Telephone
(+855) 99841445/ 99 929 323
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប

AVI Voice
ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប
AVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប
{{svg_share_icon}}

សំណួរទី១៖   ប្រទេសពីរដែលមានភូមិផងរបងជាប់ជាមួយនិងប្រទេសរុស្ស៊ី គឺហ្វាំងឡង់និងស៊ុយអែតបានដាក់ ការស្នើសុំនូវសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬក៏ហៅកាត់ថាអង្គការណាតូ(NATO) ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដយ៉ាងក្ដៅគគុក។ ជាបឋម តើអ្វីជាមូលហេតុចម្បងដែលនាំឱ្យប្រទេសទាំងពីរនេះប្ដេជ្ញាចិត្តនៅក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូភ្លាមៗបែបនេះ? 

រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការរបស់អង្គការណាតូកាលពីថ្ងៃទី១៨ ខែឧសភា ដោយចាប់ផ្ដើមឡើងតាមដំណើរការការទូត ដែលការស្នើសុំការចូលជាសមាជិកអង្គការណាតូនេះអាចមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះសម្រាប់ប្រទេសទាំងពីរនេះ។ ដោយសារប្រទេសទាំងពីរ គឺជាសមាជិករបស់សហភាពអឺរ៉ុបស្រាប់ ដែលគាត់បានចូលរួមជាសមាជិកនៃសហភាពអឺរ៉ុបចាប់កាលពីឆ្នាំ១៩៩៥ ភ្លាមៗបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានប្រកាន់ជំហរគោលនយោបាយអព្យាក្រឹតសម្រាប់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានប្រែប្រួល បន្ទាប់ពីរុស្ស៊ីបានវាយប្រហារទៅលើអ៊ុយក្រែន ដោយសារតែផ្នត់គំនិតរបស់ប្រជាជននៅហ្វាំងឡង់ ហើយនិងប្រជាជននៅស៊ុយអែតបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការគាំទ្ររបស់សាធារណជនចំពោះការចូលជាសមាជិកណាតូ នៅក្នុងប្រទេសហ្វាំងឡង់បានកើនឡើងពីប្រហែល ៣០ភាគរយ រហូតដល់ជិត៨០ភាគរយនៅក្នុងការស្ទាបស្ទង់មតិមួយ ហើយខណៈពេលដែលប្រជាជនស៊ុយអែតភាគច្រើនក៏យល់ព្រមឱ្យប្រទេសរបស់ខ្លួនចូលជាសមាជិកអង្គការនេះដែរ។ កត្តានេះបានជំរុញឱ្យអ្នកនយោបាយ ក្នុងប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតសម្រេចចិត្តប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនពីអព្យាក្រឹតមកជាចូលបក្សសម្ព័ន្ធទៅវិញ។

សំណួរទី២៖   តើអ្វីទៅដែលជាផលប្រយោជន៍សម្រាប់ប្រទេសហ្វាំងឡង់និងស៊ុយអែត បន្ទាប់ពីការចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ? ជាពិសេសនោះ បន្ទាប់ពីការចូលរួមនេះហើយ តើសមាជិករបស់អង្គការណាតូនៅពេលនេះអាចនឹងផ្តល់នូវបញ្ហាប្រឈមអ្វីខ្លះដល់ពួកគេដែរ

រុស្ស៊ីបច្ចុប្បន្នមានព្រំដែនគោកប្រវែង៧៥៥ម៉ៃ (~១២១៥គីឡូម៉េត្រ) ជាមួយនិងសមាជិកណាតូចំនួន៥ ហើយការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ នឹងអាចពង្រីកព្រំដែនរបស់ណាតូជាមួយនិងរុស្ស៊ីឱ្យកាន់តែឆ្ងាយជាងមុនទៀត ដោយសារហ្វាំងឡង់មានព្រំដែនគោកជាមួយនិងរុស្ស៊ីរហូតទៅដល់៨៣០ម៉ៃ (~១៣៣៥គីឡូម៉េត្រ) អញ្ចឹងបន្ថែមពីលើព្រំដែនគោកដែលមានស្រាប់ចំនួន៧៥៥ម៉ៃ (~១២១៥គីឡូម៉េត្រ) ដែលណាតូមានជាមួយនិងរុស្ស៊ី។ ការបន្ថែមសមាជិកភាពហ្វាំងឡង់ ហើយនិងស៊ុយអែត នឹងផ្ដល់ជាផលប្រយោជន៍ទាំងយុទ្ធសាស្ត្រ និងភូមិសាស្ដ្រដល់ណាតូ។ ហើយមូលហេតុដែលប្រទេសភាគច្រើនចូលជាសមាជិកណាតូ ដូចដែលយើងទាំងអស់គ្នាបានដឹង គឺដោយសារតែមាត្រាទី៥ នៃសន្ធិសញ្ញារបស់អង្គការនេះ ដែលបានចែងថា «ប្រទេសហត្ថលេខីទាំងអស់ នឹងចាត់ទុកការវាយប្រហារណាមួយមកលើសមាជិករបស់ខ្លួនណាមួយ ជាការវាយប្រហារប្រឆាំងនឹងសមាជិកណាតូទាំងអស់»។ ចំណុចសំខាន់នៃសន្ធិសញ្ញានេះ ជាពិសេសមាត្រាទី៥ មានបំណងដើម្បីរារាំងសូវៀត ដោយពីមុនមិនមែនជារុស្ស៊ីដូចបច្ចុប្បន្នទេ​ ពីការវាយលុកមកលើប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលខ្វះកម្លាំងយោធាសម្រាប់ការពារខ្លួន ហើយមាត្រាទី៥ហ្នឹងធានាអះអាងនូវធនធានរបស់សម្ព័ន្ធមិត្តទាំងមូល រួមទាំងយោធារបស់សហរដ្ឋអាមេរិកផងដែរ ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការការពារប្រទេសជាសមាជិកណាមួយ រួមទាំងប្រទេសសមាជិកតូចៗក្ដី ដែលគ្មានមានលទ្ធភាពអាចការពារខ្លួនបានទេ។ ឧទាហរណ៍ ដូចជាប្រទេសអ៊ីស្លង់ ដែលភាសាអង់គ្លេសយើងហៅថា Iceland។ គាត់អត់មានកងទ័ពឈរជើងទេ អ៊ីចឹងប្រទេសដែលមានលទ្ធភាពទាបបែបនេះ គឺងាយនឹងការរងការវាយប្រហារពីប្រទេសដែលជាមហាអំណាចធំៗដូចជារុស្ស៊ីជាដើម។ សរុបមកការចូលជាសមាជិកណាតូនឹងជួយការពារប្រទេសទាំងពីរ ខាងផ្នែកសន្តិសុខ។

សំណួរទី៣៖   យើងឃើញថា ភ្លាមៗបន្ទាប់ពីការប្រកាសការដាក់ពាក្យស្នើសុំចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអែតរួច រុស្ស៊ីក៏បានបង្ហាញនូវជំហររបស់ខ្លួន ក្នុងការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់ប្រទេសទាំងពីរនេះផងដែរ ហើយស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិកក៏នៅតែប្រកាន់ជំហរដដែលក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពទៅដល់តំបន់អឺរ៉ុបទាំងមូលពីការជះឥទ្ធិពលពីប្រទេសរុស្ស៊ី បើទោះបីជាយើងឃើញហើយបច្ចុប្បន្នឃើញមានសកម្មភាពយោធានិង អំពើហិង្សាពីប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែនក៏ដោយ ពាក់ព័ន្ធទៅនឹងចំណុចនេះ តើ (វាគ្មិន) យល់ឃើញថា សេណារីយោមួយនេះ វាអាចជះឥទ្ធិពលដល់សន្តិសុខ និងសន្តិភាពតំបន់អឺរ៉ុបបានយ៉ាងដូចម្ដេចខ្លះ

ជាការពិតណាស់ ក្រោយពេលដែលប្រទេសហ្វាំងឡង់ និងស៊ុយអែត គាត់បានប្រកាសស្នើសុំចូលជាសមាជិករបស់អង្គការណាតូ ភាគីរុស្ស៊ីបានបង្ហាញនូវប្រតិកម្មរបស់ខ្លួនភ្លាមៗ តាមរយៈការលើកឡើងរបស់លោក Sergei Ryabkov ដែលជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលបានលើកឡើងថា «ការផ្លាស់ប្តូរជំហរនេះ គឺជាកំហុសដែលនឹងបង្ក​នូវផលវិបាកយូរអង្វែង»។ ហើយដូចគ្នានេះដែរ អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោកDmitry Peskov ក៏បាននិយាយដែរថា «ការពង្រឹងវត្តមានរបស់ណាតូ ហើយនិងការពង្រីករបស់ខ្លួនមិនបានធ្វើឱ្យពិភពលោកខិតទៅកាន់រកស្ថិរភាពនោះទេ ហើយពិភពលោកក៏នឹងមិនមានសុវត្ថិភាពនោះដែរ ដោយសារតែការពង្រីកខ្លួននេះ» ហើយលោកក៏បន្ថែមថា «ការឆ្លើយតបរបស់រុស្ស៊ី គឺអាស្រ័យទៅលើចម្ងាយ និងកម្រិតហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ីកម្រិតណាប៉ុណ្ណោះ»។ អ៊ីចឹងការឆ្លើយតបទៅ គឺផ្អែកទៅលើកម្រិត ហើយនិងចំងាយនៃមូលដ្ឋានយោធារបស់ណាតូ។ ហើយកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីពូទីន បានបង្ហាញពីឥរិយាបថមួយ ហាក់ដូចជាទន់ភ្លន់បន្តិច ចំពោះប្រទេសទាំងពីរដែលលោកបានថា «ការស្នើចូលជាសមាជិករបស់អង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអ៊ែតមិនបានបង្កជាផលគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៊ីទេ» ប៉ុន្តែលោកបានព្រមានថា «ប្រទេសទាំងពីរអាចក្លាយជាមូលដ្ឋានយោធាសម្រាប់កងកម្លាំង ឬក៏ឧបករណ៍របស់ណាតូ»។ មេដឹកនាំស៊ុយអែតកន្លងមកគាត់ក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដែរថា ខ្លួននឹងមិនធ្វើជាប្រទេសសម្រាប់ផ្តល់មូលដ្ឋានយោធាឱ្យកងកម្លាំងរបស់អង្គការណាតូនោះទេ។ ហើយចំណែកហ្វាំងឡង់វិញមកទល់ពេលនេះមិនទាន់ឃើញមានថ្នាក់ដឹកនាំរបស់ហ្វាំងឡង់បង្ហាញពីជំហររបស់ខ្លួននោះឡើយ ថាតើខ្លួននឹងអនុញ្ញាតឱ្យណាតូដាក់មូលដ្ឋានយោធានៅទីនោះ ឬក៏អត់។ យើងក្រឡេកមើលសមាជិករបស់អង្គការណាតូដែលមានព្រំប្រទល់ជាប់ជាមួយនឹងរុស្ស៊ី គឺប្រទេសន័រវែស (Norway) ដែលជាសមាជិកណាតូយូរអង្វែងដែរហើយ គឺបានអនុញ្ញាតឱ្យសម្ព័ន្ធមិត្តមួយនេះ គ្រាន់តែអាចប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើសមយុទ្ធប៉ុណ្ណោះ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការដំឡើងនៅមូលដ្ឋានយោធារបស់ណាតូអចិន្ត្រៃយ៍ ឬក៏ការដំណើរអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនឡើយ។ ចំពោះការចូលជាសមាជិករបស់អង្គការណាតូ វាបានបង្ហាញអំពីការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងគោលនយោបាយសន្តិសុខរបស់ប្រទេសហ្វាំងឡង់ ហើយនិងស៊ុយអែត ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្កើតនូវនិម្មាបនកម្មសន្តិសុខថ្មីមួយនៅខាងអឺរ៉ុបផងដែរ។ ចំពោះបញ្ហានេះ ខ្ញុំយល់ឃើញថា វាអាស្រ័យទៅលើការសម្រេចចិត្តរបស់ប្រទេសដែលចូលជាសមាជិករបស់អង្គការណាតូក្រោយៗ។ ហើយទី២ អាស្រ័យទៅលើប្រទេសនោះ ធ្លាប់មានទំនាក់ទំនងដោយរបៀបណាជាមួយនិងប្រទេសរុស្ស៊ីដែរ ដូចជាយើងបានឃើញកន្លងមកប្រទេសហ្វាំងឡង់ គាត់ធ្លាប់មានកិច្ចព្រមព្រៀងជាមួយនិងប្រទេសរុស្ស៊ី ហើយសន្តិភាពរវាងប្រទេសទាំង២គឺបានកើតមានចាប់តាំងតែពីឆ្នាំ១៩៣៩មក គឺមិនមានការវាយប្រហារទៅលើប្រទេសហ្វាំងឡង់ទៀតនោះទេ។ 

សំណួរទី៤៖   យើងឃើញថា ការស្នើនូវសមាជិកភាពរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតក៏ត្រូវបានស្វាគមន៍ពីថ្នាក់ដឹកនាំទាំងអស់នៃសមាជិកអង្គការណាតូ ប៉ុន្តែលើកលែងតែប្រធានាធិបតីរបស់ប្រទេសតួកគី គឺលោក Recep Erdogan ​ដែលបានបង្ហាញពីជំហរភ្លាមៗនៅក្នុងការប្រើប្រាស់សិទ្ធវេតូប្រឆាំងទៅនឹងការចូលជាសមាជិករបស់ប្រទេសទាំងពីរនេះ។ ប៉ុន្តែកាលពីថ្ងៃទី២៩និង៣០ខែមិថុនាកន្លងទៅ នៅឯកិច្ចប្រជុំកំពូលអង្គការណាតូនៅឯទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ មេដឹកនាំប្រទេសទាំង៣ គឺហ្វាំងឡង់ ស៊ុយអែត និងតួកគីបានហត្ថលេខាស្ដីពីអនុស្សរណៈយោគយល់គ្នាត្រីភាគី ដើម្បីស្វាគមន៍ជាផ្លូវការក្នុងការចូលរួមរបស់ហ្វាំងឡង់ និងស៊ុយអែត។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ តើ (វាគ្មិន) គិតថា វាអាចបញ្ហាប្រឈម ឬឧបសគ្គបានដែរឬទេសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែត? ឬក៏ដំណើរការនៃការដាក់បញ្ចូលនៃប្រទេសទាំងពីរនេះនឹងអាចមានដំណើរការរលូនហើយនៅពេលនេះ

ដើម្បីចូលជាសមាជិករបស់អង្គការណាតូ ប្រទេសស្នើសុំឆ្លងកាត់នីតិវិធីមួយចំនួនដូចខាងក្រោម (១) ប្រទេសដែលដាក់ពាក្យស្នើសុំត្រូវផ្ញើលិខិតទៅកាន់អគ្គលេខាធិការរបស់អង្គការណាតូ។ ហើយ (២) ការអញ្ជើញជាផ្លូវការដើម្បីចាប់ផ្តើមកិច្ចចរចា ឬកិច្ចពិភាក្សានឹងត្រូវផ្ញើត្រឡប់ទៅកាន់ប្រទេសដែលបានដាក់ពាក្យស្នើសុំនោះវិញពីអគ្គលេខាធិការរបស់អង្គការណាតូ។ ហើយនីតិវិធី (៣)បន្ទាប់ពីនោះមកគឺមានការចរចារវាងប្រទេសដែលបានស្នើដាក់ពាក្យចូលក្នុងអង្គការនេះ ជាមួយនិងអង្គការណាតូតែម្ដង។ ហើយបន្ទាប់ពីអង្គការណាតូបានផ្ដល់ភ្លើងខៀវរួចហើយ ប្រទេសដែលជាសមាជិករបស់អង្គការណាតូនឹងអាចចុះហត្ថលេខាទៅលើពិធីសារចូលជាសមាជិក។ ហើយយើងឃើញថ្មីៗនេះ គឺការចុះជាពិធីសារហ្នឹងបានចុះរួចហើយ នៅទីក្រុងម៉ាឌ្រីដ ដោយភាគីតួកគីក៏បានផ្តល់ជាសម្បទានអនុញ្ញាត ហើយខ្លួនឯងក៏ព្រមចុះកិច្ចព្រមព្រៀងនេះដែរ។ ប៉ុន្តែដើម្បីឱ្យបានក្លាយទៅជាសមាជិកណាតូពេញសិទ្ធតែម្ដង ភាគីស្នើសុំគឺត្រូវរង់ចាំរហូតទាល់តែប្រទេសសមាជិកណាតូទាំងអស់ ដូចយើងបានដឹងសព្វថ្ងៃគឺមានសមាជិក៣០ប្រទេស អ៊ីចឹងទាល់តែប្រទេសទាំង៣០នោះផ្តល់នូវសច្ចាប័ន ដែលមានន័យថាត្រូវឆ្លងការអនុម័តឬក៏ការយល់ព្រមពីសភារបស់ប្រទេសនីមួយៗសិន ទើបប្រទេសស្នើសុំអាចក្លាយទៅជាសមាជិករបស់អង្គការណាតូបាន។ ហើយថ្មីៗនេះយើងបានឃើញសហរដ្ឋអាមេរិក នៅព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក គឺគេបានជជែកដេញដោលរឿងនេះរួចមួយសាទៅហើយ។ ជាការពិតណាស់ការពិភាក្សានៅក្នុងរដ្ឋធានីម៉ាឌ្រីដរបស់អេស្ប៉ាញ កាលពីសប្ដាហ៍មុនបានជួយឱ្យប្រទេសស៊ុយអែត ហើយនិងហ្វាំងឡង់ បានឈានទៅដល់កិច្ចព្រមព្រៀង ដែលប្រទេសសមាជិកណាតូទាំង៣០ បានចុះហត្ថលេខាទៅលើពិធីសារ ប៉ុន្តែយើងមើលជាក់ស្ដែងការយល់ព្រមចុះហត្ថលេខារបស់ភាគីតួកគីមិនទាន់អាច យើងទទួលស្គាល់បានថា នឹងបើកផ្លូវទាំងស្រុងឱ្យប្រទេសហ្វាំងឡង់ និងស៊ុយអែត គាត់ចូលជាសមាជិកណាតូនៅឡើយទេ ពីព្រោះគាត់ទៅរង់ចាំសភារបស់គាត់សិន។ ហើយនៅក្នុងដំណាក់កាលនេះខ្ញុំយល់ឃើញថា គឺជាដំណាក់កាលនៃការចរចា ថាតើហាំ្វងឡង់ ហើយនិងស៊ុយអែតនឹងត្រូវផ្តល់តម្លៃណាមួយមកឱ្យភាគីតួកគី។ បញ្ហាដែលកើតមានរវាងហ្វាំងឡង់ ស៊ុយអែត ហើយនិងតួកគី គឺនៅត្រង់ថា តួកគីបានចោទប្រកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែតថាជាអ្នកគាំទ្រដល់ក្រុមឃើដ (Kurds) ដែលតួកគីយល់ឃើញថា ជាក្រុមភេរវកម្ម។ ហើយដូចដែលយើងបានដឹងថាឃើដ គឺជាក្រុមមួយធំ ហើយជាក្រុមមួយមានទីតាំងនៅក្នុងប្រទេសស៊ីរី ហើយមូលដ្ឋានរបស់ឃើដនៅតាមបណ្ដោយព្រំដែនរវាងស៊ីរី និងតួកគី។ ហើយតួកគីគាត់មិនសប្បាយចិត្តទេនៅពេលដែលមានការផ្តល់ការគាំទ្រទៅដល់ក្រុមនេះ ពីព្រោះក្រុមនេះជារឿយៗតែងតែជ្រៀតចូលតាមតំបន់ព្រំដែនរបស់តួកគី អាចនិយាយបានថា តួកគីយល់ឃើញថាក្រុមឃើដនេះ គឺជាក្រុមឈ្លានពានហើយជាក្រុមដែលមានចេតនាបង្កើតរដ្ឋឬក៏ផ្តាច់ខ្លួន ពីក្នុងប្រទេសស៊ីរី ហើយមកបង្កើតរដ្ឋមួយនៅតាមតំបន់ព្រំដែនរវាងស៊ីរី និងតួកគី ដែលតំបន់ខ្លះភាគីតួកគីខ្វះការការពារ ហើយខណៈពេលដែលរដ្ឋាភិបាលស៊ីរីចុះទន់ខ្សោយពុំមានលទ្ធភាពក្នុងការទប់ស្កាត់ក្រុមនេះពីការផ្តាច់ខ្លួន ឬការវាយប្រហារផ្សេងៗនោះទេ។

សំណួរទី៥៖   នៅក្នុងករណីអំពីការចូលរួមជាសមាជិកនៅក្នុងអង្គការណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត តើ(វាគ្មិន)​យល់ឃើញថាវាអាចជះឥទ្ធិពលយ៉ាងដូចម្តេចខ្លះទៅដល់ប្រទេសអ៊ុយក្រែន ដែលអ៊ុយក្រែនបច្ចុប្បន្នកំពុងស្ថិតនៅក្នុងសមរភូមិជាមួយប្រទេសរុស្ស៊ី ហើយបច្ចុប្បន្ននេះអ៊ុយក្រែនក៏បានកំពុងតែដំណើរការនៅក្នុងការស្នើសុំចូលជាសមាជិករបស់អង្គការណាតូផងដែរ

ជាក់ស្ដែង ការស្នើសុំរបស់អ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូ មានផលលំបាកច្រើនជាងប្រទេសហ្វាំងឡង់ ហើយនិងស៊ុយអែត។ មូលហេតុនៅត្រង់ថា កន្លងមកប្រទេសអ៊ុយក្រែនគាត់ពុំទាន់បានចូលជាសមាជិករបស់សហភាពអឺរ៉ុបនៅឡើយ បើយើងពិនិត្យទៅលើស្ថានភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែនមុនសង្គ្រាម គឺជាប្រទេសដែលក្រីក្រជាងគេបំផុត បើប្រៀបធៀបជាមួយប្រទេសក្រីក្រជាងគេបំផុតរបស់សហភាពអឺរ៉ុប។ យើងឃើញថា ប្រទេសអ៊ុយក្រែនក្រីក្រជាងប្រទេសទាំងនោះរហូតដល់៣ដង។ ដូច្នេះ ស្ថានភាពវាខុសប្លែកពីគ្នាច្រើន ខ្ញុំយល់ឃើញថា ស្ថានភាពនេះ ប្រហែលជាមិនអំណោយផលទេ ហើយដូចខ្ញុំបានលើកឡើងកន្លងទៅដែរ មានប្រទេសសមាជិកណាតូមួយចំនួន គឺគាត់មានផលប្រយោជន៍ជាមួយនិងរុស្ស៊ី។ ដូច្នេះ នីតិវិធីនៃការផ្តល់សមាជិកភាពទៅឱ្យអ៊ុយក្រែនរឹតតែពិបាកទៅទៀត ពីព្រោះប្រទេសមួយចំនួនគាត់នៅខ្លាចបាត់បង់ផលប្រយោជន៍របស់គាត់។ អ៊ីចឹងគាត់នៅតែរក្សាជំហរមួយគឺ ធ្វើយ៉ាងណាពន្យារពេលនៃការស្នើរបស់អ៊ុយក្រែន។ ហើយលក្ខខណ្ឌនៃការចូលជាសមាជិករបស់អ៊ុយក្រែនទៅជាសមាជិករបស់ណាតូនេះ វាមានតម្រូវការមួយចំនួន ឧទាហរណ៍ ខាងផ្នែកសន្តិសុខ ដែលពេលនេះប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងសង្គ្រាមស្រាប់ ដូច្នេះវាផ្ទុយពីលក្ខខណ្ឌដែលណាតូអាចអនុញ្ញាតឱ្យចូលបាន។ 

សំណួរទី៦៖   ជាចុងក្រោយ បើយើងក្រឡេកទៅមើលទៅទិដ្ឋភាពរួមវិញ បើតាមការយល់ឃើញរបស់​ (វាគ្មិន) ផ្អែកទៅលើហេតុការណ៍ ក៏ដូចជាព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះ ជាពិសេសសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីនៅក្នុងតំបន់អឺរ៉ុបនេះ។ តើអង្គការណាតូអាចនឹងបន្តផ្ដល់តួនាទីរបស់ខ្លួនដល់ក្នុងកម្រិតណានៅក្នុងការរក្សា សន្តិសុខ សន្តិភាព និងស្ថិរភាពនៅតំបន់អឺរ៉ុប បន្ទាប់ពីមានការកើតឡើងនូវព្រឹត្តិការណ៍ទាំងនោះរួច

ចំពោះអង្គការណាតូ នៅក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំយល់ឃើញថា អង្គការនេះ មានបញ្ហាប្រឈមច្រើន ជាពិសេសខាងផ្នែកហិរញ្ញវត្ថុ ដោយសារវិបត្តិដែលកើតមានដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននេះ។ យើងឃើញថា អតិផរណាកើតមានច្រើននៅក្នុងប្រទេស មិនត្រឹមតែនៅផ្នែកអឺរ៉ុបទេ សូម្បីតែផ្នែកផ្សេងៗរបស់ពិភពលោកក៏ទទួលរងនូវឥទ្ធិពលនេះដែរ។ ប៉ុន្តែបើយើងពិនិត្យមើល ថាតើអង្គការណាតូទៅថ្ងៃមុខនឹងមានលទ្ធភាពដល់កម្រិតណាក្នុងការថែរក្សាសន្តិសុខ និងសន្តិភាពនៅអឺរ៉ុប ខ្ញុំយល់ឃើញថា នៅថ្ងៃខាងមុខអង្គការណាតូមានលទ្ធភាពច្រើន ដោយសារសមាជិក ភាគច្រើននឹងយល់ព្រមក្នុងការផ្តល់នូវហិរញ្ញវត្ថុរបស់ខ្លួនបន្ថែម​ ដែលកាលពីមុនគឺ លោកដូណាល់ត្រាំធ្លាប់ទាមទារឱ្យសមាជិកអង្គការណាតូយ៉ាងតិចបំផុតចូលរួមចំណែកឱ្យបាន ២ភាគរយ នៅក្នុងវិស័យការពារជាតិនីមួយៗ ដែលជាសមាជិករបស់អង្គការណាតូ។ ដូច្នេះ ខ្ញុំយល់ឃើញថា វាជាឱកាសសម្រាប់សមាជិកទាំងអស់នោះក្នុងការបង្កើនថវិកា ហើយមានហេតុផលសមរម្យដើម្បីបញ្ជាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនថា ដោយសារស្ថានភាពទាំងនេះ ស្ថានភាពសន្តិសុខបង្ខំទើបខ្លួនដាច់ចិត្ត ឬក៏បង្ខំចិត្តប្រើប្រាស់ ឬក៏បង្កើនថវិការការពារជាតិរហូតដល់២ភាគរយ។ អ៊ីចឹង ទី(១) នៅថ្ងៃខាងមុខអង្គការណាតូ លទ្ធភាពនៃថវិកា ពិសេសវិស័យការពារជាតិនឹងកើនខ្ពស់។ ទី (២) អង្គការណាតូនឹងអាចទទួលបាននូវសមាជិកបន្ថែម។ ដូច្នេះចំនួននៃសមាជិករបស់អង្គការណាតូ ប្រសិនបើយើងរាប់បញ្ចូលទាំងហ្វាំងឡង់ និងស៊ុយអែត ដែលនឹងអាចទទួលបានសមាជិកភាពនៅពេលខាងមុខនេះ អាចឡើងលើសពី៣០ប្រទេស។ ចំណុចមួយទៀតនោះ គឺអង្គការណាតូ នឹងអាចមានលទ្ធភាពក្នុងការពង្រីក និងពង្រឹងកម្លាំងយោធារបស់ខ្លួនឱ្យធំជាងមុន។ នៅពេលដែលសមាជិកភាពរបស់គាត់មានកាន់តែច្រើន ហើយទំហំនៃថវិកានៃការចូលរួមខាងផ្នែកវិស័យសន្តិសុខ និងការពារជាតិរបស់ប្រទេសនីមួយៗកើនឡើងដល់២ភាគរយនៃផលិតផលសរុបក្នុងស្រុក។ អ៊ីចឹង ការប្រើប្រាស់ថវិកាទាំងអស់នោះនឹងជួយជំរុញ ហើយនិងពង្រីកនូវកម្លាំងរបស់ណាតូកាន់តែធំជាងមុន។ លទ្ធភាពនៃការការពារ និងការថែរក្សាសន្តិសុខ និងសន្តិភាពនៅទ្វីបអឺរ៉ុបអាចនឹងប្រសើរជាងបច្ចុប្បន្ន។

វាគ្មិនកិត្តិយស៖ លោក អំ សុជាតិ សមាជិកអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

Recent Posts

August 2022
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031