Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

AVI Voice: ការពង្រឹងជំហររឹងត្អឹងនៃចលនានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងក្ដីបារម្ភចំពោះសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក

សំណួរទី ១៖  តើច្បាប់ថ្មីទាក់ទងនឹងសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានកំណត់នូវយុទ្ធសាស្រ្ត និងលក្ខខណ្ឌអ្វីខ្លះចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន? តើវានឹងជះឥទ្ធិពលដល់សន្តិសុខតំបន់ឥណ្ឌូប៉ា-ស៊ីហ្វិក ក៏ដូចជាផ្លាស់ប្ដូរនូវស្ថានភាពលុបបំបាត់អាវុធនុយក្លេអ៊ែរយ៉ាងដូចម្ដេចខ្លះ?

កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានប្រារព្ធមហាសន្និបាតប្រជាជនលើកទី១៤ (Supreme People’s Assembly) ហើយបានប្រកាសជាផ្លូវការថា កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ។ វាមិនមែនជារឿងចំលែកទេ ដែលកូរ៉េខាងជើងប្រកាសពីជំហរដ៏រឹងត្អឹងរបស់ខ្លួនក្នុងការបន្ត អភិវឌ្ឍសមត្ថលទ្ធភាព និងគ្មានឡើយពាក្យថាបោះបង់នូវចលនានុយក្លេអ៊ែររបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់ Centre for Strategic and International Studies បានឲ្យដឹងជុំវិញមហាសន្និបាតនេះផងដែរ កូរ៉េខាងជើងសម្រេចបានរបៀបវារៈធំៗចំនួន៤រួមមាន៖ ទី១ ការអនុម័តនូវច្បាប់ថ្មីស្តីពីការប្រើប្រាស់នុយក្លេអ៊ែររបស់ខ្លួន ទី២ ការដាក់ចេញនូវលក្ខខណ្ឌទាំង៥ ដែលអនុញ្ញាតឲ្យកូរ៉េខាងជើងប្រើប្រាស់នុយក្លេអ៊ែរសម្រាប់ ការវាយប្រហារទុកជាមុន  (preemptive nuclear strike)  ទី៣ កូរ៉េខាងជើងបានចង្អុល បង្ហាញថានឹងមិនចែករំលែកអាវុធឬបច្ចេកវិទ្យានុយក្លេអ៊ែរ ជាមួយប្រទេសណាមួយឡើយ និងទី៤ លោកប្រធានាធិបតីប្រទេសផ្តាច់ការមួយនេះ បានបញ្ជាក់សារជាថ្មីថាកូរ៉េខាងជើង នឹងជំនះរាល់ការដាក់សម្ពាធទណ្ឌកម្មទាំងឡាយណាដែលចង់នាំឲ្យមានការបោះបង់ អាវុធនុយក្លេអ៊ែររបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានដាក់ចេញនូវលក្ខខណ្ឌ ទាំង៥ ដែលកំណត់ឲ្យប្រទេសនេះប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីបាញ់ប្រហារទុក ជាមុនបានដោយក្នុងនោះរួមមាន (១) នៅពេលការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោក (weapon of mass destruction) ត្រូវបានអនុវត្តឬរៀបនឹងអនុវត្ត, (២) នៅពេលការវាយប្រហារ ដោយថាមពលនុយក្លេអ៊ែរ ឬពុំមែនថាមពលនុយក្លេអ៊ែរ មកលើថ្នាក់ដឹកនាំនិងអង្គភាពបញ្ជាការកម្លាំងនុយក្លេអ៊ែរជាតិ ត្រូវបានអនុវត្តឬរៀបនឹងអនុវត្ត, (៣) នៅពេលការវាយប្រហារដោយយោធាយ៉ាងកំរោលទៅលើគោលដៅយុទ្ធសាស្រ្តសំខាន់ៗរបស់រដ្ឋ ត្រូវបានអនុវត្តឬរៀបនឹងអនុវត្ត, (៤) នៅពេលដែលមិនអាចជៀសផុតពីប្រតិបត្តិការដើម្បីទប់ស្កាត់ការពង្រីកសង្គ្រាមនិ ងចាប់យកគំនិតផ្តួចផ្តើមក្នុងគ្រាដែលមានភាពចាំបាច់ និង (៥) នៅកាលៈទេសៈដែលបង្កគ្រោះមហន្តរាយដល់អត្ថិភាពនៃរដ្ឋនិងសុវត្ថិភាពរបស់ប្រជាជន។

សន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលនៅក្នុងនោះក៏មានអាស៊ានផងដែរ កំពុងនឹងពង្រឹងកិច្ចសហប្រតិបត្តិការតំបន់គ្មានការសាយភាយអាវុធនុយក្លេអ៊ែរ។ ទន្ទឹមនឹងនេះ វិបត្តិនៅឧបទ្វីបកូរ៉េក៏នៅតែជាបញ្ហាចោទសួរដល់សណ្តាប់ធ្នាប់ តំបន់នាពេលបច្ចុប្បន្ន។ គួររំលឹកផងដែរថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន បានគូសបញ្ជាក់ជាថ្មីម្តងទៀតពីជំហរមិនបន្ធូរបន្ថយរបស់កូរ៉េខាងត្បូង ជុំវិញបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រធានាធិបតី យូន បានរំលេចថាកូរ៉េខាងត្បូងជាតួអង្គសំខាន់ មិនមែនត្រឹមតែជាសន្ទានការីក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។ ការបន្តជំហរយ៉ាងដាច់ម៉ាត់របស់កូរ៉េខាងជើង រមែងបង្កចលាចលនិងក្តីព្រួយបារម្ភដល់បណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានជាអាទិ៍ ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន និងបងប្អូនរបស់ខ្លួន ពោលគឺកូរ៉េខាងត្បូង។ ហើយវាក៏ជាផលអវិជ្ជមានដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់ក្នុងគ្រប់រូបភាព មិនថាក្នុងក្របខណ្ឌអាស៊ាន ឬតាមកិច្ចសន្ទនារវាងប្រទេសជាភាគីពាក់ព័ន្ធប៉ុណ្ណោះទេ។ ជាងនេះទៅទៀត ការវិវឌ្ឍថ្មីនេះ បង្កស្ថានការណ៍កាន់តែតានតឹង ពិសេសដល់បណ្តារដ្ឋក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលព្រួយបារម្ភពីសន្តិសុខរបស់ខ្លួន ហើយអាចឈានទៅដល់ការចាប់យក ប្រទេសដែលមានការកសាងសមត្ថភាពនុយក្លេអ៊ែរជាបង្អែក ដែលនេះអាចនាំទៅរកការរត់ ប្រណាំងថាមពលនិងអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើងនៅក្នុងតំបន់។

សំណួរទី២៖   ចំពោះការប្រកាសពីជំហរដ៏រឹងត្អឹងជុំវិញការផលិត ការអភិវឌ្ឍន៍ និងការប្រើប្រាស់ឬបាញ់សាកល្បងនានារបស់លោក គីម ជុងអ៊ុន តើសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិ បានបញ្ចេញនូវប្រតិកម្មអ្វីខ្លះចំពោះបញ្ហាមួយនេះ?

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលរបស់ខ្លួនលើសពី៣០មីស៊ីល ដែលក្នុងនោះរួមមាន ballistic missile, cruise missile, និង hypersonic missile។ លើសពីនោះទៅទៀត ក្នុងឆ្នាំនេះកូរ៉េខាងជើងក៏បានធ្វើតេស្តសាកល្បង intercontinental ballistic missiles-ICBMs ដែលវាបានរំលេចឲ្យឃើញកាន់តែច្បាស់ថាចលនានុយក្លេអ៊ែររបស់ប្រធានាធិបតី គីម គ្មានថ្ងៃដើរត្រឡប់ក្រោយឡើយ។ ដោយមានការធ្វើតេស្តសាកល្បងឥតឈប់ឈរពីសំណាក់កូរ៉េខាងជើង កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តពោលគឺស.រ.អា. ក៏ធ្លាប់បានបាញ់មីស៊ីលឆ្លើយតបនឹងការបាញ់តេស្តសាកល្បងរបស់កូរ៉េខាងជើងដូចគ្នា។ ជាក់ស្តែង កូរ៉េខាងត្បូង ជប៉ុន និងស.រ.អា. ដោយបានប្តេជ្ញាថានឹងរឹតបន្តឹងសម្ព័ន្ធត្រីភាគីរបស់ពួកគេដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើងចំណែកអង្គការសហប្រជាជាតិផ្ទាល់ ក៏បានដាក់ចេញនូវទណ្ឌកម្មមួយចំនួនចាប់តាំងពី ឆ្នាំ២០១៧ មកម្ល៉េះ ទណ្ឌកម្មទាំងនោះរួមមាន (១) ការដាក់ទណ្ឌកម្មលើមេដឹកនាំឬអ្នកផ្តល់ជំនួយ ឬការសហការដល់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង (២) ពង្រឹងទណ្ឌកម្មឆ្លើយតបការ ធ្វើតេស្តមីស៊ីលកាលពីថ្ងៃទី២៨ កក្កដា ២០១៧ (៣) ការពង្រឹងទណ្ឌកម្មលើវិស័យប្រេងឆ្លើយតបនឹងការធ្វើតេស្ត៦លើករបស់កូរ៉េខាងជើងកាលពីថ្ងៃទី៣ កញ្ញា ២០១៧ (៤) ការរឹតបន្តឹងបន្ថែមទៀតនូវទណ្ឌកម្មទាំងនោះ បន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្ត intercontinental ballistic missile លើកដំបូងបំផុតនៅថ្ងៃទី ៤ កក្កដា ២០១៧ ។ល។ ដោយឡែក ទណ្ឌកម្មទាំងនោះហាក់ពុំមានប្រសិទ្ធភាពជាចំណង កាតព្វកិច្ចចំពោះកូរ៉េខាងជើង បើពុំដូច្នោះទេម្ល៉េះជំហររបស់កូរ៉េខាងជើង នឹងមិនបង្កភាពស្មុគស្មាញកាន់តែខ្លាំងឡើងៗនោះទេ។

ថ្មីៗនេះ បន្ទាប់ពីការប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ថ្មីមក បារាំងបានប្រកាសថ្កោលទោសកូរ៉េខាងជើង ដោយអ្នកនាំពាក្យក្រសួងការបរទេសបារាំង បានសង្កត់ធ្ងន់ថា "ការរឹតបន្តឹងថ្មីដោយមេដឹកនាំកូរ៉េខាងជើងនេះ បានចោទជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ និងក្នុងតំបន់"។ រីឯក្រសួងការពារជាតិកូរ៉េខាងត្បូងក៏បានព្រមានកូរ៉េខាងជើងវិញដែរថា ការណ៍នេះនឹងនាំឲ្យកូរ៉េខាងជើងបំផ្លាញខ្លួនឯងទៅវិញទេ។ ជុំវិញបញ្ហានេះ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានសម្តែងនូវការព្រួយបារម្ភ បំផុតលើការដាក់ចេញនូវច្បាប់ថ្មីនេះដែរ។

សំណួរទី៣៖   ហើយចំពោះសហរដ្ឋអាមេរិកដែលតែងតែដើរតួនាទីជាអ្នកស្វែងរកនូវកិច្ចពិភាក្សាជាមួយកូរ៉េងខាងជើងកន្លងមក ដើម្បីស្វែងរកនូវដំណោះស្រាយទៅលើចលនានុយក្លេអ៊ែរ ប៉ុន្តែច្បាប់ថ្មីរបស់កូរ៉េខាងជើងក៏បានបញ្ជាក់អំពីការមិនទទួលយកការចរចាណាមួយពាក់ព័ន្ធទៅនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ក៏ដូចជាមិនមានភាពត្រឡប់ក្រោយវិញទេចំពោះដំណើរការមួយនេះ។ តើបន្តទៅទៀតអាមេរិចនឹងនៅតែបន្តយុទ្ធសាស្រ្តចរចា ឬក៏ស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីឆ្លើយតបទៅនឹងជំហរថ្មីរបស់កូរ៉េខាងជើង?

ដូចសព្វដង ពេលកូរ៉េខាងជើងចាប់ផ្តើមធ្វើតេស្តសាកល្បងមីស៊ីលរបស់ខ្លួន ស.រ.អា. និងសម្ព័ន្ធមិត្ត តែងតែឆ្លើយតបវិញជាការព្រមាន ឬការបាញ់សាកល្បងដូចគ្នា។ បើទោះបីជា ស.រ.អា. ធ្លាប់បានប្រកាន់ខ្ជាប់យុទ្ធសាស្រ្តចរចាក្តី ដោយឡែកការវិវឌ្ឍថ្មីៗពីសំណាក់កូរ៉េខាងជើងក៏បានចោទជាសំណួរថ្មីមួយវិញទៀតថាតើស.រ.អា. នឹងមានប្រតិកម្មនិងដាក់ចេញវិធានការបែបណាចំពោះសំណុំរឿងឧបទ្វីបកូរ៉េ។

កន្លងមក ស.រ.អា. បានធ្វើការចរចាលើសំណុំរឿងនុយក្លេអ៊ែរនិងមីស៊ីលជាមួយកូរ៉េខាងជើងជាផ្លូវការ ចំនួន ៥លើករួចមកហើយគិតត្រឹមរដ្ឋបាលលោកត្រាំ។ ក្នុងនោះ រួមមាន ក្របខណ្ឌព្រមព្រៀងទ្វេភាគី ឆ្នាំ១៩៩៤-២០០២, កិច្ចចរចារមីស៊ីលទ្វេភាគី ឆ្នាំ១៩៩៦-២០០០, multilateral six-party talks ឆ្នាំ២០០៣-២០០៩, bilateral Leap Day deal ឆ្នាំ២០១២, ហើយចុងក្រោយបង្អស់នោះគឺ ជំនួបកំពូលរបស់មេដឹកនាំជាន់ខ្ពស់ រវាងអតីតប្រធានាធិបតី ត្រាំ និងប្រធានាធិបតី គីម ឆ្នាំ២០១៨-២០១៩។

នៅចំពោះមុខវិបត្តិភូមិសាស្រ្តនយោបាយដែលកំពុងកើតមាន ដូចជាសង្គ្រាមនៅអ៊ុយក្រែនផងនោះ បានធ្វើឲ្យស.រ.អា. ក្រោមរដ្ឋបាលប្រធានាធិបតី បៃដិន ហាក់ពុំមានជំហរទន់ភ្លន់ណាមួយចំពោះទង្វើរបស់កូរ៉េខាងជើងឡើយ។ ដោយបានបញ្ជាក់ខាងដើម ជាការឆ្លើយតប ស.រ.អា. បានជួយដៃសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បី បាញ់មីស៊ីលនៅឧបទ្វីបកូរ៉េជាសារបញ្ជាក់ថា ខ្លួនពុំបាននៅស្ងៀម និងមិននៅស្ងៀមឡើយប្រសិន បើមានការវាយប្រហារណាមួយកើតឡើង និងបង្កជាមហន្តរាយដល់សន្តិសុខមនុស្សជាតិ។ ដែលនេះបញ្ជាក់ថា ស.រ.អា. ទំនងនឹងប្រើប្រាស់យន្តការធ្ងន់ធ្ងរជាងមុន ឬការឆ្លើយតបជាការវាយ ប្រហារទុកជាមុនផងដែរ។ ជំនួបចរចារវាងប្រធានាធិបតី បៃដិន និង ប្រធានាធិបតី គីម ទំនងជាមិនអាចកើតមានឡើងដូចជំនាន់អតីតប្រធានាធិបតី ត្រាំ នោះទេ។ ការប្រកាន់ជំហរ និងយុទ្ធសាស្រ្តឆ្លើយតបដោយកម្លាំងបែបនេះ នឹងជះឥទ្ធិពលដល់តំបន់ និងចោទជាសំណួរថា តើនរណាអាចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់នេះបាន។

សំណួរទី៤៖   ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងតែជួបប្រទះនូវការកើនឡើងភាពតានតឹងជាច្រើនរួចមកហើយ ជាពិសេសជុំវិញជម្លោះសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាចជាដើម ដែលការប្រកាសពង្រឹងនូវគោលជំហររបស់កូរ៉េខាងជើងទៅលើចលនាអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវបានដាក់ទម្ងន់បន្ថែមទៀតទៅលើបញ្ហាទាំងនោះ។ ចំពោះការយល់ឃើញរបស់កញ្ញា តើប្រទេសក្នុងតំបន់ ជាពិសេសអាស៊ានដែលដើរតួនាទីជាអ្នកសម្របសម្រួលចំពោះបញ្ហាទាំងនោះគួរតែមានយន្តការអ្វីដើម្បីរក្សានិងធានាដល់សន្តិសុខ និងវិបុលភាពរបស់តំបន់ទាំងមូល?

ជាការពិតណាស់ អាស៊ានមិនអាចគេចផុតឡើយពីការរងផលប៉ះពាល់លើផ្នែកសន្តិសុខក្នុង តំបន់ ហើយអាស៊ានក៏បាននិងកំពុងរួមចំណែកក្នុងការបង្រួបបង្រួមសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយព្យាយាមរួមបញ្ចូលនូវកិច្ចសន្ទនារវាងគ្រប់ភាគី រួមទាំងការសហការពីសំណាក់ប្រទេស ជាសមាជិកអាស៊ានទៀតផង។ ដោយឡែក ការវិវឌ្ឍនេះបានរុញច្រានឲ្យ អាស៊ានជួបផលវិបាកជាច្រើន បន្ថែមពីលើបញ្ហាចំពោះមុខដូចជាវិបត្តិនៅមីយ៉ាន់ម៉ាផង បញ្ហានៅសមុទ្រចិនខាងត្បូងផង។ អាស៊ានមានតួនាទីបន្តជម្រុញកិច្ចសន្ទនាដោយសន្តិវិធី និងប្រើប្រាស់វេទិកាពិភាក្សាថ្នាក់កំពូលនានា ដើម្បីបង្កើននូវជំនឿទុកចិត្តរវាងគ្នានឹងគ្នា ដែលអាចបង្កជាបរិយាកាសល្អប្រសើរក្នុងការជំរុញកិច្ចចរចានៅថ្នាក់បន្តបន្ទាប់។

តួយ៉ាង កាលពីពេលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នាពេលថ្មីៗនេះ ក៏បានបង្កើតបរិយាកាសដល់កិច្ចសន្ទនារវាងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំឥណ្ឌូនេស៊ី បានជួបពិភាក្សាក្នុងវេទិកាតំបន់អាស៊ាន ផងដែរ ដែលរាល់ការចាប់ផ្តើមកិច្ចសន្ទនានឹងបង្កើនទំនុកចិត្តបន្ថែមទៀត មុននឹងឈានដល់ ការបើកកិច្ចចរចា។ នេះបង្ហាញថា អាស៊ានបានប្រើប្រាស់យន្តការរបស់ខ្លួនក្នុងការស្វែងរក ដំណោះស្រាយជាដំណាក់កាលចំពោះបញ្ហាក្នុងតំបន់នានា។ ទន្ទឹមនឹងនោះ អាស៊ាន និងប្រទេសជាសមាជិកផ្ទាល់ក៏បាននឹងកំពុងជំរុញ សន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ផងដែរ។

សំណួរទី៥៖   យើងឃើញថាការផ្សារភ្ជាប់ជាតិកូរ៉េទាំងពីរឡើងវិញ គឺជារឿងមួយដ៏លំបាកទៅហើយ ហើយកូរ៉េខាងជើងនៅតែបន្ត និងពង្រឹងចលនាអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយឥតឈប់ឈរ។ ដូចនេះ តើកញ្ញាគិតថាក្ដីសង្ឃឹមនៃការបង្រួបបង្រួមកូរ៉េទាំងពីរបាននឹងកំពុងតែរលាយបាត់ឬក៏យ៉ាងណា?

ក្តីសង្ឃឹមចំពោះការបង្រួបបង្រួមរវាងកូរ៉េទាំងពីរស្ថិតក្នុងភាពស្រពេចស្រពិល និងពុំមានសញ្ញាវិជ្ជមានណាមួយឡើយនាពេលឆាប់ៗខាងមុខ។ វិបត្តិនេះបានអូសបន្លាយជាច្រើនទសវត្សរ៍ចាប់តាំងពីឆ្នាំ១៩៥៥មក ការចូលរួមពីអំណាចខាងក្រៅក៏ជាឥទ្ធិពលមួយក្នុងចំណោមឥទ្ធិពលផ្សេងៗទៀត។

ចំពោះកូរ៉េខាងជើង សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជាអាយុជីវិតរបស់មេដឹកនាំផ្តាច់ការផង និងជោគវាសនារបស់ប្រទេសនេះផង។ កាលពីមុនក្តីសង្ឃឹមចំពោះការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ នៅមានតិចតួច ប៉ុន្តែការវិវឌ្ឍថ្មីនេះបានបំផ្លាញក្តីសង្ឃឹមដ៏តិចតួចនោះមួយកម្រិតទៀត។ ជាក់ស្តែង សេណារីយ៉ូលើការបង្រួបបង្រួមកូរ៉េទាំងពីរ ឈរលើភាពប្រទាក់ក្រឡារវាងជំហររបស់កូរ៉េខាងជើងផ្ទាល់ រួមទាំងយុទ្ធសាស្រ្តឆ្លើយតបរបស់ស.រ.អា. និងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត។ ដោយឡែក កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងឧបទ្វីបកូរ៉េនេះ នឹងនៅតែបន្ត ដែលទាមទារការរួមចំណែក ពីបណ្តាប្រទេសមហាអំណាច ក៏ដូចជាអង្គការតំបន់និងអន្តរជាតិនានា។

វាគ្មិនកិត្តិយស៖ កញ្ញា លី ន័ររី និស្សិតទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ នៃសាលកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031