Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩

AVI Voiceភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩

បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានក្លាយជាតំបន់ស្នូលនៃសេដ្ឋកិច្ចពិភពលោក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចជាច្រើន ហើយក៏ត្រូវបានគេឲ្យតម្លៃថា ជាតំបន់ដែលមានទម្ងន់ភូមិសាស្រ្តសេដ្ឋកិច្ចផងដែរ។ ស្របពេលជាមួយគ្នានេះ វិស័យឧស្សាហកម្មបច្ចេកវិទ្យាក៏ត្រូវបានក្លាយជា វិស័យសំខាន់មួយនៅក្នុងដំណើរការវឌ្ឍន៍ភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសនៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩។ ក្នុងកិច្ចសម្ភាស៍នេះ លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងអំពីលក្ខណៈភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងផលប្រយោជាន៍សក្តានុពលនៃឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជានៅក្រោយវិបត្តិកូវីដ-១៩។

សំណួរទី១៖     បច្ចុប្បន្នយើងឃើញថាតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់អាស៊ានទាំងមូល គឺកំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់មហាអំណាច ក៏ដូចជាប្រទេសអំណាចកណ្តាលនៅលើពិភពលោក ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចតែម្តង។ គេក៏បានឲ្យតម្លៃថាតំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយដែលមានទម្ងន់ភូមិសាស្ត្រសេដ្ឋកិច្ច។ តើភូមិសាស្ត្រសេដ្ឋកិច្ចនេះគឺជាអ្វីដែល?

ភូមិសាស្ត្រសេដ្ឋកិច្ចនេះ គឺជាមែកធាងថ្មីមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលផ្តោតទៅលើនយោបាយភូមិសាស្ត្របូករួមទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសមួយ នៅក្នុងការចាប់ដៃគូពាណិជ្ជកម្ម ដៃគូសេដ្ឋ ជាមួយនឹងរដ្ឋផ្សេងមួយទៀតដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ឬក៏ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងការជំរុញទំនាក់ទំនង ក៏ដូចជាការប្រើនូវគោលនយោបាយមួយចំនួនដើម្បីបញ្ចៀសនូវជម្លោះក៏ដូចជាការចាប់យកនូវកាលានុវត្តភាពថ្មីៗ ទៅតាមការប្រែប្រួលនៃបរិយាកាសនយោបាយ និងស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក។ សម្រាប់តំបន់អាស៊ានពិតជាមានសារៈសំខាន់ និងមានទម្ងន់ផ្នែកសេដ្ឋកិច្ចយ៉ាងពិតប្រាកដមែន។

សំណួរទី២៖     ពាក់ព័ន្ធទៅនឹងទម្ងន់សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ តើតំបន់អាស៊ីអាគ្នេយ៍ឬក៏តំបន់អាស៊ាននេះមានលក្ខណៈភូមិសាស្ត្រសេដ្ឋកិច្ចយ៉ាងដូចម្ដេច ដែលអាចទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសមហាអំណាច និងអំណាចកណ្តាលបាន?

បើយើងពិនិត្យមើលទៅលើកត្តាប្រជាសាស្រ្តជាតិសាសន៍ យើងហៅថាប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬតំបន់អាស៊ាននេះ គឺមានប្រមាណ៦៧០លាននាក់ នៅក្នុងនោះយើងឃើញថាប្រជាជនវ័យក្មេង គឺមានចំនួនច្រើន។ បើយើងពិនិត្យលើកត្តាប្រជាជនទាំងមូល គឺជាទីផ្សារដ៏ធំមួយសម្រាប់មហាអំណាចពិភពលោកជាពិសេសគឺមហាអំណាចសេដ្ឋកិច្ច ដែលអាចជាទីផ្សារសម្រាប់ទំនិញរួមទាំងបច្ចេកវិទ្យារបស់បណ្ដាប្រទេសទាំងអស់នោះ។ ហើយភាពទាក់ទាញដែលយើងហៅថាទម្ងន់នៃតំបន់អាស៊ាននេះ គឺដោយសារប្រជាជនផងអាចក្លាយជាអ្នកដែលផ្ដល់សេវាក្លាយទៅជាកម្លាំងពលករ ក្លាយទៅជាកម្លាំងពលកម្ម ក្លាយទៅជាអ្នកស្រូបទាញនូវទំនិញ។ សំខាន់ចំណុចទីពីរ គឺកម្លាំងពលកម្មនេះឯងដែលស្រូបយកនូវបច្ចេកវិទ្យា នូវធនធានសេដ្ឋកិច្ចពីតំបន់ទាំងអស់នោះ ហើយប្រែក្លាយទៅជាឃ្លាំងសេដ្ឋកិច្ចនៅក្នុងការផលិត និងផ្គត់ផ្គង់ចែកចាយទំនិញទៅវិញ។ លក្ខណៈទាក់ទាញនេះ គឺជំរុញឲ្យមានការចូលរួមចំណែកពីវិស័យឯកជនជាច្រើន ហើយបើសិនជាផ្សារភ្ជាប់ទៅនឹងភូមិសាស្ត្រសេដ្ឋកិច្ចយើងថាបណ្ដាប្រទេសមួយចំនួនបានក្រឡេកមកតំបន់អាស៊ាននេះ ដើម្បីទាញយកនូវសក្ដានុពលដែលតំបន់អាស៊ានមាន។ លើសពីនោះទៅទៀតយើងឃើញថារយៈពេលដប់ឆ្នាំជាងបន្តិចចុងក្រោយនេះ ចំនួនប្រជាជនគេហៅថាថ្នាក់កណ្ដាល។​ ថ្នាក់កណ្តាល Middle class នេះ បានរីកកើនឡើងពីប្រមាណ១២% ប្រហែលជាដប់ឆ្នាំជាងមុន រហូតមកដល់សព្វថ្ងៃនេះ ចំនួនថ្នាក់កណ្ដាលនេះបានឡើងរហូតដល់ប្រមាណជាង៣៥%។​ ការរីកនៃវណ្ណៈកណ្តាល ឬក៏ថ្នាក់កណ្តាលនេះ នឹងក្លាយទៅជាចលករមួយ ដែលស្រូបទាញនូវទំនិញសេវាពីអន្តរជាតិ។ ដូច្នេះហើយ បើយើងក្រឡេកមើលទាំងកត្តាវិទ្យាសាស្ត្រផង ទាំងកត្តាប្រជាជនវ័យក្មេងដ៏ច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ រួមផ្សំទាំងការរីកធំធាត់វណ្ណៈកណ្តាលនេះ ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍នេះ ក្លាយជាតំបន់ដែលមានលក្ខណៈទាក់ទាញ។ ក្រៅពីនោះទៀត យើងឃើញទៅលើធនធានធម្មជាតិ តំបន់អាស៊ីអាគ្នេយ៍ក៏ជាតំបន់ដែលមានសម្បូរទៅដោយធនធានធម្មជាតិ។ កត្តាមួយទៀតដែលជាលក្ខណៈទាក់ទាញដែរ គឺថាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានលក្ខណៈស្ថិរភាព សន្តិភាព ច្រើនជាងតំបន់ដទៃៗទៀតនៅលើពិភពលោក បើប្រៀបទៅនឹងស្ថានភាពវឌ្ឍនភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។

សំណួរទី៣៖     នាពេលបច្ចុប្បន្ន គឺយើងឃើញថាមានវិស័យឧស្សាហកម្មបច្ចេកវិទ្យាដែលមានការរីកចម្រើនក៏ដូចជាមានតម្រូវការច្រើនជាងគេ ជាពិសេសនៅក្នុងបរិបទនៃវិបត្តិកូវីដ ១៩នេះ។ នៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះ តើប្រទេសអាស៊ាន ឬក៏តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជា អាចទាញយកនូវសក្ដានុពលអ្វីខ្លះពីវិស័យនេះដែរ?

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដសព្វថ្ងៃនេះ យើងឃើញថាបច្ចេកវិទ្យាផ្នែកព័ត៌មានវិទ្យា បច្ចេកវិទ្យាខាងផ្នែកឌីជីថល មានការរីកធំធាត់។ ហើយទន្ទឹមនឹងការរីកចម្រើនដ៏លឿនឆាប់រហ័សនៃបច្ចេកវិទ្យា និងភាពសម្បូរបែបនៃបច្ចេកវិទ្យាទាំងអស់នេះ ធ្វើឲ្យផ្នែកវិស័យឧស្សាហកម្ម និងវិស័យវាយនភណ្ឌផលិតកម្មផ្សេងៗទៀត រួមទាំងផ្នែកកម្មន្តសាលទូទៅអាចនឹងចាប់យកនូវការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ យើងឃើញថាកត្តាប្រជាសាស្ត្រដែលប្រជាជនវ័យក្មេងលើសលប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ជាភាគលាភមួយដ៏សំខាន់ដែលចាប់យកនូវបច្ចេកវិទ្យាបានលឿនរហ័ស។ ហើយទន្ទឹមពេលនោះទៀត យើងឃើញថានៅក្នុងសម័យកូវីដនេះ ការចាប់យកនូវបច្ចេកវិទ្យាប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយជំរុញឲ្យមានការតភ្ជាប់គ្នាផ្នែកឌីជីថលនៅក្នុងផ្នែកឧស្សាហកម្ម នៅក្នុងផ្នែកពាណិជ្ជកម្មឌីជីថល។ កត្តានេះអាចនឹងនៅតែជាចលករដ៏សំខាន់ ដើម្បីជំរុញការតភ្ជាប់នៃសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មនៃតំបន់អាស៊ានហើយតភ្ជាប់ទៅនឹងសេដ្ឋកិច្ចនៅលើពិភពលោក និងតំបន់ផ្សេងៗទៀត។

សំណួរទី៤៖ ពាក់ព័ន្ធទៅនឹងសក្ដានុពលនៃឧស្សាហកម្មបច្ចេកវិទ្យា តើកម្ពុជាគួរតែផ្ដោតសំខាន់ទៅលើវិស័យអាទិភាពអ្វីខ្លះ ដើម្បីទាញយកប្រយោជន៍ពីវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះ?

បើយើងមើលទៅលើឧត្តមភាពប្រៀបធៀបរបស់កម្ពុជាដែលមាន ក្រៅតែពីប្រជាជនវ័យក្មេងដ៏ច្រើនសន្ធឹកសន្ធាប់ បើធៀបទៅនឹងចំនួនប្រជាជនវ័យក្មេងជាមធ្យមភាគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ហើយយើងពិតជានៅមានថាមភាពផ្នែកខាងយុវជនវ័យក្មេង ជាពិសេសគឺការរីកធំធាត់នៃសហគ្រិនភាពវ័យក្មេង ក៏ដូចជាសហគ្រិនភាពឲ្យថ្នាក់កណ្តាលមួយចំនួនទៀត។ កម្ពុជាគួរផ្ដោតទៅលើឧត្តមភាពប្រៀបធៀបដែលកម្ពុជាមានទាក់ទងទៅនឹងផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃនូវផលិតផលកសិកម្មទៅជាផលិតផល កសិ-ឧស្សាហកម្មមួយចំនួនបម្រើតម្រូវការនៅក្នុងស្រុក បម្រើតម្រូវការតាមរយៈការនាំចេញផ្គត់ផ្គង់ទៅទីផ្សារនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាទៅបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច និងនៅក្នុងពិភពលោក។ ការពង្រីកនូវវិសាលភាពនៃពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាពិពិធកម្មទៅលើទំនិញកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្មដែលបម្រើផ្នែកកសិ-ឧស្សាហកម្មនេះ នឹងផ្តល់ជាទុននិងជាប្រយោជន៍ទៅដល់ការស្រូបទាញនូវកម្លាំងពលកម្ម មានន័យថា អាចនឹងផ្តល់ជាទីផ្សារការងារដល់ប្រជាជនកម្ពុជា។ ចំណុចមួយទៀតដែលកម្ពុជាអាចសម្លឹងមើល គឺការផ្ដោតទៅលើការទាក់ទាញការវិនិយោគផ្នែកឯកជនពីដៃគូពាណិជ្ជកម្ម ដៃគូសេដ្ឋកិច្ចរបស់ខ្លួនទៅលើកម្មន្តសាល ទៅលើផ្នែកផលិតកម្មនៃឧស្សាហកម្មធុនស្រាល។ ឧស្សាហកម្មធុនស្រាលសំដៅទៅលើការផលិតជាគ្រឿងបន្លាស់ គ្រឿងបង្គុំផ្សេងៗ ដែលផ្គត់ផ្គង់ទៅដល់ឧស្សាហកម្មនៅបណ្ដាប្រទេសជាមិត្ត មានប្រទេសចិន មានប្រទេសជប៉ុន មានកូរ៉េ ឬក៏បណ្ដាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ កម្ពុជាអាចក្លាយទៅជាកន្លែងមួយដែលស្រូបទាញនូវឧស្សាហកម្ម និងផ្នែកកម្មន្តសាលធុនស្រាលទាំងអស់នោះទៅលើសកម្មភាព និងផ្នែកវិនិយោគដែលខ្ញុំបានលើកឡើងនេះ។ កម្ពុជាអាចនឹងមិនទាន់ចាប់យកនូវឧស្សាហកម្មធុនធ្ងន់ ឬក៏ការប្រើបច្ចេកវិទ្យាខ្លាំងទេ ក៏ប៉ុន្តែយើងអាចសម្លឹងមើលទៅលើផ្នែកគ្រឿងបន្លាស់គ្រឿងបង្គុំទាំងអស់នេះ ហើយតភ្ជាប់ទៅនឹងសេដ្ឋកិច្ចនៅប្រទេសជាប់ភូមិផងរបងរបស់យើងជាមួយគ្នានេះ នៅក្នុងរូបមន្តដែលយើងហៅថាជារូបមន្តមួយដែលកម្ពុជា ស្រូបយកនូវមួយចំណែកនៃខ្សែចង្វាក់ផលិតកម្មទាំងអស់នោះ ហើយផ្គត់ផ្គង់ទៅទីផ្សារគេវិញ។ ចំណុចមួយទៀតទាក់ទងទៅនឹងបច្ចេកវិទ្យាឧស្សាហកម្មដែលនេះយើងឃើញថា ការដៅឆ្ពោះទៅរកការវិនិយោគ និងការពង្រីកនូវគុណភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដែលតម្រូវឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្នែកឌីជីថលទាំងអស់នោះរួមទាំងគុណភាពនៃសេវាអ៊ីនធើណែតជាដើម ដើម្បីឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការជំរុញនូវសហគ្រិនភាព ទាំងសហគ្រិនភាពទៅលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាទាំងអស់នេះផង ដើម្បីឲ្យកម្ពុជាអាចបញ្ជ្រាបខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចមហាអនុតំបន់។

សំណួរទី៥៖     ពាក់ព័ន្ធទៅនឹងវិស័យអាទិភាពខាងលើ ហើយដើម្បីពង្រឹងនូវសមត្ថភាពរបស់កម្ពុជាដើម្បីសម្រេចបាននូវវិស័យអាទិភាពទាំងនោះ តើបច្ចុប្បន្នកម្ពុជាមានផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ច ក៏ដូចជាសេណារីយ៉ូសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩អ្វីខ្លះដែរ?

យើងឃើញថាក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួននៅក្នុងការស្ដារឲ្យទៅតាមវិស័យនិងទៅតាមផ្នែក ហើយបើមើលទៅលើផ្នែកទេសចរណ៍ដែលបានប្រែក្លាយពីទេសចរណ៍វប្បធម៌ទៅទេសចរណ៍បែបទំនើបមួយចំនួនទៀត ដែលមានការតភ្ជាប់ផ្នែកឧស្សាហកម្មទេសចរណ៍នៅក្នុងកម្រិតតំបន់ និងកម្រិតមហាអនុតំបន់។ ហើយថ្មីៗទៀត ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងទូរគមនាគមន៍ជាដើមបានធ្វើការសិក្សាទៅលើគោលនយោបាយនៃការអភិវឌ្ឍផែនការមេនៃសេដ្ឋកិច្ចឌីជីថលនៃរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល ក៏ដូចជាការពង្រឹងនូវការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ នេះគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពក្រោយវិបត្តិកូវីដ-១៩។ ឧទាហរណ៍មួយជាក់ស្តែង ដែលយើងបានឃើញនៅក្នុងការជួយផ្នែកឯកជនឲ្យមានភាពក្លៀវក្លាឡើងវិញ គឺតាមរយៈការបង្កើតទៅជាមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពការបង្កើតនូវកម្មវិធីជួយផ្តល់ជាហិរញ្ញប្បទានដល់វិស័យឯកជនទាំងអស់នោះ នៅក្រោមរូបភាពជាគោលនយោបាយគាំទ្រផ្នែកមូលធនតាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យធនាគារហិរញ្ញវត្ថុឯកជន។ ការផ្តល់ជាការធានាផ្នែកហិរញ្ញវត្ថុនោះ គឺជាផ្នែកមួយនៃការផ្តល់ និងការជួយលើកកម្ពស់នៅក្នុងវិស័យក្រិនវ័យក្មេងក៏ដូចជាធុរកិច្ចថ្មីៗ តាមរយៈកម្មវិធីដែលយើងហៅថា Techo Startup ជាដើម។ ក្នុងកម្មវិធីទាំងអស់នេះ គឺក្នុងន័យដើម្បីឲ្យសហគ្រិនវ័យក្មេងកម្ពុជាក៏ដូចជាសហគ្រិនទូទៅ និងវិនិយោគិនទូទៅកម្ពុជាតភ្ជាប់ទៅនឹងសហគ្រិន និងធុរកិច្ចជននៅបណ្ដាប្រទេសក្នុងតំបន់។ ចំណុចក្រៅផ្សេងទៀតជាយុទ្ធសាស្ត្រទាក់ទងនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពិពិធកម្មនៃទីផ្សារនាំចេញរបស់កម្ពុជាជាទូទៅ តាមរយៈការបង្កើតជាកម្មវិធីនិងគោលនយោបាយតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចនៃបណ្ដាប្រទេសទាំងអស់នោះ។

សំណួរទី៦៖ តើអ្វីទៅជារដ្ឋាភិបាលឌីជីថល ហើយវាមានតួនាទីសំខាន់អ្វីខ្លះក្នុងការជំរុញនូវវឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ?

រដ្ឋាភិបាលឌីជីថលនេះ គឺសំដៅទៅលើការផ្តល់ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគ្រប់គ្រងដោយ ឬយើងហៅថាមានអភិបាលកិច្ចពីរដ្ឋាភិបាល តាមរយៈការបង្កើតឲ្យមានជាថ្នាលព័ត៌មាន ថ្នាលតភ្ជាប់នូវទិន្នន័យរដ្ឋាភិបាលក៏ដូចជាថ្នាលឌីជីថលដែលតភ្ជាប់ពីរដ្ឋាភិបាលទៅប្រជាជន ពីរដ្ឋាភិបាលទៅសង្គមស៊ីវិល ពីរដ្ឋាភិបាលផ្នែកឯកជនទូទៅ។ ការគ្រប់គ្រងនូវទិន្នន័យរដ្ឋាភិបាល ទិន្នន័យសាធារណៈ ទិន្នន័យឯកជន ការផ្តល់នូវសេវារដ្ឋាភិបាលទៅដល់វិស័យឯកជនទៅដល់ប្រជាជនទៅដល់សង្គមស៊ីវិលទូទៅ គឺជារូបមន្តថ្មីមួយដែលមិនគ្រាន់តែរដ្ឋាភិបាលកម្ពុជាទេ គឺរដ្ឋាភិបាលនៅលើពិភពលោកបានចាប់យកនៅទន្ទឹមពេលដែលមានការរីកចម្រើនលូតលាស់ខ្លាំងផ្នែកបច្ចេកវិទ្យាឌីជីថលនេះឯង ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមនៅក្នុងការតភ្ជាប់ទៅតាមវិស័យផ្សេងៗ ដែលយើងបានលើកឡើងទាំងវិស័យកម្មន្តសាល ឧស្សាហកម្ម និងសេវាកម្មទូទៅ។

សំណួរទី៧៖     បើយើងងាកមកមើលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត ហើយក្នុងនោះក៏មានកិច្ចព្រមព្រៀងដ៏ធំមួយ គឺគេហៅថា Regional Comprehensive Economic Partnership (RCEP) ឬក៏ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ តើ RCEP នេះនឹងផ្ដល់នូវគុណប្រយោជន៍ក៏ដូចជាទម្ងន់ភូមិសាស្ត្រសេដ្ឋកិច្ចអ្វីខ្លះមកដល់កម្ពុជា?

ជាដំបូងបើយើងក្រឡេកមើលទៅលើទំហំនៃពាណិជ្ជកម្ម ដែលអាចនឹងកើតមាននៅក្រោមរូបភាពនៃពាណិជ្ជកម្មសេរីថ្នាក់មហាតំបន់នេះដែលហៅថា RCEP នេះ យើងឃើញថាប្រហែលជា៣៣% នៃពាណិជ្ជកម្មលើពិភពលោកអាចនឹងពាក់ព័ន្ធនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ។ ហើយបើយើងមើលក្រឡេកមើលទៅលើទំហំនៃពាណិជ្ជកម្មដ៏ធំ រួមផ្សំទាំងប្រជាជននៅក្នុងបណ្ដាប្រទេស១៥ប្រទេសដែលជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនេះ​ គឺមានប្រមាណជា ៣៣% នៃប្រជាជនលើពិភពលោក។ បើយើងក្រឡេកមើលទៅលើទំហំសេដ្ឋកិច្ច និងទំហំប្រជាជន នេះគឺជាគម្រោងពាណិជ្ជកម្មសេរីដ៏ធំមួយនៅក្នុងពិភពលោកដែលគ្របដណ្ដប់ទៅលើ ឬក៏ដែលមានវិសាលភាពទៅលើផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាទៅលើពាណិជ្ជកម្មពិភពលោកតែម្ដង។ វាមានន័យថា ចលនាកម្មនៃបច្ចេកវិទ្យា ចលនាកម្មនៃការផ្លាស់ប្តូរនូវទំនិញសេវាកម្មក្រោមរូបភាពនេះ អាចនឹងធ្វើឱ្យកម្ពុជាបើកទីផ្សាររបស់ខ្លួន មានន័យថាក្រោមរូបភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានប្រទេស១៤ប្រទេសផ្សេងទៀតជាសមាជិក គឺធ្វើឲ្យកម្ពុជាអាចបញ្ជ្រាបចូលនូវទំនិញសេវាកម្មរបស់ខ្លួន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិពិធកម្មនូវសេវាកម្មនិងផលិតផលរបស់ខ្លួនដើម្បីជំរុញការនាំចេញ។ ក៏ប៉ុន្តែទន្ទឹមពេលនោះកម្ពុជា នឹងមានភាពចាំបាច់នៅក្នុងការស្រូបចូលនូវវត្ថុធាតុដើម និងនូវធាតុចូល ធាតុចូលនៅក្នុងខ្សែចង្វាក់ផលិតកម្មរួមទាំងធនធានបច្ចេកវិទ្យាជាដើម រួមទាំងទុនឯកជន តាមរយៈគម្រោងវិនិយោគផ្ទាល់ឯកជនពីខាងក្រៅ ដើម្បីបម្រើតម្រូវការនៃផលិតកម្ម តម្រូវការដែលកម្ពុជាមានក្នុងន័យដើម្បីជំរុញការនាំចេញទៅទីផ្សារទាំងអស់នោះ។ ដូច្នេះបើយើងឃើញថា១៤ប្រទេសទៀតបូកនឹងកម្ពុជា គឺ១៥ប្រទេសប្រហែលជានៅពេលដែលកិច្ចព្រមព្រៀងនេះបានអនុវត្តទោះបីជាតាមជំហាន៥ឆ្នាំ ១០ឆ្នាំ ១៥ឆ្នាំទៅមុខទៀត កម្ពុជានឹងមានសង្ឃឹមថាអាចនឹងជំរុញការនាំចេញ ដើម្បីបង្កើននូវប្រភពចំណូលដល់ថវិកាជាតិ។ ហើយយើងសង្ឃឹមថាប្រហែលជានឹងមានកំណើនទៅដល់សេដ្ឋកិច្ចជាតិលើសពីគម្រោងពាណិជ្ជកម្ម ដែលកម្ពុជាមានស្រាប់នៅក្នុងកម្រិតតំបន់អាស៊ាន។

សំណួរទី៨៖     តាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើកម្ពុជាគួរតែត្រៀមខ្លួនយ៉ាងដូចម្ដេច ដើម្បីបង្កើននូវសក្ដានុពលភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន។

ជាដំបូង យើងគិតថាកម្ពុជាត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ពង្រឹងនូវភាពទាក់ទាញផ្នែកសេដ្ឋកិច្ច វិនិយោគ ធុរកិច្ចជាការចាំបាច់។ ការពង្រឹងនូវភាពទាក់ទាញនូវភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវធ្វើជាជំហានៗ ហើយផ្តល់ទៅតាមវិស័យ និងពហុវិស័យដែលពាក់ព័ន្ធ។ ចំណុចសំខាន់ជាងគេ គឺបរិយាកាសធុរកិច្ចវិនិយោគនេះឯង។ ការផ្ដល់ និងការបង្កើតកែសម្រួលធ្វើឲ្យកាន់តែមានប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិផ្នែកខាងសេវាសាធារណៈ ផ្នែកខាងការអនុវត្តទៅលើក្របខ័ណ្ឌគតិយុត្តផ្សេងៗឲ្យមានភាពងាយស្រួល និងភាពទាក់ទាញ និងជំរុញនូវការហូរចូលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាពីខាងក្រៅប្រទេស ក៏ដូចជាការជំរុញឲ្យមានការរីកដុះដាលផ្នែកវិនិយោគដោយវិនិយោគិនសហគ្រិននៅក្នុងស្រុក។ ក្នុងន័យនោះ គឺដើម្បីឲ្យកម្ពុជាក្លាយទៅជាទីផ្សារមួយដែលមានភាពទាក់ទាញ ទាក់ទាញទាំងផ្នែកវិនិយោគទាំងផ្នែកពាណិជ្ជកម្មនេះឯង។ ក៏ប៉ុន្តែចំណុចសំខាន់ដែលកម្ពុជាត្រូវធ្វើទីពីរ គឺទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវគមនាគមន៍ដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក ផ្លូវអាកាសធាតុជាដើម និងសំខាន់ជាងគេទៀតគឺហេដ្ឋារចនាសម្ព័ន្ធដែលឆ្លងកាត់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ផ្ដើមពីប្រទេសជាមិត្ត និងជាប្រទេសជិតខាងកម្ពុជាមុន ហើយក៏ភ្ជាប់ទៅនឹងបណ្ដាញផ្លូវគមនាគមន៍ដឹកជញ្ជូនទំនិញទាំងអស់នោះ ទៅក្រៅតំបន់អាស៊ានទៀត​។ ដូចជាសព្វថ្ងៃ យើងឃើញថាមាន គម្រោងស្រាប់ហើយពីគុនមីង ទៅកាន់ប្រទេសវៀតណាម កាត់ប្រទេសឡាវ កាត់ប្រទេសថៃ ហើយតពីប្រទេសថៃមកកម្ពុជាជាដើម ហើយមានការតភ្ជាប់ពីថៃទៅភូមា ពីប្រទេសថៃទៅម៉ាឡេស៊ី ហើយនឹងចេញទៅប្រទេសឥណ្ឌូនេស៊ីទៀត។ ការជំរុញ និងបញ្ជ្រាបខ្លួន និងពន្លឿននៃការធ្វើសមាហរណកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធឡូជីស្ទិកជាដើម និងការកែសម្រួល ការពង្រឹងនូវការអនុវត្តក្របខ័ណ្ឌពាណិជ្ជកម្មឆ្លងកាត់ប្រទេសតាមរយៈការសម្រួលនូវបែបបទនីតិវិធីឲ្យបានលឿន និងឆ្លើយតបទៅនឹងស្ថានភាពនៃបណ្ដាប្រទេសសេដ្ឋកិច្ចនៅក្នុងតំបន់នេះ គឺអាចនឹងធ្វើឲ្យកម្ពុជាមានឧត្តមភាព និងពន្លឿននូវភាពទាក់ទាញក៏ដូចជាពន្លឿននូវដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ចំណុចសំខាន់មួយទៀត គឺអម្បាញ់មិញនេះយើងបានលើកឡើងអំពីវឌ្ឍនភាព និងផែនការសកម្មភាពយុទ្ធសាស្ត្ររបស់កម្ពុជាឆ្លើយតបទៅនឹងស្ថានភាពកូវីដ-១៩ ក៏ដូចជាបរិបទនៃការរីកចម្រើន និងការចាប់យកនូវបច្ចេកវិទ្យាព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថល។ ការពង្រឹងនូវធនធានមនុស្ស ការពង្រីកនូវសមត្ថភាពរបស់ប្រជាជនកម្ពុជា រួមទាំងសហគ្រិន រួមទាំងផ្នែកឯកជន និងស្ថាប័នរដ្ឋជាដើម គឺមានសារៈសំខាន់បំផុតនៅក្នុងការជំរុញនៃផែនការអភិវឌ្ឍន៍សកម្មភាពលើកកម្ពស់ភាពទាក់ទាញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជាការចាប់ទាញយកនូវពាណិជ្ជកម្មផ្នែកឌីជីថលជាដើម។ ការពង្រឹងសមត្ថភាពប្រជាជន និងយើងហៅថាសមត្ថភាពធនធានមនុស្សដោយដាក់ជាផែនការសកម្មភាពអាច៥ឆ្នាំម្ដង អាចបង្កើនក្នុងរយៈពេលវែងជាងនេះ១០ឆ្នាំ ២០ឆ្នាំទៅមុខទៀតដោយមានការវិនិយោគផ្នែកសាធារណៈ ឬក៏ជាការវិនិយោគផ្នែកឯកជនទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យា និងវិស័យអនុវត្តពិត មានន័យថាជាជំនាញរបស់ប្រជាជននៅក្នុងការចូលរួមនៅក្នុងខ្សែចង្វាក់ផលិតកម្មជាជំនាញផលិតកម្ម ជំនាញអនុវត្តផ្នែកកម្មន្តសាល បង្កើតនូវទំនិញសេវាកម្មថ្មីៗដើម្បីពង្រីកនូវខឿន និងវិសាលភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

វាគ្មិន៖ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធាននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

អ្នករៀងចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ

Leave a Reply