Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice ៖ ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន

AVI Voiceការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន

ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបកស្រាយអំពីយន្តការការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របខ្លួនក៏ដូចជាការកាត់បន្ថយបម្រែបម្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។

សំណួរទី១៖ អង្គការសហប្រជាជាតិ បានក្រើនរំឭកយើងថា ទោះបីជាការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះប្រហែល ៦% ក្នុង ឆ្នាំ២០២០ ក៏ដោយក៏វឌ្ឍនភាពនេះគ្រាន់តែកើតមានឡើងក្នុងរយៈបណ្តោះអាសន្នប៉ុណ្ណោះ។ ហេតុអ្វីការសញ្ញាណវិជ្ជមាននេះអាចនឹងពុំមានរយៈពេលយូរដែរ?

ហេតុផលទាក់ទងនឹងការកើនឡើងវិញនូវឧស្ម័នផ្ទះកញ្ចក់នឹង គឺការប្រែប្រួលអាកាសធាតុនឹងត្រូវបានភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនម្នាក់ៗ ភ្ជាប់គ្នាជាមួយនឹងសេដ្ឋកិច្ចទាំង។ ដូចនេះ នៅពេលដែលពិភពលោកយើងចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញធម្មតា ការធ្វើទេសចរឡើងវិញធម្មតា នឹងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត គឺការបំភាយឧស្ម័នផ្ទះកញ្ចក់នេះនឹងត្រូវបានបំភាយឡើងវិញធម្មតា។ ឧទាហរណ៍ ដូចជាវិស័យទេសចរណ៍ដែលឥឡូវមិនសូវមានសកម្មភាពទេ ដែលនាំឲ្យមិនសូវមានការហោះហើរនោះឡើយ ដែលធ្វើឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រូវបានបញ្ឈប់ឬត្រូវបានកាត់បន្ថយ ប៉ុន្តែប្រសិនបើយើងចាប់ផ្ដើមការហោះហើរឡើងវិញ ឧស្ម័នផ្ទះកញ្ចក់នឹងចាប់ផ្ដើមបញ្ចេញទៅក្នុងបរិយាកាស។ ប្រសិបើយើងមើលទៅលើទិដ្ឋភាពការប្រែប្រួលអាកាសធាតុ យើងសង្កេតឃើញថាវាល្អ ក៏ប៉ុន្តែបើយើងមើលទៅលើសកម្មភាពសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោកវិញ គឺកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដោយសារតែសកម្មភាពនៃការប្រកបរបរ សកម្មភាពដំណើរការផលិតកម្ម វិស័យទេសចរណ៍ និងសកម្មភាពផ្សេងៗដើម្បីជម្រុញសេដ្ឋកិច្ចត្រូវបានបញ្ឈប់ ដែលវាជាសកម្មភាពដែលត្រូវតែចាប់ផ្ដើម។ ហើយអ្វីដែលយើងគួរឲ្យបារម្មណ៍មួយទៀត គឹថានៅពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមឡើងវិញមានន័យថាប្រទេសនីមួយៗ ព្យាយាមប្រឹងខាងសេដ្ឋកិច្ចខ្លាំងដែលជម្រុញឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់ចាប់ផ្ដើមភាយខ្លាំងដែរ។ ហេតុផលមួយទៀតនោះ គឺជម្រើសនៃការអភិវឌ្ឍមួយនៃការបំភាយកាបូននៅទាបនៅឡើយ ឧទាហរណ៍ដូចជាការផលិតអគ្គីសនីភាគច្រើនគឺពឹងផ្អែកទៅលើការប្រើប្រាស់ហ្វូស៊ីល។ ហើយហេតុផលមួយទៀត គឺរបៀបនៃការរស់នៅរបស់ប្រជាជននៅលើពិភពលោកជាច្រើនដែលក្នុងគ្រួសារមួយមានឡាន២-៣ ដូចនេះការដែលប្រើប្រាស់នូវរបៀបរស់នៅបែបនេះបានរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនមែនទែន។

សំណួរទី២៖   នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ យើងបានកត់សម្គាល់ឃើញថា ការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ (Climate Change Adaptation) និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ (Climate Change Mitigation) គឺជារបៀបវារៈស្នូលចម្បងពីរ ក្នុងការប្រយុទ្ធ ឬដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ តើការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុនេះ មានភាពខុសគ្នាយ៉ាងដូចម្តេចដែរ?

នៅក្នុងការពិភាក្សារបស់អង្គការសហប្រជាជាតិក្នុងក្របខណ្ឌ សន្ធិសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ បានជជែកជាសំខាន់ទៅលើកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការដែលកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ គឺជារឿងមួយដែលស្នូលមែនទែន ដែលនិយាយអំពីការបញ្ឈប់រឺក៏ព្យាយាមដោះស្រាយនូវមូលហេតុដែលធ្វឲ្យមានការប្រែប្រួលអាកាសធាតុ។ រីឯការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ គឺនិយាយអំពីនៅពេលដែលការប្រែប្រួលអាកាសធាតុត្រូវបានកើតឡើងរួចមកហើយ ហើយយើងត្រូវបន្សាំខ្លួនឬសម្របខ្លួនយ៉ាងណាដើម្បីឲ្យផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនឹងមានកម្រិតទាប ឬមួយក៏យើងត្រៀមខ្លួនដើម្បីឲ្យការប៉ះពាល់នឹងកាន់តែតិចតាមដែលអាចធ្វើទៅបាន ឬក៏មានផលប៉ះពាល់ហើយយើងអាចស្ដារឡើងវិញបាន ដែលគេហៅថាមានភាពបន្សាំខ្ពស់។ នេះមានន័យថាប្រទេសពីរនៅពេលដែលមានផលប៉ះពាល់ ឬគ្រោះមហន្តរាយកើតឡើង ប្រទេសមួយបានទទួលរងនូវផលប៉ះពាល់នោះហើយមិនអាចងើបឡើងវិញបាន ប៉ុន្តែប្រទេសមួយទៀតទទួលរងផលប៉ះពាល់ហើយអាចងើបឡើង និងស្ដារស្ថានភាពឡើងវិញបានធម្មតា។ រីឯកាតព្វកិច្ចចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ គឺយើងត្រូវចាប់ផ្ដើមនិយាយអំពីកាតព្វកិច្ចទូទៅទាំងប្រទេសតូចនិងប្រទេសធំសុទ្ធតែមានកាតព្វកិច្ចចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នទៅក្នុងបរិយាកាស។ រីឯការបន្សាំទៀតសោធនឹងក៏ប្រទេសទាំងអស់ត្រូវតែធ្វើដែរ ប៉ុន្តែបើយើងជជែកនៅក្នុងកម្មវិធីនឹងគឺប្រទេសដែលមានការអភិវឌ្ឍភាពគឺជាជនរងគ្រោះនៃការប្រែប្រួលអាកាសធាតុ ហើយការប្រែប្រួលអាកាសធាតុនេះភាគច្រើនកើនឡើងនៅក្នុងប្រទេសអភិវឌ្ឍន៍ ដែលគាត់អភិវឌ្ឍន៍តាំងពីចាប់ផ្ដើននៃបដិវត្តន៍ឧស្សាហកម្ម ដែលបង្កឲ្យមានកំហាប់នៃឧស្ម័នផ្ទះកញ្ចក់មានច្រើន ប៉ះពាល់ដល់ផែនដីទាំងមូល ហើយប្រទេសយើងដែលកំពុងអភិវឌ្ឍន៍តិចតួចនឹងទទួលរងផលប៉ះពាល់ខ្លាំង។ ដូចនេះបានជាមានការជជែកថា ប្រទេសដែលកំពុងអភិវឌ្ឍន៍ ឬមានការអភិវឌ្ឍតិចតួច គឺមានការចូលក្នុងការកាត់បន្ថយដែលតែក្នុងលក្ខខណ្ឌស្ម័គចិត្ត ដោយមិនត្រូវមានកាតព្វកិច្ចត្រូវតែកាត់នោះទេ។ ចំណែកឯប្រទេសអភិវឌ្ឍន៍វិញ ត្រូវតែមានកាតព្វកិច្ចក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសរបស់គាត់នីមួយៗ។

សំណួរទី៣៖   តើយន្តការអនុវត្តស្នូលនៅក្នុងកិច្ចសហប្រតិបត្តិការស្ដីពីការប្រែប្រួលអាកាសធាតុនេះ មានអ្វីខ្លះ? តើយន្តការទាំងនោះមានគោលបំណងចម្បងៗអ្វីខ្លះ និងលក្ខណៈខុសគ្នាយ៉ាងដូចម្ដេចខ្លះដែរ?

ប្រសិនបើយើងជជែកអំពីបម្រែបម្រួលអាកាសធាតុ យើងមានក្របខណ្ឌសន្ធិសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុដែលប្រៀបដូចជាឆ័ត្រមួយធំ ដែលនិយាយអំពីការប្ដេជ្ញាចិត្តរបស់ប្រទេសទូទៅក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ជារួម។ ក្រោយមកទៀតនៅពេលដែលសន្ធិសញ្ញានេះចូលជាធរមាននៅឆ្នាំ១៩៩៤ ប្រទេសដែលជាសមាជិកបានលើកឡើងថានេះវាគ្រាន់តែជាការនិយាយទូទៅ ដូចនេះយើងត្រូវបង្កើតនូវយន្តការណាមួយច្បាស់លាស់ ដើម្បីឲ្យប្រទេសទាំងអស់ចាប់ផ្ដើមធ្វើការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ ដល់ឆ្នាំ១៩៩៧ គេចាប់ផ្ដើមនិយាយអំពីពិធីសារក្យូតូ (Kyoto Protocol) គឺយន្តការមួយសម្រាប់កាត់បន្ថយ ដែលដាក់លក្ខខណ្ឌឲ្យប្រទេសអភិវឌ្ឍន៍ត្រូវកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងប្រទេសរបស់គាត់តាមគោលដៅមួយជាក់លាក់។ យន្តការនៃពិធីសារក្យូតូមានដំណាក់កាលទី១ និងដំណាក់កាលទី ចាប់ពីឆ្នាំ២០០៥ ដល់ ២០១២ ដែលមានការកែសម្រួលមួយដងរួចមកហើយដែលមានការដាក់ការរឹតបន្តឹងជាងមុន ធ្វើឲ្យប្រទេសមួយចំនួនដូចជាអាមេរិក និងជប៉ុនជាដើមមិនព្រមចូលរួមនោះឡើយ។ មកដល់ឆ្នាំ២០១៥ យើងចាប់ផ្ដើមជជែកគ្នាលើការឯកភាពគ្នាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាការប្រឹងប្រែងមួយ ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសនីមួយៗចូលរួមទាំងអស់ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងធ្វើយ៉ាងណាឲ្យការកើនឡើងកម្ដៅភពផែនដីនៅត្រឹម ២អង្សាសេ នៅចុងសតវត្សនេះ និងល្អបំផុតនៅត្រឹម ១,៥អង្សាសេ តាមដែលអាចធ្វើទៅបាប។ ប៉ុន្តែបើតាមមើលតាមនិន្នាការជាក់ស្ដែង តាមរយៈរបាយការថ្មីៗរបស់អន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ គឺប្រហែលពីឆ្នាំ២០៣០-២០៥០ សីតុណ្ហភាពនឹងធ្លាក់ដល់ ១,៥អង្សាសេ មានន័យថានិន្នាការនៃការបំភាយឧស្ម័នផ្ទះកញ្ចក់លើពិភពលោកសព្វថ្ងៃនេះគឺត្រូវកាត់បន្ថយខ្លាំង ហើយគេចង់ឲ្យប្រទេសទាំងអស់ព្យាយាមយ៉ាងណាឲ្យបានត្រឹមពាក់កណ្ដាលសតវត្សនេះឲ្យមានអព្យាក្រឹតកាបូន។

សំណួរទី៤៖ នៅក្នុងក្របខ័ណ្ឌពិធីសារក្យូតូ (Kyoto Protocol) គឺមានការជួញដូរឧស្ម័នអន្តរជាតិ ឬក៏យើងអាចហៅបានថា "ឥណទានកាបូន"។ តើឥណទានកាបូននេះជាអ្វី ? តើអ្វីទៅជានីតិវិធីជួញដូរនៅក្នុងឥណទានកាបូននេះ?

ទាក់ទងជាមួយនឹងឥណទានកាបូន (Carbon Credit) ជាយន្តការមួយដើម្បីឲ្យមានការធ្វើពាណិជ្ជកម្មកាបូន (Carbon Trading) រវាងប្រទេសមួយជាមួយនឹងប្រទេសមួយទៀត ឬក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត។ ឧទាហណ៍ថា នៅក្នុងប្រទេសមួយគាត់តម្រូវឲ្យក្រុមហ៊ុនក្នុងប្រទេសកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិមាណណាមួយ ហើយការកាត់បន្ថយនេះធ្វើឲ្យតម្លៃកាន់តែកើនស្របពេលដែលផលិតកម្មរបស់ក្រុមហ៊ុនកំពុងតែចំណេញច្រើន ដែលធ្វើឲ្យមានការធ្លាក់ចុះនូវផលិតកម្មរបស់គាត់ ដូចនេះគាត់អាចទៅចរចាជាមួយប្រទេសផ្សេងទៀតឬកន្លែងផ្សេងទៀតដែលគេធ្វើការការពារអភិរក្សព្រែឈើ ដើម្បីឲ្យមានការស្រូបយកកាបូនពីបរិយាកាស បន្ទាប់មកក្រុមហ៊ុននោះអាចចុះបញ្ជីក្នុងការធ្វើពាណិជ្ជកម្មការបូនជាមួយក្រុមហ៊ុនផ្សេងឬប្រទេសណាមួយ ដើម្បីជាការចូលរួមរបស់ខ្លួនក្នុងយន្តការនេះ។ ឥឡូវនេះមានយន្តការពីរ ទីមួយគឺទីផ្សារស្ម័គ្រចិត្ត ដូចអ្វីដែលប្រទេសកម្ពុជាកំពុងធ្វើសព្វថ្ងៃ គឺយើងមានការត្រួតពិនិត្យការបូន ការផ្ទៀតផ្ទាត់ និងការអភិរក្ស ក៏ប៉ុន្តែតម្លៃកាបូនមិនបានថ្លៃនោះទេក្នុងទីផ្សារស្ម័គ្រចិត្តនេះ។ ទីពីរគឺការកាត់បន្ថយការបំភាយឧស្ម័នដោយមានការអនុម័តច្បាស់លាស់ (Satisfied Emission Deduction) ដែលវាមានលក្ខណៈតានតឹង និងដំណើរការច្រើន ប៉ុន្តែតម្លៃកាបូនបានថ្លៃ ហើយបើតាមខ្ញុំពិនិត្យមើលនៅទីផ្សារអឺរ៉ុបដែលការបូន១តោន ប្រហែលជា៥០ដុល្លា។ ទាំងនេះគឺជាយន្តការពីរនៅក្នុងទីផ្សារលក់កាបូន ហើយបើយើងនិយាយអំពីឥណទានកាបូននៅកម្ពុជាដែលយើងលក់សព្វថ្ងៃនេះ វាបានមកពីសកម្មភាពនៃការអភិរក្សព្រៃឈើរបស់យើង ហើយយើងបានយកកាបូនដែលយើងបានសន្សំសម្ចៃទៅលក់ឲ្យក្រុមហ៊ុនមួយចំនួនរួចមកហើយ ដែលយើងទទួលបានថវិការជា១១លានដុល្លា តាំងពីឆ្នាំ២០១៦មក។

សំណួរទី៦៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ត្រូវបានប្រទេសមួយចំនួនប្រើប្រាស់ជាឧបករណ៍សម្រាប់ធ្វើនយោបាយរបស់ខ្លួនផងដែរ។ តើអ្វីទៅជារូបភាពពិតប្រាកដនៃនយោបាយូបនីយកម្មទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុនេះ? ហើយតើនរណាជាតួអង្គសំខាន់ នៅក្នុង ការធ្វើនយោបាយូបនីយកម្មនេះ ?

ទាក់ទងទៅនឹងនយោបាយក្នុងការប្រែប្រួលអាកាសធាតុមែនទែនទៅ នៅពេលដែលយើងនិយាយអំពីការប្រែប្រួលអាកាសធាតុគឺវាពាក់ព័ន្ធនឹងនយោបាយតាំងពីដើមរួមមកហើយ។ រឿងនយោបាយនេះ គឺវាពាក់ព័ន្ធជាមួយប្រទេសនឹងប្រទេស ហើយការប្រែប្រួលអាកាសធាតុនេះជាការទទួលខុសត្រូវរួម ដែលប្រទេសនីមួយៗត្រូវតែចូលរួម ប៉ុន្តែសួរថាតើអ្នកណាដែលត្រូវទទួលខុសត្រូវធំ ហើយសុខចិត្តលះបង់ខ្លាំងក្នុងការចូលរួមដើម្បីបុព្វហេតុរួមនេះបាន។ វាជាការទទួលខុសត្រូវរួម ប៉ុន្តែវាតែងតែមានការប្រកែងគ្នាទៅវិញទៅមកក្នុងការពិភាក្សាទាក់ទងនឹងបញ្ហានេះ រវាងប្រទេសដែលកំពុងអភិវឌ្ឍន៍តិចនិងច្រើន និងប្រទេសអភិវឌ្ឍន៍។ ហើយការចរចាភាគច្រើនគឺតែងតែលើកថាវាតែងតែបង្កឡើងដោយប្រទេសអ្នកមាន និងត្រូវទទួលខុសត្រូវ ពីព្រោះកាលពីមុនគាត់បានអភិវឌ្ឍន៍ប្រទេសរួចមកហើយ ហើយពេលឥឡូវប្រទេសតូចតាច ដូចជាតំបន់កោះ ឬកម្ពុជាជាដើមសុទ្ធតែជាជនរងគ្រោះការប្រែប្រួលអាកាសធាតុ ដូចនេះប្រទេសអ្នកមានគាត់ត្រូវតែដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយ។ រីឯការឆ្លើយតបពីប្រទេសអ្នកមានវិញគាត់ថា ការអភិវឌ្ឍរបស់គាត់បានប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ក៏ប៉ុន្តែគាត់ក៏បាននាំមកនូវការរីកចម្រើនសម្រាប់ពិភពលោកទាំងមូលផងដែលទាក់ទងជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា សុខាភិបាល ឧស្សាហកម្ម និងផ្នែកផ្សេងៗទៀត ដែលធ្វើឲ្យមានការកាត់បន្ថយភាពក្រីក្រច្រើននៅទូទាំងពិភពលោក។ ឧទាហរណ៍មួយទៀតយើងទៅមើលប្រទេសចិន ដែលគាត់ថាប្រទេសគាត់គឹជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចនេះគាត់មិនមានកាតព្វកិច្ចចូលរួមក្នុងការកាត់បន្ថយ និងមានកិច្ចសន្យាត្រូវកាត់បន្ថយអ្វីច្បាស់លាស់នោះទេ ដែលនាំឲ្យអាមេរិកតវ៉ាទៅនឹងកាតព្វកិច្ចរបស់គាត់ដែលគាត់ក៏ធ្លាប់ជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នាហេតុអ្វីបានជាគាត់ត្រូវចូលរួមច្រើនជាងប្រទេសចិន ដែលប្រទេសចិនក៏បានបំភាយឧស្ម័នទៅក្នុងបរិយាកាសច្រើនដូចគ្នា។ នេះជាមូលហេតុដែលធ្វើឲ្យអាមេរិកមិនព្រមចូលរួមក្នុងពិធីសារក្យូតូវិញ។ អញ្ចឹងការជជែករឿងនយោបាយនេះ គឺជាការទទួលខុសត្រូវផលប្រយោជន៍ជាតិរបស់គាត់ បើគាត់ហ៊ានសន្យាច្រើនគឺគាត់ត្រូបផ្លាស់ប្ដូរសេដ្ឋកិច្ចប្រចាំរបស់គាត់ (Business Usual) ទៅជារបៀបការអភិវឌ្ឍសេដ្ឋកិច្ចមួយដែលមានការបំភាយឧស្ម័នទាប។ ប្រទេសខ្លះនៅតំបន់អឺរ៉ុប ដើរតួនាទីជាអ្នកនាំមុខក្នុងរឿងប្រែប្រួលអាកាសធាតុនេះ ដោយសារទីមួយមកពីការអភិវឌ្ឍរបស់គាត់ ទីពីរខាងសេដ្ឋកិច្ចគឺគាត់មានប្រភពថាមពលដូចជានុយក្លេអ៊ែរ ឬសកម្មភាពផ្សេងៗទៀតដែលគាត់អាចបត់បែនបាន។ រីឯប្រទេសផ្សេងទៀតនៅតែមានការប្រើប្រភពថាពលពីធ្យូងថ្ម ឬហ្វូស៊ីល ដែលពិបាកក្នុងការផ្លាស់ប្ដូរភ្លាមៗ ក៏ប៉ុន្តែជានិន្នាការបន្តទៀតទោះបីជាប្រទេសអភិវឌ្ឍន៍ឬកំពុងអភិវឌ្ឍន៍ចង់មិនចង់ គឺគាត់ត្រូវតែរងសម្ពាធដោយសារតែប្រទេសអភិវឌ្ឍន៍នៅអឺរ៉ុបចាប់ផ្ដើមដាក់ចេញនូវ EU Green-Deal ដូចជាការដាក់ពន្វទៅលើកាបូនទៅលើវិស័យមួយចំនួនដែលធ្វើពាណិជ្ជកម្មដែលបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើន ដែលមានន័យថាតម្លៃទំនិញចាប់ផ្ដើមឡើងថ្លៃ។ បើយើងមើលទៅលើទិដ្ឋភាពខ្លះវិញប្រទេសមួយចំនួន បើគាត់បន្សាំទៅរកប្រភពថាមពលស្អាតវិញក៏វាមានប្រយោជន៍ដែល គ្រាន់តែថាពេលខ្លះវាអាចមានតម្លៃថ្លៃ តែឥឡូវសូឡារាងធូរថ្លៃគាត់អាចបត់បែនទៅតាមនឹងបាន ហើយវាក៏អាចសន្សំសម្ចៃក៏ដូចជាកាត់បន្ថយការបំពុលខ្យល់។ អញ្ចឹងការបត់បែន ការផ្លាស់ប្ដូរពីប្រភពថាមពលបែបបុរាណ ទៅរកប្រភពថាមពលស្អាតនឹងវាក៏ជួយទៅដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសុខភាពសាធារណៈផងដែរ។

សំណួរទី៧៖ ងាកមកចូលបរិបទនៃប្រទេសកម្ពុជាវិញម្តង តើកម្ពុជាបានធ្វើអ្វីខ្លះមកទល់ពេលនេះដើម្បីឆ្លើយតបក៏ដូចជាចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីបម្រែម្រួល អាកាសធាតុនេះ?

បើយើងក្រឡែកមកមើលកម្ពុជាយើងវិញ ទោះបីយើងជាជនរងគ្រោះនៃគ្រោះមហន្តរាយការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប៉ុន្តែកម្ពុជាយើងតែងតែចូលរួមតាំងពីដំបូងមកម្លេះ តាំងពីឆ្នាំ១៩៩៥ យើងបានចូលជារដ្ឋសមាជិកក្នុងសន្ធិសញ្ញានេះរួចហើយ។ តាំងពីពេលនោះមក កម្ពុជាបានចូលរួមសាកល្បងនូវគម្រោងការអភិវឌ្ឍយន្តការស្អាត ហើយយើងក៏បានចាប់ផ្ដើមកសាងស្ថាប័ន ធ្វើជាគោលនយោបាយផ្សេងៗ ហើយនៅពេលថ្មីៗនេះយើងក៏បានដាក់ជូនអង្គការសហប្រជាជាតិនូវប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ ដែលយើងបានផ្ញើរបាយការណ៍ជូនអង្គការសហប្រជាជាតិនៅចុងឆ្នាំ២០២០។ ហើយទោះបីជាយើងមិនជាប់នូវកាតព្វកិច្ចត្រូវកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ តែយើងប្ដេជ្ញាថាយើងនឹងព្យាយាមកាត់បន្ថយឲ្យបាន ៤២ភាគរយ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងរបាយការណ៍របស់យើង ហើយយើងក៏សង្ឃឹមថាការកាត់បន្ថយនេះនឹងចូលរួមចំណែកច្រើនទាំងការងារ ក៏ដូចជាវិស័យព្រែឈើ ដោយសារការបំភាយឧស្ម័ននឹងវាចេញពីវិស័យព្រែឈើ និងការប្រើប្រាស់ដីច្រើន អញ្ចឹងយើងបានចូលរួមអភិរក្សព្រៃឈើហើយ តាមរយៈការលក់កាបូនដូចដែលបានពិភាក្សាមុននេះ។ ការអភិរក្សព្រៃឈើទៀតសោធ យើងនឹងទទួលបានផលប្រយោជន៍ទាក់ទងនឹងការអភិវឌ្ឍយើងទទួលបានពីសេវាកម្មប្រព័ន្ធអេកូឡូស៊ី ឬមួយក៏យើងអាចអភិវឌ្ឍន៍វិស័យទេសចរណ៍តាមបែបធម្មជាតិដូចអ្វីដែលយើងឃើញថាជានិន្នាការថ្មីមួយនៅកម្ពុជា។ ការចូលរួមរបស់កម្ពុជា តាមអ្វីដែលខ្ញុំបានដឹង ឃើញថារដ្ឋាភិបាលក៏មានការប្ដេជ្ញាចិត្តដែរ ព្យាយាមធ្វើយ៉ាងណាឲ្យការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងធ្លាក់ដល់កម្រិតសូន្រនៅរយៈពេលវែង។ ជារួមទៅ កម្ពុជាយើងជាជនរងគ្រោះ ក៏ប៉ុន្តែយើងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកាតព្វកិច្ចខ្លួនឯងដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។ ការតាំងចិត្តធ្វើទៅបាននេះក៏អាស្រ័យទៅលើជំនួយពីប្រទេសអភិវឌ្ឍន៍ ហើយក៏យើងត្រូវការការលើកកម្ពស់ស្ថាប័ន បុគ្កលិក បច្ចេកទេស និងការតាមដានគោលនយោបាយជាដើម ដែលពិសេសមួយទៀតគឺបច្ចេកវិទ្យាដែលនៅកម្ពុជាយើង ការស្រាវជ្រាវការអភិវឌ្ឍនៅមានកម្រិតនៅឡើយ រីឯប្រទេសអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោកគេមានបច្ចេកវិទ្យាថ្មីជាច្រើន ដូចនេះយើងអាចទទួលបានផលប្រយោជន៍ពីប្រទេសទាំងនោះតាមរយៈកិច្ចពិភាក្សាទាំងទ្វេភាគី និងពហុភាគី ដើម្បីឲ្យសម្រេចបាននូវការប្ដេជ្ញាចិត្តរបស់យើង ហើយវាក៏ជាអ្វីដែលកម្ពុជាគួរតែធ្វើជាចាំបាច់។

***********

វាគ្មិន៖ បណ្ឌិត កែវ ពិសិដ្ឋ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី  និងជាប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព(AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031