Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice Ep: លទ្ធផលបោះឆ្នោតនៅប្រទេសថៃ

ប្រទេសថៃទើបតែរៀបចំការបោះឆ្នោតសកលរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលលទ្ធផលបណ្ដោះអាសន្នបានបង្ហាញអំពីភាពជោគជ័យរបស់គណបក្សប្រឆាំងចំនួនពីរគឺគណបក្សកាវក្លៃ និងគណបក្សភឿថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី នឹងពន្យល់លម្អឹតអំពីលទ្ធផលបណ្ដោះអាសន្ន និងលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សប្រឆាំង។

សំណួរទី ១៖ ជាបឋម តើលោកអាចរៀបរាប់លម្អិតបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការបោះឆ្នោតជារួមនៅប្រទេសថៃ?

វាគ្មិន៖ ដូចដែលរៀបរាប់ខាងលើប្រទេសថៃបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលត្រូវដឹកនាំរដ្ឋាភិបាលសម្រាប់រយៈពេលបួនឆ្នាំទៅមុខ ដែលអ្នកចេញទៅបោះឆ្នោតមានចំនួនដល់ទៅ ៧៥,២% នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុប៥២លាននាក់ បើធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០១៩ ដែលមានត្រឹមតែ៧៤,៦% តែប៉ុណ្ណោះ។ ហើយលទ្ធផលបឋមបង្ហាញថាគណបក្សប្រឆាំងថៃធំបំផុតចំនួនពីររួមគ្នាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ដោយក្នុងនោះគណបក្សចលនាឆ្ពោះទៅមុខឬហៅថាគណបក្សកាវក្លៃ បានទទួលបានអាសនៈ១៥២អាសនៈ​​ បន្ទាប់មកគណបក្សភឿថៃនៅក្នុងលំដាប់លេខពីរ  ទទួលបាន ១៤១អាសនៈ។ គណបក្សទាំងពីរបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយគណបក្សតូចតូចចំនួន៦ផ្សេងទៀតដែលសរុបមាន ៣១៣អាសនៈ។

យ៉ាងណាមិញ លទ្ធផលដែលគណបក្ស Move Forward ឬក៏ចលនាទៅមុខអាចនឹងបង្កើតរដ្ឋាភិបាលចម្រុះនឹងទទួលបានតំណែងនាយករដ្ឋមន្ត្រីទី៣០របស់ថៃនៅមិនទាន់មានភាពប្រាកដប្រជានឡើយទេ ដោយសារតែពួកគេត្រូវការសំឡេងច្រើន យ៉ាងតិច៣៧៦ ពីសភាតំណាងរាស្ត្រសរុប៥០០អាសនៈដើម្បីបំបិទសំឡេង ២៥០អាសនៈរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាកាលពីឆ្នាំ២០១៩ ដែលមានសិទ្ធិចូលរួមធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតជាលើកចុងក្រោយ។ ទោះបីគេរំពឹងថា នាយករដ្ឋមន្ត្រីទី៣០របស់ថៃ និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវតែងតាំងក្នុងអំឡុងខែកក្កដាទៅខែសីហាឆ្នាំ២០២៣នេះ ក៏ប៉ុន្តែ ផ្អែកលើរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មិនមានកាលបរិច្ឆេទកំណត់សម្រាប់ការបង្កើតរដ្ឋាភិបាលឲ្យជាក់លាក់នោះទេ។ មានន័យថាគេអត់មានថាថ្ងៃកំណត់ជាក់លាក់ណាមួយត្រូវតែបង្កើតរដ្ឋាភិបាលនៅថ្ងៃណា ក្រោយលទ្ធផលបោះឆ្នោតផ្លូវការបានប្រកាសចេញដោយគណៈកម្មការរៀបចំការបោះឆ្នោត។ ដូច្នេះប្រសិនបើគ្មានការសម្របសម្រួលដើម្បីឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះណាមួយកើតមាននោះទេ ខ្ញុំគិតថាសភាថៃនិងជាប់គាំង​ ដោយមានតែនាយករដ្ឋមន្ត្រីចាំផ្ទះ គឺលោកប្រាយុទ្ធខ្លួនអែងដែលនៅបន្ត ចឹងយើងមើលស្ថានការណ៍តាមដានទៀត ថាតើគណបក្សនរណាឬក៏សម្ព័ន្ធភាពគណបក្សចម្រុះមួយណានឹងក្លាយជារដ្ឋាភិបាលបន្ទាប់ហើយនរណាក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។

សំណួរទី ២៖ ចំណែកឯគណបក្សដែលស្និតជាមួយនឹងយោធាថៃចំនួនពីរ រួមមានគណបក្សផ្លាងប្រាឆារ៉ាត់ ដែលបង្កើតឡើងដោយរបបសឹក កាលពីឆ្នាំ២០១៨ ហើយបច្ចុប្បន្នដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ុវ៉ាន់ និងគណបក្សដែលលោកប្រាយុទ្ធ ចាន់អូចា ទើបនឹងបំបែកចេញទៅបង្កើតថ្មី គឺគណបក្សរួមថៃសាងឆាត បានធ្លាក់មកចំណាត់ថ្នាក់លេខ៤ និងលេខ៥។ តើនេះអាចជាការបិតបញ្ចប់នូវការដឹកនាំរដ្ឋាភិបាលរបស់ក្រុមយោធា ឬក៏អាចមាននូវក្រឡាអុកណាមួយផ្សេងទៀតដែលក្រុមយោធានៅតែអាចបង្កើតរដ្ឋាភិបាលអាណត្តថ្មីបាន?

វាគ្មិន៖ ខ្ញុំគិតថាលទ្ធភាពដែលថា គណបក្សឬក៏ក្រុមប្រមុខយោធាលោកប្រាវីតនិងលោកប្រាយុទ្ធចាន់អូចាអាចវិលមក កាន់កាប់ឬបង្កើតរដ្ឋាភិបាលវិញមានតិចបំផុត នេះបើតាមមើលទៅដោយសារតែបើសិនជាឲ្យគណបក្សយោធាទាំងពីរ ឬគណបក្សផ្លាងប្រាឆារ៉ាត់និងគណបក្សរួមថៃសាងឆាតបូកជាមួយនឹងគណបក្សភូមិចៃថៃហើយបូកជាមួយគណបក្សតូចៗផ្សេងទៀត បានត្រឹមតែ១៨០ជាងអាសនៈប៉ុណ្ណោះ។ ហើយប្រសិនជាមានការគាំទ្រពីសមាជិកព្រឹទ្ធសភាបានត្រឹមតែបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ការបង្កើតរដ្ឋាភិបាលភាគតិចវានឹងប្រឈមបញ្ហាច្រើនចឹងហើយខ្ញុំគិតថាទាំងលោកប្រាវីតនិងលោកប្រាយុទ្ធខ្លួនឯងគាត់ដឹងអំពីជោគវាសនារបស់គាត់ ហើយឱកាសនៃការវិលត្រឡប់មកបង្កើតរដ្ឋាភិបាលឬក៏ដឹកនាំរដ្ឋាភិបាលវិញខ្ញុំគិតថាវាពិបាកហើយពិសេសព័ត៌មានថ្មីៗនេះយើងឃើញថា ប្រធានគណបក្សរបស់លោកប្រាយុទ្ធចាន់អូចា ឬគណបក្សរួមថៃសាងឆាតបានចេញមកផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានថាលោកប្រយុទ្ធនឹងលាចេញពីឆាកនយោបាយ នេះវាជាការបរាជ័យមួយដ៏ធំរបស់របបសឹកដែលដឹកនាំដោយឧត្តមសេនីយ៍ទាំងពីរ លោកប្រាវីតនិងលោកប្រាយុទ្ធ។

សំណួរទី ៣៖ ដោយឡែកយើងឃើញថាលោកគេថា លោកចៈរើនរ៉ាត់ដែលជាប្រមុខដឹកនាំគណបក្សកាវក្លៃ បានប្រកាសក្រោយពីការបោះឆ្នោតរួចអំពីការចងសម្ព័ន្ធមិត្តជាមួយនឹងគណបក្សភឿថៃរបស់លោកស្រីផែថងថានក៏ដូចជា គណបក្សតូចៗផ្សេងទៀតដែលមានអាសនៈ ច្រើននៅលំដាប់ទីពីរ ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ។ ពាក់ព័ន្ធទៅនឹងចំណុចនេះ តើវាអាចទៅរួចទេដែលគណបក្សប្រឆាំងពិតជារួមគ្នាបង្កើតបាននៃរដ្ឋាភិបាលចម្រុះសម្រាប់អាណត្តិថ្មីនេះ?

វាគ្មិន៖ ចំពោះការវិវត្តចុងក្រោយនេះយើងឃើញថាបើក្រុមប្រជាធិបតេយ្យដែលដឹកនាំដោយគណបក្សកាវក្លៃ ព្យាយាមបង្កើតសម្ព័ន្ធភាពចម្រុះ ឲ្យអាចឈានដល់ការបង្កើតរដ្ឋាភិបាលចម្រុះដែលមានអាសនៈសរុប៣១៣អាសនៈប៉ុន្តែ៣១៣អាសនៈហ្នឹង ជាចំនួនភាគច្រើនក្នុងសភាក៏ប៉ុន្តែមិនទាន់ឲ្យគ្រប់សំឡេង ២ភាគ៣នៃសភាទ្វេនៅឡើយទេ ចឹងទាមទារឲ្យមានសំឡេងយ៉ាងតិច៣៧៦។ សំណួរសួរថាតើសម្ព័ន្ធក្រុមប្រជាធិបតេយ្យ ដែលដឹកនាំដោយលោកកាវក្លៃហ្នឹង  អាចជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបានអត់? ខ្ញុំមើលឃើញ ថាវាមាន​ scenario  បីនៃការបង្កើតរដ្ឋាភិបាលចម្រុះ ទីមួយ រដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខឬកាវក្លៃ ដោយរួមមានគណបក្ស៨គណបក្សដែលមានអាសនៈបីរយដប់បីអាសនដូចដែលយើងនិយាយនៅខាងលើ ទន្ទឹមហ្នឹងក៏សម្ព័ន្ធនេះក៏ត្រូវតែទទួលការគាំទ្រឬក៏ទទួលបានការគាំទ្រពីសមាជិកសភាពីគណបក្សដទៃក្រៅសម្ព័ន្ធរបស់ខ្លួនបើសិនជាសភាមិនចង់ឲ្យមានការពាក់ព័ន្ធជាមួយនឹងព្រឹទ្ធសភា មានន័យថាបើសិនជាមានការគាំទ្រ៣៧៦អាសនៈពីតំណាងរាស្ត្រមិនថាមកពីគណបក្សណាក៏ដោយរួមទាំងសម្ព័ន្ធភាពខ្លួនឯង នោះមានន័យថាសភានឹងអាចបំបិទសិទ្ធិព្រឹទ្ធសមាជិក២៥០នាក់ទៀតអោយចូលរួមការបោះឆ្នោតមានន័យថាចូលរួមក្នុងថ្ងៃប្រជុំសភាដំបូង ក៏ប៉ុន្តែមានឱកាសក្នុងការធ្វើការជ្រើសរើសដោយសារតែព្រឹទ្ធសភាដឹងច្បាស់ថាអ្នកតំណាងរាស្ត្រយ៉ាងហោចណាស់ ៣៧៦នាក់ក្នុងចំណោម៥០០នាក់ហ្នឹងបានគាំទ្ររដ្ឋាភិបាលចម្រុះដែលកើតចេញអំពីគណបក្សកាវក្លៃរួចមកហើយ បើមិនចឹងទេមានតែ បញ្ចុះបញ្ចូលឲ្យមានការគាំទ្រពីសមាជិកតំណាងរាស្ត្ររបស់គណបក្សផ្សេងបូកជាមួយនឹងសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាអីសារ៉ាក់ដែលមួយចំនួនបានប្រកាសថានឹងគាំទ្ររដ្ឋាភិបាលចម្រុះដឹកនាំដោយកាវក្លៃ ប៉ុន្តែចំនួននៅមានកម្រិត ចឹងបើសិនជាសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យដែលដឹកនាំដោយកាវក្លៃ អាចទទួលបានសំឡេងក្រោម៣៧៦អាសនៈខ្ញុំជឿជាក់ថាគាត់អាចបង្កើតរដ្ឋាភិបាលបានហើយជារដ្ឋាភិបាលដែលមានស្ថេរភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចសង្គមនយោបាយរបស់ថៃរយៈពេល៤ឆ្នាំទៅមុខ។

ទីពីរខ្ញុំគិតថារដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃប្រសិនបើទីមួយបរាជ័យហើយយើងឃើញថាវាមានភាពឬមានឧបសគ្គច្រើនសម្រាប់គណបក្សបង្កើតថ្មីក្នុងការសម្រេចបានសំឡេង៣៧៦អាសនៈហ្នឹង ដោយសារតែសមាជិកព្រឹទ្ធសភាភាគច្រើនមិនឯកភាព ចំពោះតែបេក្ខជននាយយកមន្ត្រីរបស់លោកចៈរើនរាត មួយទៀតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សផ្សេងក្រៅពីគណបក្សសម្ព័ន្ធដែលលោកចៈរើនរាតដឹកនាំហ្នឹង ក៏មួយចំនួនបានប្រកាសមិនគាំទ្រលោក ដែរ ចឹងខ្ញុំគិតថា ចំណុចទីពីរអាចជាជម្រើស ដែលដឹកនាំដោយគណបក្សភឿថៃមានន័យថាភឿថៃនឹងចាប់ជាមួយនឹងគណបក្សភូមិចៃថៃដែលមានអាសនៈ៧០ ជាមួយនឹងគណបក្សឡាំងប្រាឆារ៉ាត់របស់លោកប្រាវីតវង់សុវ៉ាន់ បីគណបក្សនេះបូកចូលគ្នាវាមានអាសនៈ២៥១ នៃអាសនៈសភា៥០០នាក់ មានន័យថាលើស៥០% ដែលអាចជារដ្ឋាភិបាលបាន បូកជាមួយសមាជិកព្រឹទ្ធសភាដែលគាំទ្រលោកប្រាវីត ប្រហែលជាអាចខ្ទង់ជាង១០០នាក់បើសិនជាគណបក្សផ្លាងប្រាឆារ៉ាត់របស់លោកប្រាវីតចូលរួមរដ្ឋាភិបាលចម្រុះជាមួយបក្សភឿថៃនិងបូកជាមួយគណបក្សតូចៗផ្សេងទៀតដែលធ្លាប់ចូលរួមជាសម្ព័ន្ធមិត្តភាពកាលដែលលោកប្រយុទ្ធគាត់ដឹកនាំខ្ញុំជឿជាក់ថា ចំណុចទី២អាចទទួលបានអាសនៈយ៉ាងតិច៣៧៦អាសនៈដើម្បីបង្កើតរដ្ឋាភិបាលបាន ក៏ប៉ុន្តែបើសិនជាចំណុចទី២ហ្នឹងបរាជ័យ គឺនៅមានចំណុចទី៣ ដែលលទ្ធភាពកើតឡើងតិចបំផុត ក៏ប៉ុន្តែយ៉ាងណាក្តីចំណុចទី៣ហ្នឹងក៏អាចកៀកគរសំឡេងគ្រប់​ ៣៧៦អាសនៈបានដែរ បានន័យ ភឿថៃ៧០សម្លេង បូកជាមួយនឹង បក្សឡាំបាឆារ៉ាត់ ៤០សម្លេង បូកជាមួយនឹងគណបក្សរបស់លោកប្រាយុទ្ធចាន់អូចារ ៣៦សម្លេង បូក គណបក្សប្រជាធិបតេយ្យរបស់អតីតយោធាថៃលោកអភិសិទ្ធ ២៥សម្លេងបូកជាមួយបក្សផ្សេងទៀតសរុបទៅគឺ ១៨៣អាសនៈ ហើយអាសនៈទាំងនេះ គឹចំពោះតែតំណាងរាស្ត្រទេ បូកជាមួយនឹងសមាជិកព្រឹទ្ធសភាផ្សេងទៀតដែលគាំទ្រគណបក្សរបបសឹក របស់លោកប្រាវិតនិងរួមថៃសាងឆាតរបស់លោកប្រាយុទ្ធ។

ចឹងមានន័យថាដំណើរការនៃការបិទស្ពានដំបូង ជ្រើសរើសនាយកមន្ត្រីអាចឆ្លងផុតប៉ុន្តែបញ្ហានៅត្រង់ថាបើសិនជាចំណុចទាំង៣នេះ អាចកើតមានឡើង រា ខ្ញុំគិតថារដ្ឋាភិបាលដែលកើតចេញអំពីសំឡេងភាគតិច អាចនឹងរស់នៅបានរយៈពេលខ្លីបំផុតដោយសារតែគណបក្សនេះមិនមានសំឡេងគ្រប់គ្រាន់ក្នុងការអនុម័តច្បាប់ថវិកាទីមួយអាហ្នឹងវាជារឿងសំខាន់បំផុត ទីពីររដ្ឋាភិបាលចម្រុះកើតចេញពីសំឡេងភាគតិច អាចនឹងប្រឈមញត្តិ ស្ដីបន្ទោសដកសេចក្តីទុកចិត្តពីសមាជិករបស់គណបក្សប្រឆាំងដែលមានសំឡេងលើសលប់នៅក្នុងសភាអាណត្តិ ទីបីខ្ញុំគិតថា បើសិនជាលោក ប្រាយុទ្ធ គាត់ប្រកាសដកខ្លួនចេញពីគណបក្សរួមថៃសាន់ឆាតពិតប្រាកដ ខ្ញុំគិតថាវាប្រហែលជាពិបាកក្នុងការ ទៅខ្ចីសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា ២៥០នាក់ ផ្សេងទៀតដោយសារតែយើងដឹងហើយថាសមាជិកព្រឹទ្ធ២៥០នាក់នឹងមានបែងចែកជាបីក្រុម ក្រុមទីមួយគឺគាំទ្រលោកប្រាយុធ ក្រុមទីពីរគាំទ្រលោកប្រាវិត ក្រុមទីបីនេះគឺជា សមាជិកព្រឹទ្ធសភាដែលមានសំឡេងអ៊ីសារ៉ាក់មានន័យថាឥស្សរជនព្រឹទ្ធសភាទាំងអស់ហ្នឹងគឺប្រកាសថានឹងគាំទ្រគណបក្សមួយចំនួនឬគណបក្សណាដែលថាអាចប្រមែប្រមូលបានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ។

សំណួរទី ៤៖ មកទល់ពេលនេះ តើគណបក្សភូមិចៃថៃបានបង្ហាញនូវគោលជំហររបស់ខ្លួនយ៉ាងណាក្នុងការចូលរួមជាមួយគណបក្សមួយណាដែរ?

វាគ្មិន៖ គណបក្សភូមិចៃថៃ ថ្មីៗនេះឃើញថាគាត់ប្រកាសថាគាត់នឹងមិនចូលរួមគាំទ្រលោកចារ៉ារ៉ាត់ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីចេញពីសម្ព័ន្ធភាព គណបក្សចម្រុះដែលដឹកនាំដោយគណបក្សកាវក្លៃ យ៉ាងណាក្ដីយើងឃើញថា ភូមចៃថៃគាត់មានក្រឡាអុកក្រៅផ្សេងទៀតបើសិនជាគណបក្សកាវក្លៃបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាពិសេសបរាជ័យក្នុងការទទួលបានសំឡេង ៣៧៦អាសនៈដើម្បីបង្កើតរដ្ឋាភិបាលបាន ភឿថៃគឺជារដ្ឋាភិបាលឬហៅថា Swing party គឺជាគណបក្សដែលអាចចូលជាមួយនឹងរដ្ឋាភិបាលចម្រុះណាក្រុមណាគឺក្រុមនោះមានឱកាសអាចទទួលបានសំឡេងគ្រប់គ្រាន់ឬក៏បង្កើតរដ្ឋាភិបាលបានដោយខ្លួនឯងឥឡូវបើយើងមើល សម្លេងរបស់ក្រុមសម្ព័ន្ធភាពដែលដឹកនាំដោយកាវក្លៃដែលមាន ៣១៣អាសនៈ ប្រសិនជាភូមចៃថៃ គាត់ចូលមានន័យថាសម្លេងនៅក្នុងតំណាងរាស្ត្រ​សភាជាន់ទាបគឹវាហួសពីគ្រប់ទៅហើយក៏ប៉ុន្តែលោកចារ៉ារ៉ាត់ គាត់បដិសេដក្នុងការចួលរួម មិនទាក់ទាញ មិនហៅគណបក្សភូមចៃថៃចូលហើយគោលនោបាយរបស់លោកចារ៉ារ៉ាត់ឬគណបក្សកាវក្លៃក៏ផ្ទុយពីគោលនយោបាយចម្បងៗរបស់ភឿថៃដែរ ភាពខុសគ្នារវាងគោលនយោបាយរវាងគណបក្សទាំងពីរនឹងដូចជាពាក់ព័ន្ធនឹងគោលនយោបាយ ធ្វើកំណែទម្រង់មាត្រា១១២នៃច្បាប់ស្ដីអំពីការប្រមាថព្រះចេស្ដារបស់គណបក្សកាវក្លៃដែលជាចំណុចរសើបដែលធ្វើភូមិចៃថៃគាត់បដិសេធមិនចូលរួមគោលនយោបាយរបស់ភឿថៃ ពាក់ព័ន្ធនឹងកញ្ឆា ពាក់ព័ន្ធនឹងillegalization….. ក៏ជាគោលនយោបាយដែលគណបក្សកាវក្លៃគាត់មិន​ឯកភាព ចឹងហើយបើយាយពីគោលនយោបាយ និងជំហរគោលនយោបាយ ធ្វើឲ្យគណបក្សពីរហ្នឹងមិនអាចចូលគ្នាទៅបានទេ ក៏ប៉ុន្តែភូមិចៃថៃ ដូចខ្ញុំលើកឡើងខាងលើ គឺគាត់ មានជម្រើសបើសិនជាចំណុចទី១និងទី២ ខ្ញុំលើកឡើងមុននឹងវាបរាជ័យ ភូមិចៃថៃគឺអាចមានឧកាសក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយលោកចារ៉ារ៉ាត់ខ្លួនឯងជានាយកមន្ត្រីបានដែរ ក្រៅតែពីសំឡេងភាគតិច បើបូកចូលគ្នារវាងភូមិចៃថៃ ឡាំងប្រាឆារ៉ាត់ ហើយនឹងរួមថៃសាន់ឆាត់របស់លោកប្រាយុធ ភូមិចៃថៃខ្លូនឯងក៏ប្រហែលជាអាចទាក់ទាញសមាជិកតំណាងរាស្ត្រពីគណបក្សធំៗ គណបក្សកាវក្លៃ គណបក្សភឿថៃ ដើម្បីធ្វើម៉េចឲ្យគាំទ្រខ្លួននៅក្នុងការបោះឆ្នោតជានាយករដ្ឋមន្ត្រីបានដែរ អាហ្នឹងគេហៅលក្ខណៈប្រើលុយប្រើតំណែងដើម្បីទាក់ទាញការចូលរួមពី សមាជិកតំណាងរាស្ត្ររបស់គណបក្សដទៃផ្សេងទៀត ចឹងឱកាសរបស់ភឿថៃនៅតែ​មាន ក៏ប៉ុន្តែដូចដែលបានលើកឡើងមុននឹង ភឿថៃគឺជាគណបក្ស swing state or swing party បើសិនជាកាវក្លាវ និងភឿថៃអាចបង្កើតរដ្ឋាភិបាលចម្រុះបាន ភូមចៃថៃ គាត់នឹងក្លាយជាគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងសភាក្នុងអាណិត្តរបស់កាវក្លៃជារដ្ឋាភិបាល។

វាគ្មិនកិត្តិយស៖ លោក សេង វណ្ណលី សាស្រ្តាចារ្យទំនាក់ទំនងអន្តរជាតិ និងអ្នកតានដានព្រឹត្តិការណ៍នយោបាយប្រទេសថៃ
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031