Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ជំនួបរវាងលោកស្រី Tsai Ing-wen និងប្រធានសភាស.រ.អ. និងផលប៉ះពាល់ចំពោះទំនាក់ទំនងស.រ.អ.-ចិន (មានវីដេអូ)

កាលពីសប្ដាហ៍មុន ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ស.រ.អ. ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយ លោក Kevin McCathy ដែលជាប្រធានសភាអាមេរិកថ្មី ដើម្បីសិក្សានិងគៀរគរអំពីជំហរគាំទ្ររបស់ស.រ.អ. លើបញ្ហានៅច្រកសមុទ្រកោះតៃវ៉ាន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចមួយនេះ និងលើកឡើងអំពីផលប៉ះពាល់មួយចំនួនចំពោះទំនាក់ទំនងរវាងស.រ.អ.និងចិន ជុំវិញការកើនឡើងកំដៅលើបញ្ហាកោះតៃវ៉ាន់ផងដែរ។

កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានធ្វើដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក និងជួបពិភាក្សាជាមួយនឹងប្រធានសភាអាមេរិកលោក Kevin McCarthy។ នេះគឺជាជំនួបលើកទី២ហើយរវាងតំណាងជាន់ខ្ពស់នៃស.រ.អ. និងលោកស្រី Tsai ហើយក៏ទទួលបាននូវប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ភាគីចិនរបស់លោក Xi ផងដែរ។

សំណួរទី ១៖ ជាបឋម តើលោកអាចបកស្រាយត្រួសៗបន្តិចបានទេជុំវិញគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-wen ទៅកាន់ស.រ.អ. អំឡុងពេលនៃភាពតានតឹងកំពុងកើតមានឡើងជុំវិញបញ្ហាកោះតៃវ៉ាន់?

ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅសហរដ្ឋអាមេរិកបានបង្កអោយមានភាពតានតឹងបន្ថែមទៀតទៅលើទំនាក់ទំនងដ៏ស្រួចស្រាលរវាងសហរដ្ឋអាមេរិកនិងចិន ដែលលោកស្រីបានប្រកាសថាជាទស្សនកិច្ចសំរាប់ប្រជាធិបតេយ្យសកលនិងជាការពង្រឹងសន្តិសុខតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ជាដំណើរទស្សនកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេស Guatemala និង Belize ដែលនៅមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថាដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនេះមិនមែនជាទស្សនកិច្ចផ្លូវការឡើយ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់កាលពីឆ្នាំមុនក៏បានធ្វើអោយចិនមិនសប្បាយចិត្តនិងបានធ្វើសមយុទ្ធហ៊ុំព័ន្ធកោះតៃវ៉ាន់ផងដែរ។

គោលបំណងទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen គឺចង់បង្ហាញពិភពលោកថាតៃវ៉ាន់នៅតែមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក និងក៏ជាសញ្ញាបង្ហាញដល់ប្រទេសដទៃទៀតអោយគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយសហរដ្ឋអាមេរិកតាមរយៈការគាំទ្រតៃវ៉ាន់តាមរយៈបង្កើតទំនាក់ទំនងការទូត ដែលសព្វថ្ងៃនេះប្រទេសដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់មានតែចំនួន ១៣ប្រទេសតែប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ កាលពីចុងខែមីនា អតីតប្រធានាធិបតីតៃវ៉ាន់ លោក ម៉ា យីងជឺ (Ma Ying-Jeou) ដែលលោកបានឡើងកាន់អំណាចតាំងពីឆ្នាំ ២០០៨ ដល់ ២០១៦  ក៏បានធ្វើដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រួលភាពតានតឹង សន្តិភាពនិងបញ្ចៀសសង្រ្គាមរវាងចិននិងកោះតៃវ៉ាន់ដោយលោកបានលើកឡើងថា “ពួកយើងសុទ្ធសឹងតែជាជនជាតិចិន” ដែលលោកក៏បានបញ្ជាក់ផងដែរថាលោកមិនមែនជាអ្នករណបសាធារណរដ្ឋប្រជាមានិតចិនឡើយ ហើយដំណើរទស្សនកិច្ចគឺដើម្បីបង្កើតឪកាសស្តារទំនាក់ទំនងនិងកាត់បន្ថយភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ ក៏ដូចជាការបង្ហាញអំពីតួនាទីរបស់គណបក្ស Kuomintang ក្នុងការពង្រីកនិងពង្រឹងសេដ្ឋកិច្ចរវាងចិននិងកោះតៃវ៉ាន់ ក៏ដូចជាស្តារប្រជាប្រិយភាពរបស់គណបក្សលោកសំរាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២៤ ខាងមុខនេះ។

សំណួរទី ២៖ តើមានរបៀបវារៈអ្វីខ្លះចំពោះកិច្ចពិភាក្សាទ្វេភាគីរវាងលោក Kevin McCarthy និងលោកស្រី Tsai Ing-wen? ហើយវាទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះដែរ?

ប្រាកដណាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ដើម្បីជួបពិភាក្សាជាមួយនឹងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសភាអាមេរិកនឹងពាក់ព័ន្ធទៅនឹងសន្តិសុខនិងកិច្ចសហប្រតិបត្តិយោធានិងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនឹងកោះតៃវ៉ាន់ក៏ប៉ុន្តែមិនដែលទទួលស្គាល់ឯករាជ្យភាពរបស់កោះតៃវ៉ាន់ឡើយ តែសហរដ្ឋអាមេរិកមានទំនាក់ទំនងជាយុទ្ធសាស្រ្តដូចវប្បធម៌ ប្រជាធិបតេយ្យ យោធានិងសេដ្ឋកិច្ចជាមួយនឹងកោះតៃវ៉ាន់ ដែលនេះបានធ្វើអោយចិនមានការអាក់អន់ចិត្ត និងបានធ្វើអោយទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកធ្លាក់ចុះជាខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជំនួបរវាងអ្នកទាំងពីរនៅឯបណ្ណាល័យប្រធានាធិបតី Ronald Reagan កាលពីថ្ងៃទី៥​ ខែមេសា កន្លងមកនេះ គឺជាជំនួបប្រវត្តិសាស្រ្តរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក ដែលលោកស្រី Tsai ក៏បានលើកឡើងអំពីការគំរាមកំហែងពីសាធារណរដ្ឋប្រជាមានិតចិន និងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងលក់សព្វាវុធនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាផងដែរ។ លោកស្រីក៏បានលើកឡើងអំពីការរក្សាស្ថិរភាពនិងសន្តិភាពនៅក្នុងជ្រកសមុទ្រតៃវ៉ាន់ និងកិច្ចការពារប្រជាធិបតេយ្យនិងសង្គមសេរីរបស់ប្រជាជនតៃវ៉ាន់ផងដែរ ក៏ប៉ុន្តែសេរីភាពនិងសន្តិភាពនៅតំបន់នេះត្រូវបានជួបបញ្ហាប្រឈមពីសំណាក់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន។ ពាក្យស្លោក “ទប់ទល់នឹងចិន ការពារតៃវ៉ាន់” បានក្លាយទៅជាគោលគំនិតនយោបាយការពារជាតិដ៏សំខាន់សំរាប់កោះតៃវ៉ាន់ នៅកំឡុងពេលបោះឆ្នោតឆ្នាំ​ ២០២០ និងបានក្លាយទៅជាទស្សនទានគោលនយោបាយការបរទេសស្នូលរបស់គណបក្ស (DPP) ដែលបានជួយគណបក្ស (DPP) និងលោកស្រី Tsai Ing-Wen ឈ្នះឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី២។  

ទំនាក់ទំនងកោះតៃវ៉ាន់ក្នុងចន្លោះរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកមានការប្រែប្រួលគួរអោយកត់សំគាល់ផងដែរដោយសារតែគោលនយោបាយការបរទេសរបស់គណបក្ស (DPP) ដែលដឹកនាំដោយលោកស្រីប្រធានាធិបតី Tsai Ing-Wen នៅតែបន្តព្យាយាមទាក់ទាញអោយយោធាអាមេរិកចូលមកមានវត្តមានច្រើនឡើងនៅក្នុងតំបន់ និងដើម្បីពង្រឹងសម្ថភាពនិងការធ្វើទំនើបកម្មកងទ័ពតៃវ៉ាន់បន្ថែមទៀតតាមរយៈការបញ្ជារទិញសព្វាវុធប្រយុទ្ធនិងការពារបន្ថែមទៀតពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដើម្បីទប់ស្តាត់នឹងការឈ្លានពានរបស់កងទ័ពចិន និងការគាំទ្រពីសំណាក់ប្រជាជនតៃវ៉ាន់។

សំណួរទី ៣៖ នៅក្នុងជំនួបនេះផងដែរ តើលោក Kevin McCarthy ដែលជាប្រធានសភាអាមេរិកថ្មី បានប្រកាសអំពីគោលជំហររបស់ខ្លួន និងស.រ.អ.យ៉ាងដូចម្ដេចចំពោះភាពតានតឹងដែលកំពុងកើតមានឡើងនៅកោះតៃវ៉ាន់?

បាទសូមអរគុណចំពោះសំនួរមួយនេះ។ ជាការពិតណាស់ ទាំងចិន កោះតៃវ៉ាន់និងសហរដ្ឋអាមេរិកសុទ្ធសឹងតែមានគោលបំណងរួមគឺចង់រក្សាស្ថានការណ៏នៅជ្រកកោះតៃវ៉ាន់ដោយមានសន្តិភាព ស្ថិរភាពនិងជៀសវាងការប្រឈមមុខយោធាណាមួយជាមួយភាគីណាមួយ ក៏ប៉ុន្តែអ្វីដែលជាចំនុចសំខាន់គឺការចាប់យកកោះតៃវ៉ាន់ជាឈ្នាន់និងជាទីតាំងយុទ្ធសាស្រ្តក្នុងការគាប់សង្កត់ចិន ដើម្បីប្រយោជន៏យុទ្ធសាស្រ្ត សេដ្ឋកិច្ច និងសន្តិសុខក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចអំណាចទាំងពីរ។ ទំនាក់ទំនងមិនច្បាស់លាស់រវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក បានធ្វើអោយទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកទ័ពពីអាហ្វហ្គានីស្ថាន និងបង្វែរយុទ្ធសាស្រ្តយោធារបស់ខ្លួនមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។

សហរដ្ឋអាមេរិកបាននឹងកំពុងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតាម រយៈការចូលរួមកិច្ចប្រជុំអាស៊ាននៅភ្នំពេញកាលពីខែវិច្ឆិកាកន្លងមក។លោកប្រធានាធិបតី ចូ បៃឌិន បានចាត់ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជា “បេះដូង” នៃរដ្ឋបាលរបស់លោក។ ច​រិ​ក​លក្ខណៈរបស់សហរដ្ឋអាមេរិក (Military Doctrine) គឺការផ្តល់ការការពារជាយោធា (Security Guarantee) ដល់សម្ព័ន្តមិត្តនិងដៃគូរបស់ខ្លួន។ ការដកទ័ពចេញពីអាហ្វហ្គានីស្ថានគឺជាផ្នែកមួយរបស់យុទ្ធសាស្រ្តយោធានិងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងវត្ដមានយោធារបស់ខ្លួនក្នុងតំបន់ កសាងធនធាននិងដាក់ចេញយុទ្ធសាស្រ្តនានា ដើម្បីប្រកួតប្រជែងជាមួយចិនជាពិសេសពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយសម្ព័ន្តមិត្តនិងដៃគូរបស់ខ្លួនក្នុងតំបន់។ ក្នុងន័យនេះគឺសំដៅទៅលើទិដ្ឋភាពការប្រកួតប្រជែងឥទិ្ធពលរបស់ខ្លួនក្នុងតំបន់និងអាស៊ាននឹងកាន់តែមានភាពតឹងតែងក្នុងបញ្ហា នានាក្នុងតំបន់ដូចជាបញ្ហាមីយ៉ាន់ម៉ា កោះតៃវ៉ាន់ ឧបទី្វបកូរ៉េ   សមុទ្រចិនខាងត្បូងនិងខាងកើត។

សំណួរទី ៤៖ មិនបង្អង់ពេលយូរនោះឡើយ យោធាចិនក៏បានប្រកាសចាប់ផ្ដើមសមយុទ្ធយោធារយៈពេលបីថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ បើតាមព័ត៌មានដែលទទួលបាន កងទ័ពរំដោះប្រជាជនចិន (PLA) បានអះអាងថា ការធ្វើសមយុទ្ធនេះ គឺជាការព្រមានជាផ្លូវការដ៏ធ្ងន់ធ្ងរដល់កងកម្លាំងផ្ដាច់ខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ ចំពោះការឃុបឃិត និងការបង្កហេតុជាមួយកងកម្លាំងខាងក្រៅ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ តើលោកអាចជួយពន្យល់លម្អិតបន្តិចបានទេចំពោះគោលបំណងនៃការធ្វើសមយុទ្ធយោធារបស់ចិននៅច្រកសមុទ្រតៃវ៉ាន់នេះ?

សូមអរគុណលោកសុផាឬទ្ធិ ចំពោះសំនួរដ៏សំខាន់មួយនេះ។ នេះមិនមែនជាលើកទីមួយនោះទេ ដែលកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធប្រឆាំងនឹងដំណើរទស្សនកិច្ចណាមួយរបស់សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ ដែលកំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) កាលពីឆ្នាំមុន ក៏បានធ្វើអោយទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកមានការធ្លាក់ចុះជាខ្លាំងនិងចិនបានធ្វើសមយុទ្ធយោធាជិត ២សប្តាហ៏ ហើយលក្ខណៈពិសេសនៃការធ្វើសមយុទ្ធរបស់កងទ័ពចិន គឺការធ្វើសមយុទ្ធហ៊ុំព័ន្ធកោះតៃវ៉ាន់ទាំងមូល និងបានធ្វើបាញ់គ្រាប់ពិតនៅតាមបណ្តោយព្រំដែនកោះតៃវ៉ាន់ ដែលនេះមិនធ្លាប់មានពីមុនមកឡើយ។​

ការធ្វើសមយុទ្ធយោធារបស់ចិននេះ គឺមានបំណងបង្ហាញអំពីការមិនពេញចិត្តរបស់ចិនចំពោះទស្សនកិច្ចរបស់ប្រធានសភាអាមេរិកហើយក៏ដើម្បីធ្វើការបង្ហាញសាច់ដុំនិងគំរាមកំហែងដល់កោះតៃវ៉ាន់កុំមានទំនាក់ទំនងស្អិតរមួតជាមួយនឹងសហរដ្ឋអាមេរិក ឬប្រកាសឯករាជ្យពីចិន។ ខ្ញុំសូមលើកយកចំនុចគួរអោយកត់សំគាល់ខ្លាំងចំពោះការធ្វើសមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់លើកនេះគឺមានហានិភ័យខ្ពស់ក្នុងការបង្កជាសង្រ្គាមបាន និងថែមទាំងបានផ្តល់ប្រយោជន៏នយោបាយ សេដ្ឋកិច្ច និងភូមិសាស្រ្តយុទ្ធសាស្រ្តជាច្រើនដល់ចិន ប្រសិនជាចិនពិតជាមានបំណងចង់វាយយកកោះតៃវ៉ាន់ពិតមែនដោយផ្អែកលើកត្តាទាំង ៣ សំខាន់ៗដូចជា ១/. ទីតាំងយុទ្ធសាស្រ្តរបស់កោះតៃវ៉ាន់ ២/. ច្រកសេដ្ឋកិច្ចពិភពលោកនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និង៣/. ការប្រើប្រាស់កោះតៃវ៉ាន់ដើម្បីប្រយោជន៏នយោបាយ និងពង្រឹងអំណាចផ្ទៃក្នុងរបស់គណបក្សកុម្មុយនិស្តចិននិងលោកប្រធានាធិបតី ស៊ី ជីនពីង និង CCP។

ក្រៅពីការធ្វើសមយុទ្ធនេះផងដែរ រដ្ឋាភិបាលចិនក៏បានដាក់ទណ្ឌកម្មលើបុគ្គលសំខាន់ៗមួយចំនួនរបស់កោះតៃវ៉ាន់និងស្ថាប័នសហរដ្ឋអាមេរិកមួយចំនួនផងដែរ ដែលរួមមាន Sarah May Stern ប្រធានក្រុមប្រឹក្សាវិទ្យាស្ថាន Hudson លោក John Heubusch អតីតប្រធានមូលនិធិ Reagan លោក Joanne M Drake ដែលជាប្រធានរដ្ឋបាលមូលនិធិ លោកស្រី Hsiao Bi Khim និងក្រុមគ្រួសារមិនអោយចូលប្រទេសចិន ហុងកុងនិងម៉ាកាវ និងស្ថាប័នស្រាវជ្រាវយុទ្ធសាស្រ្តរបស់តៃវ៉ាន់ Prospect Foundation and Council of Asian Liberal and Democrats ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។

សំណួរទី ៥៖ តើវានឹងផ្ដល់នូវផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះចំពោះទំនាក់ទំនងរវាចិនជាមួយនឹងកោះតៃវ៉ាន់ និងចិនជាមួយនឹងស.រ.អ.ចំពោះជំហររបស់ខ្លួនទៅលើវិបត្តិកោះតៃវ៉ាន់?

ជារឿយៗចិនតែងតែបានធ្វើការថ្កោលទោសលើដំណើរទស្សនកិច្ចឬកិច្ចសហប្រតិបត្តិការណាមួយរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិក ដែលចិនបានចាត់ទុកទំនាក់ទំនងទាំងនោះជាការប្រឆាំងនឹងគោលការណ៏ “One China Policy” ដែលសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងទទួលស្គាល់កាលពីឆ្នាំ ១៩៧៩ ក្នុងន័យនេះសហរដ្ឋអាមេរិកត្រូវទទួលស្គាល់ដែនកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ក៏ប៉ុន្តែសភាសហរដ្ឋអាមេរិកក៏បានដាក់ចេញនូវច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់នៅឆ្នាំ ១៩៧៩ ដូចគ្នា (Taiwan Relations Act)។ ដូចនេះសហរដ្ឋអាមេរិកពិតជាទទួលស្គាល់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់ក្នុងការគ្រប់គ្រងប្រទេសចិន តែសហរដ្ឋអាមេរិកក៏មិនទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសឯករាជ្យផងដែរ តែអាមេរិកនៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌និងកិច្ចការប្រជាធិតេយ្យនិងសិទ្ធិមនុស្សជាមួយកោះតៃវ៉ាន់។

ចាប់តាំងពី TRA ត្រូវបានទទួលស្គាល់ដោយសភាអាមេរិកមក រដ្ឋាភិបាលអាមេរិកតែងតែប្រកាសនឹងបន្តនិងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ការលក់អាវុធនិងធានានូវសន្តិសុខនិងស្ថិរភាពក៏ដូចជាសុវត្ថិភាពប្រជាជនតៃវ៉ាន់ផងដែរ ដែលកត្តាទាំងអស់នេះហើយបានធ្វើអោយទំនាក់ទំនងចិននិងសហរដ្ឋអាមេរិកកាន់តែមានភាពតានតឹងជារឿយៗ។ ក៏ប៉ុន្តែទំនាក់ទំនងនយោបាយផ្ទៃក្នុងរបស់កោះតៃវ៉ាន់គឺអាស្រ័យទៅលើរដ្ឋបាលឬប្រធានាធិបតីជាប់ឆ្នោតពីគណបក្ស Kuomintang ឬគណបក្សដំណើរការប្រជាធិបតេយ្យ Democratic Progressive Party-DPP។ គណបក្ស Kuomintang មានទិន្ឋាការទន់ជាងគណបក្ស DPP របស់លោកស្រី Tsai Ing Wen ដែលគណបក្សទាំងពីរកំពុងតែរៀបចំប្រកួតប្រជែងគ្នាសំរាប់ការបោះឆ្នោតសកលនៅឆ្នាំ ២០២៤ ហើយទំនាក់ទំនងត្រីភាគីរវាងកោះតៃវ៉ាន់ ចិននិងសហរដ្ឋអាមេរិកគឺជាកត្តាសំខាន់បំផុតដែលគណបក្សទាំងពីរត្រូវធ្វើយ៉ាងណាដើម្បីទទួលបានការគាំទ្រពីប្រជាជនតៃវ៉ាន់ និងរក្សាអោយបាននូវសន្តិសុខ ស្ថិរភាពសង្គម និងប្រយោជន៏សេដ្ឋកិច្ចរបស់ប្រជាជនតៃវ៉ាន់។

ជាអាទ៌ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីតៃវ៉ាន់លោក ម៉ា យីងជឺ (Ma Ying-Jeou) មកពីគណបក្ស Kuomintang បានឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសរបស់គណបក្សលោកដែលមានបំណងចង់រក្សាទំនាក់ទំនងល្អ និងកាត់បន្ថយភាពតានតឹងរវាងចិននិងកោះតៃវ៉ាន់ដើម្បីប្រយោជន៏សេដ្ឋកិច្ចផងនិងសន្តិសុខផង ក៏ប៉ុន្តែដំណើរស្វែងរកការគាំទ្ររបស់លោកស្រី Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកគឺបានបង្ករអោយមានការកើនឡើងភាពតានតឹងយ៉ាងខ្លាំងក្នុងទំនាក់ទំនងត្រីភាគីនេះ និងបានធ្វើអោយសហរដ្ឋអាមេរិកកាន់តែបង្កើនការលក់អាវុធ និងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។

សូមជម្រាបផងដែរថានាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានទទួលការអនុញញ្ញាតិពីប្រធានាធិបតីហ្វីលីពីនលោក Marcos Jr. ក្នុងការចល័តកងទ័ពរបស់ខ្លួននៅក្នុងមូលដ្ឋានទ័ពសរុបចំនួន ៩ របស់ហ្វីលីពីន ដែលក្នុងនោះមានមូលដ្ឋានកងទ័ពមួយមានចំងាយជិតនឹងកោះតៃវ៉ាន់ ហើយអាមេរិកក៏បានបង្កើតមូលដ្ឋានទ័ពថ្មីមួយនៅកោះ Guam ភាគខាងកើតនៃហ្វីលីពីនដែលអាចអោយសហរដ្ឋអាមេរិកដាក់ទាហានម៉ារិនបានចំនួន ៥០០០នាក់។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនអ្នកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា ការអនុញ្ញាតិអោយកងទ័ពអាមេរិកអាចចល័តនិងដាក់ទ័ពបាននៅមូលដ្ឋានទ័ពយោធាហ្វីលី ពីន គឺជាការធ្វើអោយប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខក្នុងតំបន់។

សំណួរទី ៦៖ ជាចុងក្រោយ តើលោកយល់ឃើញយ៉ាងណាចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកោះតៃវ៉ាន់នៅស.រ.អ.លើកនេះ? តើដំណើរទស្សនកិច្ចមួយនេះ និងធ្វើឱ្យបញ្ហាកោះតៃវ៉ាន់កាន់តែមានភាពល្អប្រសើរឬយ៉ាងណា?

បាទជាចុងក្រោយ ខ្ញុំយល់ឃើញថាដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing Wen គឺជាឆ្លុះបញ្ចាំងការចាប់ទាញយកប្រយោជន៏សេដ្ឋកិច្ចនិងយោធាពីសហរដ្ឋអាមេរិកដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់ចិន និងដើម្បីយកមហាអំណាចសហរដ្ឋអាមេរិកជាបង្អែកនយោបាយនិងសេដ្ឋកិច្ចក្នុងការស្វះស្វែងរកការគាំទ្រពីបណ្តាប្រទេសប្រជាធិបតេយ្យដទៃដើម្បីប្រឆាំងនឹងចិន និងដើម្បីស្វែងរកការគាំទ្រពីប្រជាជនតៃវ៉ាន់ផងដែរ ជាពិសេសយុវជនតៃវ៉ាន់ដែលមានអាយុក្មេងនិងមានទិន្នាការប្រឆាំងនឹងចិនខ្លាំង។ ភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing Wen បានបង្ហាញលទ្ធផលជាផ្លែផ្កាសម្រាប់ទីក្រុងវ៉ាស៊ីនតោនជាច្រើន ដែលសហរដ្ឋអាមេរិកមានហេតុផលច្រើនក្នុងការរក្សានិងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ហើយអាមេរិកក៏នឹងទទួលបានប្រយោជន៏សេដ្ឋកិច្ចជាច្រើនពីការលក់អាវុធបន្ថែមទៅអោយកោះតៃវ៉ាន់ផងដែរ។ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថារដ្ឋបាលលោក Biden នឹងស្នើឱ្យសភាអាមេរិកអនុម័តលើការលក់អាវុធប្រមាណ ១.១ពាន់លានដុល្លារសហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។

សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់កោះតៃវ៉ាន់ជាកាតដ៏សំខាន់មួយ ដើម្បីប្រជែងជាមួយប្រទេសចិន។ សហរដ្ឋ​អាមេរិក​បាន​បង្កើត​សេណារីយ៉ូ​ស្មុគ្រស្មាញមួយជាច្រើន​រួម​ទាំង​វិធានការ​យោធា​ដើម្បី​រារាំង​ចិន​ពី​ការ​ប្រើ​កម្លាំង​ប្រឆាំង​តៃវ៉ាន់។ ផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ភាគច្រើនកើតចេញពីនយោបាយក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិក។ មានកិច្ចព្រមព្រៀងទ្វេភាគីដ៏រឹងមាំមួយ​ស្តីពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន។ការផ្លាស់ប្តូរតួនាទីរបស់ខ្លួនពី “ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ” របស់សហរដ្ឋអាមេរិកទៅជាការគាំទ្រដោយប្រយោលចំពោះឯករាជ្យភាពកោះតៃវ៉ាន់នាពេលបច្ចុប្បន្ន កំពុងបង្កើនភាពតានតឹងដែលមានស្រាប់ មិនត្រឹមតែតំបន់ច្រកសមុទ្រប៉ុណ្ណោះទេក៏ប៉ុន្តែនៅក្នុងតំបន់ទាំងមូលផងដែរ។ នៅក្នុងដំណរភ្ជាប់នេះ ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើតមានរវាងចិន និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងកាន់តែរីកធំឡើងនិងមានគ្រោះថ្នាក់ជាងពេលណាៗទាំងអស់ ដែលធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិននាពេលអនាគតកាន់តែស្រួចស្រាល់។

កម្ពុជាគួរបន្តតាមដាន ការវិវត្តនៃវិបត្តិច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំសហរដ្ឋអាមេរិកនិងចិនឱ្យមានភាពអត់ធ្មត់ ជាអតិបរមា ព្រមទាំងចៀសវាងការចូលរួមក្នុងសកម្មភាពបែបញុះញុងណាមួយដែលអាចបង្កើនភាពតានតឹង និងបង្កអន្តរាយដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ខណៈពេលដែលកម្ពុជាបានទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំមុន និងបានបង្កើតអោយមានកិច្ចប្រជុំមួយរវាងរដ្ឋមន្រ្តីការពារជាតិរបស់និងសហរដ្ឋអាមេរិកកាលពីខែ វិច្ឆិកា ក្នុងក្របខណ្ឌ ADMM និង ADMM+ ដើម្បីអោយរដ្ឋមន្រ្តីការពារជាតិនៃមហាអំណាចទាំងពីរអាចជួបពិភាក្សានិងដោះស្រាយការខ្វែងគំនិត និងបន្ធូបន្ថយការប្រឈមមុខគ្នាណាមួយ។ កម្ពុជាបានប្រើប្រាស់យន្តការសន្តិភាពនិងសន្តិវិធីរបស់អាស៊ានក្នុងការដើរតួនាទីបែបស្ថាបនាក្នុងការសម្របសម្រួលដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិឆ្លងច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំដៃគូសន្ទនាខាងក្រៅដើម្បីលើកកម្ពស់ពហុភាគីនិយម និងភាពជាដៃគូ និងគោរពមជ្ឈភាពអាស៊ាន TAC និង ZOFPAN ដែលគាំទ្រ ស្មារតីសាមគ្គីភាព សន្តិភាព និងវិបុលភាពក្នុងតំបន់តាមរយៈការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930