ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ស.រ.អ.គឺលោកស្រី Nancy Pelosi បានបង្កឱ្យមានកម្ដៅកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពង្រឹងសកម្មភាពយោធានៅជុំវិញដែនទឹកកោះតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កជាក្ដីព្រួយបារម្មណ៍ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានរៀបរាប់ពីស្ថានការណ៍តានតឹងបច្ចុប្បន្ន និងផលប៉ះពាល់ដល់ទំនាក់ទំនងអនាគតរបស់ប្រទេសទាំងពីរ ក៏ដូចជាផលបច្ច័យដល់សន្តិភាពក្នុងតំបន់ផងដែរ។
កាលពីដើមខែសីហាកន្លងទៅនេះ មាននូវដំណើរទស្សនកិច្ចក្រៅផ្លូវការមួយរបស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ. ទៅកាន់ទឹកដីកោះតៃវ៉ាន់គឺលោកស្រតី Nancy Pelosi ដែលជាប្រធានសភារបស.រ.អ. ដែលការណ៍នេះបានបង្កឱ្យមានការកើនឡើងនូវភាពតានតឹងរវាងទំនាក់ទំនងប្រទេសចិននិងស.រ.អ. និងប្រទេសចិននិងកោះតៃវ៉ាន់។ ភ្លាមៗនោះរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញនូវប្រិតកម្មភ្លាមៗទៅលើដំណើរទៅដល់របស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ.រូបនេះ ហើយក៏បានបញ្ចេញសកម្មភាពភ្លាមៗទៅលើការធ្វើសមយុទ្ធយោធា និងបានបង្កើននូវសកម្មភាពយោធានានានៅជុំវិញដែនច្រកសមុទ្រកោះតៃវ៉ាន់ ដើម្បីជាការព្រមានទៅរដ្ឋាភិបាលក្រុងតៃប៉ិ និងជាសារប្រឆាំងទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។
សំណួរទី ១៖ ជាបឋម តើ (វាគ្មិន) អានរៀបរាប់បន្តិចបានទេអំពីស្ថានភាពនៃភានតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ?
មុននឹងឆ្លើយនឹងសំណួរ ខ្ញុំ សូមលើកបន្តិច ពាក់ព័ន្ធនឹងប្រវត្តិនៃកោះតៃវ៉ាន់ ៖
ដូចយើង បានដឹងហើយថា ក្រោយពីចាញ់សង្រ្គាម គណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ លោក ម៉ៅ សេទុង ក្នុងឆ្នាំ១៩៤៩ របបសាធារណរដ្ឋចិន ដឹកនាំដោយ លោក ជាង កៃជៀក បានភាសខ្លួនទៅបង្កើតរដ្ឋាភិបាលមួយនៅលើកោះតៃវ់ាន់ ក្នុងឋានៈជារដ្ឋស្របច្បាប់ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ។
ប៉ុន្តែនៅខែតុលា ឆ្នាំ១៩៧១ ផ្ឌែកតាមដំណោះស្រាយលេខ:២៧៥៨ អនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ បានដកអាសនៈពីរបបសាធារណរដ្ឋចិន (កោះតៃវ៉ាន់បច្ចុប្បន្ន) មកឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន (ចិនដីគោក) វិញ។ ចាប់ពីពេលនោះមក ប្រទេសភាគច្រើនក្នុងលោក ចាប់ផ្តើមទទួលស្គាល់គោលនយោបាយចិនតែមួយ មានន័យថា “គ្មានឡើយចិនដីគោក និងគ្មានទេចិនតៃវ៉ាន់“។
សម្រាប់សហរដ្ឋអាម៉េរិកវិញ បានទទួលស្គាល់គោលនយោបាយចិនតែមួយនៅក្នុងឆ្នាំ១៩៧៩ បន្ទាប់មកនៅក្នុងឆ្នាំ១៩៨០ សហរដ្ឋអាម៉េរិក ក៏បានលប់ចោលសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាម៉េរិក-ចិន (Sino-American Mutual Defense Treaty-SAMDT) ហើយងាកមកភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយនឹងចិនដើម្បីទប់ទល់នឹងមនោគមន៍វិជ្ជានយោបាយកុម្មុយនីស្តសហភាពសូវៀត។
ដ្បិតអី នាគ្រានោះ ទីក្រុងវ៉ាស៊ីងតោន បានទទួលស្គាល់គោលនយោបាយចិនតែមួយក៏ពិតមែន ក៏ប៉ុន្តែ មិនបញ្ជាក់ពីជំហរថាតើ ទីក្រុងប៉េកាំង មានអធិបតេយ្យភាពនៅលើកោះតៃវ៉ាន់ នោះទេ។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញនៅក្នុងកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា “ការធានាជួយកោះតៃវ៉ាន់ប្រាំមួយចំណុច” (The Six Assurances to Taiwan) ធ្វើឡើងក្នុងឆ្នាំ១៩៨២ រវាងអាម៉េរិក និងកោះតៃវ៉ាន់ ដែលកិច្ចព្រមព្រមនេះ មានជាអាទិ៍ “ការមិនបញ្ចប់ការលក់អាវុធមកឱ្យកោះតៃវ៉ាន់” នោះទេ។
ចំណុចខាងលើនេះហើយ ដែលជាបញ្ហារសើប ពាក់ព័ន្ធនឹងភាពតានតឹងនៅក្នុងជម្លោះកោះតៃវ៉ាន់ រវាងសង្រ្គាមពាក្យសំដីដែលកើតចេញពីភាពមិនច្បាស់លាស់របស់សហរដ្ឋអាម៉េរិកទៅលើជំហរការពារកោះតៃវ៉ាន់ ក៏ដូចជា ការសន្យាពីភាពមិនច្បាស់លាស់ទៅនឹងការគោរពគោលការណ៍ចិនតែមួយ ជាមួយនឹងប្រទេសចិន រហូតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងស្ថានភាពនៃការតានតឹងនៅច្រកសមុទ្ទកោះតៃវ៉ាន់
ខ្ញុំ យល់ឃើញថា បានកើតចេញពីប្រភពបី ៖ ទី១– រដ្ឋាភិបាលលោកស្រី សៃ អិនវិន មានជំហរប្រកាសឯករាជ្យកោះតៃវ៉ាន់ដែលប៉ពាល់ដ៏ធ្ងន់ធ្ងរគោលនយោបាយចិនតែមួយ ទី២–ការលក់សព្វាវុធពីសហរដ្ឋអាម៉េរិកមកឱ្យកោះតៃវ់ាន់ និងទី៣–លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាអាម៉េរិក បានធ្វើដំណើរទស្សនៈកិច្ចមកកាន់កោះតៃវ៉ាន់ដែលចិន យល់ថា ជានិមិ្មតរូប និងជាការលើកទឹកឱ្យកោះតៃវ៉ាន់ប្រកាសទាមទារឯករាជ្យចេញពីចិន។
សំណួរទី ២៖ មកទល់នឹងពេលនេះក្នុងការឈរលើជំហរថាតៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន តើប្រទេសចិនបាននឹងកំពុងបន្តនូវសកម្មភាពអ្វីខ្លះ នៅក្នុងការឆ្លើយតបទៅនឹងការជះឥទ្ធិពលពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy? តើរដ្ឋាភិបាលកោះតៃវ៉ាន់មានការឆ្លើយតបអ្វីខ្លះចំពោះសកម្មភាពរបស់ប្រទេសចិន ក៏ដូចជាការការពារខ្លួនផងដែរ?
ទោះបីចិន មិនបានឆ្លើយតបទៅនឹងការព្រមានដែរថា កុំឱ្យសហរដ្ឋអាម៉េរិកប្រលែងលេងជាមួយនឹងភ្លើងនៅក្នុងសំណុំរឿងកោះតៃវ៉ាន់ និងទទួលនូវផលវិបាកធ្ងន់ធ្ងរក្នុងករណីដែលលោកស្រី ប៉េឡូស៊ី មកទស្សនកិច្ចនៅកោះតៃវ៉ាន់ ពីលោកប្រធានាធិបតី ស៊ី ជីនពីង ក៏ដោយ ក៏ប៉ុន្តែ ផលអវិជ្ជមានដែលបានចេញពីការជះឥទ្ធិពលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី នៅលើទឹកដី នៃកោះតៃវ៉ាន់ កាលពីថ្ងៃទី២-៣ខែសីហា កន្លងទៅនេះ ចិន បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញកោះតៃវ៉ាន់ ដូចជា ការធ្វើសមយុទ្ធកងទ័ពជើងគោក ជើងទឹក និងផ្លូវអាកាស និងការដាក់ទណ្ឌកម្មលើមន្រ្តីកំពូលៗរបស់កោះតៃវ៉ាន់ និងបានបិទផ្លូវនាវាចរណ៍ និងផ្លូវអាកាសនៅក្នុងតំបន់ច្រកសមុទ្ទកោះតៃវ៉ាន់ ថែមទៀតផង។
ការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ចិន ជំនួសពីការចាត់វិធានការណ៍ក្តៅបន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់លោកស្រី ប៉េឡូស៊ី មកកាន់កោះតៃវ៉ាន់ ខ្ញុំ យល់ឃើញថា ៖
ទី១-រដ្ឋាភិបាលចិន មិនចង់ឱ្យស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីបូព៌ាមួយនេះ ធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមនោះឡើយ ល្គឹកណាដែលជម្រើសចរចាជាមួយនឹងរដ្ឋាភិបាលកោះតៃវ៉ាន់ មិនទាន់ឈានដល់ចំណុចចុងក្រោយនោះទេ
ទី២-រដ្ឋាភិបាលចិន គ្រាន់តែចង់បង្ហាញដល់ពិភពលោក ជាពិសេស សហរដ្ឋអាម៉េរិក ឱ្យបានដឹងថា ដ្បិតអីតែចិន អត់ធ្មត់មិនប្រើធម៌ក្តៅទៅលើលោកស្រី ប៉េឡូស៊ី ក៏ពិតមែន ក៏ប៉ុន្តែចិន មានសមត្ថភាពយោធា និងបច្ចេកវិទ្យាទាន់សម័យលើវិស័យកងទ័ពគ្រប់ទម្រង់ ដែលអាចឆ្លើយតបភ្លាមៗទៅនឹងការវាយបកទៅដល់ប្រទេសណាមួយដែលហ៊ានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនពេលណាក៏បាន និង
ទី៣-រដ្ឋាភិបាលចិន ចង់បង្ហាញពីកម្លាំងឥទ្ធិពលផ្នែកយោធាដ៏មហាសាលដល់រដ្ឋាភិបាលលោកស្រី សៃ អ៊ិនវែង ថា ចិន នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់មកគ្រប់គ្រងបានយ៉ាងងាយស្រួល ក្នុងករណី ដែលលោកស្រី និងមេដឹកនាំក្រោយៗរបស់កោះតៃវ៉ាន់ ហ៊ានតែប្រកាសឯករាជ្យកោះតៃវ៉ាន់ពីចិននៅថ្ងៃណាមួយ។
ចំពោះ ទណ្ឌកម្ម វិញ រដ្ឋាភិបាលចិន បានប្រកាសដាក់លើមន្រ្តីរដ្ឋាភិបាលកំពូលៗរបស់កោះតៃវ៉ាន់ចំនួន៧រូប មានជាអាទិ៍ គឺលោកស្រី ហ៉្សេវ ប៊ីគីម អ្នកតំណាងកោះតៃវ៉ាន់ប្រចាំក្រុងវ៉ាស៊ីងតោន លោក វីលលីនតុន គូ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ និងអ្នកនយោបាយដែលកំពុងតែកាន់អំណាច។ ទណ្ឌកម្មដែលបានដាក់លើមន្រ្តីទាំងនោះ រួមមាន ការហាមមិនឱ្យពួកគេ មកធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ ហើយក្រុមហ៊ុន និងអ្នកវិនិយោគដែលពាក់ព័ន្ធនឹងពួកគេ ក៏មិនអាចរកប្រាក់ចំណេញនៅក្នុងទឹកដីចិនបានដែរ។ ក្រៅពីនេះ ក៏មានដែរ ការដាក់ទណ្ឌកម្មមកលើប្រធានសភា និងនាយករដ្ឋមន្រ្តីរបស់កោះតៃវ៉ាន់ រីឯ
ការបិទផ្លូវនាវាចរណ៍និងផ្លូវអាកាសនៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ក្នុងអំឡុងពេលចិន ធ្វើសមយុទ្ធយោធាចំនួន៦តំបន់នៅជុំវិញនៃដែនកោះនេះ ជាពិសេស នៅចំណុចដែលមាននាវាពាណិជ្ជកម្មក្នុងរយៈពេល៤ថ្ងៃ នៅដើមខែសីហា ចិន បានហាមឃាត់គ្រប់នាវាដឹកជញ្ជូន និងយន្តហោះ មិនឱ្យធ្វើដំណើរចូលទៅក្នុងតំបន់ដែនទឹក និងដែនអាកាស បើនៅតែមិនស្តាប់ ចិន បានព្រមានថា នឹងជួបគ្រោះថ្នាក់ជាក់ជាមិនខានឡើយ។
ជាប្រតិកម្មឆ្លើយតបពីរដ្ឋាភិបាលកោះតៃវ៉ាន់ចំពោះការធ្វើសមយុទ្ធរបស់យោធាចិន ដ្បិតអីបានធ្វើឡើងក្នុងទិសដៅការពារខ្លួនក៏ពិតមែនក៏ប៉ុន្តែរដ្ឋាភិបាលកោះតៃវ់ាន់ ក៏ចង់បង្ហាញពីសាច់ដុំ និងភាពរឹងមាំវិស័យការពារជាតិទៅចិនផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែសីហា កោះតៃវ៉ាន់ បានចាប់ផ្តើមទិញសព្វាវុធ យន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុជទឹកទំនើបៗ ពីសហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួនទៀត និងបានធ្វើសមយុទ្ធយោធាបាញ់កាំភ្លើងធំ ធ្វើឱ្យដូចទៅនឹងស្ថានការណ៍ទុបទល់នឹងការប្រឆាំងនឹងការវាយប្រហារណាមួយពីកងទ័ពចិនយ៉ាងដូច្នោះដែរ។ ការធ្វើសមយុទ្ធរបស់យោធាចិនប៉ុន្មានថ្ងៃកន្លងមក ផ្អែកតាមមន្រ្តីការទូតតៃវ៉ាន់ បានចោទប្រកាន់ចិនថា “បានត្រៀមលក្ខណៈឈ្លានពានមកលើកោះតៃវ៉ាន់យ៉ាងច្បាស់ក្រឡែត” រួចទៅហើយ។
បន្ថែមលើស្ថានភាពតានតឹងនៅច្រកសមុទ្ធតៃវ៉ាន់ សម្លេងគាំទ្រតៃវ៉ាន់ពីសហរដ្ឋអាម៉េរិក ដែលថា ក្នុងករណី កោះតៃវ៉ាន់ ត្រូវាបចិន ឈ្លានពាន សហរដ្ឋអាម៉េរិក នឹងចូលអន្តរាគមន៍ភ្លាម។ ការអអះអាងនេះ កាន់តែធ្វើឱ្យស្ថានភាពខាងលើ កាន់តែក្តៅថែមទៀត និងក៏ជាការលើកទឹកចិត្តឱ្យលោកស្រី សៃ អ៊ិនវេង កាន់តែមានឆន្ទះបន្ថែមទោតប្រឆាំងនឹងចិន។ ជាក់ស្តែង នៅក្នុងអំឡុងពេលនៃការធ្វើសន្និសីទសារព័ត៌មានមួយជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វុមីអូ ហ្គីហីដា នៅទីក្រុងតូក្យូប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃដែន បានលើកឡើងថា ថា “សហរដ្ឋអាមេរិក មានបំណងចូលធ្វើអន្តរាគមន៍ការពារកោះតៃវ៉ាន់ ប្រសិនបើប្រទេសចិន ចូលឈ្លានពានដែនកោះមួយនេះ”។
សំណួរទី ៣៖ លើសពីនេះទៅទៀតពាក់ព័ន្ធទៅនឹងបញ្ហានេះផងដែរ ប្រទេសចិនក៏បានបន្ថែមដោយការដាក់ទណ្ឌកម្មនានាជាពិសេសទណ្ឌកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅលើកោះតៃវ៉ាន់។ តើការដាក់ទណ្ឌកម្មទាំងនេះបានប៉ះពាល់អ្វីខ្លះទៅដល់ផលប្រយោជន៍របស់កោះតៃវ៉ាន់ និងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តខាងក្រៅ?
ខ្ញុំ មិនមែនជាអ្នកសេដ្ឋកិច្ចទេ ប៉ុន្តែបើផ្អែកតាម លោក និក ម៉ារូ (Nick Marro) អ្នកជំនាញសេដ្ឋកិច្ច បានវិភាគឃើញថា ចំពោះការដាក់ទណ្ឌកម្មពីប្រទេសចិន មកលើកោះតៃវ់ាន់ដែលបានកើតចេញពីដំណើរទស្សនៈកិច្ចរបស់លោកស្រី ប៉េឡូស៊ី គ្រាន់តែចិន បិទផ្លូវនាវាចរណ៍ និងផ្អាកការហោះហើរជាបណ្តោះអាសន្នក្នុងការធ្វើសមយុទ្ធយោធាចិននៅច្រកសមុទ្ទតៃវ៉ាន់រយៈពេលខ្លី ដែលជាផ្នែកតូចមួយប៉ុណ្ណោះ ក៏បានធ្វើឱ្យប៉ះពាល់លំហូរពាណិជកម្ម មិនថាតែនៅតៃវ៉ាន់ទេ តែវាប៉ះពាល់ដល់ជប៉ុន និងកូរ៉េខាងត្បូងថែមទៀតផង។ ភ្លាមៗ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានស្រកចុះជាង១% ហើយខាតតម្លៃអស់៤,៦% នៃតម្លៃភាគហ៊ុននៅក្នុងសប្តាហ៍។ ក្រុមហ៊ុនដឹកជញ្ចូនខ្លះ បានបង្វែរគោលដៅទៅរកការចុះចតនៅសមុទ្ររបស់ហ្វីលីពីនវិញ។ ចំពោះការដឹកជញ្ជូនតាមផ្លូវអាកាសវិញ ដោយសារតែសមយុទ្ធរបស់ចិន ក៏បានធ្វើឱ្យជើងហោះហើរយន្តហោះប្រមាណ៤០០ ត្រូវបិទសម្រាប់ការហោះហើរជាមួយចិន រីឯជើងហោះហើរតៃវ៉ាន់និងអន្តរជាតិវិញ គឺមានចំនួន១៨ក៏ត្រូវរងផលប៉ះពាល់ផងដែរ។
សំណួរទី ៤៖ យ៉ាងណាមិញ យើងឃើញថាបើទោះបីមានការគំរាមកំហែងពីកម្លាំងយោធាចិនយ៉ាងណាក៏ដោយក៏តៃវ៉ាន់នៅតែប្រកាន់ជំហររឹងមាំមិនថមថយនោះទេចំពោះការគំរាមកំហែងទាំងនោះ។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យរដ្ឋាភិបាលកោះតៃវ៉ាន់មានជំហរមិនថមថយបែបនេះ បើទោះបីជាស្ថានភាពបច្ចុប្បន្នកំពុងតែមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងៗបែបនេះ? តើកោះតៃវ៉ាន់អាចនឹងទប់ទល់ជាមួយនឹងសកម្មភាពរបស់រដ្ឋាភិបាលចិនបានដោយរបៀបណា?
ការប្រកាន់ជំហររឹងមាំ មិនថមថយរបស់ថ្នាក់ដឹកនាំកោះតៃវ៉ាន់ពីការគម្រាមកំហែងរបស់ចិន ដោយសារតែ ៣កត្តាធំៗ ៖ ទី១–កោះតៃវ៉ាន់មានទីតាំងភូមិសាស្រ្តល្អ ទី២–សមត្ថភាពវិស័យការពារជាតិកោះតៃវ៉ាន់ត្រូវបានពង្រឹងជាបន្តបន្ទាប់ ទី៣-មានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក និងទី៤–ផ្អែកតាមការសិក្សាផ្នែកចិត្តសាស្រ្ត តៃវ៉ាន់ យល់ឃើញថាចិន នៅមានចំណុចខ្សោយលើវិស័យសំខាន់ៗមួយចំនួន។
ទី១-ភូមិសាស្រ្តកោះតៃវ៉ាន់ ខុសពីប្រទេសអ៊ុយក្រែនដែលមានព្រំប្រទល់ដែនដីគោកជាប់នឹងប្រទេសរុស្សី សម្រាប់ចិន ការចូលឈ្លានពានទៅក្នុងទឹកដីកោះតៃវ៉ាន់ ដូចជាមិនងាយស្រួលនោះឡើយ ដោយសារ តែទឹកដីចិន និងកោះតៃវ៉ាន់ ខ័ណ្ឌគ្នាដោយសមុទ្ទ។ បើគិតពីចម្ងាយ មានរហូតដល់ទៅ១៦០គម៉។ ការប្រើនាវាចម្បាំង ការដឹកជញ្ជូនសព្វាវុធ និងកងទ័ពចិន ឆ្ពោះទៅកោះតៃវ៉ាន់ កងទ័ពចិន ប្រឈម មុខនឹងគ្រាប់ម៉ីនបណ្តែតទឹក ការបាញ់ពន្លិចនាវាចំបាំងចិនដោយគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ កងទ័ពតៃវ៉ាន់ដែលបានបំពាក់បញ្ញាសប្បនិម្មិតស្វែងរកទិសដៅពីប្រពន្ធផ្កាយរណបរបស់សហរដ្ឋអា ម៉េរិក នេះនៅមិនទាន់ គិតពីការប្រើយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបំពាក់គ្រាប់មីស៊ីលបាញ់កំទេចពីលើអាកាសរាប់រយគ្រឿងមកលើនាវាចិននៅឡើយផង
ទី២-បើនិយាយពីសមត្ថភាពវិស័យការពារជាតិកោះតៃវ៉ាន់ ក្រោយពីសហរដ្ឋអាម៉េរិក បានលក់អាវុធមក ឱ្យកោះតៃវ៉ាន់ និងការបញ្ជាទិញសព្វាវុធពីប្រទេសផ្សេងៗទៀតជាបន្តបន្ទាប់ វិស័យការពារជាតិរបស់កោះតៃវ៉ាន់ មានភាពកាន់តែប្រសើ និងកាន់តែរឹងមាំថែមទៀងដែលកត្តានេះ ត្រូវបានគេមើលឃើញថា កម្លាំងយោធាកោះតៃវ៉ាន់ អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទុបទល់ និងការពារខ្លួនពីការឈ្លានពានពីប្រទេសចិន។ ផ្អែកតាមតួលេខរបស់ខុទ្ទកាល័យលោកស្រីប្រមុខរដ្ឋាភិបាលតៃវ៉ាន់ ក្នុងឆ្នាំ២០២១ តែវ៉ាន់ បានចំណាយ លើវិស័យកងទ័ពការពារជាតិ ចំនួន១៥,៤២ពាន់លានដុល្លារ។ បើយោងតាមការផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ការចំណាយនេះ បាន កើនឡើងដល់ប្រមាណ១០% ឯណោះ។
ទី៣-ពាក់ព័ន្ធនឹងខ្នងបង្អែកពីសហរដ្ឋអាម៉េរិក ការគម្រាមពីចិនថា បើរដ្ឋបាលកោះតៃវ៉ាន់ ហ៊ានតែប្រកាស ឯករាជ្យ នោះប្រទេសចិន នឹងប្រើកម្លាំងវាយកាន់កាប់ដោយយោធានោះ សហរដ្ឋអាម៉េរិកដែលជាសម្ព័ន្ធមិត្តកោះតៃវ៉ាន់ ក៏មិនខ្លាចក្រែងនឹងការវាយបកទៅចិនវិញថា សហរដ្ឋអាម៉េរិក នឹងចូលអន្តរាគមន៍ជួយការពារកោះតៃវ៉ាន់ភ្លាម។ ចំណុចនេះ ក៏ជាកម្លាំងចិត្ត ធ្វើឱ្យរដ្ឋាភិបាលតៃវ៉ាន់ មិនខ្លាចពីការ គម្រាមពីចិននោះឡើយ និង
ទី៤-ការធ្វើសមយុទ្ធរបស់ចិននៅច្រកសមុទ្ទកោះតៃវ៉ាន់ ជំនួសការបាញ់ទម្លាក់យន្តហោះរបស់លោកស្រី ប៉េឡូស៊ី នេះ ត្រូវបានរបបដឹកនាំកោះតៃវ៉ាន់ និងអ្នកវិភាគលោកខាងលិចយល់ឃើញថា ចិន ធ្វើឡើង គ្រាន់តែជាកាគម្រាមតៃវ៉ាន់តែប៉ុណ្ណោះ តាមពិត ចិន នៅមានចំណុចខ្សោយ៤ចំណុច គឺ ៖
ទី១-រដ្ឋាភិបាលចិន មិនហ៊ានធ្វើសង្រ្គាមតទល់នឹងកោះតៃវ៉ាន់នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះឡើយ ដោយសារតែ សព្វាវុធរបស់ចិននៅមានកំរិត ហើយចិន ត្រូវការពេលវេលាតទៅមុខទៀតដើម្បីពង្រឹងសេដ្ឋកិច្ចជាតិដែលនៅទន់ខ្សោយ គុណភាពបច្ចេកទេសសព្វាវុធនៅមានកំរិតដែលចិនត្រូវតែពង្រឹងគុណភាព និងបង្កើនបរិមាណឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានជាមុន
ទី២–ការធ្វើសង្រ្គាមជាមួយនឹងកោះតៃវ៉ាន់ រដ្ឋាភិបាលចិន គិតថា នឹងសម្លាប់រង្គាលលើពលរដ្ឋតៃវ៉ាន់ដែលមានឈាមជ័រខ្លួន ដែលសង្រ្គាមនេះ អាចឈានទៅរកការបែកបាក់ផ្ទៃក្នុងរបស់បក្សកុម្មុយនីស្តចិនយ៉ាងធ្ងន់ធ្ងរនៅថ្ងៃខាងមុខ
ទី៣-រដ្ឋាភិបាលចិន មានចិត្តនៅខ្លាចអន្តរជាតិដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដូចប្រទេសរ៉ុស្សីដែរ ដោយមិនចេះតែហ៊ានប្រថុយប្រថាននោះឡើយ ពីព្រោះចិន យល់ថា បើខ្លួនអត់ធ្មត់ ប្រទេសចិន នឹងក្លាយជាប្រទេសមហាអំណាចផុតលេខជំនួសសហរដ្ឋអាម៉េរិកនៅថ្ងៃខាងមុខ និង
ទី៤–រដ្ឋាភិបាលចិន មានក្តីបារម្ម ពិតប្រាកដណាស់ថា បើធ្វើសង្រ្គាម ចូលឈ្លានពានកោះតៃវ៉ាន់ ជៀសមិនផុតឡើយពីការចូលជួយពីកងទ័ពសហរដ្ឋអាម៉េរិក ដូចគ្នាទៅនឹង សហរដ្ឋអាម៉េរិក និងអង្គការ NATO បានជួយផ្តល់អាវុធ និងប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណបជួយដល់ទ័ពអ៊ុយក្រែនប្រឆាំងនឹងរថគ្រោះ និងមូលដ្ឋានទ័ពនានានៅលើទឹកដីអ៊ុយក្រែនកាន់កាប់ដោយរុស្សី ដូចគ្នាអញ្ចឹងដែរ។
សំណួរទី ៥៖ ម្យ៉ាងវិញទៀត សកម្មភាពសមយុទ្ធយោធារបស់ចិនដែលជាការគំរាមកោះតៃវ៉ាន់នេះ ក៏បានផ្ដល់ជាក្ដីបារម្មណ៍ដល់ប្រទេសជិតខាងផងដែរគឺជប៉ុន និងកូរ៉េខាងត្បូងដែលមានការព្រួយបារម្មណ៍ទៅលើផ្នែកសន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។ តើអ្វីទៅដែលជាគោលជំហររបស់ប្រទេសទាំងពីរនេះជុំវិញការកើនឡើងភាពតានតឹងនៅកោះតៃវ៉ាន់បច្ចុប្បន្ននេះ?
គោលជំហររួមរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចំពោះភាពតានតឹងដែលបានកើតឡើងនៅកោះតៃវ៉ាន់ គឺមិនខុសគ្នាទៅនឹងគោលជំហររបស់សហរដ្ឋអាមេរិកនោះទេ ពីព្រោះ ប្រទេសទាំងពីរនេះ គឺជាសម្ព័ន្ធមិត្តនឹងគ្នា។ ពួកគេ យល់ថា ការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពនៅកោះតៃវ៉ាន់ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូលផងដែរ។ ក្នុងករណីមានសង្រ្គាម ផ្ទុះឡើងរវាងចិន និងកោះតៃវ៉ាន់ ផលប៉ះពាល់ផ្នែកសន្តិសុខ និងស្ថិរភាពក្នុងតំបន់ទាំងមូល នឹងមិនអាចជៀសផុតបានឡើយ ដូច្នេះហើយ បានជាប្រទេសទាំងពីរ មានក្តីបារម្មទៅលើបញ្ហានេះ។ ប៉ុន្តែអ្វីដែល សំខាន់ យើង មិនដឹងថាតើ ប្រទេសជប៉ុន និងកូរ៉េ បានចូលរួមដោះស្រាយជម្លោះដោយសន្តិវិធី ឬនាំក៏គ្នាបន្ថែមកំដៅនៅក្នុងជម្លោះតាមរយៈការដាក់ពង្រាយសព្វាវុធនៅតាមតំបន់យុទ្ធសាស្រ្តផ្សេងៗគ្នាដើម្បីការពារខ្លួន ឬត្រៀមវាយបកទៅចិនវិញ ក្នុងករណី បើសង្រ្គាមចិនតៃវ៉ាន់ បានឈានចូលក្នុងបន្ទាត់ក្រហម។
សំណួរទី ៦៖ ជាចុងក្រោយ បើតាមការយល់ឃើញរបស់ (វាគ្មិន) ផ្ទាល់ តើភាពតានតឹងមួយនេះអាចបន្ថូរបន្ថយបានដោយរបៀបណា? តើសេណារីយ៉ូបន្ទាប់ទៅទៀតភាគីទាំងពីរគួរតែមានដំណោះស្រាយអ្វីដើម្បីកាត់បន្ថយនូវភាពតាមតឹងមួយនេះ និងដើម្បីធានាដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល?
ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងជម្លោះកោះតៃវ៉ាន់បាន គ្រប់ភាគីជម្លោះ ត្រូវតែមានការអត់ធ្មត់ឱ្យបានខ្ពស់ រាល់សកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងគ្នា និងប៉ះពាល់ដល់សន្តិសុខស្ថិរភាពទឹកដី និងពលរដ្ឋរបស់ភាគីនីមួយៗ ត្រូវតែជៀសវាងឱ្យបានជាអតិបរិមា ដោយងាកមករកតុចរចា និងរួមគ្នាដោះស្រាយជម្លោះដោយសន្តិវិធី។ ជារួម ដើម្បីកាត់បន្ថយភាពតានតឹង ដើម្បីធានាដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ភាគីជម្លោះ ក៏ដូចជា ភាគីទី៣ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះមួយនេះ ត្រូវតែទទួលយកដំណោះស្រាយជម្លោះ ផ្អែកតាមសេណារីយ៉ូ ដូចខាងក្រោម ៖
សេណារីយ៉ូទី១-សម្រាប់រដ្ឋាភិបាលកោះតៃវ៉ាន់ដឹកនាំដោយលោកស្រី សៃ អ៊ិនវិន ត្រូវតែទទួលយក និងផ្លាស់ប្តូរជំហរងាកមកដឹកនាំរដ្ឋាភិបាលតាមស្ថានភាពដើម (Status Quo) និងត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជូន ពីគោលការណ៍ចិន១ប្រព័ន្ធ២ ឡើងវិញ
សេណារីយ៉ូទី២–សម្រាប់ភាគីចិន ត្រូវតែធានាឱ្យបានខ្ពស់ដល់សន្តិសុខជាតិ និងស្ថិរភាពនយោបាយរបស់កោះតៃវ៉ាន់ ហើយត្រូវសន្យាថា រដ្ឋាភិបាលចិន មិនលូកលន់កិច្ចការផ្ទៃក្នុងដឹកនាំបែបប្រជាធិបតេយ្យ និងប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានដល់ពលរដ្ឋកោះតៃវ៉ាន់ ផ្អែកតាមគោលការណ៍ចិន១ប្រព័ន្ធ២ ដូចគំរូចិន ដែលបានធ្វើកន្លងមកទៅលើទីក្រុងហុងកុងនោះទេ និង
សេណារីយ៉ូទី៣-ផ្អែកតាមសេណារីយ៉ូទី១ និងទី២ សម្រាប់សហរដ្ឋអាមេរិកដែលជាភាគីជាប់ពាក់ព័ន្ធនឹងជម្លោះ ត្រូវតែទទួលយក និងគោរពគោលការណ៍ចិន១ប្រព័ន្ធ២ ដូចខ្លួន បានសន្យាជាមួយនឹងចិន កាលពីក្នុងឆ្នាំ១៩៧៩ និងមិនត្រូវបង្កើតកិច្ចព្រមព្រៀងមិនច្បាស់លាស់ទាំងឡាយណាជាមួយនឹងកោះតៃវ៉ាន់ ដែលផ្ទុយនឹងការទទួលស្គាល់គោលការណ៍ចិន១ប្រព័ន្ធ២របស់ចិន ដូចជាកិច្ចព្រមព្រៀងធានាជួយកោះតៃវ៉ាន់៦ចំណុច នោះទេ។
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត តាំង សុខងី សាស្រ្តាចារ្យផ្នែកច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ