Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល

AVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល
{{svg_share_icon}}

នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិតបានលើកឡើងថា​ សន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើបញ្ហាមនុស្សធម៌ ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ក្រុមតាលីបង់ធានាថា នឹងមិនគាំទ្រនូវសកម្មភាពភេរវកម្មនិយមនោះទេ ដោយក្រុមនេះចង់បញ្ជាក់ឲ្យសញ្ញាមួយច្បាស់ថាគាត់នឹងមិនគាំទ្រទៅដល់ក្រុមភេរវករនិយមនានា។ នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។

សំណួរទី ១៖   ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពរបស់ប្រទេសអាហ្វហ្កានីស្ថាន យើងដឹងហើយថាប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នគឺកំពុងតែជួបនូវភាពវឹកវរក៏ដូចជាបញ្ហាអសន្តិសុខខ្លះនៅក្នុងប្រទេស។ លោកបណ្ឌិតអាចជួយរៀបរាប់បន្តិចបានដែរឬទេ ថាតើស្ថានភាពនយោបាយនៅប្រទេសនេះបានវិវឌ្ឍន៍ទៅដល់កម្រិតនេះហើយ?

បច្ចុប្បន្ននេះតាមការសង្កេតរបស់ខ្ញុំ គឺសន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើ Humanitarian Crisis ដែលគេហៅថាបញ្ហាមនុស្សធម៌ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ជាក់ស្ដែងយើងឃើញថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គឺមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងធំដែលសម្លាប់មនុស្សជាច្រើននៅប្រលានយន្តហោះកាប៊ូល ក្នុងពេលដែលប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងព្យាយាមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនហើយនឹងប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជាប្រជាពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងៗឲ្យចេញផុតពីប្រទេសនេះ ដែលអ្នកដែលឈរនៅពីក្រោយខ្នងនៃការបំផ្ទុះគ្រាប់បែកនេះគឺជាពួក ISIS-K បានបង្កឡើងនូវបញ្ហានេះ។ មួយទៀតគឺបញ្ហាដែលខ្ញុំចង់លើកឡើងដែល គឺទាក់ទងជាមួយនឹងបញ្ហាផ្នែកមនុស្សធម៌ (Humanitarian Crisis) គឺចាប់ផ្ដើមកើតមានឡើងខ្លាំងហើយពីព្រោះដោយសារតែប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះគាត់កំពុងតែព្យាយាមគេចឲ្យផុតពីរបបគ្រប់គ្រងដោយតាលីបង់ហ្នឹង អ៊ីចឹងគាត់ព្យាយាមធ្វើម៉េចក៏ដោយឲ្យតែគាត់បានចេញទៅដល់ព្រលានយន្តហោះ ហើយគាត់បានឡើងយន្តហោះទៅកាន់បណ្ដាប្រទេសផ្សេងទៀត ដូច្នេះហើយយើងឃើញថាដោយសារបញ្ហានេះគឺប្រទេសអាហ្វហ្គានីស្ថានកំពុងជួបភាពវឹកវរខ្លាំងមែនទែន។

សំណួរទី ២៖   ពាក់ព័ន្ធនឹងវត្តមានរបស់ក្រុម ISIS-K ក៏ដូចជាក្រុមសកម្មប្រយុទ្ធតូចៗផ្សេងទៀតដែលក្រោកឡើងដើម្បីបោះបាល់ប្រឆាំងទៅនឹងក្រុមតាលីបង់នេះ តើក្រុមទាំងអស់នោះមានប្រភពមកពីណា ហើយទទួលបានចំណូលមកណា?

ជាក់ស្ដែងគឺថាប្រទេសអាហ្វហ្គានីស្ថានគឺមានច្រើនក្រុម ដែលកំពុងព្យាយាមដណ្តើមអំណាចចាប់ពីកងទ័ពសហភាពសូវៀតដកចេញតាំងពីឆ្នាំ១៩៨៩ មកគឺមានសង្គ្រាមផ្ទៃក្នុងនៅប្រទេសអាហ្វហ្គានីស្ថាននេះយូរ។ ហើយក្រុមដែលមានភាពលេចធ្លោខ្លាំងជាងគេគឺក្រុមតាលីបង់នេះឯង ដូច្នេះយើងឃើញថាមានក្រុមតាលីបង់ ក្រុមអាយស៊ីស ហើយឥឡូវនេះមានក្រុម ISIS-K មួយទៀតក្រុម ISIS-K នេះគឺជាជំនាន់ថ្មីរបស់ក្រុមអាយស៊ីស។ អ៊ីចឹងយើងឃើញថាក្រុមផ្សេងៗទាំងអស់នេះ យើងពិបាកនិយាយឲ្យចំថាពួកគាត់បានទទួលការផ្គត់ផ្គង់ធនធានពីណាណាស់ ប៉ុន្ដែជាក់ស្ដែងយើងឃើញថាក្រុមតាលីបង់គឺប្រភពធនធានថវិកាច្រើនហើយជាពិសេសគឺបានមកពី វិធីមិនស្របច្បាប់ដូចជាការរត់ពន្វអាភៀន និងណាកូទិកខុសច្បាប់ជាដើម អ៊ីចឹងទៅវាស្រដៀងគ្នាដែរគឺ ISIS-K គាត់ក៏បានទទួលថវិការតាមរបៀបនឹងដែរ។ តាមពិតពួកភេរវកម្មនិយមយើងពិបាកនឹងសន្និដ្ឋានឲ្យបានច្បាស់លាស់ថាពួកគាត់បានប្រភពធនធានថវិការបស់គាត់ហ្នឹងគឺបានមកពីណាឲ្យច្បាស់ណាស់ ពីព្រោះពួកគាត់មានវិធីសាស្ត្រផ្សេងៗជាច្រើន ហើយក្នុងនោះក៏មានដូចជា ក្រៅពីការលក់ណាកូទិកគឺគាត់មានតាំងពីការជំរិតទារលុយរបស់បងប្អូនប្រជាពលរដ្ឋ ប្រជាជនអាហ្វហ្គានីស្ថានដែលរស់នៅក្រៅប្រទេសនឹងគាត់មានរបៀបក្នុងការជំរិតទារលុយទៀតដូច្នេះយើងឃើញថារបៀបនៃការរកលុយគាត់មានច្រើន។

សំណួរទី ៣៖  ពាក់ព័ន្ធទៅនឹងប្រភពចំណូលនេះដែរ តើអាចទេដែលមានប្រទេសទីបីឬក៏តួអង្គទីបីចូលមកជួយនៅក្នុងការស្វែងរកប្រភពចំណូលរបស់ពួកក្រុមសកម្មប្រយុទ្ធទាំងនោះ?

យើងពិបាកនឹងសន្និដ្ឋាននូវការបង្ហាញពីទំនាក់ទំនងរវាងប្រទេសទីបីក្នុងការជួយជាថវិកាទៅដល់ក្រុមសកម្មប្រយុទ្ធផ្សេងៗនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននេះណាស់ ប៉ុន្តែខ្ញុំគិតថាចង់មិនចង់ក៏មានក្រុមផ្សេងៗ គាត់មានវិធីសាស្ត្រក្នុងការទទួលលុយហ្នឹងរបៀបមិនស្របច្បាប់នានាបាន គេអាចថាជាប្រទេសទីបី ឬទីបួនប៉ុន្តែយើងពិបាកក្នុងការរកទំនាក់ទំនងពួកគាត់មែនទែន។

សំណួរទី ៤៖   យើងងាកមកមើលនូវស្ថានភាពរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានវិញម្ដង យើងសង្កេតឃើញថាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺជនជាតិអាហ្វហ្គានីស្ថានបានធ្វើការភៀសខ្លួនចេញពីប្រទេសខ្លួនទៅប្រទេសផ្សេងៗទៀតដូចជាសហរដ្ឋអាមេរិក អូស្ត្រាលីនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ហើយបច្ចុប្បន្នជនភៀសខ្លួនទាំងនោះកំពុងតែជួបប្រទះនូវបញ្ហាមួយចំនួនទាក់ទងនឹងបែបបទសុំទិដ្ឋការដើម្បីជ្រកកោននៅប្រទេសមហាអំណាចទាំងនោះ។ តើមានមូលហេតុអ្វីខ្លះដែលបង្កឲ្យមានការលំបាកក្នុងការសុំទិដ្ឋការបែបនេះ?

យើងត្រូវមើលឃើញថា ធម្មតាក្រុមតាលីបង់គាត់បានដាក់នូវឱសានវាទមួយ ឬកាលបរិច្ឆេទជាក់ស្តែងមួយសម្រាប់ឲ្យកងទ័ពសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺធ្វើម៉េចជម្លៀសប្រជាពលរដ្ឋឲ្យចេញបានត្រឹមថ្ងៃទី៣១ ខែសីហានេះ ដូច្នេះធ្វើយ៉ាងណាឲ្យចេញឲ្យផុតនៅត្រឹមថ្ងៃនឹងឬក៏មុនថ្ងៃនឹង ដែលមិនមែនជារឿងងាយស្រួលក្នុងការជម្លៀសប្រជាពលរដ្ឋមានចំនួនច្រើននាក់នៅក្នុងថ្ងៃតែមួយទេ ជាពិសេសកងទ័ពសម្ព័ន្ធគាត់មិនត្រឹមតែជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនបណ្ណោះទេ គឺគាត់ជម្លៀសតាំងពីប្រជាពលរដ្ឋអាហ្វហ្គានីស្ថានដែលគាត់កន្លងមកធ្លាប់បានជួយដល់កងទ័ពសម្ព័ន្ធមិត្តនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមតាលីបង់ក៏ដូចជាក្រុមអាយស៊ីសជាដើម។ ដូច្នេះក្នុងការត្រួតពិនិត្យមើលឯកសារលម្អិតក្នុងរយៈពេលខ្លីបែបនេះមិនមែនជារឿងងាយស្រួលទេ យើងឃើញថាក្រុមតាលីបង់ទើបតែកាន់កាប់អាហ្វហ្គានីស្ថាននៅត្រឹមពាក់កណ្ដាលខែសីហានេះទេ ដូច្នេះពួកគាត់មិនងាយស្រួលក្នុងការទទួលបានវីសារភ្លាមៗទេ ពីព្រោះដំណើរការធ្វើវីសាគឺគេត្រូវការឯកសារបែបបទច្រើនណាស់។ ដូចនេះនៅពេលដែលប្រជាពលរដ្ឋចាប់ផ្ដើមរត់មកព្រលានយន្តហោះកាប៊ុលទាំងអស់គ្នា យើងឃើញថាវាពិបាក ហើយយើងសួរថាតើនរណាជាអ្នកផ្តល់វីសាឲ្យ ហើយទីពីរថាតើគេអាចផ្ដល់វីសារដល់ប្រជាជនរាប់ពាន់រាប់ម៉ឺននាក់ក្នុងថ្ងៃតែមួយបានអត់ ដូច្នេះវាមិនមែនជារឿងងាយស្រួលទេ។ ហេតុនេះហើយវាបានបង្កើតនូវគេវិបត្តិផ្នែកមនុស្សធម៌ ហើយខ្ញុំគិតថាការផ្តល់ទិដ្ឋការដល់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានក្នុងអំឡុងពេលនេះមិនមែនជារឿងងាយស្រួលទេ ហើយខ្ញុំក៏គិតថាការជម្លៀសខ្លួនរបស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានអាចនឹងមានការអូសបន្លាយពេលទៀត ហើយថាការអូសបន្លាយពេលហ្នឹងវាត្រូវតែមានការចរចាក្រៅផ្លូវការណាមួយរវាងសហរដ្ឋអាមេរិកជាមួយនឹងក្រុមតាលីបង់ទៀត ពីព្រោះដោយសារតែមានប្រជាពលរដ្ឋច្រើនដែលចង់ជម្លៀសខ្លួនចេញ។

សំណួរទី ៥៖   ក្រឡែកមកមើលប្រទេសចិន និងរុស្ស៊ីវិញម្ដងយើងឃើញថាប្រទេសទាំងពីរនេះហាក់ដូចជាពុំទាន់បញ្ចេញនូវសកម្មភាពជាដុំកំភួននៅឡើយទេ តើមូលហេតុអ្វីដែលបណ្ដាលឲ្យពួកគាត់នៅស្ងៀមបែបនេះ?

ខ្ញុំគិតថាប្រទេសចិន និងប្រទេសរុស្ស៊ីនាពេលនេះយើងអាចនិយាយបានថាគាត់មានព្រឹត្តិការណ៍ខ្លះៗគ្រាន់តែថាប្រតិកម្មរបស់គាត់បើប្រៀបធៀបជាមួយនឹងប្រតិកម្មរបស់បណ្តាប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត គឺប្រហែលជាអាចមានលក្ខណៈមួយមិនសូវគួរឲ្យកត់សម្គាល់ ក៏ប៉ុន្តែប្រទេសចិនគាត់ចាប់ផ្ដើមហាក់ដូចជាបង្ហាញកាយវិការមួយក្នុងការទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយក្រុមតាលីបង់ ជាក់ស្ដែងគាត់បានអញ្ជើញក្រុមតាលីបង់ទៅប្រទេសចិនដើម្បីពិភាក្សា។ នេះវាជាចំណែកមួយទូចដែលបង្ហាញឲ្យឃើញពីការវិការរបស់រដ្ឋាភិបាលចិនដែលគាត់ចង់ទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ ពីព្រោះថាចង់មិនចង់គឺគាត់ត្រូវតែរៀនរស់ជាមួយនឹងក្រុមតាលីបង់ ព្រោះថាបើសិនជាប្រៀបជាមួយនឹងបណ្ដាក្រុមផ្សេងទៀត យើងឃើញថាប្រទេសចិនពិបាកមិនអាចរស់នៅជាមួយនឹងក្រុមផ្សេងទៀតណាស់ដូចជាក្រុមអាយស៊ីសជាដើម គឺក្រុមអាយស៊ីសអាចបង្កនូវគ្រោះថ្នាក់ខ្លាំងជាពិសេសនៅខេត្តស៊ីនជាំងរបស់ប្រទេសចិនតែម្តង។ ដូច្នេះហើយបានជាប្រទេសចិននៅពេលដែលកោះអញ្ជើញក្រុមតាលីបង់ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗ កន្លងទៅនេះអ្វីដែលគាត់ចង់បានពីក្រុមតាលីបង់គឺធ្វើយ៉ាងម៉េចឲ្យក្រុមតាលីបង់ធានាថាក្រុមនេះនឹងមិនគាំទ្រនូវសកម្មភាពភេរវកម្មនិយមនោះទេ ជាពិសេសនៃការគាំទ្រចំពោះក្រុមភេរវករនានាដែលទាមទារបំបែកខ្លួននៅតំបន់ស៊ីនជាំងប្រទេសចិន។ ដូច្នេះតាមរយៈនេះគឺក្រុមតាលីបង់គាត់បានសន្យា គាត់ផ្តល់នូវទំនុកចិត្តឲ្យប្រទេសចិនវិញ ដោយបានសន្យាថាបើសិនជារដ្ឋាភិបាលរបស់តាលីបង់បានឡើងកាន់អំណាចហើយនឹងមានការទទួលស្គាល់ជាអន្តរជាតិនោះ ក្រុមនេះនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទេ ដែលគាត់ក៏ចង់បញ្ជាក់ឲ្យសញ្ញាមួយទៅប្រទេសចិនឲ្យច្បាស់ថាគាត់នឹងមិនគាំទ្រទៅដល់ក្រុមភេរវករនិយមនានាក្នុងគោលបំណងដើម្បីឲ្យចិនគាត់មានការអស់ចិត្ត។ រុស្ស៊ីក៏មានជំហរស្រដៀងប្រទេសចិនផងដែរ គឺគាត់មិនចង់ឲ្យមានក្រុមភេរវករនិយម ដើម្បីបង្កនូវអស្ថិរភាពជាពិសេសបើសិនជាអស្ថិរភាពនឹងអាចប៉ះពាល់ដល់បណ្ដាប្រទេសអាស៊ីប៉ែកកណ្ដាល ហើយវាក៏នឹងអាចប៉ះពាល់ទៅដល់សន្តិសុខរបស់រុស្ស៊ីផងដែរ ពីព្រោះជាទូទៅតំបន់អាស៊ីប៉ែកកណ្ដាលគឺជាទ្រនាប់សន្តិសុខរបស់ប្រទេសរុស្ស៊ី។ ដូច្នេះប្រសិនបើមានរឿងកើតឡើងនៅបណ្ដាប្រទេសអាស៊ីកណ្តាលនេះគឺមានន័យថាវាប៉ះពាល់ទៅដល់សុខរុស្ស៊ី។ ដូច្នេះហើយយើងឃើញថានាពេលថ្មីៗនេះទាំងប្រទេសចិននិងប្រទេសរុស្ស៊ីគឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។

សំណួរទី ៦៖   ក្រោយពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានហើយ តើក្រុមតាលីបង់នេះបានបង្កើតក៏ដូចជាដាក់ចេញនូវគោលការណ៍អ្វីខ្លះ?

ជាក់ស្ដែងនៅរយៈពេលចុងក្រោយ យើងពុំទាន់ឃើញគោលនយោបាយអ្វីដែលជាដុំកំភួនរបស់ក្រុមតាលីបង់នេះនៅឡើយ ក្រៅពីក្រុមតាលីបង់គាត់មានការសន្យាទាំងក្នុងនិងក្រៅប្រទេសថាគាត់ជារដ្ឋាភិបាលមួយដែលនឹងមិនបង្កនូវអសន្តិសុខទៅដល់ពិភពលោកក៏ដូចជាមិនបង្កនូវអសន្តិសុខសម្រាប់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទូទៅ។ ចំពោះពិភពលោកវិញ យើងឃើញថារដ្ឋាភិបាលតាលីបង់គាត់ហាក់ជាបន្ទន់ឥរិយាបថច្រើនចំពោះលោកខាងលិចក៏ដូចជាចិន និងរុស្ស៊ី និងតាមរយៈការសន្យាដោយមិនឲ្យមានការគាំទ្រទៅដល់ក្រុមភេរវករនិយមជាពិសេសក្រុម ISIS ហើយជាក់ស្ដែងក្រុម ISIS គឺជាសត្រូវរបស់ក្រុមតាលីបង់ផងដែរ។ នេះជាអ្វីមួយដែលគាត់ព្យាយាមការពន្យល់ធ្វើយ៉ាងណាឲ្យពិភពលោកមានការទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយក្រុមតាលីបង់។ ចំពោះប្រជាពលរដ្ឋអាហ្វហ្គានីស្ថានវិញ ក្រុមតាលីបង់គឺគាត់បានព្យាយាមពន្យល់ដោយការដាក់ចេញនូវគោលការណ៍ ក៏ដូចជាគោលនយោបាយផ្សេងៗដើម្បីជំរុញនូវសិទ្ធិរបស់ស្ត្រីក៏ដូចជាកុមារក្នុងការសិក្សាជាដើម ហើយក៏នេះជាអ្វីដែលស្ត្រី កុមារ និងប្រជាពលរដ្ឋអាហ្វហ្គានីស្ថានភាគច្រើនគាត់មានការបារម្ភព្រោះគេខ្លាចថាក្រុមតាលីបង់នេះនៅពេលដែលគាត់បានក្ដោបអំណាចពេញដៃនោះគាត់មិនអនុវត្តនូវគោលនយោបាយដូចដែលគាត់អាចអនុវត្តនៅដើមទសវត្សរ៍ឆ្នាំកៅសិបពេលកន្លងមក។ បើយើងក្រឡេកមើលនាពេលដំបូងនេះការសន្យារបស់គាត់មើលទៅមានភាពវិជ្ជមានច្រើនតែចំពោះការអនុវត្តយ៉ាងណានោះ គឺយើងអត់ទាន់ដឹងទេយើងត្រូវរង់ចាំមើលតទៅទៀតនៅពេលដែលក្រុមនេះស្ថាបនារដ្ឋាភិបាលថ្មី និងនៅពេលដែលកងទ័ពសម្ព័ន្ធគាត់ដកចេញអស់ពីផ្ទះប្រទេសអាហ្វហ្គានីស្ថាន។

សំណួរទី ៧៖  នៅប៉ុន្មានថ្ងៃចុងក្រោយនេះយើងឃើញថាមានអ្នកនាំពាក្យក្រុមតាលីបង់គឺលោក Mujahid បានអះអាងថាព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា (9/11) គឺមិនបានពាក់ព័ន្ធទៅនឹងលោកអូសាម៉ាប៊ីនឡាដិនទេ។ តើការអះអាងនេះវាអាចនឹងបង្កឲ្យក្រុមសកម្មប្រយុទ្ធដទៃទៀតធ្វើការបះបោរ និងពង្រឹងការប្រឆាំងរបស់ខ្លួនទៅប្រទេសលោកខាងលិចដែរឬទេ?

ពន្យល់ចំពោះអ្វីដែលអ្នកនាំពាក្យរបស់ក្រុមតាលីបង់គាត់លើកឡើងថាព្រឹត្តិការណ៍១១ កញ្ញានេះមិនទាក់ទងជាមួយនឹងក្រុមរបស់លោកអូសាម៉ាប៊ីនឡាដិននេះ បើតាមទស្សនៈខ្ញុំផ្ទាល់ខ្ញុំគិតថានេះជាភាសាការទូតច្រើនជាង គឺគាត់ព្យាយាមធ្វើម៉េចឲ្យបណ្ដាក្រុមអ្នកប្រឆាំងផ្សេងទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគាត់អស់ចិត្ត មានន័យថាក្រុមតាលីបង់ថ្មីនេះឃើញថាគាត់បានបានបន្ទន់ឥរិយាបថច្រើន។ ដូច្នេះបើយើងក្រឡេកមើលនៅក្នុងកែវភ្នែករបស់ក្រុមអ្នកប្រយុទ្ធផ្សេងទៀតគាត់គិតថាក្រុមតាលីបង់នេះជាក្រុមមួយដែលមិនមែនប្រកាន់យកនូវតម្លៃឥស្លាមនិយមពិតប្រាកដទេ ដូច្នេះពួកគាត់នឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋដែលប្រកាន់យកសាសនាអ៊ីស្លាម និយាយឲ្យខ្លីគឺថាក្រុមតាលីបង់មិនអាចការពារសាសនាអ៊ីស្លាមបាន ដូច្នេះបើគាត់និយាយភាសាការទូតក្នុងន័យថាដើម្បីកុំឲ្យពួកសកម្មប្រយុទ្ធផ្សេងទៀតគាត់មានការខឹងសម្បាជាមួយនឹងក្រុមតាលីបង់ បើនិយាយឲ្យខ្លីគឺឲ្យក្រុមទាំងនោះគិតថាយ៉ាងហោចណាស់ក្រុមតាលីបង់ក៏គាត់នៅគិតពីតម្លៃមួយដែលប្រឆាំងជាមួយនឹងលោកខាងលិចផងដែរ មួយផ្នែកណានោះគាត់និយាយហាក់ដូចជាងាកទៅរកលោកខាងលិច ហើយមួយផ្នែកទៀតហាក់ដូចជាប្រយុទ្ធប្រឆាំងជាមួយលោកខាងលិច នេះគេហៅថាយុទ្ធសាស្រ្តចាក់ខ្សែធ្វើយ៉ាងមិចឲ្យត្រូវទាំងក្នុងនឹងក្រៅប្រទេស ពីព្រោះអ្វីដែលក្រុមតាលីបង់ចង់បានគឺភាពស្របច្បាប់។ 

សំណួរទី ៨៖   តាមទស្សនៈរបស់លោកផ្ទាល់ ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃស្ថានការណ៍នយោបាយនៅប្រទេសអាហ្វហ្កានីស្ថាននេះឃើញថាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គឺមានការផ្លាស់ប្ដូរប្រែប្រួលច្រើន តើលោកបណ្ឌិតមានទស្សនៈយ៉ាងខ្លាំងចំពោះជោគវាសនានៃប្រទេសនេះក៏ដូចជាជោគវាសនានៃប្រជាជនអាហ្វហ្គានីស្ថានដែរ?

ចំពោះបញ្ហានេះខ្ញុំគិតថាជោគវាសនារបស់ប្រទេសនេះ ក៏ដូចជាប្រជាជនរបស់ប្រទេសនេះនៅក្នុងពេលនេះគឺហាក់ពុំមានភាពភ្លឺស្វាងនោះទេ ព្រោះថាដោយសារបញ្ហាទីមួយយើងឃើញថាភេរវកម្មនិយមនឹងអាចកើតមានឡើងច្រើនក្រោយពេលដែលកងទ័ពសម្ព័ន្ធមិត្តគាត់ដកចេញ អ៊ីចឹងការប្រយុទ្ធប្រឆាំងគ្នាឯងក្នុងប្រទេសនឹងបន្តរយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ ហេតុនេះហើយបានប្រជាពលរដ្ឋអាហ្វហ្គានីស្ថានគាត់ភ័យក៏រត់ជម្លៀសខ្លួនដោយសារគាត់ខ្លាចសង្គ្រាមផ្ទៃក្នុង នេះគឺជាវឌ្ឍនភាពដ៏គួរឲ្យបារម្ភ។ មួយទៀតគឺភេរវកម្មនៃការបំផ្ទុះគ្រាប់បែកដែលវាជាសញ្ញាដំបូងដែលប្រាប់ទៅប្រជាពលរដ្ឋអាហ្វហ្គានីស្ថានថាបន្តិចទៀតនឹងមានច្រើនជាងនេះទៀត។ ដូច្នេះយើងឃើញថា នេះជាសញ្ញាមួយមិនល្អសម្រាប់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទេ ដរាបណាពិភពលោកជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពុំមានការជួយទំនុកបម្រុងក្នុងការស្ថាបនាប្រទេសនេះឡើងវិញទេ គឺប្រទេសនេះនឹងធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្រ្គាមអស់រយៈពេលរាប់ឆ្នាំបន្តទៅទៀត ហើយការធ្លាក់ចុះនៃប្រទេសអាហ្វហ្គានីស្ថានទៅក្នុងភ្លើងសង្គ្រាមមិនមែនមានន័យថា ប្រទេសនេះជួបបញ្ហាអសន្តិសុខប៉ុណ្ណោះទេ គឺពិភពលោកទាំងមូលក៏ជួបនូវអសន្តិសុខផងដែរ ដោយសារតែការរីកធំធាត់ឡើងនៃក្រុមភេរវកម្មនិយមនិងក្រុមអាយស៊ីសជាដើម ដែលគាត់មានទំនាក់ទំនងច្រើននៅបណ្ដាប្រទេសនានាលើពិភពលោកមានទាំងនៅអាហ្រ្វិច អាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ាជាដើម ហើយនេះជាអ្វីដែលពិភពលោកមានការបារម្ភខ្លាំងអំពីជោគវាសនាអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន។

សំណួរទី ៩៖   តើភាពវឹកវរនៅប្រទេសអាហ្វហ្គានីស្ថាននេះអាចនឹងប្រែប្រួលឬធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិក៏ដូចជាសន្តិសុខសកលប្រែប្រួលទៅជារូបភាពបែបនេះដែរនៅក្នុងពេលអនាគត?

ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹងអ្វីដែលសំខាន់គឺអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្តិសុខពិភពលោកដែលជាពិសេសទៅលើបញ្ហាភេរវកម្មតែម្ដង។ នៅពេលដែលក្រុមតាលីបង់បានចូលកាន់កាប់ទីក្រុងកាប៊ុលក៏ដូចជាប្រទេសអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ គាត់បានដោះលែងនៅក្រុមភេរវករច្រើនណាស់បើនិយាយទៅគឺពួករ៉ាឌីកាល់ ហើយពួករ៉ាឌីកាល់នឹងក៏មានទំនាក់ទំនងជាមួយនឹងក្រុមអាយស៊ីសផងដែរ មានន័យថាគាត់នឹងមានឱកាសក្នុងការបង្កនូវអំពើភេរវកម្មម្ដងទៀតសម្រាប់ប្រទេសនានានៅក្នុងពិភពលោកដែលក្នុងនោះសូម្បីតែប្រទេសអាស៊ីអាគ្នេយ៍យើងក៏អាចស្ថិតក្នុងរ៉ាដារបស់គេផងដែរ នេះជាអ្វីដែលពិភពលោកកំពុងបារម្ភណាស់។ សូម្បីតែសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ក៏គាត់បារម្ភពីបញ្ហានេះដែល ថ្វីត្បិតថាក្រុមអាល់កៃដាមិនទាន់អាចបង្កជាផលប៉ះពាល់ជាដុំកំភួនទៅដល់សហរដ្ឋអាមេរិកនៅក្នុងរយៈពេលខ្លីខាងមុខនេះ ក៏ប៉ុន្តែយើងមិនដឹងថាក្រុមអាល់កៃដានៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខនៅពេលដែលគាត់អាចស្ថាបនាធនធានរបស់គាត់បានគ្រប់គ្រាន់ ដូច្នេះគាត់អាចនឹងបង្កផលប៉ះពាល់អសន្តិសុខទៅដល់បណ្ដាប្រទេសលោកខាងលិចដែលនៅក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ ដែលនេះជាអ្វីដែលពិភពលោកកំពុងព្រួយបារម្ភមែនទែនទាំងលោកខាងលិចក៏ដូចជាចិននិងរុស្ស៊ីជាដើម គឺគាត់បារម្ភអំពីជោគវាសនារបស់គាត់ហើយគាត់មានវិធីតែមួយគត់គឺគាត់ត្រូវតែជឿជាក់ទៅលើក្រុមតាលីបង់ ធ្វើម៉េចកុំឲ្យរដ្ឋាភិបាលដឹកនាំរបស់ពួកគេគាំទ្រទៅដល់ក្រុមភេរវករ នោះសន្តិសុខរបស់ពិភពលោកនឹងអាចមានភាពប្រសើរឡើងបើសិនជារដ្ឋាភិបាលរបស់ក្រុមតាលីបង់គាត់មិនគាំទ្រទៅដល់ក្រុងភេរវកម្មនិយម។

សំណួរទី ១០៖ តើអាចទេនៅថ្ងៃអនាគតអាមេរិក ចិន និងរុស្ស៊ីនឹងរួមសហការគ្នាដើម្បីថែរក្សាសន្តិសុខសកលលោក?

ខ្ញុំអាចនិយាយបានថាទោះបីជាលោកខាងលិចជាមួយនឹងប្រទេសចិន និងរុស្ស៊ីមិនត្រូវគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែបញ្ហាប្រទេសអាហ្វហ្គានីស្ថាននេះអាចជាចំណុចចាប់ផ្ដើមមួយនៃការសហការរវាងប្លុកទាំងពីរ ពីព្រោះថាអ្វីដែលគំរាមកំហែងគាត់ទាំងពីរនាក់នៅពេលពេលនេះគឺជាបញ្ហាភេរវកម្មនិយម ដូច្នេះចង់មិនចង់គាត់អាចនឹងអង្គុយជាមួយគ្នាដើម្បីពិភាក្សាដោះស្រាយ និងប្រយុទ្ធប្រឆាំងជាមួយនឹងអំពើភេរវកម្មនិយមដែលកើតឡើងចេញពីប្រទេសអាហ្វហ្គានីស្ថាននេះ នៅក្នុងករណីដែលថារដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់នេះគាត់អាចមានការគាំទ្រណាមួយដែលអាចបង្កផលប៉ះពាល់អសន្តិសុខក្នុងតំបន់ក៏ដូចជាពិភពលោកនេះ។ ខ្ញុំគិតថានេះជាចំណុចចាប់ផ្ដើមមួយដែលធ្វើឲ្យប្លុកនៃលោកសេរី និងកុម្មុយនិសធ្វើការជាមួយគ្នា។

វាគ្មិន៖ លោបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031