សង្គ្រាមនៅប្រទេសអ៊ុយក្រែនកំពុងតែបន្តសកម្មភាពប្រតិបត្តិការយោធាពីប្រទេសរុស្ស៊ី រីឯប្រជាជនប្រទេសអ៊ុយក្រែនក៏កំពុងតែបន្តការភៀសខ្លួនទៅប្រទេសជិតខាង ហើយប្រជាជនដែលនៅក្នុងប្រទេសកំពុងជួបប្រទះបញ្ហាផ្នែកមនុស្សធម៌ជាបន្តបន្ទាប់។ ក្រោយពីប្រតិបត្តិការយោធារបស់រុស្ស៊ីទៅលើអ៊ុយក្រែន ក្នុងរយៈពេលជិត១ខែកន្លងមកនេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ផ្នែកមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យប្រជាជនអ៊ុយក្រែនរាប់រយពាន់អ្នកបានភៀសខ្លួនចេញពីប្រទេស និងបញ្ហាមនុស្សនានាចំពោះប្រជាជននៅក្នុងប្រទេស។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី បានរៀបរាប់អំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ក៏ដូចជាការអនុវត្តច្បាប់ស្ដីពីបញ្ហាមនុស្សធម៌អន្តរជាតិ និងច្បាប់ស្ដីពីជម្លោះប្រដាប់អាវុធទៅលើស្ថានការណ៍បច្ចុប្បន្នផងដែរ។
សំណួរទី១៖ បច្ចុប្បន្ន ស្ថានការណ៍មនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែបង្កើតជាក្ដីបារម្ភ និងធ្លាក់ចុះ រីឯកំណើននៃជនភៀសខ្លួនកំពុងតែកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីធ្វើការវាយប្រហារទៅលើអ៊ុយក្រែន។ ជាបឋម តើកញ្ញាអាចរៀបរាប់ពីស្ថានការណ៍ទូទៅនៅក្នុងប្រទេសអ៊ុយក្រែនបានដែរឬទេ?
កាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ កន្លងទៅ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតីពូទីន ខណៈដែលលោកបានប្រកាសទទួលស្គាល់តំបន់បំបែក ខ្លួន ចំនួន ២ នៅភាគខាងកើតអ៊ុយក្រែនពោលគឺតំបន់ Donetsk និង Luhansk ជារដ្ឋឯករាជ្យនៅថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅ។ បើគិតមកដល់ថ្ងៃនេះ វាមានរយៈពេល ជាង៣សប្តាហ៍ហើយ ក្នុងនោះក៏កើតមានឡើងនូវបញ្ហាមនុស្សធម៌នានា ដែលបញ្ហាជនភៀស ខ្លួនជាបញ្ហាចំបងមួយ។ ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការយោធា រុស្ស៊ីបានប្រើប្រាស់នូវ អាវុធយុទ្ធភណ្ឌផ្សេងៗ ដែលមានវិសមភាពបើប្រៀបធៀបនឹងភាគីអ៊ុយក្រែន។ ប្រសិនបើប្រៀបធៀបពីសមត្ថភាពយោធារវាងរុស្ស៊ី និងអ៊ុយក្រែន យើងអាចឃើញពីគម្លាតយ៉ាងធំ ដោយក្នុងនោះរុស្ស៊ីមានកងទ័ពសកម្មជាង ៨៥ម៉ឺននាក់ ខណៈដែលអ៊ុយក្រែនមានត្រឹម ២០ម៉ឺននាក់ប៉ុណ្ណោះ។ បើក្រឡែកមើលលើសព្វាវុធវិញ រុស្ស៊ីមានបំពាក់ដោយរថក្រោះ រថពាសដែក យន្តហោះចម្បាំង កងនាវាចរ នាវាចម្បាំង នាវាពិឃាដ ច្រើនជាងអ៊ុយក្រែនស្ទើរ៨០%។
ពីរសប្តាហ៍កន្លងទៅនេះ យើងឃើញមានការដាក់ចេញនូវបម្រាមគោចរ នៅទីក្រុងនានានៃប្រទេសអ៊ុយក្រែន ខណៈយោធារុស្ស៊ីបានវាយលុកពីប៉ែកខាងកើត រហូតចូលដល់ទីក្រុងធំៗនៃអ៊ុយក្រែន ដោយចាប់ផ្តើមពីទីក្រុង Kharkiv បន្ទាប់មកចូលដល់ទីក្រុងKyiv និងទីក្រុងKherson។ ជាការឆ្លើយតបនឹងប្រតិបត្តិការយោធា ប្រទេសមហា អំណាចផ្សេងៗបានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រធានាធិបតីពូទីន និង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ឡារ៉ូវ ដែលជាក់ស្តែងមានសហភាពអឺរ៉ុបជាដើម។ ហើយក៏មានការបង្កកហិរញ្ញវត្ថុរបស់ ធនាគារជាតិរុស្ស៊ីនូវទំហំទឹកប្រាក់ជាង ៦០០ពាន់លានដុល្លារអាមេរិកផងដែរ។ ក្រោយមកនៅថ្ងៃទី២៨ កុម្ភៈ អង្គការសហប្រជាជាតិ ក៏បានដឹកនាំអង្គប្រជុំបន្ទាន់មួយដើម្បីពិភាក្សាលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយស្នើសុំឲ្យភាគីរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់។ យោងតាមភ្នាក់ងារ Human Rights Watch បានរាយការណ៍ថា រុស្ស៊ីបានប្រើប្រាស់គ្រាប់ចែកចង្កោម ដែលតម្រង់មកលើជនស៊ីវិល ដោយភាគីរុស្ស៊ីបានបដិសេធចំពោះការចោទប្រកាន់នេះ។ ជាស្នើសុំឲ្យមានការដាក់បទបញ្ញត្តិ បិទដែនហោះហើរ ឬ No-fly zone ពីប្រធានាធិបតី Zelensky តែត្រូវបានសហរដ្ឋអាមេរិក អង់គ្លេស និងអង្គការNATOបដិសេធ។ ទន្ទឹមនឹងនោះ ក៏មានកិច្ចចរចារវាងភាគីរុស្ស៊ី និងអ៊ុយក្រែន ដែលបន្តស្វែងរកចំនុចរួមមួយ ទោះបីការបាញ់ប្រហារនៅតែកើតឡើងយ៉ាងណាក្តី។
សំណួរទី២៖ បើយើងក្រឡេកទៅមើលក្នុងបរិបទនៃច្បាប់មនុស្សធម៌អន្តរជាតិវិញម្ដង តើកញ្ញាយល់ឃើញយ៉ាងណាចំពោះសកម្មភាពនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន? តើវាបំពានយ៉ាងដូចម្ដេចខ្លះទៅលើច្បាប់មនុស្សធម៌អន្តរជាតិ?
ក្នុងបរិបទមនុស្សធម៌អន្តរជាតិ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ តួយ៉ាង (១)ការបាត់បង់អាយុជីវិតរបស់ជនស៊ីវិល (២)ការបំពានលើជនមិនមែនក្រុមប្រដាប់អាវុធ និង(៣)ការបំផ្លាញទីតាំងស៊ីវិល ដែលនេះជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ទាំងបួន។
យោងតាមរបាយការណ៍របស់ OHCHR កាលពីថ្ងៃទី៩ មីនា មានជនស៊ីវិលជាង ៥៤៩នាក់ បានស្លាប់ និងជាង ៩៥៧នាក់ បានរងរបួសនៅប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលប្រតិបត្តិការ យោធានេះ។ ការវាយប្រហារលើជនស៊ីវិលនេះ ជាការរំលោភលើ Principle of Civilian Protection ដែលមានចែងក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ទី៤ និងពិធីសារបន្ថែមឆ្នាំ១៩៧៧ ទី១។ ប្រជាជនស៊ីវិលដែលស្ថិតនៅក្នុងតំបន់ ដែលមានការប្រយុទ្ធផ្នែកប្រដាប់អាវុធ នឹងត្រូវការពារដោយ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ទី៤ ដោយជនស៊ីវិលមិនត្រូវបានបាញ់ប្រហារ រងការធ្វើទារុណកម្ម និងការរើសអើងដោយសារជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពិធីសារបន្ថែមឆ្នាំ១៩៧៧ ទី១ ក៏បានបញ្ជាក់ពីការ ការពារជនស៊ីវិលអំឡុងពេលសង្គ្រាមដោយបានកំណត់ថា ដរាបណាជនស៊ីវិលមិនចូលរួម ដោយផ្ទាល់ក្នុងការអនុវត្តប្រតិបត្តិការយោធា នោះជនស៊ីវិលនឹងត្រូវបានការពារដោយមាត្រា ដែលមានចែងក្នុងច្បាប់នេះ។ មានន័យថា ខណៈពេលបុគ្គលណាមួយចាប់ផ្តើមចូលរួម ដោយផ្ទាល់ក្នុងការប្រយុទ្ធ នោះបុគ្គលនោះនឹងក្លាយជាក្រុមប្រដាប់អាវុធ ដែលមិនត្រូវបាន គាំពារដោយច្បាប់ណាមួយដែលបានរៀបរាប់ខាងលើនេះឡើយ។
លើសពីនោះទៅទៀត អំឡុងពេលវាយប្រហារលើប្រទេសអ៊ុយក្រែនក៏មានការវាយប្រហារ លើបុគ្គលិកសុខាភិបាល មន្ទីរពេទ្យនានា។ កាលពីថ្ងៃទី៩ មីនា កន្លងទៅ មានការបញ្ជាយន្តហោះចម្បាំង ដែលតម្រង់បាញ់មកលើមន្ទីរពេទ្យសម្ភព មួយកន្លែងនៅទីក្រុង Mariupol បណ្តាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិត និងរងរបួស ១៧នាក់ រួមមានបុគ្គលិកពេទ្យ ស្រ្តី និងកុមារ។ ក្រៅពីនោះ ក៏មានការវាយប្រហារលើទីតាំង និងបុគ្គលិកសុខាភិបាលនៅផ្នែកផ្សេងៗនៃអ៊ុយក្រែនរួមមាននៅក្បែររដ្ឋ Izyum, Melitopol, Vasylivka, Mykolaiv, Vulhedar, Volnavakha, Chernihiv, និងZhytomyr ដែលនេះជាការប្រព្រឹត្តផ្ទុយពីច្បាប់មនុស្សធម៌អន្តរជាតិ។ មន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវបានការពារ និងមិនមែនជាគោលដៅបាញ់ប្រហារឡើយក្នុងអំឡុងពេលជម្លោះប្រដាប់ អាវុធ បើយោងតាមមាត្រា ៣៦នៃ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ទី២ បានកំណត់ថា បុគ្គលិកសុខាភិបាល មន្ទីរពេទ្យ ឧបករណ៍បរិក្ខារពេទ្យ និងភ្នាក់ងារនានា ត្រូវបានគោរពនិងការពារដោយបទបញ្ញត្តិដែលមានចែង។
ថ្មីៗនេះ មានការរាយការណ៍ពីការបាញ់ប្រហារលើភ្នាក់ងារសារព័ត៌មានជនជាតិអាមេរិកម្នាក់ ដែលបណ្តាលឲ្យលោកបាត់បង់ជីវិតនៅក្បែរទីក្រុងKyiv។ ភ្នាក់ងារសារព័ត៌មានក៏ត្រូវបានការពារដោយ អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ទី២ ដូចគ្នានឹងជនស៊ីវិល និងបុគ្គលិកសុខាភិបាលដូចគ្នាដរាបណាពួកគេ មិនបានចំណែកដោយផ្ទាល់ក្នុងការអនុវត្តការ បាញ់ប្រហារនោះ។ ហេតុនេះហើយទើបក្នុងការប្រយុទ្ធដោយយោធាទាមទារឲ្យមានការគោរព លើ Principle of Distinction ដែលញែកយ៉ាងច្បាស់លើបុគ្គលិក, ទីតាំង, ឬវត្ថុដែលអាចវាយប្រហារបាន ហើយស្របនឹង Principle of Civilian Protection។
នីតិមនុស្សធម៌អន្តរជាតិក៏មានចែងពីការការពារទៅដល់ civilian objectives ដែលមិនត្រូវឲ្យមានការបំផ្លាញនោះឡើយ ដូចនៅក្នុងមាត្រា ៥២ កថាខណ្ឌទី១ នៃ ពិធីសារបន្ថែមឆ្នាំ១៩៧៧ ទី១ ថារាល់កម្មវត្ថុស៊ីវិលមិនមែនជាគោលដៅនៃការ វាយប្រហារឡើយ។ ផ្ទុយទៅវិញ អំឡុងពេលប្រតិបត្តិការយោធានេះ យើងឃើញមានការបាញ់ប្រហារលើលំនៅឋាន ប្រជាជនស៊ីវិល សាលារៀន មន្ទីរពេទ្យ ។ល។
ក្នុងស្ថានការណ៍ដែលមានការប្រើប្រាស់ប្រដាប់អាវុធ វាជៀសមិនផុតទេពី ការនាំមកនូវអសន្តិសុខដល់ជនស៊ីវិល ការបាត់បង់ជីវិតរបស់កងកម្លាំងយោធា ការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងកង្វះស្បៀងអាហារជាដើម។ យោងតាមសារព័ត៌មាន CBS News ក្នុងរយៈពេល២សប្តាហ៍ដំបូងនៃការវាយប្រហារនេះ បណ្តាលឲ្យកងកម្លាំងយោធារុស្ស៊ីជាង ៦០០០នាក់ និងកងកម្លាំងយោធាអ៊ុយក្រែនជាង ៤០០០នាក់ បានបាត់បង់ជីវិត។ ប្រតិបត្តិការយោធាសុទ្ធតែជាការអនុវត្តផ្ទុយពីច្បាប់អន្តរជាតិ លើកលែង ការអន្តរគមន៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាក់ស្តែងទង្វើនេះផ្ទុយពីមាត្រា២ កថាខណ្ឌទី៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែល ហាមឃាត់ រដ្ឋជាសមាជិក UN ទាំងអស់មិនឲ្យមានការប្រើកម្លាំងយោធាប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជភាពនយោបាយនៃរដ្ឋណាមួយឡើយ។
សំណួរទី៣៖ តើការវាយប្រហារនេះបានជះផលប៉ះពាល់យ៉ាងណាខ្លះលើផ្នែកមនុស្សធម៌ក្នុងប្រទេសនេះ?
បើគិតមកត្រឹមពេលនេះ អត្រាជនភៀសខ្លួនរបស់អ៊ុយក្រែនកើនឡើងដល់ជាង ៣លាននាក់ ដែលជនភៀសខ្លួនទាំងនោះបានធ្វើដំណើរទៅកាន់ប្រទេស បូឡូញ (ជាង ១លាននាក់), រ៉ូម៉ានី (ជាង ៤០ម៉ឺននាក់), មុលដូវ៉ា (ជាង ៣០ម៉ឺននាក់), ហុងគ្រី (ជាង ២០ម៉ឺននាក់), ស្លូវ៉ាគី និងបេឡារូស ផងដែរ។ បញ្ហាសន្តិសុខចំពោះប្រជាជនស៊ីវិល នៅតែជាក្តីបារម្ភដោយពួកគេត្រូវបម្លាស់ទីទៅតាមច្រករបៀង និងខ្លះត្រូវបង្ខំចិត្តចាកចេញពីប្រទេសកំណើតរបស់ខ្លួន។ ទន្ទឹមគ្នានេះ ក៏មានប្រជាជនជាង ២លាននាក់ ដែលត្រូវបម្លាស់ទីនៅក្នុងអ៊ុយក្រែនដើម្បីស្វែងរកទីសុវត្ថិភាពសម្រាប់ជ្រកកោន។
កង្វះស្បៀងអាហារ ដែលបណ្តាលមកពីអសន្តិសុខ ដូចនៅទីក្រុង Mariupol ខណៈដែលទីក្រុងនេះត្រូវបានគេទុកចោល និងគ្មានមធ្យោបាយទំនាក់ទំនង។ បើទោះបីជាមានការអន្តរាគមន៍ពីអង្គការអន្តរជាតិនានាពាក់ព័ន្ធនឹងបញ្ហាមនុស្សធម៌ក្តី ដោយឡែកអំឡុងពេលសង្គ្រាមការផ្គត់ផ្គង់ជាក់ស្តែងនៅតែមានបញ្ហាប្រឈម។ ខណៈពេលនេះមានប្រជាជនជាតិ ៣លាននាក់ដែលកំពុងខ្វះខាតនូវស្បៀងអាហារ ដោយពួកគេត្រូវផ្លាស់ទីពីកន្លែងផ្ទុះប្រដាប់អាវុធ ទៅរកទីជ្រកកោនដែលមានសុវត្ថិភាព។
សំណួរទី៤៖ តើការអនុវត្តច្បាប់ជាតិស្ដីពីជម្លោះប្រដាប់អាវុធ (LOAC – Law of Armed Conflict) អាចនឹងមានប្រសិទ្ធភាពក្នុងការបញ្ចប់បញ្ហានានានៅក្នុងប្រទេសអ៊ុយក្រែនដែរឬទេ (ទាំងការឈ្លានពាន បញ្ហាមនុស្សធម៌ ក៏ដូចជាផ្នែកសន្តិសុខផងដែរ)? ហើយវាទាមទារឱ្យមាននូវការចូលរួមអ្វីខ្លះពីភាគីពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ឱ្យមានភាពប្រសើរឡើងវិញ?
មកទល់ពេលនេះ យើងឃើញមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់ប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនតែប៉ុណ្ណោះ ដោយពុំទាន់ឃើញមានការអនុវត្ត LOAC ជាការគាបសង្កត់រុស្ស៊ីនៅឡើយទេ។ ហេតុនេះហើយ ក្នុងបរិបទនេះអាចមានសេណារីយ៉ូ២ ដោយទីមួយ LOAC ទំនងជាមិនអាចបញ្ចប់សង្គ្រាមនេះឡើយ និងទីពីរក្នុងលក្ខខណ្ឌដែលរុស្ស៊ីព្រមសម្របខ្លួន ទៅនឹងច្បាប់អន្តរជាតិ នោះការបញ្ចប់សង្គ្រាមអាចមានភាពវិជ្ជមានជាងមុន។
សេណារីយ៉ូទីមួយ ច្បាប់LOAC ពុំមានអានុភាពបញ្ចប់សង្គ្រាមនេះទេ ដោយនៅមិនទាន់មានការអនុវត្តក្នុងការដាក់គំនាបលើរុស្ស៊ីនៅឡើយ បើទោះបីជាក់ស្តែងមានការសម្លាប់ជនស៊ីវិលស្លាប់ជាង ៦០០នាក់ និងរបួសជាង ១០០០ នាក់ រួចមកហើយក្តី។ បើយោងតាមច្បាប់មនុស្សធម៌អន្តរជាតិផ្ទាល់មានចែងពីPrinciple of Distinction និងPrinciple of Civilian Protection។ ក្នុងPrinciple of Distinction តម្រូវឲ្យបែងចែករវាងបុគ្គលដែលចូលរួម និងបុគ្គលមិនចូលរួមក្នុងការវាយប្រហារ ដោយអាចសម្គាល់តាមរយៈឯកសណ្ឋានរបស់ពួកគេ។ ដោយឡែក ដូចមានជម្រាបមុននេះពី ករណីការបាញ់ប្រហារលើអ្នកសារព័ត៌មាន ក៏ដូចជាអត្រាបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិល បានឆ្លុះបញ្ចាំងពីភាពខ្សោយនៃការអនុវត្តច្បាប់ស្តីពីជម្លោះប្រដាប់អាវុធ។ ច្បាប់នេះនឹងមិននាំ មកនូវការបញ្ចប់សង្គ្រាមនោះទេ ហើយក៏មិនបានការពារជនស៊ីវិលពីការរងគ្រោះដោយការ វាយប្រហារនោះដែរ តែវាដាក់សម្ពាធទៅលើភាគីទាំងឡាយណាដែលធ្វើប្រតិបត្តិការក្នុង សង្គ្រាមនោះ។ បើទោះបីមានគោលការណ៍ទាំងនោះហើយក្តី ក៏មិនបានធានាថាវាអាចបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានដែរ។
យ៉ាងណាក្តី ក្នុងអំឡុងសប្តាហ៍ទី២នៃការវាយប្រហារនេះ ភាគីយ៉ាងពីរក៏បានអនុវត្តបទឈប់ បាញ់ជាបណ្តោះអាសន្នដើម្បីជម្លៀសជនស៊ីវិលតាមច្រករបៀងមុននឹងបន្តប្រតិបត្តិការយោធា។ ដែលនេះបានរួមចំណែកមិនបង្កើនចំនួនមនុស្សស្លាប់ថ្មី ដោយឡែកវាមិនធានាបានដល់ សុវត្ថិភាពរបស់ប្រជាជនស៊ីវិលបានពេញលេញឡើយ។
សេណារីយ៉ូទី២ គឺក្នុងលក្ខខណ្ឌដែលរុស្ស៊ីព្រមព្រៀងអនុវត្តតាមយុត្តាធិការអន្តរជាតិ ច្បាប់ដែលអនុលោមរួមមាន Geneva Convention & Hague Convention នោះសង្គ្រាមនឹងអាចបញ្ចប់។ យ៉ាងណាមិញ សេណារីយ៉ូនេះក៏នៅមានភាពស្រពេចស្រពិល ដោយហេតុថារដ្ឋអធិបតេយ្យមួយអាចជ្រើសរើសយកយុត្តាធិការអន្តរជាតិ ឬគោលការណ៍រដ្ឋអធិបតេយ្យរបស់ខ្លួន ដែលនេះហើយជាសំណួរត្រូវចោទសួរ។ ដូចមានករណីនៅប្រទេសហ្វីលីពីន ដែលចាកចេញពីសមាជិកភាពនៃ Rome Statute និង ICC ដោយមិនទទួលយកយុត្តាធិការអន្តរជាតិធំជាងគោលការណ៍រដ្ឋអធិបតេយ្យរបស់ខ្លួន ដោយហេតុថាយុត្តធិការអន្តរជាតិនោះនឹងដាក់គំនាបលើប្រទេសខ្លួន ជុំវិញករណីសំណុំរឿងគ្រឿងញៀន។ ដូច្នេះដូចនឹងករណីរបស់រុស្ស៊ីដែរ ដរាបណាយុត្តាធិការអន្តរជាតិនឹងដាក់គំនាបលើខ្លួន នោះក៏មិនអាចធានាបានថារុស្ស៊ីនឹងនៅបន្តមានសមាជិកភាពក្នុង Geneva Convention ដោយហេតុវាជាទឡ្ហីករណ៍មួយដែលអាចកើតឡើងដូចគ្នា។
សំណួរទី៥៖ មកទល់នឹងពេលនេះ តើមានអង្គការអន្តរជាតិ ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធនានាស្ដីពីបញ្ហាមនុស្សធម៌ណាខ្លះដែលបានចាប់ផ្ដើមសកម្មភាពរបស់ខ្លួន ទៅលើការជួយសង្គ្រោះ និងផ្ដល់ជំនួយទៅដល់ប្រជាជនអ៊ុយក្រែន?
ពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌ផងដែរ ក៏មានការអន្តរាគមពីអង្គការអន្តរជាតិ បីធំៗ រួមមាន Interational Committee of Red Cross (ICRC), International Rescuse Committee (IRC), United Nations High Commissioner Refugees (UNHCR) ។ Interational Committee of Red Cross បានបង្ហាញពីគោលជំហររបស់ខ្លួន នោះគឺផ្តល់ជំនួយដល់ជនដែលត្រូវការ។ ICRC បានចាត់តាំងក្រុមការងារ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ផ្គត់ផ្គង់សម្ភារៈបរិក្ខាសុខាភិបាល និងផ្គត់ផ្គង់ស្បៀង អាហារ។ មកដល់ពេលនេះ បាននាំយកសម្ភារៈបរិក្ខាពេទ្យជាង ២០០ តោន និងសម្ភារៈចាំបាច់មានដូចជា ទឹក ចំណីអាហារ ភួយក្នើយ ជាដើមជូនដល់ជនបម្លាស់ទី។
International Rescue Committee ក៏បានចូលរួមក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ នៅចំពោះមុខដូចគ្នា។ ដោយ IRC បានរួមចំណែកសម្រួលដល់ការភៀសខ្លួនរបស់ស្រ្តី និងកុមារ, នាំយកនូវសម្ភារៈដែលមានតម្រូវការចាំបាច់, ផ្តល់ព័ត៌មានទាក់ទងនឹងលំនៅឋាន, ការងារ និងសិទ្ធិរបស់ជនភៀសខ្លួន, និងការផ្តល់សេវាថែទាំផ្នែកចិត្តសាស្រ្ត។
United Nations High Commissioner Refugee មានក្រុមការងារសម្រាប់បម្រើដល់ជន ភៀសខ្លួនអ៊ុយក្រែនទាំងអស់ដែលត្រូវការជំនួយមិនថានៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់ ឬកំពុង នៅតាមប្រទេសជិតខាង។ UNHCR មានតួនាទីផ្តល់នូវការការពារ និងជំនួយមនុស្សធម៌ដល់ ជនស៊ីវិលដែលរងគ្រោះអំឡុងពេលសង្គ្រាម រួមបញ្ចូលទាំងកន្លែងជ្រកកោនជាបន្ទាន់ ការជួសជុលផ្ទះដែលរងការខូចខាតដោយការបាញ់ផ្លោង ជំនួយសាច់ប្រាក់សង្គ្រោះបន្ទាន់ និងការការពារដូចជាជំនួយផ្លូវចិត្ត។ លើសពីនោះ UNHCR មានតួនាទីឃ្លាំមើលថានឹងមិនមានការ ធ្វើទារុណកម្ម ឬរំលោភបំពាននានាលើជនភៀសខ្លួនណាម្នាក់ឡើយ។
ក្រោមហេតុផលតែមួយ នោះគឺសម្រាលបន្ទុកផ្នែកមនុស្សធម៌ អង្គការអន្តរជាតិទាំង៣ខាងលើ ក៏បានរៃអង្គាសថវិកាទូទាំងពិភពលោកដើម្បីរួមចំណែកដល់ប្រជាជនអ៊ុយក្រែន។ ដោយជំនួយមានក្នុងរូបភាពជាសាច់ប្រាក់ ស្បៀងអាហារ សម្ភារៈបរិក្ខាពេទ្យសម្រាប់ សង្គ្រោះបន្ទាន់ សម្ភារៈប្រើប្រាស់ចាំបាច់ ផ្សេងៗ។
សំណួរទី៦៖ បើតាមការយល់ឃើញរបស់កញ្ញា តើអាចទេដែលបញ្ហាមនុស្សធម៌នៅប្រទេសអ៊ុយក្រែនក្លាយជាបញ្ហារាំរ៉ៃអូសបន្លាយបើទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ក៏ដោយ ដូចនៅប្រទេសអាហ្វហ្គានីស្ថាន ស៊ីរី និងលីប៊ីជាដើម?
ដូចបានជម្រាបជូនខាងលើតាមនីតិមនុស្សធម៌អន្តរជាតិខណៈមានការវាយប្រហាររវាង ភាគីរុស្ស៊ីនិងអ៊ុយក្រែន បានផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សអំឡុងការផ្ទុះ ប្រដាប់អាវុធ ការបម្លាស់ទីរបស់ប្រជាជនទៅរកទីសុវត្ថិភាព វិបត្តិជនភៀសខ្លួនទៅប្រទេសទីបី កង្វះចំណីអាហារ ថ្នាំសង្កូវ និងសម្ភារៈចាំបាច់ផ្សេងៗទៀត។ ដែលទន្ទឹមនឹងនោះមានការ អន្តរាគមន៍ពីអង្គការអន្តរជាតិផ្សេងៗលើការផ្តល់ជំនួយជាទំហំទឹកប្រាក់ពីសប្បុរសជនទៅដល់ អង្គការមិនមែនរដ្ឋាភិបាលនានាផងដែរ។ ក្នុងនោះ World Food Programme ក៏បានបង្កើតនូវក្រុមការងារអន្តរាគមន៍បន្ទាន់ដើម្បីផ្តល់អាហារដល់ជនភៀសខ្លួនពីទីតាំងប្រដាប់អាវុធ។ ដោយក្នុងនោះ WFP ក៏បានផ្គត់ផ្គង់សម្រាប់មនុស្សជាង ៣លាននាក់ តាមរយៈការចូលរួមផ្តល់ជាថវិកា និងចំណីអាហារ។ ដោយឡែក WFP ក៏បានរៀបចំការផ្តល់ជំនួយដល់ប្រទេសទីបីដែលមានជនភៀសខ្លួនកំពុងជ្រកកោនដូចជា Moldova, Romania, Slovakia, Hungary និងPoland។
បើសង្គ្រាមត្រូវបានបញ្ចប់ បញ្ហាមនុស្សធម៌នៅអ៊ុយក្រែនក៏អាចនៅបន្តអូសបន្លាយដូចគ្នា ដែលបញ្ហាទាំងនោះរួមមាន ការបាត់បង់លំនៅឋានរបស់ជនស៊ីវិល ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ វិបត្តិជនភៀសខ្លួន និងកង្វះអាហារូបត្ថម្ភ។ ក្នុងករណីសង្គ្រាមត្រូវបានបញ្ចប់ ហើយស្ថានការណ៍នៅអ៊ុយក្រែនវិលមករកប្រក្រតីភាពក៏ មែនពិត តែប្រជាជនទាំងនោះបានបាត់បង់លំនៅឋាន ដោយសារភ្លើងសង្គ្រាម។ នេះជាបញ្ហាមនុស្សធម៌មួយ ដែលទាមទារឲ្យមានការរួមចំណែកពីអង្គការអន្តរជាតិពាក់ព័ន្ធដូច ជាUN Habitat ជាដើម។ កត្តាចំបងមួយទៀត គឺការធានាឲ្យបាននូវសុវត្ថិភាព របស់ជនភៀសខ្លួនរហូតដល់ពួកគេត្រឡប់មកទឹកដីអ៊ុយក្រែនវិញ ហើយនេះត្រូវការការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ពីអង្គការអន្តរជាតិដែលពាក់ព័ន្ធរួមមាន UNHCR និង IRC ជាដើម។
វាគ្មិន៖ កញ្ញា លី ន័ររី និស្សិតឆ្នាំទីបួន បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) នាយកគណៈកម្មការស្រាវជ្រាវ និងគ្រប់គ្រងគម្រោង នៃASEAN Youth Advocates Network (AYAN) Cambodia
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ