ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។
សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី ៧៣ឆ្នាំមុនមកម្ល៉េះ។ តើលោកអាចជួយរៀបរាប់បន្តិចបានទេ អំពីឫសគល់នៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តាំងពីដើមរហូតមកដល់បច្ចុប្បន្ន?
បច្ចុប្បន្នពិភពលោកកំពុងតែតាមដានរឿងរ៉ាវជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មែនទែនទៅជម្លោះនេះមិនមែនជាជម្លោះថ្មីទេ។ ជាក់ស្ដែង ភាគីទាំងពីរមានជម្លោះរ៉ាំរ៉ៃជាមួយគ្នាយូរណាស់មកហើយ គឺចាប់ពីឆ្នាំ១៩៤៨ នៅពេលដែលអ៊ីស្រាអែលប្រកាសឯករាជ្យ។ ទឹកដីអ៊ីស្រាអែលសព្វថ្ងៃនេះ ជនជាតិអ៊ីស្រាអែលចាត់ទុកថាជាទឹកដីកំណើតរបស់ខ្លួន។ ឯជនជាតិប៉ាឡេស្ទីនវិញក៏ចាត់ទុកទឹកដីនេះជាទឹកដីកំណើតរបស់ខ្លួនផងដែរ ហើយប្រឆាំងនូវរាល់ការលើកឡើងរបស់ជនជាតិអ៊ីស្រាអែលដែលថា «ទឹកដីនេះជាទឹកដីរបស់អ៊ីស្រាអែលតែមួយមុខ»។ បើយើងមើលលើប្រវត្តិសាស្ដ្រនៃតំបន់នេះវិញ យើងឃើញថាពីសម័យបុរាណ ទឹកដីអ៊ីស្រាអែល គឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេច David និងគ្រប់គ្រងដោយស្ដេចមួយអង្គទៀតឈ្មោះ Solomon ។ នៅពេលដែលស្ដេច Solomon សោយព្រះទិវង្គតទៅ ទឹកដីនេះត្រូវបានបែងចែកជាពីរធំៗគឺ៖ ភាគខាងជើង (អាណាចក្រអ៊ីស្រាអែល) និងភាគខាងត្បូង (អាណាចក្រ Judah)។ ចាប់ពីពេលនោះមក ទឹកដីអ៊ីស្រាអែល ឬអាណាចក្រទាំងពីរនេះ ត្រូវបានផ្លាស់ប្ដូរគ្នាគ្រប់គ្រងដោយមហាអំណាចជាច្រើន។ ពេលនោះ ជនជាតិ Jewish ក៏បានរសាត់ទៅតាមតំបន់ផ្សេងៗគ្នា។ ស្របពេលជាមួយគ្នានោះដែរ ក៏មានការកើនឡើងនូវជនជាតិអារ៉ាប់ចូលមករស់នៅក្នុងទឹកដីនេះ។ រហូតដល់សង្គ្រាមលោកលើកទី១ បានបញ្ចប់នៅឆ្នាំ១៩១៩ ចក្រភពអង់គ្លេសក៏បានចូលមកគ្រប់គ្រងតំបន់ ឬទឹកដីអ៊ីស្រាអែលនេះ ជំនួសឲ្យចក្រភព Ottaman ដែលបានដួលរលំទៅ។ នៅពេលដែលចក្រភពអង់គ្លេសបានចូលមកដល់ ជនជាតិJewish ជាជនជាតិភាគតិច ហើយជនជាតិអារ៉ាប់និងជនជាតិប៉ាឡេស្ទីន ជាជនជាតិភាគច្រើនរស់នៅក្នុងតំបន់នេះ។ ចន្លោះនៅឆ្នាំ១៩២០ ដល់ ១៩៤០ ជនជាតិ Jewish ក៏ចាប់ផ្ដើមហូរចូលមករស់នៅតំបន់នេះច្រើនទៅៗរហូតដល់ឆ្នាំ១៩៤២។ នៅពេលនោះ អង្គការសហប្រជាជាតិបានផ្ដល់ជាសិទ្ធិសញ្ញាមួយ ដើម្បីបង្កើតជារដ្ឋសាធារណមួយ ប៉ុន្តែពួកអារ៉ាប់មិនបានយល់ព្រមនោះទេ។ រហូតដល់ឆ្នាំ១៩៤៨ ទើបអ៊ីស្រាអែល ប្រកាសឯករាជ្យហើយបង្កើតប្រទេសរបស់ខ្លួន។ ការបង្កើតប្រទេសនេះ គឺកើតឡើងតាមរយៈការខាតបង់របស់ជនជាតិប៉ាឡេស្ទីន មានន័យថាជនជាតិអ៊ីស្រាអែលឬក៏ប្រទេសអ៊ីស្រាអែលនេះ ត្រូវបានបង្កើតឡើងនៅលើទឹកដីអារ៉ាប់ ឬជនជាតិប៉ាឡេស្ទីនដែលធ្លាប់រស់នៅ។ ពេលអ៊ីស្រាអែលទទួលបានឯករាជ្យភ្លាម នៅឆ្នាំ១៩៤៨ រហូតមកដល់បច្ចុប្បន្ន ជនជាតិអ៊ីស្រាអែលឬក៏ប្រទេសអ៊ីស្រាអែល ធ្លាប់ឆ្លងកាត់សង្គ្រាមធំៗជាច្រើន ទាំងប៉ាឡេស្ទីន និងបណ្ដាជនជាតិអារ៉ាប់ទាំងអស់នៅជុំវិញអ៊ីស្រាអែលនេះ។ ក្នុងនោះសង្គ្រាមធំៗមួយចំនួនមាន៖ ទី១ សង្គ្រាមឯករាជ្យនៅឆ្នាំ១៩៤៧ និង១៩៤៩ ទី២ សង្គ្រាមស៊ីណៃ (Sinai War) ឆ្នាំ១៩៥៦ ទី៣ សង្គ្រាម៦ថ្ងៃ (Six-day War) ឆ្នាំ១៩៦៧ និង ទី៤ សង្គ្រាមយឹមគីពួរ (Yom Kippur War) ឆ្នាំ១៩៧៣ ដែលជាសង្គ្រាមស្លាប់រស់។ នេះបានន័យថា នៅក្នុងផ្នត់គំនិតជនជាតិអារ៉ាប់ចង់លុបបំបាត់អ៊ីស្រាអែលចេញពីផែនទីពិភពលោក។ ដូចនេះ ក្នុងការធ្វើសង្គ្រាមមួយលើកៗ អ៊ីស្រាអែលត្រូវធ្វើយ៉ាងណាដើម្បីរក្សាទឹកដី និងការរស់រានមានជីវិតរបស់ខ្លួនក្នុងតំបន់នេះ ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រាល់លើកនៃការធ្វើសង្គ្រាមអ៊ីស្រាអែលតែងតែទទួលជ័យជម្នះ ហើយជ័យជម្នះម្ដងៗដែលអ៊ីស្រាអែលទទួលបាន គឺទឹកដីរបស់ប្រទេសអ៊ីស្រាអែលកើនឡើង។ ប៉ុន្តែ ជ័យជម្នះនេះក៏ធ្វើឲ្យអ៊ីស្រាអែល ខាតបង់មិនតិចដែរ។ បើយើងមើលទៅលើទំហំប្រទេសអ៊ីស្រាអែលធៀបជាមួយនឹងបណ្ដាប្រទេសនៅជុំវិញ អ៊ីស្រាអែលដូចជា អ៊ីហ្ស៊ីប ហ្ស៊កដានី លីបង់ និងស៊ីរី ជាដើម គឺអ៊ីស្រាអែលតូចណាស់។ មានន័យថា រាល់ជ័យជម្នះម្ដងៗ អ៊ីស្រាអែលចាយនូវធនធានច្រើនណាស់ ដើម្បីទទួលបាននូវជ័យជម្នះ។ អ៊ីស្រាអែលចាំបាច់ធ្វើយ៉ាងណាត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាម ប៉ុន្តែក៏មិនបង្កសង្គ្រាមនឹងបណ្ដាប្រទេសអារ៉ាប់ដែលនៅជុំវិញខ្លួននោះទេ។ អ៊ីស្រាអែលចាំបាច់ត្រូវតែមានទំនាក់ទំនងល្អជាមួយប្រទេសជុំវិញផង និងបណ្ដាសម្ព័ន្ធមិត្តខ្លួននៅក្រៅប្រទេស ជាពិសេ ដូចដែលបានឃើញហើយ អ៊ីស្រាអែលមានទំនាក់ទំនងល្អជាមួយនឹងអាមេរិក។ សូមបញ្ចាក់ផងដែរថា ជនជាតិអ៊ីស្រាអែលរស់នៅតំបន់ហ្គាសា(Gaza) និងវ៉េសប៉េង (West Bank) ដែលនៅសងខាងអ៊ីស្រាអែល។
សំនួរទី២៖ តើមានមូលហេតុចម្បងអ្វីខ្លះដែលបណ្ដាលឲ្យមានការផ្ទុះនូវការវាយប្រហារពីក្រុមឧទ្ទាមហាម៉ាស (Hamas) ទៅលើអ៊ីស្រាអែល កាលពីខែឧសភា ២០២១ កន្លងទៅនេះ? ហើយថាតើជម្លោះរវាងប្រទេសទាំងពីរ មានលក្ខណៈខុសគ្នាយ៉ាងដូចម្ដេច បើប្រៀបស្ថានភាពបច្ចុប្បន្ន ទៅនឹងជម្លោះកាលពីអតីតកាល?
ភាពតានតឹងរវាងប្រទេសអ៊ីស្រាអែល និងអារ៉ាប់ ជាពិសេសគឺជនជាតិប៉ាឡេស្ទីននេះ បានបន្តមានរហូតមកដល់សព្វថ្ងៃនេះ។ ជនជាតិប៉ាឡេស្ទីន (ដែលពេលនោះត្រូវបានខាតបង់ដោយសារតែជនជាតិអ៊ីស្រាអែលបង្កើតប្រទេសនៅលើទឹកដីដែលខ្លួនធ្លាប់បានរស់នៅនោះ) បានបង្កើតជាក្រុមឧទ្ទាមហាម៉ាស (Hamas) ហើយក្រុមហាម៉ាសនេះមានទីតាំងស្ថិតនៅតំបន់ហ្គាសា(Gaza) នេះតែម្ដង។ សូមបញ្ជាក់ដែរថា ក្រុមហាម៉ាសនេះត្រូវបានចាត់ទុកជាក្រុមភេរវករ ដោយសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។ ហើយក្រុមហាម៉ាសនេះដែរ មានការប៉ះទង្គិចជារឿយៗជាមួយនឹងក្រុមអ៊ីស្រាអែលផងដែរ ជាពិសេសនៅតាមតំបន់ព្រំដែនរវាងអ៊ីស្រាអែល និងហ្គាសា(Gaza) តែម្ដង។
បើមើលពីជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលថ្មីៗនេះ យើងឃើញថា ជម្លោះនេះចាប់មានឡើងពីពាក់កណ្ដាលខែមេសា រហូតដល់ខែឧសភា ឆ្នាំនេះ។ ប៉ុន្តែមែនទែនទៅ វាចាប់ផ្ដើមពីការប៉ះទង្គិចរវាងប៉ូលិស និងជនជាតិប៉ាឡេស្ទីន។ នៅពាក់កណ្ដាលខែមេសា គ្រួសារជនជាតិប៉ាឡេស្ទីនមួយចំនួនត្រូវបានប៉ូលិស ឬតម្រួតនៅភាគខាងកើតនៃទីក្រុង Jerusalem បណ្ដេញចេញពីផ្ទះរបស់ខ្លួន។ ការបណ្ដេញចេញធ្វើឲ្យមានការប្រទាំងប្រទើសគ្នារវាងពួកប៉ាឡេស្ទីន ជាមួយនឹងប៉ូលិសនៅក្នុងសង្កាត់នោះ ផងដែរ។ ការប៉ះទង្គិចនេះបន្តរហូតទៅដល់ដើមខែឧសភា នាពេលដែលមានពិធីសាសនាមួយនៅវិហាររបស់ប៉ាឡេស្ទីន នោះតែម្ដង ដែលធ្វើឲ្យក្រុមហាម៉ាសធ្វើការគំរាមទៅលើអាជ្ញាធរអ៊ីស្រាអែលថា នឹងចាត់វិធានការ ឬធ្វើការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលមិនបញ្ឈប់ការបណ្ដេញចេញ ឬសកម្មភាពរបស់ខ្លួនទៅលើជនជាតិប៉ាឡេស្ទីននោះទេ។ រហូតដល់ថ្ងៃទី១០ ខែឧសភា ជម្លោះនេះក៏ចាប់ផ្ដើមកើនឡើងតាមរយៈការបាញ់មីស៊ីលទៅវិញទៅមករវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រុមឧទ្ទាមហាម៉ាស បានវាយប្រហារទៅលើអ៊ីស្រាអែល តាមរយៈការបាញ់គ្រាប់រ៉ុកកែតរបស់ខ្លួនពីតំបន់ហ្គាសា ចូលទៅក្នុងអ៊ីស្រាអែល ហើយអ៊ីស្រាអែល ក៏បានបាញ់រ៉ុកកែតចូលទៅក្នុងតំបន់ហ្គាសា ផងដែរ។ ការប៉ះទង្គិចគ្នានេះគិតមកដល់បច្ចុប្បន្ន គឺមានមនុស្សជាង២០០នាក់បានស្លាប់ រួមទាំងកុមារ ផងដែរ។
សូមទាញចំណាប់អារម្មណ៍ដែរថា ការប៉ះទង្គិចគ្នានេះអាចបន្តចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ នៅពេលដែលសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនពីទីក្រុង Tel Aviv មក Jerusalem ដែលការផ្លាស់ប្ដូរស្ថានទូតនេះធ្វើឲ្យមានភាពចម្រូងចម្រាសជាខ្លាំង ពិសេសមានការតវ៉ាពីបណ្ដាជនជាតិប៉ាឡេស្ទីន ក៏ដូចជាប្រទេសនៅអារ៉ាប់មួយចំនួនដែលរស់នៅក្នុងតំបន់នោះ ផងដែរ។ មួយវិញទៀត បើយើងមើលអំពីភាពតានតឹងក៏ដូចជាជម្លោះរវាងប្រទេសទាំងពីរ ក្រៅពីបញ្ហាដែនដីនេះ នៅមានភាពចម្រូងចម្រាសជាច្រើនដែលភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីនមិនអាចស្វែងរកភាពយល់ស្របគ្នាបាន។ ក្នុងនោះក៏មានបញ្ហាជនភៀសខ្លួនប៉ាឡេស្ទីន ដែលការតាំងទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់វ៉េសប៉េង (West Bank) ក៏ដូចជាតំបន់ហ្គាសា(Gaza)ផង។ ម្យ៉ាងវិញទៀត ក៏មានការខ្វែងគំនិតគ្នាទៅលើថា តើរដ្ឋប៉ាឡេស្ទីនគួរបង្កើតទៅជារដ្ឋអាណាធិបតេយ្យដែរឬយ៉ាងណា? ដូច្នេះ កិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរ ធ្វើឡើងជាង២៥ឆ្នាំ មកហើយ ប៉ុន្តែមកដល់បច្ចុប្បន្ន ពុំទាន់មានដំណោះស្រាយត្រឹមត្រូវណាមួយទៅលើបញ្ហានេះនៅឡើយទេ។
សំនួរទី៣៖ កាលពីឆ្នាំ២០១៤ ប្រទេសទាំងពីរក៏ធ្លាប់មានជម្លោះជាមួយគ្នាដែរ ហើយពេលនោះប្រទេសអេហ្ស៊ីបបានធ្វើជាអ្នកសម្របសម្រួលនៅក្នុងការបញ្ឈប់ការវាយប្រហារគ្នារវាងភាគីទាំងពីរនេះ។ ដោយឡែក ចំពោះជម្លោះដែលកំពុងតែផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ តើអេហ្ស៊ីបមានប្រតិកម្មយ៉ាងដូចម្ដេចដែរ? ចុះបណ្ដាប្រទេសនៅក្នុងសហគមន៍អន្តរជាតិទាំងមូលវិញ ថាតើពួកគាត់បានបញ្ចេញនូវប្រតិកម្ម ក៏ដូចជាជំហរបស់ខ្លួនយ៉ាងដូចម្ដេចដែរ?
ជម្លោះប៉ាឡេស្ទីននិងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអ៊ីស្រាអែលរួមមាន អេហ្ស៊ីប និងហ៊្សកដានី ជាដើម ហើយក៏មានការជាប់ពាក់ព័ន្ធនឹងមហាអំណាចផ្សេងៗទៀត រួមមានសហរដ្ឋអាមេរិក ជាដើម។ យើងសង្កេតឃើញថា ប្រធានាធិបតេយ្យអាមេរិក Joe Biden បានបង្ហាញការគាំទ្រឲ្យមានការឈប់បាញ់ពីភាគីទាំងពីរ។ អាមេរិកអំពាវនាវឲ្យមានសិទ្ធិក្នុងការរស់នៅរបស់មនុស្ស ក៏ដូចជាសណ្ដាប់ធ្នាប់ ផងដែរ។ ដោយឡែកអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិក៏បានខ្នះខ្នែងណាស់ដែរ ក្នុងកិច្ចការងារការទូត ឲ្យមានការឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ រហូតដល់ថ្ងៃទី២០ ឧសភាថ្មីៗនេះ បទឈប់បាញ់មួយត្រូវបានសម្រេចឡើងដោយភាគីអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស។ លោកប្រធានាធិបតេយ្យ Joe Biden បន្ទាប់ពីមានការសម្របសម្រួលឲ្យមានការឈប់បាញ់នេះ លោកបានអំពាវនាវផងដែរថា ជនជាតិប៉ាឡេស្ទីនក្ដីអ៊ីស្រាអែលក្ដី គឺសមនឹងទទួលបានសិទ្ធិរស់រានមានជីវិតស្មើៗគ្នា ដោយផ្អែកទៅលើសេរីភាព គោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍នៃការអភិវឌ្ឍន៍ ផងដែរ។ ជំនួយមនុស្សធម៌ ជាពិសេសទៅលើតំបន់ហ្គាសា (Gaza) ដែលមានការខូចខាតច្រើន ចាំបាច់ត្រូវតែមានធ្វើយ៉ាងណាឲ្យការរស់រានមានជីវិត និងការកសាងនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឲ្យមានកាន់តែឆាប់។
សំនួរទី៤៖ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ(UNSC) បានបើកកិច្ចប្រជុំដើម្បីស្វែងរកនូវដំណោះស្រាយចំពោះជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនចំនួន ០៣លើក រួចមកហើយ។ យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំទាំង ០៣លើកនេះ សហរដ្ឋអាមេរិកបានប្រើប្រាស់នូវសិទ្ធិវេតូ (Veto) របស់ខ្លួន ដើម្បីរារាំងការចេញនូវសេចក្ដីថ្លែងការរួមរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធនឹងជម្លោះនេះ។ ថាតើអ្វីទៅជាគោលជំហរបស់អាមេរិកក្នុងការរារាំងការចេញនូវសេចក្ដីថ្លែងការរួមទៅលើបញ្ហាការវាយប្រហារគ្នានៅតំបន់ហ្គាសានេះ?
អ៊ីស្រាអែលជាប្រទេសតូច បើប្រៀបធៀបនឹងប្រទេសនានានៅក្នុងតំបន់។ ដូច្នេះ អ៊ីស្រាអែលចាំបាច់ត្រូវបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជុំវិញ និងបណ្ដាប្រទេសផ្សេងៗ ជាពិសេសមហាអំណាចតែម្ដង។ ជាក់ស្ដែង អ៊ីស្រាអែល និងអាមេរិកជាសម្ព័ន្ធមិត្តស្អិតរមួតជាមួយគ្នា។ អ៊ីស្រាអែល មានផលប្រយោជន៍ចំពោះសហរដ្ឋអាមេរិក ហើយអាមេរិកក៏មានផលប្រយោជន៍សម្រាប់អ៊ីស្រាអែល ផងដែរ។ អ៊ីស្រាអែលត្រូវការសហរដ្ឋអាមេរិកលើផ្នែកយោធា និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យអ៊ីស្រាអែលមានលទ្ធិភាពទប់ទល់ខ្លួនពីការឈ្លានពានរបស់បណ្ដារដ្ឋអារ៉ាប់នៅជុំវិញ។ ដោយឡែកអាមេរិកវិញ ចាំបាច់ត្រូវមានអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តក្នុងតំបន់ ហើយក៏មិនចង់ឃើញរដ្ឋអារ៉ាប់ មានឥទ្ធិពលខ្លាំងក្នុងតំបន់ដែលគំរាមគំហែងដល់យុទ្ធសាស្ដ្រ និងផលប្រយោជន៍របស់អាមេរិកក្នុងតំបន់ដែរ។ ម្យ៉ាងទៀត សហរដ្ឋអាមេរិកក៏ត្រូវការអ៊ីស្រាអែល ធ្វើជាដៃគូទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងតំបន់ ជាពិសេសគឺនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តែម្ដង។ ជារួម បើយើងមើលទៅលើផ្នែកយុទ្ធសាស្ដ្រ ឬភូមិសាស្ដ្រនយោបាយវិញ យើងឃើញថា ចង់ឬមិនចង់ សហរដ្ឋអាមេរិកត្រូវធានាថា តំបន់មជ្ឈិមបូព៌ានេះមានស្ថិរភាព។ ម្យ៉ាង វាបម្រើឲ្យផលប្រយោជន៍សហរដ្ឋអាមេរិកផង និងម្យ៉ាង វាធានាឲ្យគោលការណ៍សហរដ្ឋអាមេរិកដែលព្យាយាមដើរតួជាប្រទេសដឹកនាំពិភពលោកក្នុងការរក្សាសណ្ដាប់ ធ្នាប់ពិភពលោកបាន ផងដែរ។
សំនួរទី៥៖ មានមតិរបស់សាធារណៈជន និងសារព័ត៌មានមួយចំនួននៅលើបណ្ដាញសង្គម បានចោទជាចម្ងល់មួយថា ហេតុអ្វីបានជាអាមេរិកគាំទ្រអ៊ីស្រាអែលនៅក្នុងជម្លោះនេះ ដែលជម្លោះនេះបានបង្កឲ្យមានការបាត់បង់ជីវិតជនស្លូតត្រង់ជាច្រើន រួមមានទាំងស្រ្តី និងកុមារ ផងដែរ។ ចំពោះរូបលោកផ្ទាល់ តើលោកយល់ឃើញដូចម្ដេចទៅលើចំណាត់ការរបស់អាមេរិកនៅក្នុងកាលៈទេសៈមួយនេះ? ប្រសិនបើ ជម្លោះនេះនៅតែបន្តអូសបន្លាយទៅមុខយូរទៅទៀត ហើយអាមេរិកនៅតែបន្តអនុវត្តនូវសកម្មភាពដូចបច្ចុប្បន្ននេះ ថាតើវាអាចនឹងជះឥទ្ធិពលអ្វីខ្លះទៅដល់សណ្តាប់ធ្នាប់សាកល នាពេលអនាគត?
បើនិយាយអំពីជម្លោះរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល មែនទែនទៅ វាមិនមែនពិបាកសម្រាប់តែភាគីជម្លោះទេ ប៉ុន្តែក៏ពិបាកសម្រាប់អន្តរជាតិ ឬក៏អាមេរិកក្នុងការចាត់នូវវិធានការជាក់លាក់ណាមួយដែរ។ ដោយសារតែវិបត្តិនេះ ទាក់ទងនឹងបញ្ហាសាសនាផង បញ្ហាជាតិសាសន៍ផង សំខាន់ពាក់ព័ន្ធនឹងផលប្រយោជន៍យុទ្ធសាស្ដ្ររបស់ភាគីជម្លោះ និងមហាអំណាចផ្សេងៗនៅក្នុងតំបន់ផង។ ម្យ៉ាងទៀត យើងអាចមើលឃើញថា សហរដ្ឋអាមេរិក ជាពិសេសក្រោយក្រោមការដឹកនាំរបស់រដ្ឋបាល Joe Biden គឺពិតជាព្យាយាមសើរើនូវសណ្ដាប់ធ្នាប់ ក៏ដូចជាតួនាទីរបស់អាមេរិកឡើងវិញ នៅលើឆាកអន្តរជាតិ។ យើងមិនអាចប្រកែកបានទេថា សហរដ្ឋអាមេរិកពិតជាបានដើរតួនាទីសំខាន់លើបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ។ លោកប្រធានាធិបតី Joe Biden បានជួបសន្ទនាជាច្រើនលើក ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។ កិច្ចសន្ទនានេះបានចូលរួមមួយផ្នែក ដើម្បីធានាឲ្យមានបទឈប់បាញ់ផងដែរ។ នៅពេលដែលបទឈប់បាញ់មួយត្រូវបានធ្វើឡើង សហរដ្ឋអាមេរិកក៏បានធានាឲ្យមានការរៀបចំឡើងវិញនៅក្នុងតំបន់ និងផ្ដល់ជំនួយមនុស្សធម៌ផ្សេងៗ តាមដែលអាចធ្វើទៅបាន ដើម្បីស្ដារនូវការបំផ្លិចបំផ្លាញក្នុងតំបន់ហ្គាសា (Gaza) ឡើងវិញ។ តាមទស្សនៈផ្ទាល់របស់ខ្ញុំ ខ្ញុំមើលឃើញថា អាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតីមុន Donald Trump មានការប្រកាន់យកនូវគោលនយោបាយការបរទេសខុសគ្នាពីប្រធានាធិបតីបច្ចុប្បន្ន លោកJoe Biden។ ប៉ុន្តែ យើងអាចនិយាយបានថា អាមេរិកកំពុងតែព្យាយាមសើរើនូវតួនាទី ក៏ដូចជាមុខមាត់របស់ខ្លួនឡើងវិញ នៅលើឆាកអន្តរជាតិ ជាពិសេសសើរើការតភ្ជាប់ជាមួយនឹងសម្ព័ន្ធមិត្ត។ សម្ព័ន្ធមិត្តរបស់អាមេរិកក្រោមការគ្រប់គ្រងរបស់លោក Joe Biden ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានានូវផលប្រយោជន៍របស់ខ្លួននៅក្រៅប្រទេស។ ម្យ៉ាងយើងឃើញថា លោក Joe Biden បានអះអាងជាច្រើនលើកថា លោកនឹងលើកស្ទួយឡើងវិញនូវគុណតម្លៃរបស់អាមេរិករួមមាន ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ក៏ដូចជាការគោរពនូវច្បាប់អន្តរជាតិ ផងដែរ។ ខ្ញុំអាចមើលឃើញពីតួនាទីងើបឡើងវិញរបស់សហរដ្ឋអាមេរិក មិនត្រឹមតែនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ តែនៅក្នុងពិភពលោកតែម្ដង។
សំនួរទី៦៖ តាមទស្សនៈរបស់លោកផ្ទាល់ តើសហគមន៍អន្តរជាតិគួរតែមានដំណោះស្រាយយ៉ាងដូចម្ដេច ដើម្បីបញ្ចប់នូវការវាយប្រហារដោយប្រដាប់អាវុធរវាងភាគីជម្លោះទាំងពីរនេះ?
ខ្ញុំយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអ៊ីស្រាអែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលស្រាប់តែម្ដង។ ខ្ញុំយល់ឃើញថា ដំណោះស្រាយពិបាកនឹងស្វែងរក ដើម្បីដោះស្រាយបញ្ហាអ៊ីស្រាអែល និងប៉ាឡេស្ទីននេះណាស់ ហើយជម្លោះនេះមិនត្រឹមតែជាជម្លោះដែនដីទេ ហើយក៏ពាក់ព័ន្ធទៅលើសាសនាផង ជាតិសាសន៍ផង ក៏ដូចជាផលប្រយោជាន៍របស់បណ្ដាប្រទេសពាក់ព័ន្ធផងដែរ។
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
អ្នករៀបចំអត្ថបទ៖ កញ្ញា គី ស៊ីណា