Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice៖ ទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម

AVI Voiceទស្សនកិច្ចផ្លូវការរបស់លោកស្រី Kamala Harris នៅសិង្ហបុរី និងវៀតណាម

ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធបានគូសបញ្ជាក់ថា ទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ានទាំងមូលតែម្តង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងបង្កើននូវជំនឿទុកចិត្តឡើងវិញ (Reassurance) នៅក្នុងតួនាទីភាពជាអ្នកដឹកនាំរបស់អាមេរិកទៅក្នុងតំបន់។ លោកបានជូនជាយោបល់ថា អាស៊ានគួរធ្វើយ៉ាងណាឲ្យមានសាមគ្គីភាពរវាងគ្នានិងគ្នា គោរពគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍អាស៊ានរួមជាធំ ដោយពុំគួរយកផលប្រយោជន៍ជាតិមកគ្របដណ្តប់ទៅលើផលប្រយោជន៍អាស៊ាននោះទេ។

សំណួរទី១៖ ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់អនុប្រធានាធីបតីអាមេរិក លោកស្រី Kamala Harris នៅប្រទេស២របស់អាស៊ានគឺ សិង្ហបុរី និងវៀតណាមកាលពីថ្ងៃទី២២-២៤ ខែសីហា កន្លងទៅនេះ យើងឃើញថា មានចំណុចគួរឲ្យចាប់អារម្មណ៍មួយចំនួន ពិសេសគឺសម្រាប់ប្រទេសដែលជាសមាជិកអាស៊ានតែម្តង។ ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចនេះដែរ តើលោកបណ្ឌិតអាចជួយរៀបរាប់អំពីលទ្ធផលសំខាន់ៗដែលសិង្ហបុរី និងវៀតណាមទទួលបានពីដំណើរទស្សនកិច្ចនេះបានដែរឬទេ?

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris មកតំបន់អាស៊ីអាគ្នេយ៍យើងនេះ ពោលគឺប្រទេសសិង្ហបុរី និងប្រទេសវៀតណាមនេះ បានឆ្លុះបញ្ចាំងអំពីគោលនយោបាយសហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះមានន័យថា អាមេរិកបានយកចិត្តទុកដាក់ និងឲ្យតម្លៃខ្ពស់ទៅដល់តំបន់អាស៊ីអាគ្នេយ៍ ហើយតំបន់អាស៊ីអាគ្នេយ៍នេះ ក៏ជាតំបន់មួយដែលមានការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនផងដែរ។ ដូចនេះ ចិនគឺជាកត្តាមួយចម្បង ជាកត្តាមួយសំខាន់នៅក្នុងគោលនយោបាយសហរដ្ឋអាមេរិកមកតំបន់អាស៊ីអាគ្នេយ៍។ យើងឃើញថា លទ្ធផលនៃទស្សនកិច្ចនេះ គឺបានជំរុញនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសសឹង្ហបុរី ក៏ដូចជាសហរដ្ឋអាមេរិកជាមួយនឹងប្រទេសវៀតណាម ទាំងវិស័យសន្ដិសុខ វិស័យការពារជាតិ វិស័យសេដ្ឋកិច្ច និងការគ្រប់គ្រងលើវិស័យបម្រែបម្រួលអាកាសធាតុ (climate change) ក៏ដូចជាជំងឺឆ្លង ដែលរួមមានជំងឺកូវីដ-១៩ផងដែរ។ នេះគឺជារបត់ថ្មីមួយរបស់សហរដ្ឋអាមេរិក និងសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍នៅក្នុងបរិបទកូវីដ និងក្រោយកូវីដ-១៩។ នេះជាសករាជថ្មីមួយ។ 

ទស្សនកិច្ចមកសិង្ហបុរី និងវៀតណាមនេះ ក៏បានឆ្លុះបញ្ចាំងអំពីតុល្យភាពរវាងអាស៊ីអាគ្នេយ៍ដែនទឹក និងអាស៊ីអាគ្នេយ៍ដែនគោក ដែលមានប្រទេសសិង្ហបុរីជាតំណាងអាស៊ីអាគ្នេយ៍ដែនទឹក និងប្រទេសវៀតណាមមកពីអាស៊ីអាគ្នេយ៍ដែនគោក។ វាក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ទាំងមូលនេះតែម្តង។

សំណួរទី២៖ ចំពោះសិង្ហបុរី សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ទៅលើគុណតម្លៃរបស់អាស៊ាន និងតួនាទីរបស់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរ ឬ Free and Open Indo-Pacific ដែលតាមសកម្មភាពទាំងអស់នេះ អាមេរិកកំពុងតែពង្រឹង ពង្រីក ក៏ដូចជាបញ្រ្ជាបឲ្យកាន់តែជ្រៅនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរនេះ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់ជាមួយនឹងប្រទេសចិន។ តាមទស្សនៈរបស់លោកបណ្ឌិតផ្ទាល់ តើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរនេះ អាចនឹងយកឈ្នះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) របស់ចិនបានដែរឬទេ នាពេលអនាគត?

នោះជាការប្រកួតប្រជែងមួយដែលមានលក្ខណៈជាប្រព័ន្ធ ហើយវាក៏ជាការប្រកួតប្រជែងមួយដែលមានលក្ខណៈយូរអង្វែង។ ដូច្នេះក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីិហ្វិកដែលសេរី និងបើកចំហររបស់
សហរដ្ឋអាមេរិក និងក្របខ័ណ្ឌសន្តិសុខចតុភាគី (QUAD) នេះ ក៏ជាយន្តការមួយសំខាន់ដែរ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់ ជាពិសេសគឺ គូប្រជែងជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative)របស់ចិន។ ប៉ុន្តែ បណ្តាប្រទេសនៅក្នុងអាស៊ានគឺមិនចង់ទៅខាងណានោះទេ មានន័យថា អាស៊ានចង់រក្សានូវឯករាជ្យភាព និងភាពជាម្ចាស់ការជាយុទ្ធសាស្ត្រ (strategic autonomy) នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេសរបស់ខ្លួន។ 

អាស៊ានមានចក្ខុវិស័យរបស់អាស៊ានពីឥណ្ឌូ-ប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific) ដែលចក្ខុវិស័យនេះ បានដាក់ចេញនៅឆ្នាំ២០១៩។ ឥលូវនេះ វារយៈពេល ០២ឆ្នាំហើយ។ យើងត្រូវជំរុញការអនុវត្តនូវ AOIP របស់អាស៊ាននេះ ដែលជាយន្តការមួយសម្របសម្រួលនូវយន្តការដែលមានលក្ខណៈប្រកួតប្រជែងនៅក្នុងតំបន់យើងនេះ។ អាស៊ានគឺជាតួអង្គស្នូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ឬក៏ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។ កម្ពុជាយើងដែលជាសមាជិកអាស៊ានក៏មានដើរតួនាទីសំខាន់ដែរ ជាពិសេសនៅឆ្នាំក្រោយពេលដែលយើងជាប្រធានអាស៊ាន។ យើងត្រូវធ្វើយ៉ាងណាឲ្យនាវារបស់អាស៊ាននេះស្ថិតនៅក្នុងភាពអព្យាក្រឹត និងមិនលម្អៀងទៅខាងភាគីខាងណាឡើយ ពោលគឺអាមេរិក ឬក៏ចិនឡើយ។

សំណួរទី៣៖ នៅក្នុងដំណើរទស្សនកិច្ចនេះដែល លោកស្រីអនុប្រធានាធិបតី ក៏បានគូសបញ្ជាក់ពីជំហយ៉ាងមុតមាំរបស់អាមេរិក នៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ ហេតុអ្វីបានជាសមុទ្រចិនខាងត្បូង នៅតែមានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ទាំងដែលសហរដ្ឋអាមេរិកមិនមែនជារដ្ឋដែលមានជម្លោះនៅក្នុងបញ្ហានេះផង? 

បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហារ៉ាំរ៉ៃមួយ ហើយស្មុគស្មាញបំផុតនៅក្នុងតំបន់យើងនេះ។ វាពិបាកនឹងរកដំណោះស្រាយក្នុងរយៈពេលខ្លី ឬក៏មធ្យមណាស់។ យើងឃើញថា ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ទាំងផ្នែកយោធា ទាំងយុទ្ធសាស្ត្រ និងវិស័យការពារជាតិ គឺមានភាពស្វិតស្វាញច្រើន ជាពិសេសក្នុងរយៈពេល ០៤ឆ្នាំកន្លងមកនេះ ពោលគឺក្រោយពីលោក ដូណាល់ត្រាំ ឡើងកាន់តំណែងមក រហូតមកដល់រដ្ឋបាលរបស់លោក ចូ បៃដិន ក៏នៅតែរក្សានូវគោលនយោបាយដាក់សម្ពាធទៅលើចិន ឬគោលនយោបាយហ៊ុមព័ទ្ធចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកយើងនេះ។ ដូច្នេះ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង អាមេរិកនៅតែបន្តរិះគន់ចិន ទាក់ទងទៅនឹងការសាងសង់កោះសិប្បនិម្មិតជាដើម ហើយកាលដែលអាមេរិកចោទថា ចិនមិនបានគោរពច្បាប់អន្តរជាតិនៅក្នុងការដោះស្រាយជម្លោះផ្សេងៗនៅក្នុងដែនសមុទ្រនេះ។ អាមេរិកបានជំរុញឲ្យវៀតណាមធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធបន្ថែមទៅលើប្រទេសចិន។ ដូចនេះ ខ្ញុំគិតថា ការប្រកួតប្រជែងនេះ ជាការប្រកួតប្រជែងមួយដែលនឹងកាន់តែមានភាពស្វិតស្វាញ និងកាន់តែអាចគ្រោះថ្នាក់ទៅថ្ងៃអនាគត ផងដែរ។

សំណួរទី៤៖ អំឡុងពេលដែលអាមេរិកកំពុងដកកងទ័ពយ៉ាងគំហុកចេញពីអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកក៏បានធ្វើដំណើរទស្សនកិច្ចមកតំបន់អាស៊ាន។ តើនេះអាចបញ្ជាក់ថា អាស៊ានគឺជាតំបន់អាទិភាពនៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ដែរឬទេ?

ពិតហើយ! តំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូ-បា៉ស៊ីហ្វិកនេះ គឺជាតំបន់មួយដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេនៅលើពិភពលោក និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ព្រមទាំងជាមជ្ឈមណ្ឌលនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយដែរ ជាពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ការដកទ័ពរបស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថានគឺជាការប្រែប្រួលផ្នែកភូមិសាស្ត្រនយោបាយ។ យើងឃើញថា ទាក់ទងទៅនឹងតួនាទី ឬក៏ការយល់ឃើញពីសហរដ្ឋអាមេរិកនោះគឺ មានការធ្លាក់ចុះនៅក្នុងតំបន់ និងពិភពលោកជាទូទៅ ហើយក៏មានការរិះគន់ផងដែរទាក់ទងទៅនឹងថា សហរដ្ឋអាមេរិកមិនបានធ្វើអ្វីមួយជាក់លាក់ ហើយភាពប្រសិទ្ធភាពនៅក្នុងតំបន់យើងនេះ។ ដូចនេះហើយ ការមកធ្វើទស្សនកិច្ចនៅពេលនេះគឺក្នុងន័យបង្កើននូវជំនឿទុកចិត្តឡើងវិញ (reassurance) នៅក្នុងតួនាទីភាពជាអ្នកដឹកនាំរបស់អាមេរិកទៅក្នុងតំបន់។ នៅក្នុងបរិបទនេះ អាមេរិកត្រូវខំប្រឹងដើរពន្យល់មិត្តភក្តិអន្តរជាតិ ជាពិសេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ដើម្បីឲ្យជឿទុកចិត្តទៅលើការប្តេជ្ញាចិត្តខ្ពស់ (commitment)  និងតួនាទីរបស់អាមេរិកនៅក្នុងតំបន់ ដើម្បីថែរក្សាសន្តិសុខ ពីព្រោះថាក្រោយពីដកទ័ពពីអាហ្វហ្គានីស្ថានបណ្តាប្រទេសសម្ព័ន្ធមិត្ត ឬក៏ដៃគូយុទ្ធសាស្រ្តមានភាពមន្ទិលសង្ស័យទាក់ទងទៅនឹងការប្តេជ្ញាចិត្តរបស់អាមេរិកនៅក្នុងតំបន់ទាក់ទងនឹងបញ្ហាសន្តិសុខ។

សំណួរទី៥៖ ខែតុលា ខាងមុខនេះ ព្រុយណេនឹងប្រគល់នូវបន្ទុកធ្ងន់មួយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ឆ្នាំ២០២២ មកកម្ពុជា។ យោងតាមរូបភាពនៃដំណើរទស្សនកិច្ចនេះ តើអាចទេដែលអាមេរិកកំពុងប្រាប់ពីគន្លឹះខ្លះមកកម្ពុជា ថាបញ្ហាសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងរវាងចិន-សហរដ្ឋអាមេរិក ជាប្រធានបទដែលមិនអាចខ្វះបានសម្រាប់អាមេរិក នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន?

ការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិន នឹងនៅបន្តយ៉ាងស្វិតស្វាញនៅពេលដែលកម្ពុជាយើងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ។ យើងឃើញថា កិច្ចប្រជុំកន្លងទៅ ពិសេសកិច្ចប្រជុំអាស៊ីបូព៌ា ក៏មានការតឹងសរសៃកដាក់គ្នារវាងសហរដ្ឋអាមេរិកនឹងប្រទេសចិនដែរ។ ដូចនេះ យើងត្រូវរំពឹងថា ការប្រកួតប្រជែងនេះនឹងបន្តទៅឆ្នាំក្រោយ ហើយបណ្តាប្រទេសមួយចំនួន នឹងយកវេទិកាអាស៊ាន ដើម្បីវាយប្រហារទៅលើចិន ហើយចិនក៏ត្រូវការឆ្លើយតបដែរ។ ដូច្នេះ វេទិកាអាស៊ាននេះ នឹងទៅជាវេទិកាមួយឲ្យប្រទេសមហាអំណាចឈ្លោះគ្នា។ ប៉ុន្តែ នេះក៏ជាការល្អដែរ ដោយសារតែការឈ្លោះគ្នាដោយពាក្យសម្តី វាល្អជាងការឈ្លោះគ្នាដោយប្រើកម្លាំងបាយ។ ដូច្នេះយើងនៅតែបន្តនូវយន្តការពិភាក្សាការទូត និយាយគ្នារបៀបការទូត ហើយសន្ទនារបៀបការទូតដែរ។ កម្ពុជាយើងក៏អាចនឹងមានគំនិតផ្តួចផ្តើម ផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងនេះដែរ ឧទាហរណ៍ថាយើងអាចរៀបចំនូវកិច្ចប្រជុំអាស៊ានបូកពីរ (អាស៊ានបូកចិន និងសហរដ្ឋអាមេរិក) ដើម្បីដាក់ចូលជាវេទិកាពិភាក្សាធ្វើយ៉ាងណាអាចយល់គ្នាខ្លះ អាចរកចំណុចរួមខ្លះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ អ្វីដែលយើងអាចជំរុញបាននោះគឺបញ្ហាបម្រែបម្រួលអាកាសធាតុ តែម្តង។ យើងឃើញថា សហរដ្ឋអាមេរិក និងចិនកន្លងទៅ ពុំមានភាពចម្រូងចម្រាស់ទាក់ទងបញ្ហាបម្រែបម្រួលអាកាសធាតុនេះឡើយ។ ដូចនេះ អាស៊ាន ក៏ដូចជាកម្ពុជាដែលជាប្រធានឆ្នាំក្រោយ អាចជំរុញយកយន្តការអាស៊ានបូកពីរ (អាស៊ានចិន-អាមេរិក) អាចដោះស្រាយនូវបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយជំរុញប្រទេសពីរនេះឲ្យសហការបន្ថែមទៀត លើបញ្ហាប្រែប្រួលអាកាសធាតុ ហើយយន្តការនេះអាចជាយន្តការមួយសំខាន់ ដើម្បីឲ្យភាគីទាំងពីរនេះ អាចពង្រឹងនូវការជឿទុកចិត្តគ្នាខ្លះ ពីបញ្ហាភូមិសាស្ត្រនយោបាយនេះ។

សំណួរទី៦៖ តើអាចទេថា កម្ពុជាអាចនឹងជួបប្រទះឧបសគ្គនៅក្នុងការចរចា ហើយអាចឈានទៅដល់ការដែលពុំអាចចេញសេចក្តីថ្លែងការណ៍ ឬឯកសារគោលណាមួយ ឬត្រូវបានចោទប្រកាន់ជាថ្មីម្តងទៀតថា ជាអ្នករារាំងការអនុម័តឯកសារគោលណាមួយ នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ដូចអ្វីដែលកម្ពុជាធ្លាប់បានទទួលរងការចោទប្រកាន់ដែរឬទេ?

ពិតហើយ! នេះជាហានិភ័យមួយធំចំពោះកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំក្រោយនេះពីព្រោះថាបណ្តាប្រទេសមួយចំនួនអាចយកវេទិកាអាស៊ាននេះជា Hostage ដើម្បីនឹងដាក់សម្ពាធទៅលើប្រទេសចិន ហើយក៏ដាក់សម្ពាធមកលើកម្ពុជាផង។ នេះគឺជាអ្វីមួយដែលយើងពិបាកនឹងទស្សន៍ទាយ ក៏ប៉ុន្តែយើងត្រូវខំប្រឹងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាឲ្យមានភាពឯកច្ឆន្ទ (consensus) នៅក្នុងគ្រួសារអាស៊ាន ទាក់ទងនឹងបញ្ហារសើបមួយចំនួន ជាពិសេសបញ្ហាភូមា និងបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ នេះគឺជាបញ្ហាប្រឈមពីរ ដែលមានភាពរសើបខ្លាំង ហើយវាអាចធ្វើឲ្យអាស៊ានយើងបែកបាក់ ឬក៏ប្រេះឆា។ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំក្រោយ យើងត្រូវធ្វើយ៉ាងណាឲ្យមានការស្វែងយល់គ្នាទៅវិញទៅមក និងពិភាក្សាគ្នាទៅវិញទៅមកឲ្យបានច្រើន ទាំងទ្វេភាគី និងពហុភាគី (ជាពិសេសគឺទ្វេភាគីតែម្តង) ដើម្បីស្វែងយល់នូវចំណុចរួម ផលប្រយោជន៍រួមរបស់អាស៊ាន ដើម្បីយើងអាចដើរទៅមុខទាំងអស់គ្នាពីព្រោះថាប្រសិនបើអាស៊ានបែកបាក់ ពុំមានប្រទេសណាបានផលប្រយោជន៍ពីភាពបែកបាក់របស់អាស៊ាន នោះទេ។ ដូច្នេះ នេះគឺជាបន្ទាត់ក្រហមមួយ នៅក្នុងក្របខ័ណ្ឌអាស៊ាននេះ ពោលគឺធ្វើយ៉ាងណាឲ្យយើងសាមគ្គីគ្នា ហើយគោរពគ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍អាស៊ានរួមជាធំ ដោយពុំគួរយកផលប្រយោជន៍ជាតិមកគ្របដណ្តប់ទៅលើផលប្រយោជន៍អាស៊ាននោះទេ។

វាគ្មិន៖ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)

អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន

អ្នករៀបចំអត្ថបទ៖ លោក គីម ងួន

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930