ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ផលប្រយោជន៍ជាតិ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។
សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ?
ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ ពោលគឺតំបន់នេះមានការចរាចរណ៍ទំនិញអន្តរជាតិ ១/៣ នៃចរាចរណ៍ទំនិញពិភពលោក ដែលមានតម្លៃជាង ៣ទ្រីលានដុល្លារសហរដ្ឋអាមេរិករៀងរាល់ឆ្នាំ។ លើសពីនេះ គឺនៅក្រោមដែនដីសមុទ្រចិនខាងត្បូងនេះ ក៏មានធនធានធម្មជាតិជាច្រើនទៀតដូចជា ត្រី ប្រេង និងឧស្ម័នធម្មជាតិ ដែលគេអាចប៉ាន់ស្មានថា មានតម្លៃប្រហែលជាង ៧ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ ចំពោះសក្តានុពលនយោបាយវិញ គឺទាក់ទងទៅនឹងភូមសាស្រ្តនយោបាយដែលទីតាំងសមុទ្រចិនខាងត្បូងនេះ គឺជាច្រកពាណិជ្ជកម្មពិភពលោក និងសំបូរទៅដោយធនធានធម្មជាតិ ប៉ុន្តែក៏ជាទីតាំងពិសេសដែលអាចធ្វើសមយុទ្ធយោធា ឬបើកការវាយប្រហារទៅកាន់ប្រទេសនានានៅក្នុងតំបន់នេះ ដូចជាប្រទេសអាស៊ាន អូស្រ្តាលី និងណូវ៉ែលហ្សឡង់ ផងដែរ។
ទាក់ទងនឹងដំណើរនៃជម្លោះសមុទ្រចិនខាងត្បូងនេះ បានចាប់ផ្តើមឡើងជាង ២០០០ឆ្នាំមក ដែលតំបន់សមុទ្រចិនខាងត្បូងនេះជាតំបន់នាវាចរណ៍ដ៏សំខាន់មួយ រួមមានទាំងសកម្មភាពចោរសមុទ្រផងដែរ នៅតាមបណ្តោយឆ្នេរសមុទ្រវៀតណាម ហ្វីលីពីន និងជ្រោយម៉ាឡាកាជាដើម។ អំឡុងពេលនោះចិន ក៏បានបង្កើនសកម្មភាពកងទ័ពជើងទឹក នៅតំបន់សមុទ្រចិនខាងត្បូង ដែលការធ្វើបែបនេះគឺ ដើម្បីការពារនាវាពាណិជ្ជកម្មពីចោរសមុទ្រ។ សកម្មភាពជំនួញនៅតែបន្តជារាប់រយឆ្នាំមក ក៏ប៉ុន្តែឧត្តមភាពកងទ័ពជើងទឹករបស់ចិនបានបាត់បង់បន្តិចម្តងៗ ដោយសារតែវត្តមានរបស់កងទ័ពជើងទឹកប្រទេសអាណានិគមអឺរ៉ុប ដែលមកធ្វើអាណានិគមនៅតំបន់អាស៊ីអាគ្នេយ៍ និងបានគ្រប់គ្រងហុងកុងរបស់ចិន (ដោយអង់គ្លេស) ដោយសារតែពួកគេមានបច្ចេកវិទ្យាខ្ពស់ និងមានអំណាចយោធាខ្លាំងជាងចិន ដែលអំណាចរបស់ចិនបានធ្លាក់ចុះខ្សោយ ដោយសារសង្រ្គាមផ្ទៃក្នុង និងអស្ថិរភាពសេដ្ឋកិច្ច និងសង្គម។
យើងបន្តមកនិយាយពីប្រវត្តិសាស្រ្តបច្ចុប្បន្នវិញ ពោលគឺចាប់តាំងពីសាធារណរដ្ឋប្រជាធិបតេយ្យចិនបានទទួលជ័យជំនះមកលើក្រុមសាធារណរដ្ឋចិន (ដែលបានរត់គេច និងបង្កើតសង្គមប្រជាធិតេយ្យមួយនៅលើកោះតៃវ៉ាន់) នៅឆ្នាំ ១៩៤៩ លោកនាយករដ្ឋមន្រ្តីចិន Zou Enlai បានចាត់ទុកតំបន់សមុទ្រខាងត្បូង ជាកេរិ៍្តដំណែលរបស់ជនជាតិចិន ដោយផ្អែកទៅលើសកម្មភាព និងវត្តមានជាប្រវត្តិសាស្រ្តរបស់ជនជាតិក្នុងតំបន់នេះ។ ដូចនេះ ជំហររបស់ចិននេះបានធ្វើឲ្យប៉ះពាល់ដល់ដែនដីអធិបតេយ្យប្រទេសដទៃទៀតក្នុងអាស៊ានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ព្រុយណេ និងវៀតណាម ជាដើម។ ជារឿយៗតែងតែមានការប៉ះទង្គិចគ្នារវាងកងទ័ពចិន និងទូកនេសាទ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទងនឹងសិទ្ធិក្នុងការរុករកធនធានធម្មជាតិ ដូចជាប្រេង និងឧស្ម័នធម្មជាតិក្រោមដី ជាមួយប្រទេសអាស៊ានទាំងនោះ។ ហើយប្រទេសអាស៊ានទាំងនោះមានការខឹងសម្បារ និងអាកអន់ចិត្តខ្លាំងទៅលើចិន ផងដែរ។ ដើម្បីការពារអធិបតយ្យភាពរបស់ខ្លួន និងធនធានធម្មជាតិទាំងអស់នេះហើយបានជា ចិនបានកំពុងតែបង្កើនថវិកាយោធា និងវិស័យការពារជាតិ ជាមធ្យម ៦.៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ពោលគឺ ២១០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១នេះ និងបានកំពុងតែធ្វើការស្រាវជ្រាវ និងធ្វើទំនើបកម្មយោធា ផងដែរ។
ចំពោះបណ្តាប្រទេសអំណាចកណ្តាលវិញ ដូចជាកូរ៉េ ជប៉ុន ឥណ្ឌា និងអូស្រា្តលី បានកំពុងតែទាមទារឲ្យចិនដកទ័ព បញ្ឈប់សកម្មភាពចាក់ដីធ្វើកោះដែលអាចនឹងបម្រើការងារយោធានិងស៊ើបការណ៍នៅក្នុងតំបន់ និងស្នើឲ្យចិនឈប់ធ្វើទុក្ខបុកម្នេញមកលើប្រទេសតូចៗនៅអាស៊ាន ហើយទាមទារឲ្យចិនគោរពគោលការណ៍ច្បាប់អន្តរជាតិ ដូចជាច្បាប់សមុទ្រ និងគោលការណ៍អាស៊ានជាដើម។ ចំពោះមហាអំនាចអាមេរិកវិញ ដែលនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការប្រឆាំង និងតទល់ជាមួយចិនដោយប្រើប្រាស់វិធីសាស្ត្រសេដ្ឋកិច្ច និងការប្រកួតប្រជែងភូមិសាស្រ្តជាមួយនឹងចិន តាមរយៈសង្រ្គាមសេដ្ឋកិច្ច ក្របខណ្ឌភាពជាដៃគូមេគង្គ-អាមេរិក (២០២០) និងជំរុញឲ្យកិច្ចសន្ទនាសន្តិសុខចតុភាគី ឬហៅថា QUAD (ដែលមានប្រទេស អូស្រ្តាលី ជប៉ុន ឥណ្ឌា និងអាមេរិក) ដើម្បីទប់ទល់នឹងឥទ្ធិពល និងការរីកធំធាត់របស់ចិននៅក្នុងតំបន់អាស៊ី ក៏ដូចជាសមុទ្រចិនខាងត្បូង។ ការទប់ទល់ចិនដោយប្រើប្រាស់យន្តការ QUAD នេះ គឺធ្វើឡើងដើម្បីធានាបាននិរន្តរភាពសន្តិសុខនិងស្ថិរភាពតំបន់ ការធ្វើនាវាចរណ៍ប្រកបដោយសិទ្ធិសេរីភាពនិងបើកជំហរ ស្របតាមក្របខណ្ឌច្បាប់អន្តរជាតិ ពោលគឺប្រទេស QUAD ចង់ឲ្យតំបន់សមុទ្រចិនខាងត្បូងនេះ ក្លាយជាតំបន់សន្តិភាព និងមានសិទ្ធិសេរីភាពចរាចរណ៍ពេញលេញ និងមិនស្ថិតនៅការគ្រប់គ្រងរបស់ប្រទេសណាមួយឡើយ ។
សំនួរទី២៖បច្ចុប្បន្ន តើវឌ្ឍនភាពនៃជម្លោះសមុទ្រចិនខាងត្បូងបានដើរទៅដល់ដំណាក់កាលណាហើយ?
ចំពោះការវិវត្តន៍នៃជម្លោះសមុទ្រចិនខាងត្បូងនេះគឺមានភាពស្រួចស្រាល និងសំខាន់ចំពោះភាគីពាក់ព័ន្ធ ពោលគឺប្រទេសអាស៊ាន និងចិន។ នៅក្នុងការទាមទារធ្វើការដំណោះស្រាយដោយសន្តិវិធី គឺតម្រូវឲ្យមានការប៉ះប៉ូវគ្នា និងឯកភាពគ្នាទៅលើរបៀបវារៈផ្សេងៗក្នុងការចាត់ចែងវិធាន និងការគ្រប់គ្រងដែនដីសមុទ្រចិនខាងត្បូងនេះរវាងភាគីទាំងពីរ ដែលចំនុចសំខាន់ដែលមានភាពរសើប និងសំខាន់បំផុត គឺទាក់ទងទៅនឹងផលប្រយោជន៍ប្រទេសរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៤ ហ្វីលីពីនបានដាក់ពាក្យ បណ្តឹងទៅតុលាការអាជ្ញារកណ្តាលអចិន្ត្រៃយ៍ ដែលចោទប្រកាន់ចិនបានកាន់កាប់ខុសច្បាប់លើដែនដីអធិបតេយ្យសមុទ្រនៅតាមបណ្តាកោះ Spratly របស់ខ្លួនតាមច្បាប់សមុទ្រ UNCLOS (ដែលចិនបានធ្វើសច្ចានុម័តក្នុងឆ្នាំ ១៩៩៦) តែចិនមិនទទួលស្គាល់សេចក្តីសំរេចរបស់តុលាការអន្តរជាតិដែលបានចេញក្នុងឆ្នាំ ២០១៦។ នៅក្នុងឆ្នាំ ២០១៧ និង២០១៨ វៀតណាមក៏បានមានជម្លោះក្នុងដែនដីសេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) ជាមួយនឹងចិន ក្នុងការរុករកប្រេងដែលសហការជាមួយនឹងក្រុមហ៊ុនអ៉េស្បាញ តែបានធ្វើឲ្យវៀតណាមបង្ខំចិត្តលុបចោលកិច្ចព្រមព្រៀងនេះ និងត្រូវខាតអស់ ២០០លានដុល្លារសហរដ្ឋអាមេរិក។ ជម្លោះរវាងវៀតណាម ហ្វីលីពីន ជាមួយនឹងចិនក្នុងតំបន់សមុទ្រចិនខាងត្បូងនេះបានធ្វើឲ្យអាស៊ានមានភាពប្រុងប្រយ័ត្នជាងមុន។ ជម្លោះនេះក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិន និងអាមេរិក។ ទាក់ទងនឹងការជ្រើសរើសរវាងចិន និងអាមេរិកនេះ គឺជាបញ្ហាស្លាប់រស់របស់បញ្ហាសន្តិសុខ និងសេដ្ឋកិច្ចជាតិ ដែលធ្វើឲ្យប្រទេសតូចៗនៅអាស៊ាន ដែលធ្វើឲ្យប្រទេសតូចៗនៅអាស៊ានបាននឹងកំពុងព្យាយាមមិនជ្រើសរើសឡើយ ពោលគឺត្រូវការមហាអំណាចទាំងពីរធ្វើការរួបរួមគ្នាអភិវឌ្ឍតំបន់អាស៊ានឲ្យក្លាយជាតំបន់សន្តិភាព និងវិបុលភាព។
ចំណែកបញ្ហាមួយទៀតគឺថាហក់ចូល និងពាក់ព័ន្ធរបស់មហាអំនាចពិភពលោក និងក្នុងតំបន់ដូចជាសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ដែលសុទ្ធសឹងតែមានសមត្ថភាពខ្លាំងទាំងសេដ្ឋកិច្ច និងយោធា។ ការហក់ចូលនេះ គឺដើម្បីធានាឲ្យបានស្ថិរភាព និងសន្តិសុខតំបន់ ព្រមទាំងការធ្វើនាវាចរាចរដោយសេរី និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសណាឡើយ។ ក៏ប៉ុន្តែ នៅពីក្រោយហេតុផលទាំងអស់នេះ គឺមានវត្ថុបំណងពីរ គឺមហិច្ឆតានយោបាយ និងសេដ្ឋកិច្ច។ ចំពោះមហិច្ឆតានយោបាយគឺ ការបង្កើតឲ្យមានសម្ព័ន្ធមិត្តយោធាហ៊ុមព័ន្ធចិន រារាំងចិនកុំឲ្យកសាងមូលដ្ឋានទ័ពក្នុងដែនទឹក និងការគាបសង្កត់ចិនតាមផ្លូវច្បាប់អន្តរជាតិ ។ ចំពោះមហិច្ឆតាសេដ្ឋកិច្ចវិញ គឺមហាអំណាចទាំងអស់នោះ ដែលដឹកនាំដោយអាមេរិក គឺចង់បង្អាក់ ឬធ្វើឲ្យសេដ្ឋកិច្ចចិនចុះខ្សោយ (ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងយោធារបស់ចិន) តាមរយៈកៀងគរសម្ព័ន្ធមិត្តរបស់ខ្លួនបន្តគាបសង្កត់សេដ្ឋកិច្ចចិន ដោយដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន មិនលក់វត្ថុធាតុដើមទៅចិន ការដំឡើងពន្ធនិងគយ និងការធ្វើការស៊ើបអង្កេតលើសម្ថតភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិនដែលពាក់ព័ន្ធនឹងការលាងលុយខ្មៅ ឬបញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន តែម្តង។ ស្របពេលជាមួយគ្នានេះដែរ អាមេរិកក៏ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចមួយទៀត គឺការលក់សព្វាវុធទៅឲ្យប្រទេសអាស៊ាន ពោលគឺកាលពីថ្ងៃទី ២៥ ខែមិថុនានេះ ហ្វីលីពីនក៏កំពុងតែពិចារណាទិញយន្តហោះចម្បាំងបន្ថែម F-16 ចំនួន ១២គ្រឿងបន្ថែម និងមីស៊ីលជាច្រើនទៀតក្នុងតម្លៃ ២,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីការពារនឹងការគំរាមគំហែងរបស់ចិន។ ចំណែកឯប្រទេសម៉ាឡេស៊ីវិញ ក៏បាននឹងកំពុងដាក់ចេញគោលនយោបាយទំនើបកម្មកងទ័ពអាកាសរបស់ខ្លួន បន្ទាប់ពីមានការឈ្លានពានដែនអាកាសរបស់ខ្លួនពីយន្តហោះចិន ជារឿយៗ។ ការគាបសង្កត់ចិនបែបនេះបានកំពុងតែរុញច្រានចិនឲ្យកាន់តែពឹងផ្អែកលើវិស័យយោធារបស់ខ្លួនក្នុងការគ្រប់គ្រង និងការពារដែនដីអធិបតេយ្យរបស់ខ្លួន ជាពិសេសតំបន់ដែលសំបូរធនធានដូចជាសមុទ្រចិនខាងត្បូង និងទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់នេះ ដែលសមុទ្រចិនខាងត្បូងនេះជាច្រកដង្ហើមសេដ្ឋកិច្ចតែមួយគត់របស់ចិនក្នុងការងាកចេញពីការហ៊ុមព័ន្ធរបស់អាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។
ប៉ុន្តែទាំងភាគីចិន និងអាស៊ានបានកំពុងតែព្យាយាមធ្វើការចរចាគ្នាដោយសន្តិវិធី ដោយចិនតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍ «អ្នកជិតខាងល្អ (Good Neighbourhood Policy)» និង «ការរស់រានជាមួយគ្នាប្រកបដោយសន្តិភាព (Peaceful Co-Existence)»។ ភាគីអាស៊ាន ក៏គោរពតាមគោលការណ៍«ASEAN Centrality» ដែលភាគីទាំងពីរ កំពុងតែធ្វើការចរចាទ្វេភាគីផង (ប្រទេសនឹងប្រទេស) ក៏ដូចជាការព្រមព្រៀងគ្នាធ្វើសេចក្តីព្រៀងស្តីពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (Code of Conduct on South China Sea) ក្នុងការដោះស្រាយវិបត្តិដ៏រ៉ាំរ៉ៃនេះ។ ជាក់ស្តែង កម្ពុជាក៏ធ្លាប់រងការចោទប្រកាន់ ០២ដងរួចមកហើយ ក្នុងអំឡុងពេលនៃកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ ២០១២ (ដែលកម្ពុជាជាប្រធាន) និងក្នុងឆ្នាំ ២០១៦ (ដែលឡាវជាប្រធានអាស៊ាន) ដែលក្នុងពេលនោះបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសដែលមានជម្លោះជាមួយចិន បានចោទប្រកាន់កម្ពុជាថារងការគាបសង្កត់ពីចិន និងចោទកម្ពុជាជា «កូនអុករបស់ចិន» ដែលធ្វើឲ្យមានការអាក់ខានក្នុងចុះហត្ថលេខាលើសេចក្តីថ្លែងការរួមរបស់អាស៊ានទាំង ០២ដង ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ។ ប៉ុន្តែប្រមុខថ្នាក់ដឹកនាំកម្ពុជា បានចេញមុខបកស្រាយចំពោះបញ្ហាការចោទប្រកាន់ថា រាល់ការសម្រេចចិត្តក្នុងកិច្ចប្រជុំអាស៊ាន គឺធ្វើឡើងដោយផ្អែកលើគោលការណ៍អព្យាក្រឹត និងមិនលូកដៃក្នុងនយោបាយផ្ទៃក្នុងប្រទេសណាមួយ ពោលគឺមិនមានឥទ្ធិពលពីបរទេស ឬចិនឡើយ។ ហើយក្នុងឱកាសប្រារព្ធពិធីអបអរសារទរខួបលើកទី៦៥ របស់គណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ ២០១៦ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានទទូចឲ្យភាគីពាក់ព័ន្ធ គឺប្រទេសដែលមានជម្លោះជាមួយនឹងចិន ធ្វើការដោះស្រាយទ្វេភាគី ដោយសន្តិភាពជាមួយនឹងចិន ហើយបញ្ឈប់ការយកអាស៊ានជាវេទិការួម ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងឈប់ធ្វើឲ្យកម្ពុជាក្លាយជាចំណាប់ខ្មាំងនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងទៀត។
សំនួរទី៣៖ប្រសិនបើ COCត្រូវបានសម្រេច និងអនុម័តទៅតាមការគ្រោងទុក តើជម្លោះនេះអាចនឹងដោះស្រាយបានក្នុងពេលឆាប់ៗនេះដែរឬទេ?
ទាក់ទងនឹងសេចក្តីព្រៀងស្តីពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (COC) នេះ ភាគីទាំងពីរ (ចិន និងអាស៊ាន) បានព្រមព្រៀងគ្នាលើយន្តការកិច្ចព្រមព្រៀងស្តីពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលប្រជុំអាស៊ាននៅហ្វីលីពីនក្នុងឆ្នាំ ២០១៧ ដែលនេះជាសញ្ញានៃកិច្ចចាប់ផ្តើមចរចាគ្នាក្នុងការធ្វើសេចក្តីព្រៀងនេះឡើង និងជាការចាប់ផ្តើមនៃការកសាងទំនុកចិត្ត ការកាត់បន្ថយការមិនទុកចិត្តគ្នា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការរក្សាស្ថិរភាពក្នុងតំបន់។ COC នេះគឺជាការដំឡើងពីសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (DOC) ឆ្នាំ ២០០២ ដែលអាស៊ាន និងចិន បានស្រុះស្រួលគ្នាក្នុងការបង្កើតឲ្យមានយន្តការដោះស្រាយជម្លោះក្នុងសមុទ្រចិនខាងត្បូងនេះ ដែលកាលនោះកម្ពុជាជាប្រធានអាស៊ានដំបូង។ នៅក្នុងសន្និសីទកាសែតកាលពីខែមីនា ឆ្នាំ២០១៩ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (WANG YI) បាននិយាយថាសមាជិកអាស៊ានគាំទ្រការបិទបញ្ចប់កិច្ចចរចា និងសេចក្តីព្រៀងក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (COC) ក្នុងរយៈពេល ០៣ឆ្នាំ ពោលគឺត្រូវបញ្ចប់ក្នុងចុងឆ្នាំ២០២១។ ក៏ប៉ុន្តែបើផ្អែកលើស្ថានភាពបច្ចុប្បន្ន ការបញ្ចប់សេចក្តីព្រៀងក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង (COC) គឺមិនអាចទៅរួចនោះទេ នេះក៏ដោយសារតែបញ្ហាកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលធ្វើឲ្យភាគីពាក់ព័ន្ធទាំងចិន និងអាស៊ានកំពុងមមាញឹកក្នុងការស្តារ
សេដ្ឋកិច្ច និងទប់ស្កាត់ជំងឺរាតត្បាតនេះ។
ប្រសិនជាយើងមើលលក្ខណៈសម្បត្តិនៃ COC នេះ គឺវាមានលក្ខណៈស្របទៅតាមវិធានច្បាប់ ដែលនឹងធ្វើឲ្យ COC មានប្រសិទ្ធិភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាជាក់ស្តែង ឬការប៉ះទង្គិចគ្នាណាមួយរវាងចិន និងភាគីប្រទេសអាស៊ានណាមួយ។ ចំពោះចម្លើយថា «តើក្នុងរយៈពេលខាងមុខនឹងមានការដោះស្រាយបានឆាប់ឬទេនាពេលខាងមុខនេះ?» ខ្ញុំសូមបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះនឹងចិន និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ផលប្រយោជន៍ជាតិ ពោលគឺផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងចិន (៣) ពាក់ព័ន្ធនឹងរយៈពេលដែលត្រូវបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង គឺមានរយៈពេលខ្លី ដែលទាំងអាស៊ាន និងចិនកំពុងតែជាប់ដៃជាមួយនឹងជំងឺរាត្បាតកូវីដ-១៩ និងជាចុងក្រោយ (៤) ទាក់ទងទៅនឹងការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ដែលកត្តាធំៗទាំងអស់នេះហើយបានធ្វើឲ្យ COC អាចត្រូវប្រើប្រាស់ពេលវេលាយូរតទៅទៀត។
ទាក់ទងនឹងគោលជំហរកម្ពុជាទៅលើបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាមិនមែនជារដ្ឋទាមទារអធិបតេយ្យភាព និងមិនកាន់ជើងភាគីណាឡើយនៅក្នុងជម្លោះដែនអធិបតេយ្យភាពក្នុងសមុទ្រចិនខាងត្បូងនេះ។ ទំនាស់សមុទ្រចិនខាងត្បូង គឺជាទំនាស់រវាងចិនជាមួយនឹងប្រទេសទាមទារសិទ្ធិអធិបតេយ្យភាព ដែលអាចនឹងត្រូវបានដោះស្រាយដោយភាគីពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះ។ កម្ពុជាក្នុងនាមជារដ្ឋអធិតេយ្យភាព បានផ្តោតសារៈសំខាន់យ៉ាងខ្លាំង និងយកចិត្តទុកដាក់ក្នុងការរក្សា និងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងសមុទ្រចិនខាងត្បូង។ ការវិវត្តន៍ថ្មីៗនៅសមុទ្រចិនខាងត្បូងបានបង្ហាញអំពីសារៈសំខាន់នៃការបញ្ចប់ការចរចាក្រមប្រតិបត្តិ COC ឲ្យបានឆាប់ ដើម្បីធានាបានសុខសន្តិភាពនៅតំបន់នេះ។ កម្ពុជាក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ គួរផ្តល់សារៈសំខាន់លើភាពអត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។
សំនួរទី៤៖ ងាកមកមើលព្រែកជីកក្រា (Kra Canal) របស់ថៃវិញម្តង។ តើព្រែកជីកក្រានេះស្ថិតនៅក្នុងតំបន់ណានៃឈូងសមុទ្រថៃដែរ?
ព្រែកជីកក្រា គឺស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ដែលគម្រោងនេះមានប្រវែង ១២០គីឡូម៉ែត ដែលអាចជួយសម្រួលការធ្វើនាវាចរណ៍បានយ៉ាងស្រួលពីសមុទ្រចិនខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌាដោយឆ្លងកាត់ឈូងសមុទ្រថៃ និងអាចកាត់បន្ថយចំណាយ និងចម្ថាយបាន ១២០០គីឡូម៉ែតដោយមិនចាំបាច់ឆ្លងប្រទេសសិង្ហបុរី។ ព្រែកជីក នេះអាចបម្រើបានទាំងវិស័យសេដ្ឋកិច្ច និងយោធារបស់ថៃ ដែលអាចឲ្យកប៉ាល់ស៊ីវិល និងយោធាធ្វើការចល័តលឿនពីម្ខាងទៀតបាន។ គម្រោងព្រែកជីកក្រានេះ គឺបានចាប់ផ្តើមដំបូងឡើយ ក្នុងឆ្នាំ១៦៧៧ ដែលស្តេចថៃបានបញ្ជាឲ្យវិស្វករបារាំង លោក ដឺ ឡឺម៉ា សិក្សាពីការជីកព្រែកនេះ ហើយក៏មានការសិក្សាជាបន្តបន្ទាប់។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានជាប់គាំង និងបញ្ឈប់ជាច្រើនលើកច្រើនសារមកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចិនបាននឹងសម្លឹងមើលក្នុងការអភិវឌ្ឍព្រែកជីកក្រា នេះឡើងវិញក្នុងឆ្នាំ២០០៥ ដែលអាចនឹងចំណាយទឹកប្រាក់ប្រមាណ ២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក និងកម្មករចំនួន ៣ម៉ឺននាក់ ដែលរដ្ឋាភិបាលថៃបានអនុញ្ញាតគម្រោងនេះក្នុងឆ្នាំ ២០០៧។ ហើយគម្រោងនេះក៏បានធ្វើឲ្យបស្ចិមប្រទេសមានការព្រួយបារម្ភជាខ្លាំង ពីភូមិសាស្រ្តដ៏មានសារៈសំខាន់មួយនេះ ដែលអាចស្ថិតនៅក្រោមឥទ្ធិពលរបស់ចិនបាន។
គម្រោងព្រែកជីកក្រានេះ ក៏បានបម្រើផលប្រយោជន៍នយោបាយក្នុងស្រុកថៃផងដែរ។ ទី១ ថៃទើបតែមានព្រះមហាក្សត្រថ្មីដែលត្រូវការពង្រឹងអំណាច និងកិត្យានុភាពរបស់ទ្រង់ ដែលប្រសិនជាគម្រោងព្រែកជីកនេះទទួលបានជោគជ័យ ព្រែកជីកនេះនឹងដាក់ព្រះនាមរបស់ទ្រង់ ដែលនាំឲ្យកេរ្តិ៍ឈ្មោះរបស់ទ្រង់នឹងទទួលបានការគាំទ្រពីប្រជាជនថៃជាច្រើនផងដែរ។ ទី២ ចិនបាននឹងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធក្នុងតំបន់ ហើយគម្រោងព្រែកជីកនេះ ក៏ជាឱកាសដ៏ល្អមួយសម្រាប់ចិនក្នុងការអភិវឌ្ឍ ដែលជាផ្នែកមួយនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ហើយចិនក៏កំពុងមានសកម្មភាពអភិវឌ្ឍ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ថៃជាច្រើន ដូចជាផ្លូវដែកល្បឿនលឿន។ ទី៣ រដ្ឋាភិបាលបានកំពុងអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិអស់រយៈពេលជាង ០២ទសវត្សរ៍ហើយ ដែលផ្តោតសំខាន់ទៅគំនិតផ្តួចផ្តើមការតភ្ជាប់គ្នាជាសាកល ដែលចិនអាចចាត់ទុកព្រែកជីកក្រានេះជាផ្នែកមួយនៃ «ច្រកសេដ្ឋកិច្ចចិន-ឧបទ្វីបឥណ្ឌូចិន» (China-Indochina Peninsula Economic Corridor) ក្រោមគម្រោង «ផ្លូវសូត្រ» របស់ខ្លួន។
សំនួរទី៥៖ ពាក់ព័ន្ធនឹងភាពអសកម្មនៃដំណើរការរៀបចំព្រែកជីកក្រានេះ តើមូលហេតុអ្វីដែលធ្វើឲ្យដំណើរការនៃការរៀបចំនេះ មានភាពគាំងស្ដូក? តើអាចទេដែលព្រែកជីកក្រានេះ មានទំនាក់ទំនងជាមួយនឹងសមុទ្រចិនខាងត្បូង?
គម្រោងនេះមិនមានភាពប្រាកដប្រជា ឬមានការដំណើរការជាប់នោះទេ នេះក៏ដោយសារតែបញ្ហាហិរញ្ញវត្ថុ បច្ចេកទេស សង្រ្គាម បញ្ហាបរិស្ថាន និងអស្ថិរភាពសង្គមនៅប្រទេសថៃ។ ការអាក់ខានបណ្តាលមកពីកត្តាប្រវត្តិសាស្រ្ត និងភូមិសាស្រ្តនយោបាយដែលអំឡុងឆ្នាំ១៨៩៧ ដែលរាជាណាចក្រថៃ និងចក្រភពអង់គ្លេស បានយល់ព្រមថា មិនមានការកសាងព្រែកជីកនេះទេ ដោយនឹងរក្សាទុកនូវសិង្ហបុរី នៅតែជា ចំណុចកណ្តាល ឬផែសំខាន់ជាងគេនៅក្នុងអាស៊ីអាគ្នេយ៍។ ដូចដែលយើងបានដឹងហើយ ចក្រភពអង់គ្លេស នៅមុនសង្រ្គាមលោកលើកទី១ ជាមហាអំណាចផុតលេខ ហើយបានធ្វើអាណានិគមវាតទីលើទឹកដីជាច្រើន ក្នុងនោះនៅតំបន់អាស៊ីមានដូចជា ហុងកុង ភូមា ឥណ្ឌា សិង្ហបុរី ជាដើម ដែលការយល់ព្រមបញ្ឈប់ការសាងសងនេះ អាចជាយុទ្ធសាស្រ្តការបរទេសរបស់ថៃ ដែលអាចធ្វើឲ្យថៃនៅរក្សាបានអធិបតេយ្យភាពរបស់ខ្លួន ដោយសុខចិត្តប្រគល់ឧត្តមភាពសេដ្ឋកិច្ច តាមរយៈការធ្វើពាណិជ្ជកម្មផ្លូវទឹក ទៅឲ្យចក្រភពអង់គ្លេស។
ងាកមកបច្ចុប្បន្ននេះវិញ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥ ថៃនិងចិនបានចុះអនុស្សារណៈយោគយល់គ្នាដោយក្រុមហ៊ុនChina Thailand Kra Infrastructure Investment and Development និង Asia Union Group ដែលមានស្នាក់ការនៅទីក្រុង Guangzhou ដែលគេបានប៉ាន់ប្រមាណថា នឹងត្រូវការរយៈពេលជាង ១០ឆ្នាំ និងចំណាយថវិកាអស់ជាង ២៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ៤ថ្ងៃក្រោយមក រដ្ឋាភិបាលថៃ បានច្រានចោលថា មិនមានការចុះហត្ថលេខាអ្វីជាមួយនឹងរដ្ឋាភិបាលចិននោះទេ។ ស្របពេលជាមួយគ្នានេះដែរ ស្ថានទូតចិននៅថៃ ក៏បាននិយាយថារដ្ឋាភិបាលចិនមិនបំណង ឬចំណាប់អារម្មណ៍ក្នុងការសិក្សាទៅលើកិច្ចសហប្រតិបត្តិការលើការកសាងព្រែកជីកនោះទេ ហើយបានបញ្ជាក់ថាក្រុមហ៊ុនដែលបានចុះអនុស្សារណៈយោគយល់នេះ គឺមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិនទេ។
តាមរយៈសកម្មភាពទាំងនេះ យើងអាចសង្កេតឃើញថា ការអាក់ខានសកម្មភាពគម្រោងព្រែកជីកនេះ គឺវាពាក់ព័ន្ធនូវកត្តាជាច្រើនដែលខ្ញុំបានជម្រាបជូនខាងលើ ដែលរដ្ឋាភិបាលថៃបាននឹងកំពុងគិតគូរអំពីថវិកាជាតិ កត្តានយោបាយផ្ទៃក្នុង សេដ្ឋកិច្ចជាតិ និងកត្តាភូមិសាស្រ្តនយោបាយក្នុងតំបន់ ដែលប៉ះពាល់ជាខ្លាំងទៅដល់សេដ្ឋកិច្ចតំបន់ ជាពិសេសសិង្ហបុរី ដែលជាកំពង់ផែអន្តរជាតិអស់រយៈពេលយូរណាស់មកហើយ។ ដូចនេះប្រសិនជាគម្រោងជីកព្រែកក្រានេះ នឹងដំណើរការក្រោមការអភិវឌ្ឍចិនមែននោះ សិង្ហបុរីនឹងបាត់បង់នូវកិត្យានុភាពសេដ្ឋកិច្ច និងលំនឹងសេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាយុទ្ធសាស្រ្តភូមិសាស្រ្តនឹងផ្អៀងទៅរកចិនដែលគ្រប់គ្រងលើគម្រោងនោះ នៅក្រោមគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” របស់ចិន។
សំនួរទី៦៖ តើព្រែកជីកក្រានេះអាចនឹងផ្តល់នូវសក្តានុពលអ្វីខ្លះទៅដល់ប្រទេសថៃ ប្រសិនបើវាអាចដំណើរការទៅបាន? តើវាអាចនឹងផ្តល់ផលវិជ្ជមាន ក៏ដូចជាអវិជ្ជមានអ្វីខ្លះមកប្រទេសជិតខាងថៃ ក៏ដូចជាបណ្តាប្រទេសអាស៊ាន?
ចំពោះសក្តានុពលសំខាន់ជាងគេនោះ គឺកត្តាសេដ្ឋកិច្ច។ ព្រែកជីកក្រានេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយជាច្រើនដល់ប្រទេសថៃ ហើយថៃនឹងអាចក្លាយចំណុចស្នូលនៃការប្រកួតប្រជែងរវាងអាមេរិក និងចិន។ ដូចដែលយើងបានដឹងហើយថា ថៃជាសម្ព័ន្ធមិត្តអាមេរិកជាយូរណាស់មកហើយ។ ដូចនេះអ្នកនយោបាយថៃត្រូវតែមានការអត់ធ្មត់ វិភាគ និងរៀបចំវិធាន និងគោលនយោបាយការបរទេសដែលមានតុល្យភាពរវាងចិន និងអាមេរិក។ បើទោះបីជាក្រុមហ៊ុនចិនពិតជាចង់អភិវឌ្ឍព្រែកជីកក្រាមែននោះ។ ចំពោះផលវិជ្ជមានមួយទៀត គឺការបង្ហាញអំពីសមត្ថភាពរបស់រដ្ឋាភិបាល ថៃ (ដែលសព្វថ្ងៃកំពុងគ្រប់គ្រងដោយកងទ័ព) ចំពោះការអភិវឌ្ឍជាតិតាមរយៈការផ្តល់ការងារធ្វើដល់ប្រជាជន និងកំណើនការវិនិយោគ និងពាណិជ្ជកម្មក្នុងស្រុកពីបរទេស។ ចុងក្រោយ គឺការទទួលបាននូវការគាំទ្រពីរដ្ឋាភិបាលចិន និងទាក់ទាញអ្នកវិនិយោគចិន និងទេសចរណ៍ឲ្យមកថៃបាន។
ចំពោះផលអវិជ្ជមានវិញ គឺថៃត្រូវប្រឈមនឹងបញ្ហាសន្តិសុខនិងនយោបាយផ្ទៃក្នុង នយោបាយការបរទេស និងសេដ្ឋកិច្ច។ ចំពោះបញ្ហាសន្តិសុខនិងនយោបាយផ្ទៃក្នុងថៃវិញ គឺថៃជាប្រទេសមួយដែលមានការធ្វើរដ្ឋប្រហារច្រើនជាងគេបំផុត។ ដូចនេះ រាល់ការផ្លាស់ប្តូររដ្ឋាភិបាលនឹងធ្វើឲ្យប៉ះពាល់ដល់គម្រោងព្រែកជីកនេះ។ ម្យ៉ាងទៀត ការមិនស្រុះស្រួលគ្នារវាងក្រុមយោធា និងស៊ីវិលអាចធ្វើឲ្យមានការ រង្គោះរង្គើដល់នយោបាយក្នុងស្រុក ដែលមួយប្រកាន់ខ្ជាប់ទៅចិន និងម្ខាងទៀតទៅអាមេរិក។ ចំណុចដែលគួរឲ្យកត់សំគាល់មួយទៀត គឺថៃក៏មានក្រុមបាស់បោរឥស្លាមនៅភាគខាងត្បូងរបស់ខ្លួនផង ដែលនេះនឹងបង្កើនសម្ពាធបន្ថែមទៀតដល់រដ្ឋាភិបាលថៃក្នុងការការពារសុវត្ថិភាពគម្រោងមួយនេះ។ ចំណែកឯបញ្ហាដែលសំខាន់សម្រាប់អ្នកនយោបាយថៃដែលគួរគិតគូរខ្លាំងដែរ នោះគឺការធ្វើឲ្យការដាក់ចេញគោលនយោបាយការបរទេសថៃមានលំនឹងរវាងចិន និងអាមេរិក ហើយទីតាំងព្រែកជីកក្រានេះ ក៏ជាចំណុចសំខាន់មួយ ដែលមានតួនាទីជាផ្លូវទឹកសម្រាប់ដឹកទំនិញពិភពលោក ហើយទំនិញទាំងអស់នោះត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី ហើយអាមេរិកក៏បាននឹងកំពុងពង្រីកវត្តមានយោធារបស់ខ្លួន និងបង្កើតសម្ព័ន្ធមិត្តតាមរយៈកិច្ចសន្ទនាសន្តិសុខចតុភាគីដែលមានឥណ្ឌា ជប៉ុន អូស្រ្តាលី ចូលរួម ដែលសុទ្ធសឹងតែជាប្រទេសដៃគូពាណិជ្ជកម្ម និងយុទ្ធសាស្រ្តយោធាសំខាន់របស់ថៃ ផងដែរ។ ជាចុងក្រោយ គឺផលអវិជ្ជមានលើកត្តាសេដ្ឋកិច្ច ពោលគឺគម្រោងនេះត្រូវការថវិកា និងទាមទារឲ្យមានការខ្ចីហិរញ្ញប្បទានបន្ថែម ដែលមានចិនជាអ្នកវិនិយោគ និងប្រើប្រាស់ធនាគារ Asian Infrastructure Investment Bank ឬក៏ធនាគារ BRICS ក្នុងការអនុវត្តគម្រោងនេះ។
យើងអាចសន្និដ្ឋានថា ដោយយោងលើកត្តាតំបន់ គម្រោងនេះគឺផ្តល់សារៈសំខាន់ណាស់ចំពោះភូមិសាស្រ្តនយោបាយតំបន់អាស៊ាន ដែលកត្តាទី១ គឺសន្តិសុខក្នុងតំបន់ ពោលវាផ្តល់ភាពងាយស្រួលដល់ការធ្វើនាវាចរណ៍ទាំងពាណិជ្ជកម្ម និងយោធា។ ដូចនេះប្រសិនជាមានការប៉ះទង្គិចគ្នាណាមួយរវាងកងទ័ពចិន និងអាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននោះ ទាំងចិន និងអាមេរិកនឹងព្យាយាមកាន់កាប់ព្រែកជីកនេះ ជាក់ជាមិនខាន។ ជាចុងក្រោយ គឺកត្តាសេដ្ឋកិច្ចក្នុងតំបន់ ដោយថៃនឹងក្លាយជាម្ចាស់កំពង់ផែពិភពលោកថ្មី ហើយសិង្ហបុរីនឹងបាត់បង់ឧត្តមភាពសេដ្ឋកិច្ច ដែលមួយភាគធំគឺពឹងផ្អែកលើច្រកផ្លូវសមុទ្រ និងផែរបស់ខ្លួននោះ។ ការកើនកម្តៅ និងភាពតានតឹងរវាងចិន និងអាមេរិកក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយអាស៊ាននឹងបន្តមានឡើង ហើយកាន់តែស្រួចស្រាលបន្ថែមទៀត ដោយព្រែកជីកក្រានេះ នឹងក្លាយជាទីលានប្រកួតប្រជែងថ្មីបន្ថែមពីតំបន់មេគង្គ និងសមុទ្រចិនខាងត្បូង។
ព្រែកជីកក្រានេះ គឺធ្វើឡើងក្នុងដែនដីរបស់ថៃតែមួយគត់។ ដូចនេះ រាល់នីតិវិធី និងអំណាច គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ លុះត្រាតែអធិបតេយ្យភាព និងអំណាចទាំងនោះត្រូវបានទទួលឥទ្ធិពលពីលក្ខខណ្ឌវិនិយោគបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ដូចនេះហើយ បានជារដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។
វាគ្មិន៖ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្រ្តនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន