Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ជំហរ និងផែនការសន្តិភាពរបស់ចិន លើដំណោះស្រាយសង្រ្គាមនៅអ៊ុយក្រែន

ចិនបានចាប់ផ្ដើមបង្ហាញអំពីវត្តមាន និងគោលជំហររបស់ខ្លួននៅក្នុងដំណើរការនៃការចូលរួមសម្របសម្រួលសង្រ្គាមនៅអ៊ុយក្រែន ដោយកាលពីដើមឆ្នាំកន្លងទៅនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវផែនការសន្តិភាព១២ចំណុចសម្រាប់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ យ៉ាងមិញ ពាក់ព័ន្ធទៅនឹកការអនុវត្តជាក់ស្ដែង ក៏ដូចជាថាតើផែនការសន្តិភាពរបស់ចិននឹងមានប្រសិទ្ធភាពកម្រិតណា យើងនឹងត្រូវរងចាំមើលអំពីការតាំងចិត្តបន្ថែមទៀតរបស់ចិនទៅលើបញ្ហាមួយនេះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានពន្យល់លម្អិតអំពីផែនការសន្តិភាពទាំង១២ចំណុច ជាពិសេសគោលការណ៍នៃផែនការសន្តិភាពនោះ និងបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនចំពោះផែនទីអនាគតនៃសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ី។

សំណួរទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ ប្រទេសចិនបានដាក់ចេញនូវផែនការសន្តិ​ភាព១២ចំណុច ដើម្បីបង្ហាញអំពីគោលជំហររបស់ខ្លួនទៅលើដំណោះស្រាយបញ្ហានយោបាយ ជាពិសេស ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ជាបឋមមុននឹងចូលដល់ការពិភាក្សាស៊ីជម្រៅ តើលោកបណ្ឌិត អាច​ពន្យល់​លម្អិតបន្តិចបានអំពី​អំពី​ផែនការ​សន្តិភាព​ទាំង១២​ចំណុច របស់ប្រទេសចិន? តើមានចំណុចសំខាន់ៗអ្វីខ្លះ ដែលទាក់ទាញការចាប់អារម្មណ៍របស់លោកបណ្ឌិតជាងគេ?

លោកបណ្ឌិត តាំង សុខងី៖ ផ្អែកតាមការចេញផ្សាយរបស់ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសរ៉ុស្សី មកលើប្រទេសអ៊ុយក្រែន បានបង្ហាញថា ផែនការសន្តិភាពលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន (China’s Position on the Political Settlement of Ukraine Crisis) ក្នុងនោះរួមមាន១២ចំណុច ខាងក្រោម ៖

ទី១៖ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា

ទី២៖ បោះចោលគំនិត​សង្គ្រាម​ត្រជាក់

ទី៣៖ ឈប់បាញ់គ្នា

ទី៤៖ ចាប់ដំណើរការចរចាសន្តិភាព

ទី៥៖ ដោះស្រាយវិបត្តិមនុស្សធម៌

ទី៦៖ ការពារជនស៊ីវិល និងអ្នកទោសសង្រ្គាម

ទី៧៖ គាំពារសុវត្ថិភាពនៃរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ

ទី៨៖ កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ

ទី៩៖ ធានាការនាំចេញស្បៀងអាហារ

ទី១០៖ បញ្ឈប់ការដាក់ទណ្ឌកម្មដោយឯកតោភាគី

ទី១១៖ ធានាស្ថិរភាពនៃខ្សែ​សង្វាក់​ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ និង

ទី១២៖ ជំរុញការកសាងឡើងវិញក្រោយពីសង្គ្រាម។ ក្នុងចំណោមចំណុចទាំង១២ របស់ប្រទេសចិន និងការរក្សាជំហរទៅលើវិបត្តិ អ៊ុយក្រែននេះ អ្វីដែលខ្ញុំចាប់អា​រម្មណ៍ គឺមានផ្តោតទៅលើ៣ចំណុច ដូចជាទី១ គោរពអធិបតេយ្យភាពរបស់ប្រទេសនានា ទី២  បោះចោលគំនិត​សង្គ្រាម​ត្រជាក់ និងទី៣ ចាប់ដំណើរការចរចាសន្តិភាព។ ទាំង៣ ចំណុចនេះគឺដោយសារតែ បើអន្តរការីសម្របសម្រួល និងសម្រេចបាននូវចំណុចទាំង៣នេះ ទៅតាមគៅលការណ៍ដែលបានកំណត់ទុក វាគឺជាជំហ៊ានត្រួសត្រាយផ្លូវមួយដ៏ល្អ ក្នុងដំណើរឈានទៅរកដំណោះស្រាយវិបត្តិសង្រ្គាមមួយនេះ។ ជាដំបូងខ្ញុំបាទសូមលើកឡើង បង្ហាញពន្យល់នូវអ្វីដែលទាក់ទីនឹងចំណុចសំខាន់គឺ៖

ទី១-ពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាពរបស់ប្រទេសនានា (នៅក្នុងជំហរ និងផែនការសន្តិភាពទី១ របស់អន្តរការីចិន ដែលបានលើកឡើង) ដ្បិតតែ មិនដៅចំលើប្រទេសរ៉ុស្សី ក៏ដោយ ក៏ប៉ុន្តែ វា គឺជាជំហរវិជ្ជមានមួយដ៏ល្អ ព្រោះថា ជំហរបែបនេះ ត្រូវនឹងជំហររបស់មេដឹកនាំអ៊ុយក្រែន លោក Zelenskyy ដែលកន្លងមក លោកក៏ធ្លាប់បានលើកឡើង កាលពីក្នុងកិច្ចប្រជុំប្រទេស G20 ដែលបានធ្វើឡើងកាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដោយលោក Zelenskyy បាន "ស្នើសុំឱ្យពិភពលោក ចូលរួមដោះស្រាយជម្លោះបញ្ចប់សង្រ្គាមដោយផ្អែកលើមូលដ្ឋានធម្ម​នុញ្ញអង្គការសហប្រជា​ជាតិ និងច្បាប់អន្តរជាតិ" ប៉ុន្តែអ្វីដែលសំខាន់ ក៏អាស្រ័យលើលោកប្រធា​នាធិបតី ពូទីន ដែលត្រូវបានគេមើលឃើញថា ជាអ្នករំលោភអធិបតេយ្យភាពទឹកដីអ៊ុយក្រែន ផងដែរ ដូច្នេះ សួរថា តើ លោក ពូទីន ត្រូវបង្ខំចិត្តផ្អាក ឬបញ្ឈប់ការធ្វើសង្រ្គាម ហើយងាកមករកតុចរចា និងយល់ព្រមប្រគល់ទឹកដីដែលរ៉ុស្សី បាននិងកំពុងតែបន្តកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ ដូចជា ឧបទ្វីបគ្រីមៀ (Crimea) នៅឆ្នេរភាគខាងជើងនៃសមុទ្រខ្មៅដែលរ៉ុស្សី បានកាន់កាប់តាំងពីឆ្នាំ២០១៤ តាមការចង់បានពីភាគីអ៊ុយក្រែន ហើយត្រូវតែគោរពអធិប​តេយ្យភាពប្រទេសអ៊ុយក្រែន ជាការដោះដូរ ទៅនឹងការចង់បានឱ្យអ៊ុយក្រែន ក្លាយជាប្រទេស អព្យាក្រឹត និងអធិបតេយ្យភាព ស្របនឹងការលើកឡើងនៅក្នុងជំហរ និងផែនការសន្តិភាព គូសវាសដោយប្រទេសចិន បានដែរឬទេ? 
ពាក់ព័ន្ធនឹងចំណុចទី២-ចំពោះគំនិតផ្តួចផ្តើម បោះចោលគំនិត​សង្គ្រាម​ត្រជាក់ (នៅក្នុងជំហរ និងផែនការសន្តិភាពទី២) ដែលជាបុព្វហេតុ ធ្វើឱ្យរ៉ុស្សី បង្កសង្រ្គាម ក្រោមលេសថា  ជាក្តីបារម្មបំផុតរបស់ខ្លួន ដោយហេតុថា បើអ៊ុយក្រែន ងាកចូល ឬត្រូវបានអូសទាញឱ្យចូលរួមជាសមាជិកអង្គការ NATO ជាបន្តបន្ទាប់ ដឹកនាំដោយសហរដ្ឋអាម៉េរិកនោះ  ទង្វើបែបនេះ ត្រូវបានរ៉ុស្សី យល់ឃើញថា បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរ៉ុស្សីយ៉ាងធ្ងន់ធ្ងរបំផុតដែលរ៉ុស្សី មិនអាចទទួលយកបាននោះឡើយ​។ បញ្ហាដែលចោទមានឡើង នៅត្រង់ចំណុចនេះ យើង សួរថា តើអ៊ុយក្រែន ត្រូវទទួលយកជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធអង្គការ NATO និងមិនស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក ស្របតាមការចង់បានរបស់រ៉ុស្សី និងផ្អែកតាមជំហរ ក៏ដូចជាផែនទីសន្តិភាពដែលបានលើកឡើងនៅក្នុង១២ចំណុច ផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំង ដែលបានលើកឡើងថា៖ "សន្តិសុខរបស់ប្រទេសមួយ មិនគួរត្រូវបានធ្វើតាមអ្នកដ៏ទៃឡើយ។ សន្តិសុខនៃតំបន់មួយ មិនគួរត្រូវបានសម្រេចដោយការពង្រឹង ឬពង្រីកប្លុកយោធានោះទេ…" បានដែរ ឬទេ?  ដូច្នេះ ការសម្រេចចិត្ត គឺអាស្រ័យលើអ៊ុយក្រែន ថាតើ ត្រូវប្រកាន់យកអព្យាក្រឹតភាព ឬការធ្វើសង្រ្គាមបន្ត? ទន្ទឹមគ្នានឹងគ្នានេះដែរ យើង ក៏ពុំគួរភ្លេចផងទេថា ពិភពលោកបច្ចុប្បន្ន បានបែងចែកប្លុកកាន់កាប់ និងដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមក ជំនួសឱ្យជម្រើសសន្តិភាព ដើម្បីផលប្រយោជន៍អំណាចរបស់ប្រទេសរៀងៗខ្លួន។ មហាអំណាចខ្លះ បានផ្តល់តម្លៃការប្រើកម្លាំងបំពាន និងខ្លះទៀត មិនបានគិតពីសិទ្ធិមនុស្ស និងសុខទុក្ខពលរដ្ឋនោះទេ ដោយគិតតែពីអំណាច និងបានផ្តល់ទង្វើទាំងនោះ នៅខ្ពស់ជាងតម្លៃច្បាប់អន្តរជាតិទៅហើយ។​
សូមបន្តចំណុចទី៣-ពាក់ព័ន្ធនឹងការចាប់ដំណើរការចរចាសន្តិភាព ដូចបានលើកឡើងខាងលើ អាចផ្តើមឡើងបាន គឺអាស្រ័យទាំង​ស្រុងទៅលើជំហរ និងផែនការសន្តិភាពទី១ និងទី២តែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ ថាតើ រដ្ឋាភិបាលចិន ក្នុងនាមជាអន្តរការី ដែលបានផ្តួចផ្តើមចូលខ្លួន មកដោះស្រាយនៅក្នុងវិបត្តិមួយនេះ អាចបន្តដំណើរការសម្របសម្រួលដោះស្រាយចំណុចដែលនៅសេសសល់ តាមការចង្អុលបង្ហាញស្របតាមផែនការរបស់ខ្លួន និងទទួលបានការព្រមព្រៀងពីភាពខ្វែងគំនិតគ្នារបស់ភាគីជម្លោះទាំងពីរ បានត្រឹមកំរិតណា និងជាពិសេស ថាតើ ភាគីជម្លោះទាំងពីរ មានឆន្ទះដោះស្រាយជម្លោះក្រោមការសម្រប​សម្រួលពីរដ្ឋាភិបាលទីក្រុងប៉េកាំងជាបន្តទៀតដែរ ឬទេ?   

សំណួរទី២៖ ភ្ជាប់ជាមួយគ្នាផងដែរ តើអ៊ុយក្រែន ជាពិសេស លោកប្រធានាធិបតី Volodymyr Zelenskyy បានបង្ហាញប្រតិកម្មយ៉ាងដូចម្ដេចចំពោះការលើកឡើងនូវផែនការសន្តិភាពរបស់ចិន?

លោកបណ្ឌិត តាំង សុខងី៖ ជាប្រតិកម្មរបស់លោកប្រធានាធិបតី Zelenskyy ក្រៅពីអ្វីដែលបានលើកឡើងពាក់ព័ន្ធនឹងជំហរ និងផែនការសន្តិភាពទី១ខាងលើ បើផ្អែកតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Zelenskyy ក៏បានស្នើឱ្យមានការដកទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ការស្ដារព្រំដែនរដ្ឋអ៊ុយក្រែនជាមួយរុស្ស៊ីឡើងវិញ ដែលចំណុចនេះ វា បានស្របទៅនឹងជំហរតាមការចង់បានពីរដ្ឋាភិបាលចិនផងដែរ  គឺនៅត្រង់ប្រការ “បទឈប់បាញ់គ្នា”(ក្នុង​​ជំហរ និងផែនការសន្តិភាពទី៣) ដែលត្រូវបានចាត់ទុកជាចំណុច​រសើបមួយដែរ នៅក្នុងដំណោះស្រាយជម្លោះក្នុងចំណោមទាំង១២ចំណុច លើកឡើងដោយរដ្ឋាភិបាលចិន ក្នុងដំណើរឆ្ពោះទៅរក ការចរចាស្វែងរកសន្តិភាពប្រកប​ដោយភាពជោគជ័យនៅថ្ងៃខាងមុខ។

សំណួរទី៣៖ ជាគោលការណ៍ យើង មើលឃើញថា ផែនការសន្តិភាពនេះ គឺផ្តោតសំខាន់បំផុតទៅលើការការអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគី ដូចដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានចង្អុលបង្ហាញថាការដាក់ទណ្ឌកម្មឯកតោភាគីដែលប្រទេសលោកខាងលិចបានអនុវត្តកន្លងមកគឺនាំមកនូវបញ្ហាជាជាងការដោះស្រាយបញ្ហា។ ពាក់ព័ន្ធចំណុចនេះ តើលោកបណ្ឌិតយល់ឃើញយ៉ាងណាចំពោះប្រសិទ្ធភាពនៃផែនការសន្តិភាពដែលបានដាក់ចេញដោយប្រទេសចិន?

លោកបណ្ឌិត តាំង សុខងី៖ ទាក់ទងទៅនឹងសំណួរខាងលើ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា ប្រការដែលបានលើកឡើងដែរថា ការដាក់ទណ្ឌ​កម្មជាឯកតោភាគីពីលោកខាងលិច “គឺនាំមកនូវបញ្ហា ជាជាងការដោះស្រាយបញ្ហា” គឺមិនចំទិសដៅនោះឡើយ ដោយសារតែ លោកខាងលិច បានធ្វើឡើង គឺដើម្បីកាត់បន្ថយលំហូរហិរញ្ញវត្ថុ ចូលមកក្នុងរដ្ឋាភិបាលរ៉ុស្សី ក្នុងបំណងទុបស្កាត់នឹងអំពើឈ្លានពានអធិបតេយ្យភាពទឹកដីរបស់ប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។ ខ្ញុំ សួរថា តើមហាសន្និបាតអង្គការសហប្រជាជាតិ សម្រេចបានកុងសង់ស៊ីស ដើម្បីដាក់ទណ្ឌកម្មជាពហុភាគី មកលើប្រទេសរ៉ុស្សី បានដែរឬទេ ក្នុងករណីដែរថា រ៉ុស្សី ជាសមាជិកប្រទេសមហាអំណាច នៅក្នុងក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ដែលមានសិទ្ធិប្រើអំណាចវ៉េតូទៅលើរាល់សេចក្តីសម្រេចទាំង​ឡាយរបស់អង្គការសហប្រជាជាតិផងនោះ។ តាមការជាក់ស្តែង គឺថា វា ពិតជាមិនអាចទៅរួចនោះ ដែរថា រ៉ុស្សី មិនប្រើសិទ្ធិវ៉េតូ ជំទាស់ទៅនឹងការដាក់ទណ្ឌកម្មមកលើខ្លួនពីសហរដ្ឋអាម៉េរិក និងពីលោកខាងលិចនោះ ដោយធ្វើការអំពាវនាវឱ្យ បញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគីនោះ។

សំណួរទី៤៖ នៅក្នុងដំណាក់កាលនេះ ទាំងរដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែ មិនអាចមានលទ្ធភាពក្នុងការចុះចាញ់បាននោះទេ គឺមានន័យថា ពិបាកនឹងមានទីបញ្ចប់សម្រាប់សង្រ្គាមមួយនេះ។ លើសពីនេះ សង្រ្គាមមួយនេះ បានឈានជិតដល់រយៈពេលមួយឆ្នាំហើយ។ ទាំងសហរដ្ឋអាម៉េរិក ចិន និងលោកខាងលិច សុទ្ធតែមានយន្តការដំណោះស្រាយរៀងៗខ្លួន សម្រាប់ការចូលរួមដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ ម្យ៉ាងវិញទៀត ជំនួបចរចាសន្តិភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រុស្ស៊ី និងអ៊ុយក្រែននៅតែ មិនអាចកើតមានឡើងនៅឡើយ។ ដូចនេះ  បើតាមការយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ តើដំណោះស្រាយទាំងនោះ ដែលស.រ.អ. លោកខាងលិច និងប្រទេសចិន បានដាក់ចេញ អាចជាសម្ពាធ ឬជាផែនទីសន្តិភាពសម្រាប់សង្រ្គាមមួយនេះ?

លោកបណ្ឌិត តាំង សុខងី៖ សម្រាប់ខ្ញុំ បានសិក្សាឃើញថា ទាំងសហរដ្ឋអាម៉េរិក ទាំងលោកខាងលិច និងប្រទេសចិន កន្លងមក មានទាំងការដាក់សម្ពាធ និងមានទាំងផែនទីសន្តិភាពលើដំណោះស្រាយសង្រ្គាមមួយនេះ។ សម្ពាធ គឺសំដៅលើ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការបញ្ជូន និងការបង្កើនយោធូបករណ៍ពីសហរដ្ឋអាម៉េរិក លោកខាងលិច មកឱ្យប្រទេសអ៊ុយក្រែន ដើម្បីទុបទល់ និងការពារទឹកដីពីការចូលឈ្លាន​ពានពីប្រទេសរ៉ុស្សី រីឯផែនទីសន្តិភាព គឺសំដៅ លើ”ជំហរ និងផែនការសន្តិភាពលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” នេះឯង។ ត្បិតតែសម្ពាធនេះ ពុំទាន់ឃើញមានប្រសិទ្ធភាពនៅឡើយ ប៉ុន្តែ បើយើង ពិនិត្យមែនទែនទៅ ទាំងការដាក់សម្ពាធ ទាំងការដាក់ចេញនូវផែនទីសន្តិភាព គឺមានគោលដៅរួមនិងមានចរឹតលក្ខណៈ ឈានទៅរកការបញ្ចប់សង្រ្គាមដូចគ្នា សម្ពាធ​ទាំងពីរនេះ មានលក្ខណៈខុសគ្នានៅត្រង់ថា មធ្យោ​បាយមួយ យកសង្រ្គាម ដើម្បីបញ្ចប់សង្រ្គាម ហើយមធ្យោបាយមួយទៀត  យកសន្តិភាពមកដោះស្រាយជម្លោះ ដើម្បីបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។

សំណួរទី៥៖ ជាចុងក្រោយ តើលោកបណ្ឌិត យល់ឃើញយ៉ាងណាចំពោះផែនទីអនាគតនៃសង្រ្គាមនៅអ៊ុយក្រែន? តើប្រទេសចិន អាចនឹងដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះការដោះស្រាយបញ្ហាមួយនេះ?

លោកបណ្ឌិត តាំង សុខងី៖ ចំពោះផែនទីអនាគត សម្រាប់ទស្សនៈផ្ទាល់ខ្លួន ខ្ញុំ យល់ឃើញថា ដំណោះស្រាយនៅក្នុងការបញ្ចប់សង្រ្គាមមួយនេះ យើង ត្រូវសិក្សាទៅលើកម្មវត្ថុ ឬបុព្វហេតុនៃការធ្វើឱ្យផ្ទុះសង្រ្គាម​។ ដូចបានលើកឡើងខាងលើស្រាប់ កម្មវត្ថុដែលរុស្សីចង់បាន គឺចង់ឱ្យអ៊ុយក្រែន ក្លាយជាប្រទេសអព្យាក្រឹត  រីឯកម្មវត្ថុ ដែលអ៊ុយក្រែនចង់បាន គឺចង់ក្លាយជាសមាជិកអង្គការ NATO។ ដូច្នេះ ការដោះស្រាយជម្លោះ ដោយសន្តិភាពទៅបាន គឺអាស្រ័យទៅនឹងការលះបង់ចោលនូវបំណងចូលជាសមាជិក អង្គការ NATO ដោយអ៊ុយក្រែន ងាកមកប្រកាន់យកអព្យាក្រឹតភាព ហើយរ៉ុស្សី ត្រូវបញ្ឈប់សង្រ្គាមឈ្លានពានទឹកដីអ៊ុយក្រែន និងប្រគល់ត្រលប់មកវិញ នូវរាល់ទឹកដីទាំងឡាយណា ដែលខ្លួនបានកាន់កាប់។  សរុបសេចក្តីមក ជំហរ និងផែនការសន្តិភាព អាចឈានទៅរកការបញ្ចប់សង្រ្គាមទៅបាន គឺអាស្រ័យឆន្ទះលះបង់របស់ភាគីជម្លោះទាំងពីរ។  បើមិនដូច្នេះទេ យុទ្ធសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមទៅបាន មានតែយកសង្រ្គាម ដើម្បីបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ​។ សំណួរសួរថាតើ ប្រទេសចិន អាចនឹងដើរតួនាទីយ៉ាងដូចម្ដេចខ្លះ ចំពោះការដោះស្រាយបញ្ហាមួយនេះ?សម្រាប់ប្រទេសចិន ក្នុងនាមជាអន្តរការី ដែលបានផ្តួចផ្តើម ចូលខ្លួនមកសម្របសម្រួលដោះស្រាយនៅក្នុងជម្លោះមួយនេះ ត្រូវឈរលើគោលការណ៍អព្យាក្រឹត មិនចូលរួមជាដាច់ខាត ពាក់ព័ន្ធទៅនឹងសង្រ្គាមរ៉ុស្សី-អ៊ុយក្រែន ទោះបីជាតាមរយៈមធ្យោបាយណាមួយក៏ដោយ។​ ក្រៅពីនេះ ប្រទេសចិន ក៏មានតួនាទីដ៏សំខាន់ផងដែរ ដើម្បីពន្យល់បកស្រាយពន្យល់ និងជំរុញដល់គូភាគីជម្លោះទាំងពីរ នូវរាល់ចំណុចខ្វែងគំនិតគ្នា ធ្វើយ៉ាងណាឱ្យពួកគេ ទទួលបានកិច្ចព្រមព្រៀង ក្នុងទិសដៅឈានទៅរកចំណុចរួមមួយនៅទីបញ្ចប់ ប្រកបដោយសន្តិវិធី ជាជាង ជម្រើសការយកមធ្យោបាយបញ្ចប់សង្រ្គាម ដោយភ្លើងសង្រ្គាម ។

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត តាំង សុខងី សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

អ្នកសម្របសម្រួល៖ លោក ទន់ ណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031