Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុង
ប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ?

កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា ស្បៀងអាហារ កសិកម្ម ទឹកស្អាត ថាមពលស្អាត ទីក្រុងនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ។ កិច្ចប្រជុំកំពូលនេះក៏ត្រូវបានរៀបចំឡើងដើម្បីបង្កើនកិច្ចសហការក្នុងភាពជាដៃគូនៅក្នុងកម្រិតមួយ ក្នុងការសម្រេចគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុផងដែរ។ កិច្ចប្រជុំនេះត្រូវប្រារព្វធ្វើឡើងរៀងរាល់ពីរឆ្នាំម្ដង ក្រោមការគាំទ្ររបស់រដ្ឋាភិបាលប្រទេសដាណឺម៉ាក និងប្រទេសហូឡង់។

សំនួរទី២៖ តើការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩ សំដៅលើសកម្មភាពអ្វីខ្លះ?

សកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖
១. ស្បៀង និងកសិកម្ម៖ ភាពជាដៃគូសម្រាប់ប្រព័ន្ធស្បៀងអាហារ និងការធ្វើកសិកម្មដោយចីរភាព
២. ធនធានទឹក៖ ដំណោះស្រាយក្នុងការគ្រប់គ្រងធនធានទឹកដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ
៣. ថាមពល៖ ភាពជាដៃគូសម្រាប់នវានុវត្តិន៍ថាមពល
៤. ទីក្រុង និងទីប្រជុំជន៖ ភាពជាដៃគូទីក្រុង និងទីប្រជុំជនឆ្លាតវៃ ឬទីក្រុង និងទីប្រជុំជននិរន្តរភាព
៥. សេដ្ឋកិច្ចវិលជុំ៖ ដំណើរទៅរកសង្គមមួយដែលពុំមានសំរាម និងសំរាមផ្លាស្ទិច

សំនួរទី៣៖ តើលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី២នេះ ត្រូវបានបញ្ចប់ទៅនៅក្រោមរូបភាពយ៉ាងដូចមេ្តច ដែរ? តើមេដឹកនាំនៃប្រទេសដែលបានចូលរួមទាំងអស់ បានឯកភាពនូវដំណោះស្រាយ/គោលការណ៍អ្វីខ្លះ ដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាដែលកំពុងតែកើតមានពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ?

កិច្ចប្រជុំកំពូលនេះបានដំណើរការទៅយ៉ាងរលូន ហើយចុងបញ្ចប់នៃកិច្ចប្រជុំ មេដឹកនាំបានឯកភាព និងអនុម័តនូវសេចក្ដីថ្លែងការណ៍រួមទីក្រុងសេអ៊ូល។ សេចក្ដីថ្លែងការណ៍រួមនេះក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៅក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ដែលជាការគំរាមកំហែងសកលបន្ទាន់មួយ និងមានផលប៉ះពាល់ហួសពីបញ្ហាបរិស្ថាន ដែលរួមបញ្ចូលទាំងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គម សន្តិសុខ និងសិទ្ធិមនុស្ស។ មេដឹកនាំក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីសម្រេចបានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគាំទ្រកិច្ចប្រជុំកំពូលនៃបណ្ដាភាគីក្រោមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ជាពិសេសសំដៅដល់ការប្រឹងប្រែងបន្ថែមទៀតចំពោះកម្រឹតនៃការកើនឡើងសីតុណ្ហភាពស្ថិតនៅក្រោម៣,៥អង្សា បើធៀបទៅនឹងកម្រឹតមុនបដិវត្តដ៍ឧស្សាហកម្ម។

សេចក្ដីថ្លែងការណ៍រួមទីក្រុងសេអ៊ូលនេះ បានសង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹង៖ ទី១ គឺការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទី២ គឺការលើកកម្ពស់យន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ទី៣ គឺការឆ្លើយតបទៅនឹងបញ្ហាផ្លាស្ទិកសមុទ្រ ទី៤​ គឺការជំរុញការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាបៃតងថ្មីៗ ទី៥ គឺការឆ្លើយតបទៅនឹងការជំរុញការវិនិយោគក្នុងការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ថាមពលនិរន្តរភាព ប្រព័ន្ធអាហារនិងកសិកម្មដោយចីរភាព ទីក្រុងនិរន្តរភាព និងសេដ្ឋកិច្ចវិលជុំ ទី៦ គឺការបង្កើនតួនាទីឬក៏ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងការសម្រេចបានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទី៨ គឺការទទួលស្គាល់តួនាទីវិនិយោគគិនឯកជន និងស្ថាប័នហិរញ្ញវត្ថុនៅក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញប្បទាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍដែលបញ្ចេញការបូនទាបនាពេលអនាគត។

សំនួរទី៤៖ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានលើកឡើងក្នុងសុន្ទរកថា របស់លោកថា ចំពោះការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩នេះ កម្ពុជានឹងពង្រឹងបន្ថែម ក៏ដូចជាបន្តជួយលើកកម្ពស់ការបញ្រ្ជាបទស្សនាទានបៃតងក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចវិលជុំ (Circular Economy) និងថាមពលកកើតឡើងវិញ។ ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃវិស័យទាំងពីរនេះ តើកម្ពុជាបានដើរដល់កម្រិតណាហើយ? តើការជំរុញនូវវិស័យទាំងពីរនេះ អាចផ្ដល់ជាគុណប្រយោជន៍ ​និងបញ្ហាប្រឈមអ្វីខ្លះដល់កម្ពុជា?

សូមជម្រាបជូនជាថ្មីម្ដងទៀតថា កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ ជាពិសេសគោលនយោបាយប្រសិទ្ធភាពថាមពលដោយផ្ដោតលើការលើកកម្ពស់ប្រសិទ្ធភាពថាមពលចំពោះវិស័យសំខាន់ៗ តាមរយៈគោលនយោបាយនេះយើងក៏បានបង្កើតកម្មវិធីគ្រប់គ្រងថាមពល និងសវនកម្មថាមពលដែលជាកត្តាចាំបាច់នៅក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលក្នុងទ្រង់ទ្រាយធំ។ ដោយឡែក តាមរបាយការណ៍បច្ចុប្បន្នភាពចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) នៅឆ្នាំ២០២០នេះ ត្រូវបានកំណត់ថាមពលកកើតឡើងវិញក្នុងថាមពលចម្រុះ ដែលមានថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ខ្យល់ និងជីវម៉ាស គឺ២៥% នៅឆ្នាំ២០៣០ ។ ទន្ទឹមនឹងនេះ ស្ថានភាពបច្ចុប្បន្នថាមពលកកើតឡើងវិញអាចចូលរួមចំណែកប្រហែល១៥% ពីថាមពលពន្លឺព្រះអាទិត្យជាពិសេសគឺតាមបណ្ដាខេត្តមួយចំនួននៅក្នុងសមត្ថភាពដំឡើងប្រមាណ ៤០០មេហ្គាវ៉ាត់ រហូតដល់ឆ្នាំ២០២២។

ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបច្ចុប្បន្ននេះ គឺដើម្បីបំពេញតម្រូវការទៅតាមផែនការរបស់រដ្ឋាភិបាលដោយសារតែប្រភពថាមពលរបស់យើងនៅមានកម្រិត។ ចំពោះតំបន់មួយចំនួននៅកម្ពុជា យើងអាចពង្រីកនិងបន្តបណ្ដាញជាតិ ដោយឡែកនៅតំបន់មួយចំនួនទៀត មិនអាចទទួលបាននូវការតភ្ជាប់នូវបណ្ដាញជាតិនេះទេ។ ដូច្នេះ រាជរដ្ឋាភិបាលបានជំរុញឲ្យមានការប្រើប្រាស់នូវគម្រោងខ្នាតតូច (Micro-Project) ដើម្បីឲ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះបាន ហើយក៏ជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមគេហដ្ឋាន ដើម្បីបំពេញបន្ថែមនៅក្នុងតំបន់ដែលមិនអាចទទួលបានអគ្គិសនី។ យើងក៏មានការដំឡើងបន្ទះសូឡា (Solar) ពន្លឺព្រះអាទិត្យ ដើម្បីផ្ទុកថាមពលនៅសហគមន៍ខេត្តកំពង់ឆ្នាំង និងនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប ជាមួយនឹងថាមពលអគ្តិសនីចំនួន ៣២,៦៤គីឡូវ៉ាត់។ ដោយឡែក ក៏សូមជម្រាបជូនម្ដងទៀតដែរថា រាជរដ្ឋាភិបាល ដែលមានដូចជាក្រសួងរ៉ែនិងថាមពលបាននិងកំពុងសិក្សាផែនការមេមួយសម្រាប់វិស័យថាមពលរបស់កម្ពុជា។ ដូច្នេះ បច្ចុប្បន្ននេះថាមពលកកើតឡើងវិញរបស់ប្រទេសយើងភាគច្រើនទទួលបានពីវារីអគ្គិសនី ដោយសារប្រទេសរបស់យើងមានសក្ដានុពលនៅក្នុងថាមពលកកើតឡើងវិញប្រភេទនេះ។

ប្រភពថាមពលកកើតឡើងវិញផ្សេងទៀត ដូចជា ខ្យល់ ក៏បាននិងកំពុងត្រូវបានសិក្សានៅខេត្តកំពត និងខេត្តមណ្ឌលគិរី។ ដូច្នេះ ថាតើការចូលរួមពីថាមពលកកើតឡើងវិញមានកម្រិតណា គឺត្រូវរងចាំពិនិត្យមើលលទ្ធផលចុងក្រោយពីការសិក្សាផែនការមេរបស់ក្រសួងរ៉ែនិងថាមពល។ សូមបញ្ជាក់ដែរថាក្រសួង   បរិស្ថាន គឺជាស្ថាប័នសម្របសម្រួល ដែលអាចទាញយកទិន្នន័យដែលបានពីការសិក្សាទាំងអស់នេះ ដើម្បីយកមកធ្វើជាមូលដ្ឋានសម្រាប់ការប្រើប្រាស់រៀបចំយុទ្ធសាស្រ្ត ឬក៏ផែនការក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ ក៏ដូចជាឧស្ម័នផ្ទះកញ្ចក់ដែរ។ ចំណុចមួយទៀត គឺកម្ពុជាបានផ្ដល់សច្ចាប័នទៅលើសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនៅឆ្នាំ២០១៩ ដែលការផ្ដល់សច្ចាប័ននេះ បានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាជាពិសេសគោលដៅទី៧ ផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា២០១៤-២០២៣ និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។ ចំពោះបញ្ហាប្រឈមមានដូចជាតម្រូវការហិរញ្ញប្បទាន និងបច្ចេកទេសសម្រាប់ការវិនិយោគ ក៏ដូចជាការដំឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ថាមពលកកើតឡើងវិញ។

ដោយឡែក សេដ្ឋកិច្ចវិលជុំគឺគ្រាន់តែជាទស្សនាទានថ្មីមួយ ឬក៏ជាទ្រឹស្ដីថ្មីមួយដែលគេរំពឹងថាជាដំណោះស្រាយថ្មីក្នុងការស្វែងរកនូវកំណើនសេដ្ឋកិច្ច-សង្គម និងបរិស្ថានប្រកបដោយចីរភាព ជាពិសេសគឺជាអ្វីដែលសម្រាប់ជួយដោះស្រាយបញ្ហាប្រឈមដូចជាសំរាម និងសំណល់ដែលត្រូវបានបោះបង់ចោលនៅពេលដែលវាអស់សុពលភាពក្នុងការប្រើប្រាស់។ បច្ចុប្បន្ននេះគឺ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានបាននិងកំពុងរៀបចំនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដែលយើងមើលឃើញអំពីគុណប្រយោជន៍នៃការរៀបចំនេះ។ យើងអាចទទួលបានផលចំណេញក្នុងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ថាមពលស្អាត និងបរិស្ថានស្អាតសម្រាប់មនុស្សគ្រប់ជំនាន់។ ដូចគ្នានេះដែលគឺការរៀបចំឲ្យមានជាយុទ្ធសាស្រ្តសេដ្ឋកិច្ចវិលជុំនេះក៏មានការជួយជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចសង្គម និងបរិស្ថានប្រកបដោយចីរភាព ហើយក៏អាចជួយនូវតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយនូវបរិមាណនៃសំណល់ដែលជាហានិភ័យ និងគ្រោះថ្នាក់ទៅដល់សុខភាព។ ខ្ញុំគិតថាការរៀបចំយុទ្ធសាស្រ្តនេះក៏អាចបង្កើនប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ធនធាន និងថាមពល អាចថាកាត់បន្ថយថ្លៃដើមនៃការផលិត ក៏ដូចជាបង្កើនភាពប្រកួតប្រជែងអាជីវកម្ម។ សូមបញ្ជាក់ជាថ្មីម្ដងទៀតថា យុទ្ធសាស្រ្ត និងផែនការសេដ្ឋកិច្ចវិលជុំនេះគ្រាន់តែជាយុទ្ធសាស្រ្តមួយដែលបានរួមចំណែកនៅក្នុងក្របខណ្ឌជាតិ គឺការអនុវត្តទៅលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក៏ដូចជាកម្មវិធីនយោបាយរបស់ក្រសួងបរិស្ថានដែលសង្កត់ធ្ងន់ទៅលើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិតនិងអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយអ្វីដែលសំខាន់ក៏បានចូលរួមចំណែកមួយទៀតគឺ ការអនុវត្តកម្មវិធីនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ហើយទាំងអស់គឺជាការចូលរួមចំណែកការរៀបចំយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចវិលជុំ។

សម្រាប់ការអនុវត្តជាក់ស្ដែង បច្ចុប្បន្ននិងជាយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក៏បានរៀបចំកម្មវិធីគ្រប់គ្រងសំរាម និងសំណល់រឹង ហើយកម្មវិធីនេះរៀបចំតាមទីក្រុង ទីប្រជុំជន ស្រុក ក្រុង ឬខណ្ឌ ដើម្បីពង្រឹងសមត្ថភាព និងប្រែក្លាយស្រុក ក្រុង ខណ្ឌ ឲ្យក្លាយទៅជាម្ចាស់ដែលផ្ដល់នូវគុណភាពសេវា យន្តការគាំទ្រហិរញ្ញប្បទាន មធ្យោបាយ និងសម្ភារៈជាដើម។ មួយទៀតដែលសំខាន់ គឺការកាត់បន្ថយថង់ផ្លាស្ទិក ក៏ដូចជាការគ្រប់គ្រងសំណល់គ្រោះថ្នាក់។ ក្នុងនេះ ក៏យើងមានចលនាប្រឡងប្រណាំងទីក្រុងស្អាត សាលារៀននិងវត្តអារាមមេត្រីភាពបរិស្ថាន ដែលយើងអាចឈានទៅរកការប្រឡងប្រណាំងទីក្រុងនិរន្តរភាព ឬក៏ទីក្រុងស្អាតជាមួយបណ្ដាប្រទេសអាស៊ានផងដែរ។ ជាការពិត ជាមួយនឹងបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ចវិលជុំ គឺយើងកំពុងគិតគូរថាតើយើងជំរុញវិស័យឯកជននៅក្នុងការកែច្នៃសំណល់ ឬសំណល់ផ្លាស្ទិចយ៉ាងដូចម្ដេច។ មួយវិញទៀត ទោះបីជាក្រសួងបរិស្ថានខិតខំប្រឹងបំពាក់សម្ភារៈ ឡាន ឡដុតសំរាម ឬក៏ការផ្សព្វផ្សាយចំណេះដឹងដល់សាធារណជនយ៉ាងណាក៏ដោយ ក៏នៅតែមិនមានការគ្រប់គ្រងបានគ្រប់ជ្រុងជ្រោយនៅក្នុងក្របខណ្ឌក្រុង ស្រុកនិងខណ្ឌទូទាំងប្រទេសដែរ។ បញ្ហាមួយទៀតគឺការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយទៅលើការគ្រប់គ្រងការកែច្នៃសំរាមនេះ ក៏ជាបញ្ហាមួយដែលយើងត្រូវបន្តអនុវត្តនៅក្នុងពេលខាងមុខដែរ។

សំនួរទី៥៖ អំឡុងពេលនៃកិច្ចប្រជុំនេះ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក John Kerry និងមេដឹកនាំសហភាពអឺរ៉ុបបានអំពាវនាវ និងស្នើឲ្យប្រទេសដទៃទៀតត្រូវបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង និងបង្កើនមហិច្ឆតារបស់ខ្លួន ដើម្បីជំរុញឲ្យពិភពលោកឆ្ពោះទៅរកភពផែនដីបៃតង។ ជាក់ស្តែង សហរដ្ឋអាមេរិក យើងអាចថាបាន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបង្កផលប៉ះពាល់ដល់អាកាសធាតុច្រើនជាងគេនៅលើពិភពលោក។ ថាតើកន្លងមកអាមេរិកមានវិធានការផ្ទាល់ខ្លួនអ្វីខ្លះ ក្រៅពីក្របខណ្ឌនៃកិច្ចប្រជុំកំពូល P4G ដើម្បីចូលរួម និងទប់ស្កាត់ការប៉ះពាល់ដល់អាកាសធាតុ ក៏ដូចជាការពន្លឿនការអភិវឌ្ឍបៃតង ពិសេសក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដែរឬទេ?

ជានយោបាយការទូតរបស់សហរដ្ឋអាមេរិកលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ភាគច្រើនតាមការសង្កេតរបស់ខ្ញុំផ្ទាល់ គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ ជាក់ស្ដែង នៅក្នុងអាណត្តិប្រធានាធិបតីរបស់លោក Obama បានចូលរួមយ៉ាងសកម្មជាមួយនឹងពិភពលោកក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសនោះ គាត់បានគាំទ្រឲ្យមានការអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០១៥។

កម្ពុជាក្នុងនាមជាសមាជិកក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏បានដាក់របាយការណ៍លើកទី១ NDC នៅឆ្នាំ២០១៥ ហើយយើងក៏បានព្យាករការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ៣៧% ក្នុងឆ្នាំ២០៣០ ដោយមិនគិតពីវិស័យកសិកម្ម។ ដោយឡែក បច្ចុប្បន្នភាព NDC របស់កម្ពុជា គឺយើងបានកំណត់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៤២% ក្នុងឆ្នាំ២០៣០។ ប៉ុន្តែនៅក្នុងអាណត្តិរបស់ប្រធានាធិបតីលោក Donald Trump ការប្រែប្រួលអាកាសធាតុមិនត្រូវបានយកចិត្តទុកដាក់ទេ។ ផ្ទុយទៅវិញ ក្នុងអាណត្តិរបស់លោក Joe Biden បានប្រកាសគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់រហូតទៅដល់ ៥០-៥២% ក្រោមកម្រិតឆ្នាំ២០០៥ ត្រឹមឆ្នាំ២០៣០ ហើយបានប្ដេជ្ញាចិត្តបង្កើនថវិកានៅក្នុងការដោះស្រាយការងារប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏បានរៀបចំកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុនៅខែមេសា ឆ្នាំ២០២០ ដែលបានអំពាវនាវឲ្យប្រទេសធំៗនៅលើពិភពលោកបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នេះ។

ខ្ញុំសង្ឃឹមថាការវិលត្រលប់របស់សហរដ្ឋអាមេរិកនឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ លោក ទន់ លីណាសុផាឬទ្ធិ