Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ លំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ

AVI Voiceលំហអ៊ីនធឺណិត និងទំនាក់ទំនងអន្តរជាតិ

លំហអ៊ឺនធឺណិត (Cyberspace) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងបរិបទនៃពិភពលោកបច្ចុប្បន្ន ជាពិសេសក្នុងទំនាក់ទំនាក់ទំនងអន្តរជាតិរវាងរដ្ឋនិងរដ្ឋ រដ្ឋនិងតួអង្គមិនមែនរដ្ឋ និងរដ្ឋនិងបុគ្គល។ ក្រៅពីការរីកចម្រើននៃវិស័យលំហអ៊ឺនធឺណិត ក៏មានការវាយប្រហារនៅក្នុងលំហនេះផងដែរ ដែលផ្ដល់នូវផលប៉ះពាល់ជាច្រើនទៅដល់ប្រយោជន៍បុគ្គល ក្រុមហ៊ុន និងតួអង្គរដ្ឋនិងមិនមែនរដ្ឋ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីអត្ថន័យ និងសារៈសំខាន់នៃលំហអ៊ឺនធឺណិតនៅក្នុងទំនាក់ទំនងអន្តរជាតិ និងផលប៉ះពាល់នៃការវាយប្រហារក្នុងលំហអ៊ឺនធឺណិតនេះ។

សំណួរទី១៖   តើអ្វីទៅជាលំហអ៊ឺនធឺណិត? ហេតុអ្វីបានជាវាសំខាន់នៅក្នុងបរិបទនៃពិភពលោកបច្ចុប្បន្ន?

ប្រសិនបើយើងមើលជាសកលតែម្ដង លំហអ៊ឺនធឺណិត (Cyberspace) មាននូវនិយមន័យច្រើន។ បណ្ដារដ្ឋនីមួយៗមាននិយមន័យខុសៗគ្នាទៅលើលំហអ៊ឺនធឺណិតនេះ ដោយសារតែបណ្ដាប្រទេសនៅលើសកលលោកមាននូវទស្សនៈទាន យុទ្ធសាស្រ្ត ឬផលប្រយោជន៍ស្នូលខុសៗគ្នា នៅក្នុងលំហអ៊ឺនធឺណិតនេះ។ ប៉ុន្តែ ខ្ញុំសូមឱ្យនិយមន័យសម្រាយដោយងាយស្រួលដែល លំហអ៊ឺធឺណិតនេះសំដៅទៅលើបណ្ដាញនៃកុំព្យូទ័រជាសកល តភ្ជាប់គ្នាដោយប្រព័ន្ធអ៊ឺធឺណិត ដែលវាមានមុខងារក្នុងការរក្សាទុក ផ្ញើ បញ្ជូន ទទួល និងប្រតិបត្តិការរាល់ទិន្នន័យដែលយើងបានធ្វើនៅក្នុងសកលលោកទាំងអស់។ ប្រសិនបើសួរថា តើលំហអ៊ឺធឺណិតនេះមានតួនាទីសំខាន់យ៉ាងណានៅក្នុងសកលលោក ខ្ញុំសូមលើកយកចំណុចពីរ៖

  • លំហអ៊ឺធឺណិត គឺជាតំណភ្ជាប់រវាងសង្គម រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រវាងរដ្ឋមួយទៅរដ្ឋមួយ ក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ និងការតភ្ជាប់រវាងតួអង្គរដ្ឋនិងមិនមែនរដ្ឋនៅក្នុងប្រព័ន្ធអន្តរជាតិ។
  • លំហអ៊ឺធឺណិត បង្កើតឱ្យមាននូវការតភ្ជាប់ (Connectivity) ជាសកល ដែលការតភ្ជាប់នេះជាដើមចមនាំឱ្យមានពាណិជ្ជកម្ម លំហូរនៃគំនិត លំហូរនៃមនុស្សពីប្រទេសមួយទៅប្រទេសមួយ ហើយទាំងអស់នេះជាចុងក្រោយ គឺវាបង្កើតឱ្យមាននូវប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងនូវសេដ្ឋកិច្ចពិភពលោក។

សំណួរទី២៖   តើលំហអ៊ឺនធឺណិតមានភាពជាប់ពាក់ព័ន្ធគ្នា ជាមួយនឹងទំនាក់ទំនងអន្តរជាតិយ៉ាងដូចម្ដេចខ្លះ?

ប្រសិនបើយើងមើលអំពីទំនាក់ទំនងរវាងលំហអ៊ឺធឺណិតនឹងទំនាក់ទំនងអន្តរជាតិ (International Relations) គឺខ្ញុំសូមលើកយកចំណុចបីមកបកស្រាយ។

  • លំហអ៊ឺនធឺណិត ដើរតួនាទីជាលំហទីប្រាំ ពីព្រោះកន្លងមកនៅក្នុងទំនាក់ទំនងអន្តរជាតិអន្តរសកម្មរវាងរដ្ឋនិងរដ្ឋនេះ គឺពួកគាត់ធ្វើការនៅក្នុងលំហបួន ជើងទឹក ជើងគោក ជើងអាកាស និងលំហក្រៅភពផែនដីឬពាក់ព័ន្ធទៅនឹងផ្កាយរណប។ ប៉ុន្តែលំហអ៊ឺនធឺណិតដើរតួនាទីជាលំហទីប្រាំ ដែលមានន័យថាវាបង្កើតនូវសកម្មភាព បង្កើតនូវច្រកមួយដែលធ្វើឱ្យបណ្ដាតួអង្គរដ្ឋ និងមិនមែនរដ្ឋនៅក្នុងសកលលោកអាចធ្វើទំនាក់ទំនងជាមួយគ្នា មិនថាដើម្បីជម្រុញ ឬដើម្បីទទួលបាននូវផលប្រយោជន៍ស្នូលណាមួយដែលគាត់ចង់បាន។
  • លំហអ៊ឺនធឺណិត អាចបង្កើតទាំងសន្តិភាព​និងភាពតានតឹងនយោបាយរវាងរដ្ឋនៅលើសកលលោកផងដែរ។
  • លំហអ៊ឺនធឺណិត អាចអនុញ្ញាតឱ្យតួអង្គមិនមែនរដ្ឋដូចជាក្រុមហ៊ុនឯកជន បុគ្គលនីមួយ ក្រុមយោធិន ឬក្រយមភេរវករណាមួយមានឥទ្ធិពលខ្លាំងជាមុន ដែលអាចនឹងស្នើ ឬក្នុងករណីខ្លះអាចខ្លាំងជាងតួអង្គរដ្ឋទៅទៀត។

ដូច្នេះទាំងបីចំណុចនេះ គឺជាទំនាក់ទំនងរវាងលំហអ៊ឺនធឺណិតនឹងទំនាក់ទំនងអន្តរជាតិ។

សំណួរទី៣៖   តើលំហអ៊ឺនធឺណិតមានឥទ្ធិពលអវិជ្ជមាន ទៅលើទំនាក់ទំនងអន្តរជាតិយ៉ាងដូចម្ដេចខ្លះ?

បើយើងមើលទៅលើឥទ្ធិពលរបស់លំហអ៊ឺនធឺណិត ទៅលើទំនាក់ទំនងអន្តរជាតិ គឺវាមានច្រើនមែនទែន។

  • ទីមួយ ខ្ញុំសូមលើកឡើងអំពីហានិភ័យ ដោយសារតែលំហអ៊ឺនធឺណិត គឺជាលំហមួយអាចបង្កើតឱ្យមានទាំងកាលានុវត្តភាព មានន័យថាទាំងកំណើនសេដ្ឋកិច្ច ការទាក់ទងគ្នា ការប្រើប្រាស់អ៊ឺនធឺណិតដែលយើងស្គាល់កន្លងមក។ ប៉ុន្តែវាក៏នាំមកនូវហានិភ័យផ្នែកសន្តិសុខ មិនថាចំពោះបុគ្គលឯកជន ក្រុមហ៊ុនឯកជន ឬតួអង្គរដ្ឋ ដែលរដ្ឋាភិបាលនៃប្រទេសនីមួយប្រឈមនឹងការវាយប្រហារតាមលំហអ៊ឺនធឺណិតនេះ ដែលយើងហៅថា Cyber Attack ឬ Hack នេះឯង។
  • ទីពីរ លំហអ៊ឺនធឺណិតផ្ដល់នូវសម្ពាធ ឬការប្រកួតប្រជែងមួយជាមួយនឹងអធិបតេយ្យភាពរបស់រដ្ឋ។ ដោយសារតែកន្លងមក ពាក្យថាអធិបតេយ្យភាពរបស់រដ្ឋគឺសំដៅទៅដល់រដ្ឋដែលគាត់អាចធ្វើរឿងនៅក្នុងទឺកដីរបស់គាត់ ដោយមិនចាំបាច់មានការជ្រៀតជ្រែកពីប្រទេសដ៏ទៃ។ ប៉ុន្តែដោយសារលំហអ៊ឺនធឺណិត អាចមានប្រតិបត្តិការរំលងទៅដល់ព្រំដែនគោកទៅដល់អធិបតេយ្យរបស់រដ្ឋដ៏ទៃទៀតបាន ដែលវាបង្កើតជាសំណួរថា តើរដ្ឋនីមួយៗត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឆ្លើយតបទៅនឹងការដែលខ្លួនបាត់បង់នូវអធិបតេយ្យភាព ដោយសារតែលំហអ៊ឺនធឺណិតអាចធ្វើការរីកសាយភាយនៅលើសកលលោកគ្រប់ទិសទី។
  • ទីបី លំហអ៊ឺនធឺណិតអាចបង្កើតឱ្យមាននូវការបែកសាយភាយនៃអំណាច (Diffusion of Power) ដោយសារតែកន្លងមកយើងដឹងថារដ្ឋជាតួអង្គមួយដែលសំខាន់នៅក្នុងប្រព័ន្ធអន្តរជាតិ ដោយសារតែគាត់មាននូវធនធានសេដ្ឋកិច្ច នយោបាយ យោធា ឬក៏យុទ្ធសាស្រ្តទេ គឺគាត់អាចប្រើធនធានទាំងអស់នោះដើម្បីសម្រេចបាននូវគោលបំណងស្នូលណាមួយដែលគាត់ចង់បាន។ ប៉ុន្តែដោយសារតែការកកើតឡើងនៃលំហអ៊ឺនធឺណិតនេះ គឺវាបានផ្ដល់ឱកាសដល់តួអង្គមិនមែនរដ្ឋមានសិទ្ធ និងអំណាចក្នុងការចាប់យកឥទ្ធិពលនៅក្នុងលំហអ៊ឺនធឺណិត ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងរដ្ឋអធិបតេយ្យនៅក្នុងសកលលោក។
  • ទីបួន គឺពាក់ព័ន្ធទៅនឹងកង្វះខាននៃទំនួលខុសត្រូវ។ ដោយសារតែ បញ្ហាការវាយប្រហារនៅលើលំហអ៊ឺនធឺណិតមានភាពពិបាក ក្នុងការកំណត់ថាតើនណាគេជាអ្នកវាយប្រហារទៅលើជនរងគ្រោះ ឬគោលដៅ គឺវាបង្កើតឱ្យមាននូវកង្វះខាននៃទំនួលខុសត្រូវ។ ហើយបញ្ហាមួយទៀត ដោយសារតែរដ្ឋខ្លះគាត់ក្លាយជាជនរងគ្រោះក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ឺនធឺណិត ហើយការវាយប្រហារនោះបង្កនូវការលាក់បាំងមួយចំនួននៅក្នុងសកលលោក អញ្ចឹងជាជាងការបង្ហាញថាអ្នកណាគេជាអ្នកធ្វើរឿងនឹងមកលើគាត់ គាត់សុខចិត្តលាក់បាំងព្រិត្តការណ៍មួយនោះដើម្បីគោលបំណងរបស់គាត់។
  • ទីប្រាំ ដោយសារតែការប្រើប្រាស់លំហអ៊ឺនធឺណិត មិនមាននូវកម្រិតមួយច្បាស់លាស់ ថាតើការវាយប្រហារទ្រង់ទ្រាយមួយណាដែលអាចចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងមួយដែលមិនអាចចាត់ទុកថាជាការមិនប្រឆាំងនឹងសន្តិសុខអន្តរជាតិនោះទេ។ អញ្ចឹងដោយសារតែមិនមានការកំណត់ច្បាស់លាស់ នៅពេលដែលប្រទេសនៅលើសកលលោកគិតថាគាត់ជាជនរងគ្រោះ តើគាត់ត្រូវធ្វើដូចម្ដេច តើគាត់លើកហេតុផលដូចម្ដេចដើម្បីប្ដឹង និងចាត់វិធានការទៅលើអ្នកដែលវាយប្រហារប្រទេសគាត់។
  • ទីប្រាំមួយ លំហអ៊ឺនធឺណិតនេះខ្វះនូវអភិបាលកិច្ច ដែលមានន័យថាសព្វថ្ងៃ វាប្រាកដហើយថាមាននូវលិខិត ឬឯកសារច្បាប់មួយចំនួននៅក្នុងសកលលោក ក្នុងការកំណត់នូវអ្វីទៅដែលជាសកម្មភាពដែលទទួលយកបាន ឬសកម្មភាពដែលទទួលយកមិនបាននៅក្នុងលំហអ៊ឺនធឺណិត។​ ប៉ុន្តែបើទោះយ៉ាងណាក៏ដោយ សព្វថ្ងៃពិលំហអ៊ឺនធឺណិតមិនទាន់មាននូវមូលដ្ឋាន (Norm) ឬឯកសារផ្លូវច្បាប់នាមួយដែលអាចប្រើប្រាស់បាន ឬដាក់ទោសទៅលើប្រទេសនិងតួអង្គដែលគាត់ធ្វើការមិនល្អនៅក្នុងលំហអ៊ឺនធឺណិត អញ្ចឹងវាបង្កើតឱ្យមាននូវអនាធិបតេយ្យក្នុងប្រព័ន្ធអន្តរជាតិ។
  • ទីប្រាំពីរ ដោយសារតែប្រទេស ឬតួអង្គរដ្ឋ និងមិនមែនរដ្ឋនៅលើសកលលោកនេះ តែងតែព្យាយាមទទួលយក ឬទិញយកនូវតិចនិច និងឧបករណ៍ថ្មីៗដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។ អញ្ចឹងដោយសារតែមានភាពពិបាកក្នុងការបែងចែក ថាតើឧបករណ៍អ៊ឺនធឺណិតមួយនឹងចាប្រភេទការពារ (Defensive Capability) ឬក៏ដើម្បីវាយប្រហារគេ (Offensive Capability) ដែលវាអាចបង្កើតឱ្យមាននូវបញ្ហាសន្តិសុខ (Security Dilemma) រវាងរដ្ឋ។ រដ្ឋមួយឃើញនូវរដ្ឋមួយទៀតបង្កើនូវសមត្ថភាពលំហអ៊ឺនធឺណិតរបស់ខ្លួន នោះរដ្ឋមួយទៀតចាប់ផ្ដើមសង្ស័យ អញ្ចឹងគាត់បង្កើនអំណាចរបស់ខ្លួនដែរ។ នៅពេលនាដែលការសង្ស័យនេះកាន់តែកើនឡើងជាបន្តបន្ទាប់ វាអាចបង្កើតឱ្យមាននូវកម្ដៅនយោបាយ ឬយោធានៅលើសកលលោក។

សំណួរទី៤៖   យើងបានសង្កេតឃើញថា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ឺនធឺណិតតែងតែកើតមានឡើងជារឿយៗ នៅក្នុងបរិបទនៃបច្ចេកវិទ្យាជឿនលឿនបច្ចុប្បន្ននេះ។ តើប្រភពធំៗ នៃឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ឺនធឺណិតមានអ្វីខ្លះ? ហើយវាផ្ដល់ផលប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខជាតិ និងអន្តរជាតិយ៉ាងដូចម្ដេចខ្លះ?

ការវាយប្រហារតាមប្រព័ន្ធអ៊ឺនធឺណិតនេះ មានច្រើនប្រភេទ ប៉ុន្តែថ្ងៃនេះខ្ញុំនឹងលើកយកបីប្រភេទមកបកស្រាយត្រួសៗ។

ទីមួយគឺ Zero-Day Exploit សំដៅទៅលើការដែលក្រុម Hacker គាត់ធ្វើការវាយប្រហារទៅលើបណ្ដាកម្មវិធីណាមួយដែលវាមាននូវកម្សោយនៅក្នុងនឹង។ ឧទាហរណ៍ ក្រុមហ៊ុនមួយបានបញ្ចេញនូវកម្មវិធីមួយ ប៉ុន្តែក្នុងកម្មវិធីនឹងវាមាននូវការខូចកន្លែងណាមួយ ដែលវាអាវផ្ដល់ឱកាសឱ្យជននៅខាងក្រៅធ្វើការវាយប្រហារទៅតាមកម្សោយកម្មវិធីរបស់គាត់។

ទីពីរគឺ ការវាយប្រហារតាមបែប Phishing Scams ឬ Ransomware។ ឧទាហរណ៍ថាយើងទទួលបានអ៊ីម៉ែលមួយពីអ្នកអត់ស្គាល់ ប៉ុន្តែយើងច្រឡំបើកទៅលើតំណភ្ជាប់នៅក្នុងអ៊ីម៉ែលដែលគេផ្ញើមក ដែលនៅក្នុងតំណភ្ជាប់នោះមានបង្កប់នូវមេរោគ ដែលមានសមត្ថភាពគ្រប់គ្រងកុំព្យូទ័ររបស់យើង និងលួចយកទិន្នន័យមួយចំនួនដែលសំខាន់ ដែលអាចយកទៅប្រើប្រាស់ដើម្បីចំណេញបាន។

ទីបីគឺ ប្រភេទ Denial-of-Service​ នៅពេលដែលក្រុម Hackers បានធ្វើឱ្យមានការចរាចរម៉ាស៊ីនមេ (Server) របស់ក្រុមហ៊ុនមួយកើនឡើងក្នុងរយៈពេលខ្លីមួយដែលមិនអាចទទួលយកបាន អញ្ចឹងធ្វើឱ្យ Server​ មួយនឹងមិនអាចចរាចរបានតទៅទៀត។

បើយើងមើលទៅលើឥទ្ធិពលនៃការវាយប្រហារតាមអ៊ឺនធឺណិតនេះ មកលើជីវភាពប្រជាជនសព្វថ្ងៃ ប្រទេស និងសកលលោកទាំងមូលគឺ៖

  • ទីមួយគឺ ការវាយប្រហារនេះវាអាចកាត់ផ្ដាច់នូវសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដូចជាបញ្ហាដឹកជញ្ជូន ការធ្វើដំណើរទៅវិញទៅមក ឬការធ្វើពាណិជ្ជកម្មរវាងប្រទេសនៅលើសកលលោក។
  • ទីពីរគឺ វាអាចបង្កើតឱ្យមានការលូចយកនូវទិន្នន័យផ្ទាល់ខ្លួន ដូចខ្ញុំបានលើកឡើងខាងលើ។
  • ទីបីគឺ ដោយសារតែបុគ្គលភាពច្រើនពឹងផ្អែកទៅលើប្រព័ន្ធអ៊ឺនធឺណិត អញ្ចឹងនៅពេលណាដែលយើងក្លាយជាជនរងគ្រោះនៃលំហអ៊ឺនធឺណិតនេះ យើងអាចបាត់បង់នូវឯកជនភាពបាន ដោយសារតែគេអាចលួចយកទិន្នន័យរបស់យើង និងអាចប្រើមេរោគទាំងអស់នោះដើម្បីមកតាមដានរាល់សកម្មភាពរបស់យើង។
  • ទីបួនគឺ ដោយសារតែលំហអ៊ឺនធឺណិតនេះ ជាលំហមួយដែលអនុញ្ញាតឱ្យរដ្ឋប្រើប្រាស់ដើម្បីជម្រុញចាប់យកឱ្យបាននូវអត្ថប្រយោជន៍ជាតិរបស់គាត់។

អញ្ចឹងដោយសារតែកង្វះខាននូវ មូលដ្ឋានច្បាប់នៅក្នុងលំហអ៊ឺនធឺណិតនេះ ហើយពិបាកក្នុងការបែងចែកថាមួយណាជា Offensive និង Defensive វាបង្កើតទៅជាអនាធិបតេយ្យ។ អនាធិបតេយ្យនៅក្នុងលំហអ៊ឺនធឺណិតនេះ បង្កើតឱ្យមាននូវការគិតខុសកន្លែងណាមួយរវាងរដ្ឋនិងរដ្ឋ ពីព្រោះថាជួនកាល ការវាយប្រហារលំហអ៊ឺនធឺណិតគឺ មិនមែនរដ្ឋនិងរដ្ឋគាត់ធ្វើដាក់គ្នាទេ។ ភាពស្មុគស្មាញទាំងអស់នេះ គឺជាហានិភ័យមកលើបុគ្គល ក្រុមហ៊ុន ក៏ដូចជាតួអង្គទាំងអស់ដែលពាក់ព័ន្ធក្នុងទំនាក់ទំនងអន្តរជាតិនេះ។

សំណួរទី៥៖   បើតាមទស្សនៈផ្ទាល់របស់លោក នៅថ្ងៃអនាគត តើលំហអ៊ឺនធឺណិតនឹងមានការវិវត្តទៅជាយ៉ាងណា?

ប្រសិនបើយើងមើលតាមបែបវិជ្ជមាន ខ្ញុំមើលឃើញថាពិភពលោករបស់យើងនឹងកាន់តែអភិវឌ្ឍលឿន ជាពិសេសក្រោយពីការបញ្ចប់ទៅនូវវិបត្តិកូវីដ-១៩នេះ។ ដោយសារតែការទទួលបាននូវទំនាក់ទំនងសេវាកម្មអ៊ឺនធឺណិតនៅលើសកលលោក មានការរីកសាយភាយនៅគ្រប់តំបន់។ អញ្ចឹងវត្តមាននៃការតភ្ជាប់អ៊ឺនធឺណិត បង្កើតឱ្យមាននូវជីវភាពប្រជាជនប្រសើរជាងមុន ពាណិជ្ជកម្ម និងការធ្វើដំណើរទៅវិញទៅមកុ។

ប៉ុន្តែប្រសិនបើយើងមើលក្នុងន័យអវិជ្ជមានវិញ ក៏វាអាចបង្ហាញនូវសញ្ញាណគួរឱ្យបារម្មណ៍មួយចំនួនដែរ។ ឧទាហរណ៍ នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដោយសារតែកន្លងមកយើងឃើញថា ប្រទេសទាំងពីរមានភាពតានតឹងមិនថាផ្នែកបច្ចេកវិទ្យាយោធាទេ គឺទាំងផ្នែកប្រព័ន្ធលំហអ៊ឺនធឺណិតទៀត។ ដូចនេះ វាអាចឈានទៅដល់ដំណាក់កាលមួយដែលលំហអ៊ឺនធឺណិតនៅក្នុងសកលលោកអាចបែកចេញជាពីរគឺខាងលិច និងខាងកើត ដែលខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក និងខាងកើតដឹកនាំដោយប្រទេសចិន។

នេះគឺជាសញ្ញាណអវិជ្ជមានមួយ ប៉ុន្តែខ្ញុំសង្ឃឹមថាតួអង្គទាំងអស់មិនថារដ្ឋ និងមិនមែនរដ្ឋទេនឹងធ្វើការជាមួយគ្នា ដើម្បីបង្កើតនិងពង្រឹងឱ្យបាននូវអភិបាលកិច្ចលំហអ៊ឺនធឺណិតនេះ និងធ្វើយ៉ាងណាឱ្យអ៊ឺនធឺណិតមាននូវការរីកសុះសាយជាសកល ហើយធ្វើយ៉ាងណាឱ្យការប្រើប្រាស់លំហអ៊ឺនធឺណិតនេះមាននូវអត្ថប្រយោជន៍ជារួមបែបវិជ្ជមានដល់ប្រជាជនទាំងអស់។

វាគ្មិន៖ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួលនិង អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930