Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice : ដីការចាប់ខ្លួនរបស់លោក Putin និងជំនួបជាមួយនឹងលោក Xi ស្របពេលនៃភាពវឹកវរ

ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែមានភាពតានតឹង តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានចេញសាលដីការចាប់ខ្លួនរបស់លោក Vladimir Putin ពីបទឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់អំឡុងពេលនៃសង្រ្គាមកំពុងកើតឡើង។ មិនបានប៉ុន្មានថ្ងៃផង លោក Xi Jinping ក៏បានធ្វើដំណើរទៅកាន់សេតវិមាន Kremlin ដើម្បីចូលរួមជំនួបពិភាក្សាកំពូលជាមួយលោក Putin។ ក្នុងកិច្ចសម្ភាសន៍នេះ លោក អំ សុជាតិ បានពន្យល់អំពីខ្លឹមសារនៃសាលដីការចាប់ខ្លួនលោក Putin ចំពោះរូបលោកផ្ទាល់និងប្រទេសរុស្ស៊ីទាំងមូល និងលើកឡើងអំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសមហាអំណាចកុម្មុនីស្តទាំងពីរផងដែរ។

សំណួរទី១៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ តុលាការព្រម្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសចេញនូវដីការចាប់ខ្លួនរបស់លោកប្រធានាធិបតី Vladimir Putin លើការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមពីការនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។ ជាបឋម តើ (វាគ្មិន) អាចពន្យល់លម្អិតបន្តិចបានទេពាក់ព័ន្ធទៅនឹងសុំណុំរឿងរបស់លោក Putin ដែលស៊ឺបអង្កេតដោយតុលាការព្រម្មទណ្ឌអន្តរជាតិ?

លោក អាំ សុជាតិ៖ ដូចដែលយើងបានដឹងហើយថា ICC គឺជាតុលាការអន្តរជាតិត្រូវបានបង្កើតឡើងនៅក្រោមលក្ខន្តិកៈនៃទីក្រុងរ៉ូមឆ្នាំ២០០២ ហើយ ICC មានសមត្ថកិច្ចទប់ស្កាត់នៅក្នុងករណីមួយចំនួនប្រសិនបើប្រទេសដែលមានបទល្មើសបានប្រព្រឹត្តនោះជាភាគីនៃលក្ខន្តិកៈនៃទីក្រុងរ៉ូម ឬ ប្រទេសដើមរបស់ជនល្មើសគឺជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ ICC អាចអនុវត្តយុត្តាធិការរបស់ខ្លួនបានលុះត្រាតែតុលាការជាតិមិនអាច ឬ មិនចង់ដំណើរការនៃក្តីនោះ។ ICC មានយុត្តាធិការតែលើបទល្មើសបានប្រព្រឹត្តបន្ទាប់ពីការចូលជាធរមាននៃលក្ខន្តិកៈទីក្រុងរ៉ូម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២។ ខ្ញុំចង់និយាយថា បទឧក្រិដ្ឋទាំងឡាយដែលប្រព្រឹត្តនៅមុនថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ គឺខាង ICC ពុំមានយុត្តាធិការទេ។ ហើយបទឧក្រិដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាតិនេះមាន៣ ដែលទីមួយគឺ ឧក្រិដ្ឋកម្មសង្គ្រាមដែលមានដូចជាការធ្វើទារុណកម្ម ការកាប់បំផ្លាញ ឬការដាក់ទណ្ឌកម្មលើរាងកាយ ហើយអំពើភារវកម្មជាដើម។

ទីពីរគឺ​ បទឧក្រិដ្ឋប្រល័យពូជសាសន៍ ដែលរាប់ចូលនៅក្នុងចេតនាបំផ្លាញជាតិ ឬ សាសនាណាមួយ។ ហើយទីបីគឺ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលជាអំពើដែលប្រព្រឹត្តឡើងជាផ្នែកនៃការវាយប្រហារយ៉ាងទូលំទូលាយ ឬ ជាប្រព័ន្ធដែលសំដៅលើជនស៊ីវិលណាមួយ ដូចជាឃាតកម្ម ឬ​ ការនិរទេស ឬ ការធ្វើទារុណកម្មជាដើម។ ខ្ញុំសូមជូនព័ត៌មានបន្ថែមថា អ៊ុយក្រែនបាននិយាយថាកុមាររបស់ខ្លួនជាង ១៦០០០នាក់ ត្រូវបានគេនិរទេសដោយខុសច្បាប់ទៅកាន់ទឹកដីរុស្សីដោយការនិរទេសនោះចាប់ផ្តើមឡើងតាំងពីសង្គ្រាមបានចាប់ផ្តើមមកម្ល៉េះ ប្រមាណជា១៣ខែមុន។​

ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះខាងអង្គបុរេជំនុំជម្រះទី២ នៃតុលាការឧក្រិដ្ឋកម្មសង្គ្រាម បានចេញដីកាចាប់ខ្លួនបុគ្គល២រូប។ លោក​ Vladimir Putin ត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋសង្រ្គាម ដោយមានការនិរទេសប្រទេសប្រជាជនដោយខុសច្បាប់ដែលសំដៅលើកុមារ និងការផ្ទេរប្រជាជនដោយខុសច្បាប់ពីតំបន់កាន់កាប់ពីតំបន់កាន់កាប់របស់អ៊ុយក្រែនទៅទឹកដីរបស់រុស្សី។ ហើយមានមាត្រាដែលបានកំណត់ គឺមាត្រា៨(២) A ចំណុចទី៧ និងមាត្រាមាត្រា៨(២) B ចំណុចទី៨។ ឧក្រិដ្ឋកម្មត្រូវបានចោទប្រកាន់នេះបានប្រព្រឹត្តនៅលើទឹកដីកាន់កាប់របស់អ៊ុយក្រែន យ៉ាងហោចណាស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃដែលរុស្សីបានបើកការឈ្លានពានលើទឹកដីអ៊ុយក្រែន ហើយអង្គបុរេជំនុំជម្រះជឿថាលោកពូទីន មានទំនួលខុសត្រូវព្រហ្មទណ្ឌជាបុគ្គលចំពោះឧក្រិដ្ឋកម្មដែលបានរៀបចំឡើង ដែលមានការប្រព្រឹត្តដោយផ្ទាល់រួមជាមួយនឹងអ្នកដទៃ ឬតាមសកម្មភាពផ្សេងទៀតស្របតាមមាត្រា២៥ ចំណុចទី៣A នៃលក្ខន្តិកៈទីក្រុងរ៉ូម និងចំណុចទី២ ចំពោះការខកខានរបស់លោកក្នុងការអនុវត្តគ្រប់គ្រងឱ្យបានត្រឹមត្រូវនៃមន្រ្តីក្រោមឧវាទរបស់លោក។ ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា អង្គជំនុំជម្រះនេះបានពិចារណាដោយពាក្យស្នើសុំរបស់អយ្យការចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានហេតុផលថាជនសង្ស័យខាងលើគឺមានការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋសង្គា្រមនៃការនិរទេសប្រជាជនដោយខុសច្បាប់ និងការផ្ទេរប្រជាជនដោយខុសច្បាប់ ដោយប្រជាជននៅត្រង់នេះគឺសំដៅលើកុមាររបស់អ៊ុយក្រែនតែប៉ុណ្ណោះ។

សំណួរទី២៖  ពាក់ព័ន្ទទៅនឹងចំណុចនេះផងដែរ តើដីកាចាប់ខ្លួនដែលចេញដោយ ICC នេះមានន័យយ៉ាងដូចម្តេចចំពោះលោក Vladimir Putin ផ្ទាល់ក៏ដូចជាសណ្តាប់ធ្នាប់ប្រទេសរុស្សី ហើយដោយប្រទេសរុស្សីមិនមែនជារដ្ឋភាគីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ?

លោក អាំ សុជាតិ៖ ដោយសារតែរុស្សីមិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ហើយភាគីរុស្សីក៏មិនដែលទទួលស្គាល់តុលាការនេះ និងមិនធ្វើបច្ចាប័ន្នពលរដ្ឋរបស់ខ្លួន ដោយកាលនោះទំនងជាថាលោកពូទីន និងលោកស្រីឡូវ៉ា ក៏ប្រហែលជាគេមិនប្រគល់ខ្លួនទៅឱ្យតុលាការនេះដែរ។ បើយោងតាមលក្ខន្តិកៈរបស់ ICC ដោយមានរដ្ឋភាគីចំនួន ១២៣ ស្មើនឹង២/៣ នៃសហគមន៍អន្តរជាតិទាំងមូល គឺតុលាករមានយុត្តាធិការលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើទឹកដីនៃរដ្ឋភាគី ឬ រដ្ឋដែលទទួលស្គាល់យុត្តាធិការរបស់ ICC។ ហើយកន្លងទៅនេះអ៊ុយក្រែនបានទទួលយកយុត្តាធិការរបស់ ICC ចំនួន២លើកគឺនៅក្នុងឆ្នាំ២០១៤ និងនៅក្នុងឆ្នាំ២០១៥។ សម្រាប់ករណីនេះ គឺខ្ញុំអាចឆ្លើយបានថាមានយុត្តាធិការទៅលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តពីភាគីណាក៏ដោយ ឬ បុគ្គលណាក៏ដោយនៅលើទឹកដីអ៊ុយក្រែន ហើយយើងមើលទៅគឺតាមការស្នើសុំដែលចាប់មានតាំងពីខែវិច្ឆកា ឆ្នាំ២០១៣មកម្ល៉េះ។ ប៉ុន្តែការចេញសាលដីកានៅចំពេលមួយនេះគឺវាមានហេតុផលមួយចំនួន វាអាចជាសញ្ញាមួយសម្រាប់មន្ត្រីជាន់ខ្ពស់របស់រុស្សី មានមន្ត្រីយោធា និងមន្រ្តីស៊ីវិល ដែអាចងាយទទួលរងនូវការកាត់ទោសនៅពេលខាងមុខនេះផងដែរ។ ដោយអាចចាប់ផ្តើមដោយលោកប្រធានាធិបតី ក្រោយមកទៀតក៏អាចមានថ្នាក់ដឹកនាំរុស្សីផ្សេងៗទៀតក៏ប្រហែលជានឹងត្រូវទទួលការកាត់ទោសដូចទោនឹងលោកប្រធានាធិបតី ដែលនឹងមានការចេញសាលដីកាបញ្ជាឱ្យចាប់ខ្លួនជាដើម។

ហើយកត្តានេះវានឹងដាក់កម្រិតបន្ថែមទៀតអំពីលទ្ធភាពរបស់ពួកគេ គឺរឹតត្បិតការធ្វើដំណើររបស់ពួកគេទៅក្រៅប្រទេស ឧទាហរណ៍ដូចជា ទៅចូលរួមវេទិកាអន្តរជាតិផ្សេងៗ។ ICC មិនទទួលស្គាល់អភ័យឯកសិទ្ធិរបស់ប្រមុខរដ្ឋនៅក្នុងករណីដែលពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាមទេ ឧក្រិដ្ឋកម្មមនុស្សជាតិ ឬ អំពើប្រល័យពូជសាសន៍ មានន័យថាប្រមុខរដ្ឋណាដែលICC បានចោទប្រកាន់ថាបានប្រព្រឹត្តអំពើនោះ ហើយគាត់ចេញសាលដីកាឱ្យចាប់ខ្លួនគឺអភ័យឯកសិទ្ធិរបស់បុគ្គលនោះត្រូវបានគេច្រានចោល។ កន្លងមកនៅខាងអាហ្រ្វិកខាងត្បូង ខាងតុលាការ ICC បានបង្គាប់ឱ្យចាប់ខ្លួនមេដឹកនាំផ្តាច់ការរបស់ស៊ូដង់ នៅក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ២០១៥ ប៉ុន្តែអាហ្រ្វិកខាងត្បូងបានប្រកែកមិនព្រមចាប់ខ្លួនតាមការស្នើ ដោយលើកឡើងថា ICC មិនមែនជាតួអង្គរដ្ឋ ហើយ ICC ក៏មិនមែនជាប្រទេសអ្វីមួយនោះដែរ។

ដូច្នេះ ការលើកឡើងរបស់គាត់ បើយើងសង្កេតមើលទៅវាគ្រាន់តែជាហេតុផល ឬ ជាលេសដែលមិនផ្តល់ការសហការជាមួយនឹងតុលាការនេះតែម្តង ហើយក្រោយមកទៀតយើងបានដឹងថាអាហ្រ្វិកខាងត្បូង បានដកខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម។ រឿងមួយផ្សេងទៀតដែលបានកើតឡើងដែរគឺនៅទីក្រុងឡុងដ៍ ដែលចាប់ខ្លួនអតីតមេដឹកនាំផ្តាច់ការឈីលី នៅក្នុង១៩៩៨ តាមសាលដីកាមួយដែលចេញដោយចៅក្រមអេស្ប៉ាញ ខ្ញុំសូមបញ្ជាក់ថានោះគឺមិនស្ថិតនៅក្រោមតុលាការអន្តរជាតិ ICC ទេប៉ុន្តែជាំតុលាករផ្សេងមួយទៀត ដោយកាលនោះគឺមានការទាមទារអភ័យឯកសិទ្ធិ ប៉ុន្តែអាជ្ញាធរអង់គ្លេសនៅតែចាប់ខ្លួន តែក្រោយមកក៏បានអនុញ្ញាតឱ្យលោកត្រឡប់ទៅប្រទេសខ្លួនវិញ ក្រោមហេតុផលថាសុខភាពមិនល្អ។ បើតាមខ្ញុំពិនិត្យ ខ្ញុំមើលឃើញថានេះប្រហែលជាអាចមកពីហេតុផលនយោបាយច្រើន។

ចំពោះផលវិបាកមួយចំនួនដែលកើតឡើងចេញពីសាលដីកាបង្គាប់ឱ្យចាប់ខ្លួនលោកពូទីនលើកនេះ គឺវាអាចមានផលវិបាកការទូតមួយចំនួនផងដែរ ឧទាហរណ៍ថា ប្រទេសដែលនឹងទទួលទស្សនកិច្ចលោកពូទីន អាចនឹងរងការចោទប្រកាន់ ឬ សម្ពាធពីមជ្ឈឹមលោក ដែលតែងតែទាមទារឱ្យភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម អនុវត្តឱ្យបានត្រឹមត្រូវ និងហ្មត់ចត់តាមការទាមទារ ហើយរក្សាកាតព្វកិច្ចដែលខ្លួនមាននៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូម។ យើងមើលកាលកន្លងទៅដូចជានៅអាហ្រ្វិកខាងត្បូង ដែលមូលហេតុនេះហើយទើបអាហ្រិ្វកខាងត្បូងដកខ្លួនចេញដោយសារការរងសម្ពាធ និងផលលំបាកមួយចំនួនផ្សេងទៀត។

ចំណុចមួយទៀតនោះខ្ញុំយល់ឃើញថា វាក៏ជាលេសមួយផងដែរសម្រាប់លាបពណ៌ទៅលើប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និតជាមួយរុស្សី បើយើងនិយាយឱ្យងាយស្តាប់ជាភាសាខ្មែរគឺយើងកំពុងសេពគប់ជាមួយនឹងឧក្រិដ្ឋជន ដូចដែលលោក ស៊ីជីនពីង ទៅធ្វើទស្សនៈកិច្ចនៅរុស្សីនេះអាចនឹងគេមើលឃើញថាគាត់កំពុងតែមានទំនាក់ទំនងជាមួយឧក្រិដ្ឋជន ហេតុនេះវាជាសម្ពាធចំពោះថ្នាក់ដឹកនាំពីប្រទេសផ្សេងៗទៀតក្នុងការសម្រេចចិត្តថាតើគួរជួបលោកពូទីន ឬទេ។

ចំណុចមួយទៀតខ្ញុំអាចយល់ឃើញថា ការចេញសាលដីកាក៏អាចជាការជះឥទ្ធិពលត្រឡប់ទៅកាន់ ICC វិញដែរ គឺការបាត់បង់ឬការថយចុះនៃកិត្តិស័ព្ទរបស់ខ្លួន ដូចដែលយើងបានឃើញអាហ្រ្វិកខាងត្បូងបានដកខ្លួនចេញពី ICC ហើយប្រទេសផ្សេងទៀតក៏អាចនឹងធ្វើតាមនោះដែរ ដើម្បីកាត់បន្ថយសម្ពាធរបស់ខ្លួន ឬ កាត់បន្ថយការឆ្លើយតបណាមួយដែលខ្លួនយល់ឃើញថាបច្ចឹមលោកគេទាមទារ ហើយខ្លួនមិនអាចធ្វើបាន ដោយហេតុផលនយោបាយ សេដ្ឋកិច្ច ឬ ហេតុផលណាផ្សេងទៀតនៅពីក្រោយ។ សូមជម្រាបជូនផងដែរថា ពូទីន បានគ្រោងធ្វើដំណើរទៅអាហ្វ្រិកខាងត្បូង​ ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅខែសីហាខាងមុខនេះ ប៉ុន្តែយើងក៏ដឹងដែរថាប្រទេស BRICS មាននិន្នាការមួយគឺមិនស្របជាមួយបច្ចឹមលោកទេ ដូច្នេះដំពើរទស្សនកិច្ចរបស់លោកហ្នឹងខ្ញុំជឿថា អាហ្វ្រិកខាងត្បូងនឹងទទួលស្វាគមន៍ជាធម្មតា ដូចមេដឹកនាំដទៃផ្សេងទៀត។

សំណួរទី៣៖  ពាក់ព័ន្ធទៅនឹងសង្គ្រាមដែលអ៊ុយក្រែនមាន តើលោកសុជាតិអាចបញ្ជាក់បានទេថា តើសំណុំរឿងមួយនេះ សាលដីកាចាប់ខ្លួនរបស់លោក Vladimir Putin បានជះឥទ្ធិពលអ្វីខ្លះដល់ដំណើរការសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន?

លោក អាំ សុជាតិ៖ បច្ចុប្បន្នមានការវិភាគច្រើន ពាក់ព័ន្ធនឹងសំណុំរភងមួយនេះ ដោយសារមានអ្នកវិភាគមួយចំនួនគាត់យល់ឃើញថាមន្ត្រីរបស់ ICC ដែលកំពុងតែស៊ើបអង្កេតទៅលើសំណុំរឿងរបស់លោក ពូទីន ហើយមេធាវីអង់គ្លេស និងចៅក្រមមួយចំនួនធំផ្សេងទៀតដែលបម្រើការនៅ ICC គឺមានដើមកំណើតមកពីប្រទេសបច្ចឹមលោក។​ ដូចនេះ គេចោទសួរថាការចេញនេះមានបំណងអីនៅក្នុងពេកនេះ ដោយអ្នកខ្លះបានយលឃើញថាសាលដីកាបង្គាប់ឱ្យចាប់ខ្លួននេះមានចារឹកនយោបាយ ហើយបម្រើឱ្យក្រុមប្រទេសបច្ចឹមលោក ដោយគាត់យល់ឃើញថាមកទល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិត​​ ឬ ភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកនោះទេ ហើយខ្លះទៀតក៏មានចម្ងល់ដែរថាហេតុអីបានជាមានសាលដីកាបង្គាប់ឱ្យចាប់ខ្លួនតែមេដឹកនាំរបស់រុស្សី ទាំងដែលមេដឹកនាំមួយចំនួនធំដែលនៅអ៊ុយក្រែន ហើយបានប្រព្រឹត្តសកម្មភាព ឬ ទង្វើដូចគ្នានេះដែរនៅទីនោះ ប៉ុន្តែមិនទទួលបានដីកាបង្គាប់ឱ្យចាប់ខ្លួនអ្វីទាំងអស់ ហើយង្នកខ្លអទៀតយល់ឃើញថានេះជាសកម្មភាពដែលលោកពូទីន ជម្លៀសកុមារទាងនោះប្រមាណជា ១៦០០០នាក់ ទៅកាន់ទឹកដីរុស្សី ដោយអ្នកខ្លះយល់ថាជាទង្វើល្អរបស់ភាគីរុស្សីទៅវិញដោយបញ្ជូនកុមារទាំងនោះឱ្យចេញផុតពីតំបន់គ្រោះថ្នាក់ទៅរកតំបន់ដែលមានសុវត្ថិភាព មានន័យថារុស្សីកំពុងតែសង្គ្រោះពួកគេទេ។

ជាក់ស្តែង តំបន់ទាំងនោះមុនការឈ្លានពានរបស់រុស្សី គឺតំបន់នោះរងការវាយប្រហារពី អាជ្ញាធរ យោធា របស់ខាងអ៊ុយក្រែន ដោយសារតែខាងតំបន់នោះមានក្រុមព្យាយាមបំបែកពីរដ្ឋ ហើយការវាយប្រហារតាមមធ្យោបាយផ្សេងៗអាចមានផលប៉ះពាល់ និងអាចបង្កឱ្យបាត់បង់ជីវិត មិនថាតែកុមារទេ ចំពោះជនស៊ីវិល មនុស្សពេញវ័យ មនុស្សចាស់ជរា​ ក៏បាត់បង់ជិវិតច្រើនដែរនៅតំបន់ទាំងនោះ។ ចំណុចដែលខាងតុលាការចោទប្រកាន់ និងការពិនិត្យទៅលើនីតិវិធី គឺគេបានបញ្ជាក់ថាការជម្លៀសនោះគឺខុសពីនីតិវិធី ពីព្រោះការជម្លៀសកុមារទាំងនោះគឺមិនមានការយល់ព្រមពីអាណាព្យាបាល ដោយករណីខ្លះទៀតកុមារទាំងនោះគឺជាកុមារកំព្រា មិនមានអាណាព្យាបាលអាចបញ្ជាក់បាន ដូច្នេះការជម្លៀសពួកគេដោយមិនមានការយល់ព្រមពីអាណាព្យាបាលជារឿងដែលខុសច្បាប់ ដែលនេះពាក់ព័ន្ធនឹងនីតិវិធីបើសិនជាភាគីរុស្សីគាត់បានរៀបចំតាមនីតិវិធី ម្ល៉េះលោកពូទីន ប្រហែលជាមិនរងការចោទប្រកាន់ ឬ ការបង្គាប់​ឱ្យចាប់ខ្លួននោះទេ។ ចំពោះផលប៉ះពាល់ដោយសារតែសំណុំរឿងមួយនេះ ខ្ញុំលមើលឃើញថាសង្គ្រាមនៅអ៊ុយក្រែននឹងកាន់តែបន្តមានភាពតានតឹងខ្លាំងជាងមុន។

ហើយទី២ វាបានបំផ្លាញដល់គំនិតផ្តួចផ្តើមសន្តិភាពដែលចិនបានផ្តើម ការពិតណាស់ដែលនេះជាអ្វីដែលបច្ចឹមលោកចង់បានដូចគ្នា ដោយសារពួកគេជឿថារុស្សីបានស្នើសុំឱ្យចិន ចេញគំនិតផ្តួចផ្តើមសន្តិភាពនេះឡើង ដើម្បីឱ្យរុស្សីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំគោលដៅឡើងវិញ​និងរៀបចំក្រុមផ្តាច់ខ្លួន ហើយនិងវាយប្រហារលើអ៊ុយក្រែនលើកក្រោយ ដើម្បីកាន់កាប់អ៊ុយក្រែនតែម្តង។ ចំណុចមួយទៀតគឺខ្ញុំឃើញថាបច្ចឆមលោកទំនងជាមិនចង់ឃើញចិនកានើតួនាទីរបស់ខ្លួនកាន់តែសំខាន់ថែមទៀតនៅក្នុងការដោះស្រាយបញ្ហាសកលមួយនេះដែរ ព្រោះមួយរយៈចុងក្រោយ យើងបានឃើញចិនបានដើរតួនាទីយ៉ាងសកម្មក្នុងការស្វែងរក និងការសម្របសម្រួលផ្សេងៗទាំងបញ្ហា និងភាពរកាំរកូសនៃទំនាក់ទំនងរ​បស់ Saudi Arabia ជាមួយនឹង IRAN។ អញ្ចឹងចិនគាត់មានតួនាទីច្រើនជាងមុន​ ហើយគាត់អាចនឹងទទួលបានកេរ្តិ៍ឈ្មោះច្រើនជាងមុននៃការដោះស្រាយ ខណៈដែលអាមេរិកមិនសូវអើពើក្នុងការស្វែងរកដំណោះស្រាយសន្តិភាព ប៉ុន្តែបែរជាបន្តឧបត្ថម្ភដល់អ៊ុយក្រែនហើយចិញ្ចឹមសង្គ្រាមនោះទេ។

សំណួរទី៤៖ យើងងាកទៅចំណុច​ដែលគួរឱ្យចាប់អារម្មណ៍មួយទៀតស្របពេលជាមួយគ្នានេះផងដែរ ប្រធានាធិបតីនៃប្រទេសមហាអំណាចកុំម្មុយនីស្តទាំងពីរគឺលោក ពូទីន និងលោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៣ កន្លងទៅដើម្បីពិភាក្សាទៅលើបញ្ហានានាដែលជំនួបនេះធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមបានចេញដីកាចាប់ខ្លួនលោកពូទីន ដូចដែលបានរៀបរាប់ខាងលើ។ ចំពោះជំនួបទ្វេភាគីនេះផងដែរ តើលោកសុជាតិ អាចរៀបរាប់បន្តិចបានទេពាក់ព័ន្ធទៅនឹងលទ្ធផលនៃការជួបគ្នារវាងលោកពូទីន និងលោក ស៊ីជីនពីង?

លោក អាំ សុជាតិ៖ ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក ស៊ី ទៅកាន់ទីក្រុងមូស្គូ បានបញ្ចប់កាលពីថ្ងៃពុធនេះ ដែលវាជាឱកាសមួយសម្រាប់ចិនផងដែរ ដើម្បីបង្ហាញពីមិត្តភាព និងទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និតរបស់ភាគីទាំង២ ហើយវាក៏បង្ហាញពីកិច្ចខិតខំរបស់មេដឹកនាំទាំង២ ក្នុងការជំរុញឱ្យមានសណ្តាប់ធ្នាប់ពិភពលោកថ្មីដើម្បីប្រឆាំងនូវអ្វីដែលមេដឹកនាំទាំង២មើលឃើញថាការដឹកនាំសព្វថ្ងៃ គឺដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់ខ្លួនប៉ុណ្ណោះ។ កិច្ចប្រជុំខាងលើបានឈានដល់កិច្ចព្រមព្រៀងសរុមចំនួន ១១ ដែលជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ចាប់តាំងពីពាណិជ្ជកម្ម រហូតដល់ការឃោសនារបស់រដ្ឋ ដោយយោងតាមអ្វីដែលទីក្រុងកាំឡាំង បានសិក្សា។

សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំង២ បានចែងពីរបៀបដែលប្រទេសទាំង២ បានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅ។ ខ្ញុំសូមបញ្ជាក់ផងដែរថា កំឡុងពេលដែលលោក ស៊ីជីនពីង បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ គឺលោកនាយករដ្ឋមន្ត្រីជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ក៏បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនដែរកាលពីថ្ងៃអង្គារនេះ និងបានគូសបញ្ជាក់នៃការសន្យាផ្តល់ជំនួយបន្តទៅកាន់ភាគីអ៊ុយក្រែន។ យើងមើលឃើញថាជំនួបនេះគឺវាប្រៀបបាននឹងអាស៊ី២ ដែលមួយជាមហាអំណាចទីពីរសេដ្ឋកិច្ច និងមួយទៀតជាមហាអំណាចលេខ៣ សេដ្ឋកិច្ច កំពុងតែធ្វើឱ្យសកម្មភាពនៅអ៊ឺរ៉ុបគឺមិនបានថមថយវិញទេ​ ប៉ុន្តែទំនងសកម្មភាពទាំង២នេះ គឺដើរផ្ទុយគ្នាហើយទំនងជាធ្វើឱ្យសង្គា្រមនៅអ៊ុយក្រែនកាន់តែអូសបន្លាយបន្តទោមុខទៀត។

មានចំណុចមួយចំនួនទៀតដែលខ្ញុំគួរបញ្ជាក់ផងដែរ នៅក្នុងជំនួបរវាងលោកស៊ី និងលោកពូទីន គឺលោកស៊ីបានបង្ហាញផែនការសន្តិភាពជូនលោកពូទីន ដើម្បីពិនិត្យហើយលោកពូទីនបានឆ្លើយវិញថាភាគីរុស្សីគឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សា ប៉ុន្តែនៅក្រោយការបង្ហាញពីផែនការសន្តិភាពរបស់លោកស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះស្រាប់តែមានការវាយប្រហារមួយនៅចំកណ្តាលរាត្រីដែលបានបំផ្លាញនាវាមីស៊ីលរបស់រុស្សីនៅសមុទ្រខ្មៅ ​ដោយសកម្មភាពនេះវាអាចនឹងជះឥទ្ធិពលមិនល្អដល់គម្រោង ឬ ការចរចារសន្តិភាព។

ចំណុចមួយទៀតគឺមេដឹកនាំទាំង២ បានអំពាវនាវឱ្យបញ្ឍប់សកម្មភាពដែលបង្កើនឱ្យមានភាពតានតឹងដែលអូសបន្លាយសង្គ្រាម នៅអ៊ុយក្រែន នោះគឺយើងបានឃើញចេតនានៅរុស្សីដោយគាត់ចង់ផ្អាក ឲសង្គ្រាមនេះឱ្យបានឆាប់ដែរ។ ហើយក៏បានជំរុញឱ្យអង្គការណាតូគោរពនូវអធិបតេយ្យភាព សន្តិសុខ ផលប្រយោជន៍របស់ប្រទេសដទៃផ្សេងទៀត។ ដូចដែលយើងបានដឹងហើយថា សង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន គឺយើងអាចថាក៏ជាកំហុសមួយរបស់ណាតូ​ដែរ ដែលបានប្រកាសម្តងហើយម្តងទៀតអំពីការព្រមទទួលយកបេក្ខភាពរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិករបស់ណាតូ ដែលវាធ្វើឱ្យភាគីរុស្សីយល់ឃើញថានេះជាបន្ទាត់ក្រហមនៃសន្តិសុខរបស់ខ្លួន ដែលដាច់ខាតត្រូវតែការពារ តែនេះគ្រាន់តែជាលេសសម្រាប់រុស្សីក្នុងការឈ្លានពានអ៊ុយក្រែន។​

ចំពោះភាគីអ៊ុយក្រែនខ្ញុំយល់ឃើញថា អ៊ុយក្រែនទំនងជាមិនអាចទទួលយកនូវផែនការសន្តិភាព ១២ចំណុចដែលភាគីចិនបានស្នើឡើងនោះទេ ដោយសារតែកាលពីថ្ងៃអង្គារនេះ លោក Zelensky បាននិយាយថាបទឈប់បាញ់មួយ គ្រាន់តែជាការបង្កកជម្លោះ ដើម្បីឱ្យរុស្សីមានពេលវេលារៀបចំ និងត្រឡប់មកកាន់ការគ្រប់គ្រងនៅអ៊ុយក្រែនវិញប៉ុណ្ណោះ។ ​បើយើងពិនិត្យ និងវិភាគលើសម្តីរបស់លោក Zelensky គឺលោកប្រហែលជាមិនចង់ចរចាលើចំណុចទាំង ១២នេះទេ ព្រោះចំណុចទាង១២ នេះ បើយើងពិនិត្យទៅគឺពុំមានភាពជាក់លាក់ហើយចំណុចទាំង១២ នេះហាក់ផ្តល់ផលចំណេញទៅលើរុស្សីច្រើនជាង ប៉ុន្តែបើយើងពិនិត្យមើលរយៈពេលវែងថាតើលោក Zelensky គួរតែបដិសេដតែម្តង ឬ យ៉ាងណា?

យោងតាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ថាមិនរុញចិនឱ្យឆ្ងាយពីខ្លួននោះទេ ព្រោះអ៊ុយក្រែនពេលនេះគឺបានខាតបង់ធ្ងន់ធ្ងរណស់ទៅលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើហេដ្ឋារចនារូបវ័ន្ត និងទម្រង់ផ្សេងៗរបស់សេដ្ឋកិច្ច និងរបស់ជាតិទាំងមូល ដូចនេះអ៊ុយក្រែននៅត្រូវការថវិកាច្រើនណាស់ ដើម្បីទទួលបានថវិកានេះគឺអ៊ុយក្រែនច្បាស់ជារំពឹងមើលថាប្រហែលជាសុំខ្ចីប្រាក់ពីចិន ឬ យ៉ាងហោចណាស់សុំការវិនិយោគពីចិន ដើម្បីយកមកស្តារអ៊ុយក្រែនឡើងវិញ។

ចំពោះស្ថានភាពមួយផ្សេងទៀតដែលយើងមើលពាក់ព័ន្ធនឹងអាមេរិក ដែលកាលពីថ្ងៃទី២០ យើងដឹងថាលោកស៊ីជីនពីង បានចេញដំណើរទៅទស្សនកិច្ចនៅរុស្សី ក្នុងថ្ងៃជាមួយគ្នានោះដែរអាមេរិកបានចេញរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន ហើយភាគីចិនក៏មិនបង្អង់យូរ ដោយបានត្រៀមនូវរបាយការណ៍របស់ខ្លួនមួយមានចំណងជើងថា «រដ្ឋប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ឆ្នាំ២០២២» នៅលើគេហទំព័ររបស់ខ្លួន ហើយរបាយការណ៍នេះគឺជាការវាយប្រហារគ្នាទៅវិញទៅមក ដោយចិនយល់ឃើញថាអាមេរិកគាត់បានប្រើប្រាស់សិទ្ធិមនុស្សសម្រាប់ជាអាវុធវាយប្រហារទៅលើប្រទេសផ្សេងៗទៀត។

សំណួរទី៥៖  ជាចុងក្រោយ តើជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំលោកពូទីន និងលោកស៊ីជីនពីង ត្រូវបាបសហគមន៍អន្តរជាតិមើលឃើញយ៉ាងដូចម្តេចស្របពេលដែលពិភពលោក និងតំបន់កំពុងតែជួបប្រទះនូវសកម្មភាពដ៏ស្វិតស្វាញបំផុត?

លោក អាំ សុជាតិ៖ កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២ ជាការបន្តនៃដំណើរការដែលបានធ្វើឡើងអស់រយៈពេលជាយូរមកហើយដូចដែលពួកយើងបានដឹងហើយថាចាប់តាំងពីលោកស៊ីជីនពីងឡើងកាន់អំណាចមក ទំនាក់ទំនង​រវាងរុស្សី និងចិន ហាក់មានភាពល្អប្រសើរជាងមុន ហើយយើងឃើញមានជំនួបរវាងមេដឹកនាំទាំង២នេះគឺញឹកញាប់ជាងជំនួបរវាងលោកស៊ី ជាមួយនឹងភាគីអាមេរិក ឬ ប្រទេសមហាអំណាចដទៃផ្សេងទៀត។ បើតាមខ្ញុំចាំជំនួបជាង ៣០លើកទៅហើយ ដូចនេះបើប្រៀបជំនួបរវាងថ្នាក់ដឹកនាំដទៃគឺមិនមានច្រើនដូចនេះទេ ហើយខ្ញុំយល់ឃើញថាជំនួបនេះគឺជាជំនួបដែលចិន និងរុស្សីកំពុងតែញែកផ្តាច់ខ្លួនចេញពីបច្ចឹមលោក ទាំងផ្នែកនយោបាយ ទាំងផ្នែកសេដ្ឋកិច្ច ដោយជំនួសមកវិញនូវទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅជាងមុន។ គោលបំណងចម្បងនៃភាពជាដៃគូនេះនឹងចូលរួមកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេសទាំង២ ដោយសារតែមហាអំណាចអាមេរិក ហើយនឹងព្យាយាមវិលត្រឡប់ទៅរកភាពមួយដែលអាចស្តារស្ថានការណ៍ពិភពលោក និងជំរុញឱ្យពហុប៉ូលមានការអនុវត្តបានពិតប្រាកដ។

សម្រាប់ភាគីទាំង២នេះ វាជាជម្រើសល្អដែលភាគីទាំង២បានជ្រើសរើស និងលះបង់នូវទំនាក់ទំនងរបស់ខ្លួនពីបច្ចឹមលោក ចាប់តាំងពីបានឈ្លានពានអ៊ុយក្រែនមកម្ល៉េះ ដែលលោកស៊ី បានយល់ច្បាស់ថាអាមេរិក មុខជាបន្ត​នយោបាយរបស់ខ្លួនប្រឆាំងនឹងចិន ដូច្នេះការស្វែងរកភាពជាដៃគូជាមួយរុស្សីគឺអាចធានាបាននូវការស្តារប្រទេសរបស់ខ្លួនមកវិញ។ ខ្ញុំយល់ឃើញថា ការបង្កើនគោលនយោបាយការបរទេសដែលផ្តោតលើការប្រឈមមុខបានរុញឱ្យភាគីរុស្សីនិងចិន​កាន់តែខិតរកគ្នា កាន់តែស្និតជាងមុន។ នៅក្នុងជំនួបទាំងនេះ បើយើងពិនិត្យឱ្យមែនទែន គឺលោកពូទីន នឹងបន្តផ្តល់ផលប្រយោជន៍ខាងការទូត និងសេដ្ឋកិច្ច ទៅឱ្យភាគិចិនដែលលោកនឹងបន្តសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត បើសិនជាទំនាក់ទំនងរវាងរុស្សី និងចិនមិនល្អ នោះប្រហែលជារុស្សីបាត់បង់ច្រើនដែរ។

យើងបានដឹងថាកំណើននៃការនាំចេញពីរុស្សីទៅកាន់ចិនមានការកើនឡើងនៅឆ្នាំ២០២២ រហូតដល់ ៤២% ចំណែកឯកានាំចេញនិងនាំចូលរវាងប្រទេសទាំង២គឺកើនឡើងរហូតដល់ ៣០%។ ដូច្នេះទំនាក់ទំនងល្អរវាងប្រទេសទាំង២ គឺអាចផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទាំងខាងការទូត ទាំងខាងសេដ្ឋកិច្ច​ និងនយោបាយ ដែលចិនគាត់តែងតែមានជំហរហាក់ដូចជាងាកមកខាងរុស្សីច្រើន។ សម្រាប់ខ្ញុំក៏មើលឃើញដែរថាមានហានិភ័យផងដែរសម្រាប់ប្រទេសទាំង២ តាមការសិក្សាលោកពូទីន កំពុងតែប្រែក្លាយរុស្សីទៅជារដ្ឋធំមួយ ប៉ុន្តែទៅជាអ្នកខ្លះគាត់យល់ឃើញថា រុស្សីហាក់ប្រៀបបានទៅជារដ្ឋចំណុះឱ្យចិនទៅវិញ តែក្នុងរយៈពេលវែងខ្ញុំគិតថាភាគីទាំង២ គឺសុទ្ធតែចំណេញដូចគ្នា ប្រសិនបើផែនការរបស់ខ្លួនបានជោគជ័យ។ ហើយខ្ញុំជឿថាភាគីទាំង២ នឹងដើរផ្លូវជាមួយគ្នាសម្រាប់កិច្ចប្រជុំ BRIC នៅខែសីហាខាងមុខ ដោយភាគីទាំង២ ច្បាស់ជាជំរុញនូវ Narrative មួយដែលកៀរគរប្រទេសដទៃដែលមានបំណងចង់ចូលរួមជាសមាជិករបស់ BRIC ឱ្យមាននិន្នាការប្រឆាំងនឹងបច្ចឹមលោកច្រើនជាងបច្ចុប្បន្ននេះទៅទៀត។

វាគ្មិនកិត្តិយស៖ លោក អំ សុជាតិ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

អ្នករៀបរៀងអត្ថបទ៖ កញ្ញា ណារិទ្ធ  រ៉ូសនីតា

Join our AVI Channel

Recent Posts

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031