាស្លាប់ ៤០នាក់ និងរបួសជាច្រើននាក់ និងមិនមានទិន្និន័យពីបញ្ហាអ្នកស្លាប់ និងរងរបួសពីខាងភាគីចិនឡើយ។ បច្ចុប្បន្ននេះ ឥណ្ឌាកំពុងតែព្យាយាមទាក់ទងអាមេរិក គ្រប់គ្រងស្ថានភាពទំនាក់ទំនងជាមួយនឹងចិន ទាញយកប្រយោជន៍ពីអឺរ៉ុប និងទាញជប៉ុនឲ្យចូលរួមនឹងយុទ្ធនាការប្រឆាំងនឹងចិន ដែលនេះបង្ហាញឲ្យឃើញពីមហិច្ឆតារបស់ឥណ្ឌាដែលចង់ក្លាយខ្លួនជាមហាអំនាចតំបន់មួយដូចគ្នាទៅនឹងអាមេរិក នឹងចិនដែរ។

ទី៤ អូស្រ្តាលីជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក និងក៏ជាអ្នកប្រឆាំងខ្លាំងក្លាមួយទៅនឹងការកសាងមូលដ្ឋានទ័ពរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយក៏កំពុងតែតតាំងជាមួយនឹងឥទ្ធិពលរបស់ចិន ក្នុងជួរសកលវិទ្យាល័យ ក៏ដូចជានយោបាយផ្ទៃក្នុងរបស់ខ្លួន។ អូស្រ្តាលីក៏ជាអ្នកទាមទារឲ្យចិនធ្វើការបកស្រាយអំពីប្រភពនៃជំងឺកូវីដ-១៩ និងទាមទារ
ឲ្យចិនគោរពច្បាប់សមុទ្រអន្តរជាតិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលអំពើនានារបស់ចិនបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពនាវាចរណ៍អន្តរជាតិ និងចរន្តដឹកជញ្ជូនសកល ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក។ 

ដូចនេះ ដូចដែរយើងបានដឹងត្រួសៗហើយថាប្រទេសទាំងបួនសុទ្ធសឹងតែមានប្រវត្តិ និងជម្លោះជាមួយនឹងចិន តិចឬច្រើនគឺមិនចង់ឃើញចិនជាអ្នកគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកឡើយ ដែលអាចបង្កឲ្យមានជម្លោះ ក៏ដូចជាការប៉ះទង្គិចអាវុធគ្នា ដែលធ្វើឲ្យមានអស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។

៣. តាមយោបល់របស់លោកផ្ទាល់ តើកិច្ចសន្ទនាសន្តិសុខចតុភាគីនេះផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសទាំងបួន? ហើយអាចផ្ដល់ផលអវិជ្ជមានអ្វីខ្លះដល់ប្រទេសចិន ដែលជាដៃគូប្រកួតប្រជែង ធំមួយរបស់អាមេរិកផ្នែកសេដ្ឋកិច្ច និងយោធាដែរ?

វាគ្មិន៖ គោលបំណងធំរបស់ប្រទេសទាំងបួនគឺ បង្អាក់ការរីកលូតលាស់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ចិន តាមរយៈការដាក់សម្ពាធ ចោទប្រកាន់ឬលាបពណ៌ និងទប់ស្តាត់ទាមទារឲ្យចិនគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។  ទី១ ចំពោះបញ្ហានយោបាយវិញ គឺប្រទេសទាំងបួន មិនចង់ឃើញចិនប្រើប្រាស់អំណាចយោធា និងប្រជាជនដ៏ច្រើនលើលលប់របស់ខ្លួនក្នុងការគំរាមកំហែងប្រទេសតូចៗនៅក្នុងតំបន់ ជាអាទិ៍លើបញ្ហាតំបន់ស៊ីងជាំង ហុងកុង និងតៃវ៉ាន់ ដែលបញ្ហាទាំងអស់នេះត្រូវបានលើកឡើងជារឿយៗដោយអាមេរិក និងអូស្រ្តាលី។ 

ទី២ ចំពោះបញ្ហាសេដ្ឋកិច្ច គឺចិនបាននិងកំពុងវ៉ាអាមេរិក និងកំពុងក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ច​ពិភពលោក ជាពិសេសនៅពេលដែលជំងឺកូវីដ-១៩​ កំពុងតែបំផ្លាញសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចចិនបែរជារក្សាបាននូវលំនឹង និងការលូតលាស់ទៅវិញ។ ចិនបាននិងកំពុងប្រើប្រាស់
ការទូតសេដ្ឋកិច្ចក្នុងរូបភាពសម្បទានសេដ្ឋកិច្ច ការវិនិយោគធំៗ ជំនួយសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មផ្សេងៗ។ 

ចុងក្រោយ គឺការទប់ស្កាត់ការងើបឡើងនៃតួនាទីចិនក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាក់ទងនឹងបញ្ហាសន្តិសុខនៅឧបទ្វីបកូរ៉េ បញ្ហាកោះតៃវ៉ាន់ អនុតំបន់មេគង្គ អាស៊ាន និងសមុទ្រចិនខាងត្បូង ជាដើម។  ការដាក់ចេញនូវគោលការណ៍ប្រឆាំងនឹងចិនរបស់វេទិកាសន្ទនាចតុភាគីនេះ នឹងធ្វើឲ្យចិនមានការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនេះ។​ ដូចនេះហើយ បានជាចិនកំពុងតែធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទូតជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីកណ្តាល អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន ដើម្បីបង្កើតជាច្រកមួយចាកចេញពីការដាក់សម្ពាធពីបណ្តាប្រទេសជាសមាជិកសន្តិសុខចតុភាគីនោះ។

៤. តើកិច្ចសន្ទនាសន្តិសុខចតុភាគីនេះមានទំនាក់ទំនង រឺគោលបំណងអ្វីដែររឺទេនៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គដែលជាតំបន់កំពុងមានការលូតលាស់រីកចម្រើនគួរឲ្យកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ? ហើយវាបានផ្ដល់ផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមានអ្វីខ្លះដល់តំបន់ទាំង២នេះ?

វាគ្មិន៖ បញ្ហាអាស៊ាន គឺជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏ក្តៅគគុករវាងអាមេរិក និងចិន។ យើងសង្កតឃើញថា មានតួអង្គ QUAD ជាច្រើនចូលរួមនៅក្នុងកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការតំបន់មេគង្គដូចជាអាមេរិក ជប៉ុន និងឥណ្ឌា ដែលប្រទេសទាំងនោះជាដៃគូដ៏សំខាន់សម្រាប់ប្រទេសនៅតំបន់មេគង្គជាអាទិ៍ អាមេរិកទើបតែតំឡើងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងបណ្តាប្រទេសអនុតំបន់មេគង្គពីLower Mekong Initiative នៅឆ្នាំ២០០៩ ទៅជា US-Mekong Partnership នៅឆ្នាំ២០២០ ដែលឆ្លុះបង្ហាញពីការផ្តោតសំខាន់ទៅលើតំបន់មេគង្គនេះ​ បូករួមជាមួយនឹងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន និងឥណ្ឌា ក្នុងការកៀរគរ ឬទប់ស្កាត់ឥទ្ធិពលចិនក្នុងអនុតំបន់មេគង្គតាមរយៈកិច្ចព្រមព្រៀងនានាដូចជាACMECS, Mekong-Ganga Cooperation, Mekong-Japan Cooperation, US-Mekong Partnership ដែលទាំងអស់នេះសុទ្ធសឹងតែបានផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសនៅតំបន់មេគង្គ ដែលប្រកបទៅដោយការប្រកួតប្រជែងភូមិសាស្រ្តនយោបាយជាមួយនឹងចិន ដោយមានកិច្ចសហប្រតិបត្តិការ Mekong-Lancang Cooperation។ ចំពោះផលវិជ្ជមានវិញ គឺការចូលរួមពីបណ្តាប្រទេសចតុភាគីនេះបានផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម និងវប្បធម៌តាមរយៈជំនួយបច្ចេកទេស និងការគ្រប់គ្រងធនធានទឹក ការអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍​ ជំនួយមនុស្សធម៌សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ​ និងផែនការអភិវឌ្ឍសេដ្ឋកិច្ចក្រោយកូវីដ-១៩ ជាដើម។ ចំណែកឯទិដ្ឋភាពអវិជ្ជមានវិញ គឺប្រទេសនៅបណ្តាអនុតំបន់មេគង្គអាចនឹងធ្លាក់ចាកចេញពីអព្យាក្រឹតភាពរបស់ខ្លួនដោយគាំទ្រ និងប្រឆាំងនឹងបណ្តាប្រទេសធំៗទាំងនោះ រួមមានទាំងចិននិងអាមេរិកជាដើម ដែលនេះនឹងផ្តល់ភាពមិនប្រាកដប្រជា និងធ្វើឲ្យបែកញែកសាមគ្គីភាព និងខ្វែងគំនិតគ្នារវាងប្រជាជាតិអាស៊ាន ដែលធ្វើឲ្យមានវិបត្តិអាស៊ានកើតឡើងក្នុងការអនុវត្តគោលការណ៍អាស៊ាន និងក្រឹត្យក្រមកិច្ចសហប្រតិបត្តិការក្នុងតំបន់នានា។ បញ្ហាទាំងអស់នេះអាចក្លាយជាបញ្ហាចំបងនៅពេលដែលប្រទេសតូចៗ​ រួមទាំងកម្ពុជាផងដែរ នៅពេលដែលក្លាយជាល្បែងកូនអុករបស់មហាអំណាចធំៗក្នុងការប្រកួតប្រជែងអំណាច និងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។

៥. ងាកមកមើលវេទិកាពន្លះគ្នារវាងអាមេរិក និងចិននៅក្នុងជំនួបជាន់ខ្ពស់នៅរដ្ឋ Alaska វិញម្តង។ ថាតើចំពោះលោកផ្ទាល់ លោកបានមើលឃើញនូវឈុតឆាកប្រកួតប្រជែងពាក្យសម្តីសំខាន់ៗអ្វីខ្លះ នៅក្នុងជំនួបនេះ?

វាគ្មិន៖ ក្នុងកិច្ចប្រជុំរយៈពេល២ថ្ងៃ នៅរដ្ឋ Alaska នៅកាលពីថ្ងៃសុក្រសប្តាហ៍មុននេះដែរ លោករដ្ឋមន្រ្តីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Anthony Blinken បានថ្លែងបើកកម្មវិធី ដោយបានប្រើប្រាស់សំដី ក៏ដូចជាការចោទប្រកាន់ចំៗទៅកាន់ប្រទេសចិនទាក់ទងនឹងបញ្ហាស៊ីងជាំង ហុងកុង តៃវ៉ាន់​ ការវាយប្រហារតាមបច្ចេកវិទ្យា Cyber មកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយមានការប្រតិកម្មយ៉ាងខ្លាំងពីលោក វ៉ាង យី ដែលជារដ្ឋមន្រ្តីការបរទេសចិន ដោយលោកបានលើកឡើងថា អាមេរិកមិនគួរណាស្វាគមន៍ភ្ញៀវដោយការដាក់ទណ្ឌកម្មមកលើមន្រ្តីចំនួន ២៤នាក់ នៅហុងកុង ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះទេ។ លោក Yang Jiechi សហការី និងជាអ្នកការទូតជើងចាស់របស់ចិន ក៏បានលើកឡើងវិញអំពីអស្ថិរភាពនៅមជ្ឈិមបូព៌ា និងស្ថានភាពនយោបាយសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។​ នេះគឺជាកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងមហាអំណាច ទាំងពីរ បន្ទាប់ពីលោកប្រធានាធិបតីថ្មីលោក ចូ បៃឌិន បានឡើងកាន់តំណែង។ ការវាយប្រហារសំដីគ្នាទៅវិញទៅមករវាងមន្ត្រីទូតជាន់ខ្ពស់ពីសំណាក់ប្រទេសទាំងពីរ បានបង្ហាញពីជំហរបស់ប្រទេសខ្លួន និងប្រយោជន៏ជាតិរបស់ខ្លួន។​​ យ៉ាងណាមិញលោក  Yang Jiechi នៅតែរក្សាជំហថាកិច្ចសន្ទនានៅតែជាវិធីសាស្រ្តតែមួយគត់ក្នុងការដោះស្រាយការខ្វែងគំនិតគ្នា ប៉ុន្តែប្រទេស ចិនមិនបោះបង់ចោលជំហអធិបតេយ្យភាព និងប្រយោជន៍ជាតិរបស់ខ្លួនឡើយ។ ចិននៅតែបន្តការពារសិទ្ធិ និងច្រានចោលនូវការចោទប្រកាន់នានា ដែលអាមេរិកបានចោទប្រកាន់ដោយគ្មានហេតុផល​ និងភស្តុតាង ហើយនេះក៏បានបង្ហាញថាអាមេរិកខ្លួនឯងក៏មិនញញើតក្នុងការតតាំងនឹងចិនពាក់ព័ន្ធកិច្ចការពារសន្តិសុខតំបន់ និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ចិនបានចាត់ទុកថាការថ្លែងសុន្ទរកថានេះ មិនមែនជាកិច្ចសន្ទនាផ្សះផ្សានោះទេ តែជាទង្វើបង្កជម្លោះទៅវិញ។ 

៦. តើពិតដែរឬទេ ដែលថាកិច្ចសន្ទនាសន្តិសុខចតុភាគីអាចជា Scenario មួយរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការទប់ស្កាត់នៅការរីករាលដាលឥទ្ធិពល និងប្រជាប្រិយភាពរបស់ចិនទៅលើបណ្តាប្រទេសកំពុងអភិវឌ្ឍនានា?

វាគ្មិន៖ ជាការពិតណាស់ អាមេរិកនៅតែបង្ហាញជំហរឹងមាំ និងដាច់ខាតក្នុងកិច្ចការពារសម្ព័ន្ធមិត្តរបស់ខ្លួន ជាពិសេសគឺនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះតែម្តង ដែលជាសមរភូមិភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចដ៏ធំរបស់ពិភពលោក។ អាមេរិកនឹងខិតខំប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរសំលេងគាំទ្របន្ថែមពីបណ្តាប្រទេសតូចៗនៅអាស៊ី ប្រឆាំងនឹងចិន ដោយការបង្កើតកិច្ច
សហប្រតិបត្តិអនុតំបន់នានា ឬតាមរយៈការលក់សព្វាវុធ និងជំនួយយោធា និងសេដ្ឋកិច្ច។

៧. តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញរវាងអាមេរិក និងចិន ក៏ដូចជាវត្តមានដ៏សកម្មរបស់ QUAD  តើនេះជាសញ្ញាណវិជ្ជមាន ឬអវិជ្ជមានចំពោះការអភិវឌ្ឍនៅក្នុងតំបន់ឥណ្ទូ-ប៉ាស៊ីហ្វិក? តើអាចទេដែលថាការប្រកួតប្រជែងនេះ អាចនាំតំបន់មួយនេះធ្លាក់ចូលការអន្ទាក់នយោបាយរបស់ប្រទេសមហាអំណាចទាំង២?

វាគ្មិន៖   វាពិតជាគ្រោះថ្នាក់មែនទែន ដូចដែលពាក្យចាស់ពោលថា ដំរីឈ្លោះគ្នា ជាន់ស្លាប់តែស្រមោច។ ចំពោះសុភាសិត គឺអាចឆ្លុះបញ្ចាំងនៃទិដ្ឋភាពខ្លះៗនៅពេលដែលមហាអំណាចធំៗ មានជម្លោះឬបង្កឲ្យមានសង្រ្គាមណាមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។ រដ្ឋតូចៗ ក៏ដូចជាកម្ពុជាដែរ គួរគម្បីរក្សាជំហអព្យាក្រឹត និងសាមគ្គីភាព ដោយយោងទៅតាមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព​របស់អាស៊ាន ដែលសមាជិកក្រុមចតុភាគីទាំងអស់ និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋតូចៗគួរតែរក្សារជំហស្ងប់ស្ងាត់ និងមិនត្រូវប្រើប្រាស់ពាក្យសំដីធ្ងន់ៗ ដែលធ្វើឲ្យបានប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋនោះជាមួយនឹងអាមេរិក ឬចិន៕

Leave a Reply