Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស

វាគ្មិន៖ លោក រ៉ឹម សុខវី បុគ្គលិកស្ម័គ្រចិត្តនៃវេទិកាអប់រំកម្ពុជា​ (Cambodian Education Forum)​
អត្ថបទវិភាគរបស់លោក ពាក់ព័ន្ធនឹងតំណក់ប្រេងរបស់កម្ពុជា ដោយរួមមានការទាញយកជាមេរៀនពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស នៅក្នុងគេហទំព័រ  Eurasia Review បានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង តែវាហាក់ដូចជាមានបង្កប់នូវសាររំឮកមួយចំនួនពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នូវតំណក់ប្រេងរបស់យើង ផងដែរ។ ដូចនេះ តើលោកអាចជួយបញ្ជាក់ពីអំណះអំណាងរបស់លោកបានទេ ថាតើហេតុអ្វីបានជាធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងដូច្នេះ?

វាគ្មិន៖   ប្រេងជាធនធានធម្មជាតិមួយសំខាន់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសជាតិបាន។ ប៉ុន្ដែប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា អាហ្រ្វិក និងនៅអាមេរិកឡាទីន ដែលជាប្រទេសសម្បូរប្រេងកាត ភាគច្រើនមិនមានការអភិវឌ្ឍរីកចម្រើននោះទេ។ បើយើងក្រឡេកមើលទៅប្រទេសទាំងអស់នោះភាគច្រើនគឺរងគ្រោះដោយសារ សង្រ្គាមរុំាំរ៉ៃ ភាពក្រីក្រ អំពើពុករលួយ និងរបបផ្ដាច់ការជាដើម ។ ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលសម្បូរប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិក ក៏ប៉ុន្តែប្រទេសនេះសព្វថ្ងៃគឺជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកទៅ
វិញ។ តាមស្ថិតិកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ឃើញថាប្រហែលជា ៨៣ លាននៃ
ប្រជាជននីហ្សេរីយ៉ា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀត យើងឃើញថា ប្រទេសនេះផលិតប្រេងបានច្រើន សរុបទៅ គឺក្នុងមួយថ្ងៃ អាចផលិតបានរហូតដល់ទៅ ២,៥ លានបារ៉ែល ដែលយើងគិតជាទឹកប្រាក់ បើសិនជា ៤០ លាន បារ៉ែលក្នុងមួយខែ វាស្មើ ៦,២៥ ពាន់លានដុល្លារអាមេរិក។ ប្រទេសមួយចំនួនផ្សេងទៀតដូចជានៅមជ្ឍិមបូព៌ា និងអ៊ីរ៉ាក់ ស៊ីរីជាដើម គឺកំពុងប្រឈមមុខនឹងសង្គ្រាមរុំារ៉ៃ។ បើប្រទេសវ៉េណេស៊ុយអេឡាវិញ ក៏ជាប្រទេសសម្បូរប្រេង និងធនធានធម្មជាតិច្រើនដែរ ហើយក៏ជាប្រទេសមួយដែលក្រីក្រជាងគេបំផុតក្នុងតំបន់អាមេរិកឡាទីន ផងដែរ ។

បើយើងផ្តោតទៅលើបទពិសោធន៍ទាក់ទងនឹងប្រេងដែលប្រទេសវ៉េណេស៊ុយអេឡាធ្លាប់បានឆ្លងកាត់ តើប្រទេសនេះមានចំណុចខ្លាំង និងចំណុចខ្សោយអ្វីខ្លះ?

វាគ្មិន៖   ប្រទេសវ៉េណេស៊ុយអេឡា មានលក្ខណៈខ្លាំងពិសេសមួយ ដោយប្រទេសនេះមានធនធាន
ធម្មជាតិច្រើន ពិសេសគឺប្រេង ដែលយើងអាចចាត់ទុកបានថាជាប្រទេសដែលសម្បូរប្រេងជាងគេលើពិភពលោក។ ម្យ៉ាងវិញទៀត ប្រទេសនេះក៏ពូកែផលិតប្រេងផងដែរ ដោយក្នុងមួយថ្ងៃ អាចផលិតបានដល់ទៅ ២,៥ លានបារ៉ែល។ ប៉ុន្តែបញ្ហាដែលកើតឡើងក្នុងប្រទេសនេះគឺ៖

ទី១ បញ្ហាអំពើពុករលួយ ដែលដោយសារតែមិនមានតម្លាភាពនៅក្នុងការប្រើប្រាស់ថវិកាប្រេង ដូច្នេះហើយ វាជំរុញឲ្យមានអំពើពុករលួយខ្លាំង។ ពិសេសនៅពេលដែលលោក Nicolás Maduro ឡើងកាន់អំណាច បានប្រើប្រាស់ថវិកាដែលបានមកពីប្រេងមកពង្រឹងអំណាចរបស់ខ្លួន។ បើយើងមើលទៅតាមស្ថិតិឆ្នាំ ២០១៤ ប្រទេសវ៉េណេស៊ុយអេឡាជាប្រទេសដែលមានអំពើពុករលួយជាប់ចំណាត់ថ្នាក់លេខ ១៦១ នៅឆ្នាំ ២០១៨ ប្រទេសនេះជាប់ចំណាត់ថ្នាក់ដល់លេខ ១៦៦ ហើយបច្ចុប្បន្ននេះជាប់ចំណាត់ថ្នាក់លេខ ១៧២ (ជាតួលេខដែលអាក្រក់បំផុត ស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយខ្លាំង)។

ទី២ កត្តាសេដ្ឋកិច្ច ទោះបីជាប្រទេសនេះបាននាំប្រេងចេញច្រើន តែបញ្ហានៅត្រង់ថា ផលិតផលសម្ភារៈដែលនាំចេញច្រើនជាងគេគឺប្រេងតែមួយមុខគត់ ដែលមានរហូតដល់ទៅ ៩៦ ភាគរយ នៃផលិតផលនាំចេញ។ វាធ្វើឲ្យប្រទេសវ៉េណេស៊ុយអេឡាជួបគ្រោះមហន្តរាយ ពេលដែលតម្លៃប្រេងនៅក្នុងពិភពលោកប្រែប្រួល។ ឧទាហរណ៍ កាលពីឆ្នាំ ២០១៤ តម្លៃប្រេងគឺមានរហូតដល់ទៅ ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល តែនៅឆ្នាំ ២០១៦ តម្លៃប្រេងបានថយចុះ នៅត្រឹម ៤០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដែលនេះធ្វើឲ្យប៉ះពាល់ដល់ GDP របស់ប្រទេសនេះ គឺបានធ្លាក់ចុះចំនួន ១៦ ភាគរយ។

ទី៣ បញ្ហានយោបាយ នៅឆ្នាំ ២០១៨ ប្រទេសវ៉េណេស៊ុយអេឡា គឺមានបញ្ហានយោបាយដែលធ្វើឲ្យមានអស្ថិរភាពជាដើម ។ ពេលនោះសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញប្រេងដ៏សំខាន់របស់ប្រទេសវ៉េណេស៊ុយអេឡា ដោយ ៥០%នៃការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក។ ពេលដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ វាធ្វើឲ្យវ៉េណេស៊ុយអេឡាជួបវិបត្តិកាន់តែខ្លាំងឡើងថែមទៀត។ បើតាមការធ្វើស្ថិតិ ប្រជាជនវ៉េណេស៊ុយអេឡាចំនួន ៩០% គឺរស់នៅក្នុងភាពក្រីក្រ ក្នុងនោះ ៧០% ស្ថិតនៅក្នុងភាពក្រីក្រកម្រិតធ្ងន់ដែលគេហៅថា Extreme Poverty ។

បើប្រៀបនឹងប្រទេសវ៉េណេស៊ុយអេឡា តើការគ្រប់គ្រងធនធានប្រេងរបស់ប្រទេសន័រវែសមានអ្វីខុសប្លែកពីវ៉េណេស៊ុយអេឡាឬទេ? បើមាន ខុសគ្នាត្រង់ចំណុចណាខ្លះដែរ?

វាគ្មិន៖   រវាងប្រទេសន័រវេស និងវ៉េណេស៊ុយអេឡា យើងឃើញថាប្រទេសពីរនេះ គឺខុសគ្នាឆ្ងាយ។ ខុសត្រង់ថា ប្រទេសវ៉េណេស៊ុយអេឡា ជាប្រទេសដែលត្រូវបណ្ដាសាប្រេង ក៏ប៉ុន្តែប្រទេសន័រវេសជាប្រទេសមួយដែលជោគជ័យក្នុងការគ្រប់គ្រងប្រេងទៅវិញ។ ប្រទេសន័រវែស ជាប្រទេសមួយដែលអាចចាត់ទុកថាជាប្រទេសដែលមានធនធានធម្មជាតិប្រេងច្រើនដែរ ក៏ប៉ុន្តែនៅមានបរិមាណតិចជាងប្រទេសវ៉េណេស៊ុយអេឡានៅឡើយទេ។ ប្រទេសនេះចាប់ផ្ដើមអភិវឌ្ឍខ្លាំងចាប់ពីឆ្នាំ១៩៦០ ដោយប្រទេសនេះបានរយករកឃើញប្រេង ហើយក៏បានអភិវឌ្ឍខ្លួនក្លាយទៅជា ប្រទេសមួយដែលមានសក្ដានុពលខាងសេដ្ឋកិច្ច។ បើយើងមើលទៅការគ្រប់គ្រងប្រេងរបស់ប្រទេសន័រវែស វិញ យើងឃើញថាមានលក្ខណៈល្អច្រើនគឺ៖

ទី១ ត្រង់ថាមានតម្លាភាព ប្រទេសន័រវែសមានទិន្នន័យគ្រប់គ្រងរបាយការណ៍នៃការប្រើប្រាស់ថវិកា ឬក៏ចំណូលចំណាយដែលបានមកពីប្រេងបានល្អ។

ទី២ គឺប្រទេសន័រវែសបានពង្រឹង និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួនឯងបានដោយមិនពឹងទៅលើប្រេងតែមួយមុខនោះទេ តែពឹងទៅលើវិស័យផ្សេងៗទៀតដូចជា វិស័យកសិកម្ម ដោយប្រទេសនេះនាំចេញត្រីច្រើនជាងគេបង្អស់លើពិភពលោក។ ជាក់ស្ដែង ប្រទេសនេះបាននាំត្រីទៅក្រៅប្រទេសចំនួន ១២០ប្រទេស ។

ទី៣ ដោយសារតែភូមិសាស្រ្តរបស់ប្រទេសនេះក៏បានអំណោយផលខាងការដឹកជញ្ជូនទំនិញតាម ដែនសមុទ្រផងដែរ។

ទី៤ បើយើងសង្កេតមើលទៅលើលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ គឺមានលក្ខណៈល្អ ដែលធ្វើឲ្យប្រទេសនេះ មានការគ្រប់គ្រងប្រេងបានល្អ ។

ទី៥ ប្រទេសន័រវែស មានបែងចែកការគ្រប់គ្រងប្រេងនោះជា ៣ ផ្នែកគឺ (១) ក្រុមហ៊ុនគ្រប់គ្រងប្រេងភាគច្រើន គឺចូលហ៊ុនជាមួយរដ្ឋ ដែល៦០%នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រេងនោះ ធ្លាក់ចូលក្នុងថវិការបស់រដ្ឋ (២) ទាក់ទងទៅនឹងក្រសួងថាមពលរបស់ប្រទេសន័រវែស ដែលមានការទទួលខុសត្រូវខាងបង្កើតគោលនយោយបាយក្នុងការផលិតប្រេង ថាតើប្រេងគួរផលិតបែបណា ដើម្បីឲ្យត្រូវតាមទីផ្សារ និងរក្សាតម្លៃរបស់វាឲ្យនៅថេរ (៣) គេមានក្រុមបច្ចេកទេសតាមដានមើលរបាយការណ៍នៃដំណើរផលិតប្រេង ថាតើក្រុមហ៊ុនដែលមកវិនិយោគនៅប្រទេសន័រវែសគោរពទៅតាមអ្វីនៅក្នុងកិច្ចសន្យាជាមួយរដ្ឋាភិបាលដែរឬទេ។

ដោយផ្អែកលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ប្រទេសទាំងពីរ ដែលបានរៀបរាប់ ក៏ដូចជាតាមយោបល់របស់លោកផ្ទាល់ តើមេរៀនអ្វីខ្លះដែលកម្ពុជាគួរយកជាគំរូ និងអ្វីខ្លះដែលកម្ពុជាគួរចៀសវាង?

វាគ្មិន៖   ប្រទេសកម្ពុជាយើងជាប្រទេសដែលទើបនឹងរុករកប្រេងឃើញ ហើយក៏ជាប្រទេសមួយដែលអាចនិយាយបានថាមានសក្ដានុពលប្រេងនាពេលអនាគត។ វាជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជា ក្នុងការសម្លឹងមើលពីបទពិសោធន៍របស់ប្រទេសផ្សេងទៀត ជាពិសេសប្រទេសវ៉េណេស៊ុយអេឡា និងប្រទេសន័រវែស។ ចំណុចពិសេសច្រើនយ៉ាងដែលកម្ពុជាគួររៀនសូត្រតាមប្រទេសទាំងពីរនេះបានគឺ៖

ទី១ កម្ពុជាគួរតែធ្វើពិពិធកម្មសេដ្ឋកិច្ច មានន័យថាគួរពង្រឹង និងពង្រីកសេដ្ឋកិច្ចរបស់ខ្លួន (Diversification)។ យើងបានដឹងស្រាប់ហើយថា សព្វថ្ងៃសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជាមាន ៣ គឺ៖ វិស័យកសិកម្ម វាយនភណ្ឌ និងទេសចរណ៍ ។ បើសិនជាកម្ពុជាបានវិស័យប្រេងមួយទៀត នាំឲ្យវិស័យប្រេងនេះនឹងក្លាយទៅជាសសរស្ដម្ភមួយដ៏សំខាន់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងវិញទៀត ការរកឃើញប្រេងនេះ មានលក្ខណៈពិសេសអាចជួយកម្ពុជាឲ្យ សម្រេចគោលដៅ Industrial Development Policy របស់កម្ពុជាសម្រាប់ឆ្នាំ ២០១៥-២០២៥។ ហើយវាក៏មានសារៈសំខាន់ផងដែរ សម្រាប់កម្ពុជាដែលអាចឲ្យកម្ពុជាសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។ នេះជាផែនការដែលកម្ពុជាចង់ទទួលបាន តែបច្ចុប្បន្នកម្ពុជានៅមានបញ្ហាមួយទៀតគឺ ធនធានមនុស្ស ។ បើសិនជាថវិកាដែលទទួលបានមកពីប្រេងអាចជួយពង្រឹងវិស័យអប់រំ ទាក់ទងទៅនឹងចំណេះដឹងបច្ចេកទេស និងបច្ចេកវិទ្យា។ នោះកម្ពុជាអាចនឹងទទួលបានអ្វីដែលខ្លួនចង់បាននាពេលអនាគត។ រដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងថា ថវិកាដែលបានមកពីប្រេង នឹងយកទៅចូលខាងវិស័យអប់រំនិងវិស័យសុខាភិបាល។

ទី២ កម្ពុជាត្រូវវះកាត់យកអំពើពុករលួយចេញ និងធ្វើឲ្យមានតម្លាភាព។ បើសិនជាមានតម្លាភាព ថវិកាដែលបានមកពីប្រេង អាចហូរចូលទៅក្នុងវិស័យអប់រំ និងសុខាភិបាល។ ម្យ៉ាងវិញទៀត ដូចជានៅក្រសួងការបរទេសជាដើម ក៏មានការជួយពង្រឹងដោយធ្វើការប្រឡង ដើម្បីជ្រើសរើសមន្រ្តីដែលមានសមត្ថភាពឲ្យចូលធ្វើការនៅក្នុងរដ្ឋផងដែរ។ នេះបង្ហាញឲ្យយើងឃើញថា កម្ពុជាកំពុងតែព្យយាមលុបបំបាត់នូវអំពើពុករលួយ ដើម្បីឲ្យខ្លួនអាចដើរទៅមុខបាន៕

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា ជិន ដាវណ្ណ

Leave a Reply