Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice:  កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ និងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីដោយប្រទេសចិន និងរុស្ស៊ី

សំណួរទី១៖ កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា នៅប្រទេសអ៊ូបេគីស្ថាន (Uzbekistan) បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organizations Summit)។ នៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនេះ យើងឃើញថាប្រទេសចិន និងប្រទេសរស្ស៊ីបានលើកឡើងនូវការរចនាឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី។ ជាដំបូង ថាតើអ្វីទៅជាសណ្តាប់ធ្នាប់ពិភពលោក ឬដែលហៅថាWorld Order? ហើយហេតុអ្វីបានជាប្រទេសចិន និងប្រទេសរស្ស៊ីកំពុងស្វែងរកនូវការកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មីដូចនេះ?
ជាបឋម មុននឹងឆ្លើយសំណួរ ខ្ញុំសូមលើកបន្តិច ថាតើអ្វីទៅ គឺជាអង្គការសហប្រតិបត្តិការសៀងហៃ (Shang-hai Cooperation Organizations-SCO)?
អង្គការសហប្រតិបត្តិការសៀងហៃ SCO គឺជាអង្គការអន្តររដ្ឋាភិបាលតំបន់មួយដ៏ធំ បង្កើតឡើងនៅក្រុងសៀងហៃប្រទេសចិន ក្នុងឆ្នាំ២០០១។ បច្ចុប្បន្ន អង្គការនេះ មានសមាជិក៨ប្រទេស (ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន គៀគីស្ថាន តាគីស្ថាន និងអ៊ូបេគីស្ថាន) រួមមានប្រទេសដៃគូរសន្ទនា៦ (អាមានី អាហ៊្សែបៃហ្សង់ នេប៉ាល់ ស្រីលង្កា តួគី និងកម្ពុជា) និងរដ្ឋសង្កេតការណ៍៤ ផ្សេងទៀត (អាហ្គានីស្ថាន បេឡារ៉ុស អឺរ៉ង់ និងម៉ុងហ្គូលី)។ ដោយថ្មីនេះ ប្រទេសអេស៊ីប កាតា និងអារ៉ាប៊ីសាអ៊ូឌីត ក៏ត្រូវបានសម្រេចចិត្តឱ្យចូលជាសមាជិក SCO ពេញសិទ្ធិរួចហើយផងដែរ។
ទាក់ទងនឹងគោលដៅ និងចក្ខុវិស័យរបស់អង្គការ SCO គឺផ្តោតទៅកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅតំបន់អឺរ៉ាស៊ី (Eurasia)។ នៅក្នុងកិច្ចប្រជុំកំពូលអង្គការ SCO កាលពីថ្ងៃទី១៥ និងទី១៦ កញ្ញា ក្នុងក្រុងសាម៉ាកាន ប្រទេសអ៊ូបេគីស្ថាន ដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល បានទាក់ទាញចំណាប់អារម្មណ៍ និងមិនអាចមើលរំលងបានពីពិភពលោកនោះឡើយ ក្នុងខណៈពេលដែល ប្រទេសចិន និងរុស្ស៊ី បានពួតដៃគ្នា បង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដោយប្តេជ្ញាថា សណ្តាប់ពិភពលោកថ្មី នឹងមាន "ភាពត្រឹមត្រូវ និងសមហេតុផលជាងមុន"

សណ្តាប់ធ្នាប់ពិភពលោក (World Order) គឺជាការកំណត់នូវយន្តការអភិ​បាលកិច្ចជាសកល លើការថែរក្សាសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសកល ប្រកប​ដោយជីវភាពកំរិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មី ផ្អែកលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ (ជួយគ្នាទៅវិញទៅមក​) ពីក្នុងចំណោមសមាជិកSCOជាពិសេសរវាងប្រទេសចិន និងប្រទេសរុស្ស៊ី ពាក់ព័ន្ធទៅនឹង​ទីតាំងភូមិសាស្រ្តនយោបាយ ទាំងលើសេដ្ឋកិច្ចសកល។ ផ្អែកតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំអង្គការ SCO បានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកថ្មី ត្រូវដឹកនាំដោយមហាអំណាចតំបន់ពហុ​ប៉ូលលើសពី៣ ឬច្រើនជាងនេះ។ សម្រាប់ចិន និងរុស្ស៊ី បានជម្រុញឱ្យមានការពង្រីកក្របខណ្ឌយុទ្ធសាស្រ្តដើម្បីទប់ទល់នឹងឥទ្ធិពលសណ្តាប់ធ្នាប់ពិភពលោក ដឹកនាំដោយសហរដ្ឋអាម៉េរិក។ 

មូលហេតុដែលថា ចិន និងរុស្ស៊ី កំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី គឺកត្តាពីរយ៉ាង ៖

ទី១-ដោយសារ សហរដ្ឋអាម៉េរិក ចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិនមកលើបញ្ហាកោះតៃវ៉ាន់ និង

ទី២-ដោយសារ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមកលើប្រទេសរុស្ស៊ី។

ដូចយើង បានដឹងហើយថា ៖ 

ការបញ្ជូនប្រធានរដ្ឋសភា និងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកជាបន្តបន្ទាប់ មកទស្សនៈកិច្ចនៅកោះតៃវ៉ាន់ និងបានបង្កើនការលក់សព្វាវុធពីសហរដ្ឋអាម៉េរិក មកឱ្យរដ្ឋាភិបាលលោកស្រី សៃ អ៊ីនវិន Tsai Ing-wen ដែលមានជំហរប្រកាសឯករាជ្យចេញពីចិន គឺជាទង្វើរំលោភអធិបតេយ្យភាពរបស់ចិន យ៉ាងធ្ងន់ធ្ងរបំផុត។

ដោយឡែកពាក់ព័ន្ធទៅនឹងទណ្ឌកម្មពីលោកខាងលិចមកលើរុស្ស៊ី និងជំនួយសព្វាវុធមកឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ ក្រោមហេតុផលដែលថា រុស្ស៊ី ការពារពលរដ្ឋខ្លួននៅក្នុងតំបន់ត្រួតត្រា Luhansk, Kherson, Donetsk និង​Zaporizhzhia ដែលរុស្ស៊ី ទើបតែបានធ្វើប្រជាមតិភ្ជាប់ដែនដីមកក្នុងប្រទេសរុស្ស៊ី បានធ្វើឱ្យរុស្ស៊ី ជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ទាំងវិបត្តិសេដ្ឋកិច្ចទាំងទីតាំងភូមិសាស្រ្តនយោបាយ ហើយក៏កំពុងតែបានរុញច្រានឱ្យរុស្ស៊ី បាត់បង់តុល្យភាពកម្លាំងយោធា និងធ្លាក់ចុះកិត្យានុភាពក្នុងនាមជាប្រទេសមហាអំណាចយោធាទី២ក្នុងលោកថែមទៀតផង។

យើង ត្រូវយល់ថា អង្គការ SCO ៖ ​

ដំបូងឡើយ គ្រាន់តែជាអង្គការ ធ្វើសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខប៉ុណ្ណោះ មិនទាន់មានគំនិតផ្ទួចផ្តើមសណ្តាប់ធ្នាប់ពិភពលោកថ្មីនោះទេ ប៉ុន្តែដោយសារតែ កត្តាទាំងពីរខាងលើ បានរុញច្រានឱ្យចិន និងរុស្ស៊ី ពង្រីកខ្លួន និងទទួលយកសមាជិកថ្មីៗបន្ថែម មកក្នុងអង្គការ SCO ដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្កើតទំនាក់ទំនងដ៏ស្អិតរមួត និងរឹតចំណងមិត្តភាពគ្មានព្រំដែនរវាងគ្នានិងគ្នា ជាពិសេស គឺរវាងចិន និងរុស្ស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលសហរដ្ឋអាម៉េរិកដែលជាគូប្រជែងសត្រូវរួមរបស់ខ្លួន។

សំណួរទី២៖   សូម (វាគ្មិន) ជួយប្រៀបធៀប ថាក្រោមការកំណត់ឡើងវិញនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ វាអាចនឹងមានការផ្លាស់ប្ថូរអ្វីខ្លះទៅលើបរិបទចាស់?

ដូចបានលើកឡើងខាងលើ សណ្តាប់ធ្នាប់ពិភពលោកថ្មី គឺជាយន្តការអភិ​បាលកិច្ចជាសកល លើការថែរក្សាសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចសកល និងទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលបានកំណត់ឡើងដោយចិន និងរុស្ស៊ី ជម្រុញឱ្យមានការពង្រីកក្របខណ្ឌយុទ្ធសាស្រ្ត ដើម្បីទប់ទល់នឹងឥទ្ធិពលសណ្តាប់ធ្នាប់ពិភពលោក (របស់លោកខាងលិច) ដឹកនាំដោយសហរដ្ឋអាម៉េរិក។

សណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ នឹងធ្វើឱ្យមានការផ្លាស់​ប្តូរទិសដៅសកលភាវូបនីយកម្ម ទាំងសន្តិសុខ និងសេដ្ឋកិច្ចសកលពីប៉ូលតែមួយ មកប៉ូលផ្សេងគ្នា ហើយក៏បង្កឱ្យសមាជិកសម្ព័ន្ធមិត្តចតុភាគី (QUAD) ងាកមកថ្លឹងថ្លែងរកផលប្រយោជន៍សេដ្ឋកិច្ចរវាងអង្គការ​ QUAD និងអង្គការ SCO ផងដែរ។  

បើ យើង ក្រឡេកមើលពីរបទសេដ្ឋកិច្ចថ្មី យើង ឃើញថា ៖

រុស្ស៊ី បានងាកចេញពីការពឹងពាក់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចេញពីប្លុកខាងលិច មកពង្រឹងសេដ្ឋកិច្ចជាមួយចិនកាន់ខ្លាំង ។ ជាក់ស្តែង ក្នុងពេលថ្មីៗនេះ រុស្ស៊ី បានកាត់បន្ថយ និងផ្អាកការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប ដោយបានបង្វែទិសដៅការនាំឧស្ម័ន មកកាន់ប្រទេសចិន តាមរយៈក្រុមហ៊ុនបំពង់បង្ហូរឧស្ម័ន Gazprom ជំនួសបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទៅកាន់អឺរ៉ុប។ ផ្ទុយមកវិញ ស្របពេលដែលក្រុមហ៊ុនធំៗរបស់លោកខាងលិច ដកចេញពីប្រទេសរុស្ស៊ី ចិន បាននាំចេញរថយន្ត ទូរទស្សន៍ និងទូរស័ព្ទ ជាពិសេស ការនាំចូលរថយន្តចូលមកក្នុងទីផ្សារ    រុស្ស៊ីជំនួសការនាំចូលពីទីផ្សារលោកខាងលិច មានចំនួនស្មើនឹង៨១% ឯណោះ។

ដូចបានបញ្ជាក់ខាងលើ ទាក់ទងទៅនឹងការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីឡើងវិញរបស់ចិន និងរុស្ស៊ី វាអាចធ្វើសមាជិកណាមួយរបស់QUADងាកមកថ្លឹងថ្លែងរកផលប្រយោជន៍ជាមួយអង្គការSCOក៏ថាបាន។

ក្រោមហេតុផលសេដ្ឋកិច្ច ឥណ្ឌា បានងាកមកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយរុស្ស៊ី និងចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ SCO ។ ដូច្នេះហើយ បានជា ឥណ្ដា មិនខ្វល់ខ្វាយនឹងការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មលើរុស្ស៊ី ដោយបានបង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ីដែលទង្វើនេះ បានផ្ទុយស្រឡះពីជំហររបស់សមា​ជិកសម្ព័ន្ធមិត្តចតុភាគី (QUAD)។

រីឯរបទទំនាក់ទំនងសន្តិសុខសកលថ្មី វិញ យើង ឃើញថា ៖

ចិន មិនបានថ្កោលទោសរុស្ស៊ី ឈ្លាន​ពានលើប្រទេសអ៊ុយក្រែន ដូចគ្នានឹង រុស្ស៊ី បានគាំទ្រចិន ពីការរិះគន់ទៅលើសហរដ្ឋអាម៉េរិកពីការលក់សព្វាវុធ ​និងការបញ្ជូនថ្នាក់ដឹកនាំមកទស្សន:កិច្ចនៅកោះតៃវ៉ាន់ជាបន្តបន្ទាប់នោះទេ។

ជាងនេះទៅទៀត កាលពីក្នុងខែសីហា ប្រទេសចិន បានបញ្ជូនកងទ័ពទៅចូលរួមធ្វើសមយុទ្ធប្រចាំឆ្នាំឈ្មោះ Vostok ដឹកនាំដោយកងទ័ពរុស្ស៊ីនៅក្នុងតំបន់ភាគខាងកើតនៃដែនដីរុស្ស៊ីដែលសមយុទ្ធយោ​ធានេះ ស្ថិតនៅក្នុង​ក្របខណ្ឌរឹតចំណងសហប្រតិបត្តិការរវាងកងទ័ពចិន និងកងទ័ពរុស្ស៊ីស្របពេលមានភាពតានតឹងនៅក្នុងកម្មវត្ថុ​ប្រជែងកម្លាំងទប់ទល់នឹងឥទ្ធិពល​អាមេរិក​។

សំណួរទី៣៖   យើងឃើញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភដែរ ក្នុងការសហការយ៉ាងស្និទស្នាលរវាងប្រទេសចិន និងប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។ តើការប្រកាសចង់ផ្លាស់ប្ថូរសណ្តាប់ធ្នាប់ពិភពលោកនេះ នឹងធ្វើឱ្យសហរដ្ឋអាមេរិកមានប្រតិកម្មដូចម្តេចខ្លះ?​​​​ ហើយតើវានឹងនាំឱ្យមានការប្រះឆាដូចម្តេចខ្លះរវាងលោកខាងលិច និងប្រទេសរុស្ស៊ី និងប្រទេសចិន?
ភាពស្និទស្នាលរវាងចិន និងរុស្ស៊ី នៅក្នុងការបង្កើតសណ្តាប់ធ្នាប់ពីភពលោកថ្មី ផ្អែកតាមជំនួបនៃកិច្ចប្រជុំកំពូលនៅក្រុងតូក្យូប្រទេសជប៉ុនក្នុងខែកញ្ញា បានធ្វើឱ្យសហរដ្ឋអាម៉េរិក មានក្តីបារម្ម និងបានធ្វើឱ្យលោក ចូ បៃដែន រួមនឹងថ្នាក់ដឹកនាំបក្សសម្ព័ន្ធចតុភាគី (QUAD) បីផ្សេងទៀត បានប្តេជ្ញាចិត្តរួមគ្នា ការពារសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេស​ សណ្តាប់ធ្នាប់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែម្តង។
ចំពោះសង្រ្គាមនៅអ៊ុយក្រែន មេដឹកនាំ QUAD បានចាត់ទុកថា គឺជាការបំភ្លេចបំផ្លាញ មិនត្រឹមតែបានរំលោភ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ពិភពលោក និងគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែមេដឹកនាំទាំង៤ បានប្តេជ្ញាថា នឹងមិនអនុញ្ញាតឱ្យរឿងដដែលនេះ កើតឡើងនៅឥណ្ឌូប៉ាស៊ីហ្វិកទៀតឡើយ។ ក្រៅពីនេះ មេដឹកនាំ QUAD ក៏បានប្តេជ្ញាកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឱ្យបានកាន់តែរឹងមាំ និងពង្រឹងសន្តិសុខ សេដ្ឋ​​កិច្ច ឱ្យបានកាន់តែល្អប្រសើរជាងមុន 
លើសពីនេះទៅទៀត សហរដ្ឋអាម៉េរិក បានបង្កើតភាពជាដៃគូជាមួយប្រទេសប្រជុំកោះប៉ាស៊ីហ្វិក (១២ប្រទេស) ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិនតាមរយៈការបង្កើនសន្តិសុខនៅតាមដែនសមុទ្រជាមួយប្រទេសជប៉ុន អូស្រ្តាលី និងឥណ្ឌាជាដើម។ អាម៉េរិក និងប្រទេសដែនកោះប៉ាស៊ីហ្វិក បានយល់ព្រមលើសេចក្តីប្រកាសលើចក្ខុវិស័យរួមគ្នា ដើម្បីកសាងអនាគតជាមួយគ្នា ក្នុងទិសដៅ ប្រឆាំងនឹងបញ្ហាប្រឈមនានា ជាពិសេស រក្សាតំបន់អាស៊ីប៉ាស៊ីហ្វិក ឱ្យមានលក្ខណៈបើកចំហរ ធ្វើយ៉ាងណា ឱ្យគ្រប់ប្រជាជាតិទាំងអស់ មានសិទ្ធិជ្រើសរើសផ្លូវរបស់ខ្លួន ស្របពេលដែលប្រទេសចិន បានបង្កើតឱ្យមានភាពតានតឹង និងបង្កើនឥទ្ធិពលកាន់តែខ្លាំងឡើង​នៅច្រកសមុទ្ទកោះតៃវ៉ាន់ និងតំបន់សមុទ្ទចិនខាងត្បូង។ 
ការកំណត់ពិភពលោកថ្មីនេះ ហាក់ដូចជាបានពុះជ្រៀកពិភពលោកជាពីរ។ លោកខាងលិច ដឹកនាំដោយសហរដ្ឋអាម៉េរិក ចំណែកឯលោកខាងកើត ដឹកនាំដោយប្រទេសចិន និងរុស្ស៊ី។ 
ភាពបែកបាក់កើតឡើងក្នុងពិភពលោកសព្វថ្ងៃ ភាពសុខដុមរមនាសម្រាប់ប្រជាជាតិនៅក្នុងពិភពលោកនឹងមានផលប៉ះពាល់កាន់តែខ្លាំងមិនថាផ្នែកសេដ្ឋកិច្ច ឬសន្តិសុខសកលនោះទេ គឺប្រជាពលរដ្ឋពិភពលោកមានការព្រួយបារម្ភណាស់ ជាពិសេសបន្ទាប់ពីការកើតសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនេះ ដូចការលើកខាងដើម ការកំណត់សណ្តាប់ធ្នាប់ពិភពលោកថ្មីនេះក៏បានធ្វើឱ្យមានការផ្លាស់​ប្តូរទិសដៅសកលភាវូបនីយកម្ម ទាំងសន្តិសុខ និងសេដ្ឋកិច្ចសកល ពីប៉ូលតែមួយ មកប៉ូលផ្សេងគ្នាផងដែរ។    
សំណួរទី៤៖   តើប្រទេសនានា ជាពិសេសប្រទេសដែលជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការនៅសៀងហៃមានប្រតិកម្មដូចម្តេចខ្លះ ទៅលើការលើកឡើងពីប្រទេសចិន និងរុស្ស៊ីក្នុងការកំណត់នូវសណ្តាប់ធ្នាប់ពិភពលោកថ្មីនេះ? ហើយ តើវានឹងនាំមកនូវផលប៉ះពាល់ដូចម្តេចខ្លះសម្រាប់កិច្ចសហប្រតិបត្តិការរបស់ពិភពលោកទៅពេលខាងមុខ?

ផ្អៃកតាម «ស្មារតីសៀងហៃ» ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការ SCO លើកទី២២ កាលពីក្នុងខែកញ្ញា បានយល់ឃើញថា ការកំណត់ឡើងវិញនូវសណ្តាប់ធ្នាប់ពិភពលោកថ្មី ផ្អែកលើគោលការណ៍៥ចំណុច រួមមាន ៖

  1. ការប្រកាន់ខ្ជាប់កិច្ចកសាងទំនុកចិត្តផ្នែកនយោបាយ
  2. ការប្រកាន់ខ្ជាប់កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក
  3. ការប្រកាន់ខ្ជាប់ការរាប់អានគ្នាប្រកបដោយសមភាព
  4. ការប្រកាន់ខ្ជាប់ភាពបើកទូលាយនិងបរិយាប័ន្ន និង
  5. ការប្រកាន់ខ្ជាប់សមភាព និងយុត្តិធម៌  

ចំពោះទស្សនៈប្រទេសដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអង្គការ SCO ពួកគេយល់ឃើញថា ក្រោមការសាមគ្គីគ្នាក្នុងការអនុវត្តគោលការណ៍ទាំង៥នោះ នឹងនាំឱ្យអង្គការ SCO នឹងក្លាយជាយុថ្កាសម្រាប់លំនឹងសន្តិសុខក្នុងតំបន់ ក៏ដូចជាការរួមចំណែកកាន់តែធំ នៅក្នុងការគាំពារសន្តិភាព និងការអភិវឌ្ឍរបស់សកលលោកជាក់ជាមិនខាន។​

សំណួរទី៥៖    តើ (វាគ្មិន) យល់ដូចម្តេចសម្រាប់ការផ្លាស់ប្ថូរទៅមុខនៃសណ្តាប់ធ្នាប់របស់ពិភពលោកនាពេលនេះ? ហើយតើអ្វីដែលជាយន្តការណ៍ដែលត្រូវបានអនុវត្តន៍ដើម្បីឱ្យមានស្ថិរភាព និងចំពោះសណ្តាប់ធ្នាប់ពិភពលោកក៏ដូចជាសន្តិភាពពិភពលោកផងដែរ?

ផ្អែកតាមទស្សនៈផ្ទាល់ខ្លួន ខ្ញុំ យល់ឃើញថា ៖

ការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោកថ្មី មិនថាចេញពីការកំណត់ពីសហរដ្ឋអាម៉េរិក ពីចិន ឬពីរុស្ស៊ីនោះទេ ផ្ទុយមកវិញ ការកំណត់នេះ មិនត្រឹមតែបានធ្វើឱ្យបាត់បង់តម្លៃគោលការណ៍ធម្មនុញ្ញសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថិរភាព សន្តិសុខ និងបង្កឱ្យ​មានវិបត្តិសេដ្ឋកិច្ចសកលធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។

យន្តការដែលត្រូវយកមកអនុវត្តដើម្បីឱ្យមានស្ថិរភាពសណ្តាប់ធ្នាប់ពិភពលោក និងសន្តិភាពឡើងវិញ ៖

រុស្ស៊ី ត្រូវតែបញ្ឈប់ជាបន្ទាន់លើការឈ្លានពានប្រទេសអ៊ុយក្រែន ដោយងាកមករកតុចរចាវិញ ទន្ទឹមនឹងគ្នានេះ សហរដ្ឋអាម៉េរិក ត្រូវផ្តួចផ្តើមធ្វើយ៉ាងណាបញ្ចប់សង្រ្គាមអ៊ុយក្រែនតាមរយៈការរកដំណោះស្រាយដោយសន្តិវិធីតាមដែលអាចធ្វើទៅបាន មិនត្រូវបន្តផ្គត់ផ្គងសព្វាវុធ ជាជាងការស្វែងរកតុចរចានោះឡើយ។

សហរដ្ឋអាម៉េរិក​ ទាក់ទងទៅនឹងបញ្ហាកោះតៃវ៉ាន់វិញ ត្រូវគោរពគោលការណ៍ចិន១ ដែលខ្លួន បានសន្យា ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិលេខ២៧៥៨ និងជៀសវាងពីការចូលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិនទោះតាមរូបភាពណាក៏ដោយ។

សម្រាប់ប្រទេសចិន ក្នុងនាមជា រដ្ឋសមាជិក១ក្នុងចំណោមរដ្ឋដែលជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ប្រទេស ត្រូវចូលរួមទប់ស្កាត់ និងថ្កោលទោសរុស្ស៊ី ដែលបានធ្វើសង្រ្គាមឈ្លាន​ពានលើអ៊ុយក្រែន ជាជាងនាំគ្នាបង្កើតសណ្តាប់ធ្នាប់ថ្មី ធ្វើឡើងដោយខុសពីគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញសហប្រជាជាតិ៕

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត តាំង សុខងី សាស្រ្តាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប និងជាអ្នកអង្កេតការអន្តរជាតិផងដែរ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031